ចាន់ សូវ៉េត សរសេរ​ផ្ដាំផ្ញើរ​អ្វី​ជា​ចុង​ក្រោយ នៅ​លើ​ហ្វេសប៊ុក?

សំណេរផ្ដាំផ្ញើរចុងក្រោយពីរឃ្លា ដែលលោក ចាន់ សូវ៉េត អតីតមន្ត្រីការពារសិទ្ធិ បានសរសេរទុក នៅលើ​គណនី​​ហ្វេសប៊ុក​របស់​លោក មានប្រវែងខ្លី តែមានន័យវែង និងស៊ីជម្រៅ ជាងអ្វីដែលយើងតែងបានឭ ជា​រៀង​រាល់​ថ្ងៃ​តាម​វិទ្យុ និងទូរទស្សន៍ របស់ក្រុមមនុស្សមួយចំនួន។
ចាន់ សូវ៉េត សរសេរ​ផ្ដាំផ្ញើរ​អ្វី​ជា​ចុង​ក្រោយ នៅ​លើ​ហ្វេសប៊ុក?
លោក ចាន់ សូវ៉េត នៅក្នុងចំណោមពលរដ្ឋ ពេលលោកនៅមានជីវិត។ (រូបថតហ្វេសប៊ុក)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 21, 2014
  • ប្រធានបទ: សម្ដីមាស
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

បើគេរំលឹកពីលោក កាល​ពី​លោក​នៅ​មាន​ជីវិត​នោះ គេ​ច្បាស់​ជា​ស្គាល់​ភ្លាម ថា​ជា​វីរជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប ដែល​តែង​ជួយ​ទៅ​ដល់​អ្នក​ដែល​ត្រូវ​គេ​រំលោភ​សិទ្ធិ ដោយ​មិន​ខ្លាច​នឿយ​ហត់ និង​មិន​ខ្លាច​ខ្លួន​រង​ទុក្ខ។ ប៉ុន្តែ​ចំពោះ​ជីវិត​ឯកជន​របស់​លោក​វិញ​ គេ​បាន​ដឹង​តិច​តួច​បំផុត។ ហើយ​បើ​និយាយ​ពី​ជីវិត​នៅ​លើ​ហ្វេសប៊ុក​ទៅ​ទៀត​នោះ លោក ចាន់ សូវ៉េត ក៏​កាន់​តែ​មិន​មែន​ជា​តារា​ល្បី ប្រចាំ​លើបណ្ដាញ​សង្គម ដែល​ជា​ចំណូល​ចិត្ត​ របស់​មនុស្ស​សម័យ​ឥឡូវ​នោះ​ដែរ។

ទោះជាយ៉ាងណា​ក៏​ដោយ លោក​បាន​ប្រើ​ប្រាស់​បណ្ដាញ​​សង្គម ដើម្បី​ចែក​រំលែក​នូវ​មតិ​យោបល់ ការ​វិភាគ ឬ​ការ​ត្រិះ​រិះ​ពិចារណា ក្នុង​នាម​លោក​ជា​មន្ត្រី​ការពារ​សិទ្ធិ ទៅ​ដល់​ប្រិយមិត្ត​ដ៏​ស្ដួច​ស្ដើង ដែល​មាន​ចំនួន​ប្រមាណ​ជា​ជាង​១៥០​នាក់។ អាចនិយាយ​បាន​ថា មិត្ត​ភ័ក្រ​របស់​លោក នៅ​លើ​គណនី​របស់​លោក​មាន​ចំនួន​តិច​មែន តែ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ជា​មិត្ត​ជិត​ដិត ជា​អ្នក​ស្គាល់​លោក​នៅ​ក្នុង​អាជីព ឬ​ជា​មិត្តភ័ក្រ​ខ្លឹមៗ ដែល​មិន​មែន​មាន​តែ​ឈ្មោះ​ (ឬគណនីខ្មោច) នោះ​ឡើយ។

លោក ចាន់ សុវ៉េត បានបង្ហោះសារជាចុងក្រោយ នៅលើគណនីហ្វេសប៊ុករបស់លោកនោះ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤។ អ្វីៗ វាហាក់ដូចជានៅថ្មីៗនៅឡើយ វៀលែងតែអ្នកដែលបង្ហោះបន្ថែមថ្មី នៅលើជញ្ជាំង​របស់​គណនី​លោកបន្ទាប់មក លែងជារូបលោកផ្ទាល់ទៀតហើយ។ ការបង្ហោះថ្មីៗទាំងនោះ ពោរពេញដោយកម្រង​អនុស្សាវរីយ៍ ដែលមានទាំងជូរចត់ ទាំងផ្អែមល្អែម ឬពាក្យមរណៈទុក្ខ របស់មិត្តរួមអាជីព រួមគំនិត រួមយោបល់ ពោរពេញទៅដោយអត្ថន័យស្ដាយស្រណោះសកម្មជន ដែលបានលាលោកយើងនេះទៅ ទាំងក្មេងវ័យ។

សំណេរចុងក្រោយរបស់លោក​ បានដាស់តឿនកុំឲ្យមន្ត្រីដែលធ្វើការ ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស តែបែរ​ជាប្រកាន់យកគណបក្សនយោបាយជ្រុលពេក ដែលអាចធ្វើឲ្យប៉ះពាល់ដល់ជំហរឯករាជ្យ និងគោលការណ៍​របស់ខ្លួន ដែលត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះ។ ប៉ុន្តែសំណេរមុន​សំណេរ ចុងក្រោយមួយទៀត ក្នុង​ថ្ងៃទី០៤ ខែ​ធ្នូដដែល​របស់​លោក ចាន់ សូវ៉េត កាន់តែគួរឲ្យចាប់អារម្មណ៍ ខ្លាំងជាង​ពាក្យពេជ្រ ដាស់តឿន​មន្ត្រី​សិទ្ធិមនុស្ស​ខាងលើ ទ្វេឡើង។ ចាប់អារម្មណ៍ជាង ព្រោះវាមានន័យស៊ីជម្រៅរបស់វា ដែលបណ្ដាអ្នក​នយោបាយ អ្នកសិក្សាកវី​និពន្ធ រួមនឹង​យុវជន​ជំនាន់ក្រោយទាំងឡាយ គម្បីត្រូវ​តែអាន ឲ្យបាន​គ្រប់តួ​អក្សរ។

ក្នុងសារនោះ បានបញ្ជាក់ច្បាស់ ថាលោក ចាន់ សូវ៉េត គឺជាវីរជនដែលមានគំនិតជាតិនិយម ក្នុងនាមជាខ្មែរ​ស្នេហាជាតិ​មