យុវជន​ជា​ពុទ្ធ​សាសនិក ស្គាល់​បុណ្យ​កំណើត​ព្រះ​យ៉េស៊ូ ច្រើន​ជាង​កំណើត​ព្រះពុទ្ធ

យុវវ័យជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលយកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​យ៉ាង​ផុសផុល ផ្ទុយពីបុណ្យពិសាខបូជា និងមាឃបូជា រម្លឹកពីព្រះពុទ្ធ ដែលស្ទើតែគ្មានយុវជនណាដឹង និង​ប្រារព្ធ។
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 26, 2014
  • ប្រធានបទ: វប្បធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលសួរពី​បុណ្យ​ណូអែល ដែល​ជា​បុណ្យ​កំណើត​របស់​ព្រះ​យេស៊ូ​គ្រិស្ត៍ យុវជន​កម្ពុជា​ស្ទើរ​តែ​៨០% ដែល​ជា​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ សុទ្ធ​តែ​ដឹង​ពី​ប្រវត្តិ និង​ត្រៀម​ខ្លួន​ដើម្បី​ប្រារព្ធ​បុណ្យ​នេះ ជា​មួយ​មិត្ត​ភក្តិ និង​នៅ​តាម​សាលា​រៀន​មួយ​ចំនួន។ ប៉ុន្តែ​បើ​និយាយ​ពី​ថ្ងៃ​មាឃ​បូជា និង​ពិសាខ​បូជា ដែល​ជា​ថ្ងៃ​រម្លឹក​ដល់​ព្រឹត្តិការណ៍​សំខាន់​៣ របស់​ព្រះ​ពុទ្ធ​អង្គ​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​១៥​កើត គឺ​ការ​ប្រសូត​ចាក​គភ៌​ព្រះ​មាតា នៃ​ព្រះ​សិទ្ធត្ថ​កុមារ ការ​បាន​ត្រាស់​ដឹង​នូវ​សម្មា​សម្ពោ​ធិញ្ញាណ របស់​ព្រះ​ពុទ្ធ​អង្គ និង​ការ​យាង​ចូល​ព្រះ​បរិនិព្វាន ត្រូវ​បាន​យុវជន​កម្ពុជា​ដឹង​តិច​តួច​បំផុត។

ពេលបច្ចុប្បន្ន​នេះ ពិធី​បុណ្យ​ណូអែល​បាន​ស្រូប​យក​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង ពី​យុវវ័យ​សម័យ​ថ្មី។ ពួក​គេ បាន​ចូល​រួម​អបអរ បុណ្យ​នេះ​ដោយ​ការ​ទិញ នូវ​កាដូ​អនុស្សាវរីយ៍ ជូន​ទៅ​ក្រុម​គ្រួសារ បង​ប្អូន មិត្ត​ភក្តិ និង​គូរ​ស្នេហ៍ ជា​ដើម។

យុវតីម្នាក់ដែលរៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញបានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា នាង​ត្រៀម​ខ្លួនរួចជាស្រេច ក្នុងការប្រារព្ធពិធីបុណ្យ ដែលជាបុណ្យកំណើតព្រះយ៉េស៊ូនេះ។ នាងបានទិញ​សម្ភារៈ​មួយចំនួន ដូចជានាឡិការ និងរបស់របរមួយផ្សេងៗ ដើម្បីខ្ចប់ជាកាដូ សម្រាប់ជូនមនុស្សជាទី​ស្រលាញ់​របស់​ខ្លួន មិត្តភក្តិ និងក្រុមគ្រួសារ។ ចំណែកយុវជនមួយចំនួនទៀត បើទោះបីជាគេគ្មានប្រាក់គ្រប់គ្រាន់ ក្នុងទិញ​សម្ភារៈដែលមានតម្លៃជូនមិត្តភក្តិគេក៏ដោយ ប៉ុន្តែយ៉ោងហោចណាស់ ក៏មានស្ករគ្រាប់សម្រាប់ចែក​គ្នាញ៉ាំ​ដែរ។ ក្រៅពីទិញកាដូ ឬស្ករគ្រាប់ចែកគ្នា អ្នកខ្លះក៏មានគម្រោងជួបជុំ ដើរលេង ជប់លាងផ្សេងដើម្បីជា​ការ​កំសាន្តអារម្មណ៍។

ចំនែកឯយុវជនម្នាក់ទៀត ដែលជានិស្សិត នៃសកលវិទ្យាល័យមួយបាននិយាយថា៖ «ខ្ញុំគិតថាបុណ្យណូអែល ជាថ្ងៃមួយដែលសប្បាយ ព្រោះយើងមានកាដូឲ្យគ្នាទៅវិញទៅមក ហើយនឹងញ៉ាំអីជុំគ្នា។ ហើយខ្ញុំបាន​គ្រោង​រួចហើយ ថាពួកយើងនឹងទៅដើរលេង និងទៅញ៉ាំអីៗ។»

នៅពេលសួរថា តើពួកគេដឹងអ្វីខ្លះពីបុណ្យពិសាខបូជា និងមាឃបូជា ដែលរម្លឹកពីព្រះសម្មាសម្ពុទ្ធ យុវជនទាំង​២ខាងលើបានត្រឹមតែឆ្លើយថា ពួកគេដឹងតិចតួចតែប៉ុណ្ណោះ។ រីឯយុវវ័យមួយចំនួនទៀតយល់ថា បុណ្យទាំង​ពីរនេះ ជាបុណ្យរបស់មនុស្សចាស់ ព្រោះមនុស្សចាស់ចូលចិត្តទៅវត្ត។

យ៉ាងណាក៏ដោយ បើក្រឡេកមើល ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ឃើញថា​ពោរពេញទៅដោយ អតិថិជន ដែលភាគច្រើនសុទ្ធតែជាយុវវ័យ។ រីឯនៅតាមសាលារៀនមួយចំនួនទៀត ថ្នាក់ខ្លះស្ទើតែគ្មានសិស្សទៅរៀន ដោយសារតែពួកគេជាប់រវល់ ក្នុងការប្រារព្ធពិធីបុណ្យណូអែល។

ពិធីបុណ្យពិសាខបូជា បានត្រូវអនុម័តដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ១៩៩៩ ដោយ​បានចាត់ទុកថាទិវាវិសាខបូជានេះ ជាថ្ងៃបុណ្យអន្តរជាតិ ។ ហើយគេប្រារព្ធទិវាវិសាខបូជានេះ ដើម្បីរំឭក​ដល់ព្រឹត្តិការណ៍សំខាន់៣ ដែលបានកើតឡើងក្នុងថ្ងៃ១៥កើត ខែពិសាខ។ ព្រឹត្តិការណ៍សំខាន់ទាំងបីនោះ គឺការប្រសូត ការបានត្រាស់ដឹង និងការយាងចូលព្រះបរិនិព្វានរបស់ ព្រះពុទ្ធអង្គ។

និយាយពីបុណ្យគ្រិស្ត៍ម៉ាស ឬបុណ្យណូអែល បណ្តាប្រទេសនៅបច្ចឹមប្រទេស ប្រារព្ធ ដើម្បីរម្លឹកដល់ថ្ងៃ​ចាប់​កំណើត នៃព្រះយ៉េស៊ូគ្រិស្ត។ ហើយគេចាំបាច់ត្រូវស្គាល់ Santa Claus ឬ Pere Noel ដែលគេតែង ពណ៌‌នាថា ជាបុរសចាស់ ពុកមាត់ពុកចង្កាសស្រមូម ដុះពោះ ស្លៀកពាក់ខោអាវពណ៌‌ក្រហម ជាយស ជាមនុស្សចិត្តល្អ ដែលមានផ្ទះ នៅឯ ប៉ូល ឬ អក្ខោសាន ខាងជើង ដែលគ្របដណ្តប់ ទៅដោយទឹកកក។ ជនជាតិហូល្លង់ដ៍ មាន​ទំនៀមស្គាល់ សន្តបុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaas ដែលតែងតែចែកស្ករគ្រាប់ និង អំណោយ​ផេ្សងៗ ឲ្យកូនកេ្មង នៅថៃ្ងបុណ្យ ។

គេមានជំនឿថានៅរៀងរាល់យប់ទី ២៤ រំលងអធ្រាត្រចូល ២៥ សាន្តាខ្លស នឹងជិះ គាវទឹកកក ដឹកកាដូ យក​ទៅ​ចែកឲ្យកូនកេ្មង ដែលប្រព្រឹត្តល្អ មិនខ្ជិលច្រអូស ហើយដែលបានសរសេរ សំបុត្រ សូមអំណោយពីគាត់។ មាននិទានសៀវភៅ កំណាព្យល្ខោន និងភាពយន្តជាច្រើន រៀបរាប់ពីបុណ្យ គ្រិស្តម៉ាស ព្រោះជាទិវាប្រសូតិ របស់ព្រះយេស៊ូ តែក៏បានក្លាយទៅជាបុណ្យ នៃទឹកចិត្តសប្បុរសបុណ្យ នៃការចែកចាយអំណោយ។ នៅថ្ងៃ​បុណ្យណូអែល អ្នកណាដែលមិនទិញអ្វីចែកគ្នា គេតែងប្រដូចទៅនឹង សេដ្ឋីកំណាញ់ស្វិត ឈ្មោះ ស្រ្គូច ក្នុង​និទានរបស់ឆាល្ស៍ ឌិកខឹនស៍ ដែលកំណាញ់ មហាកំណាញ់ ទាល់តែត្រូវ ខ្មោចលង ស្ទើរស្លាប់ស្ទើររស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...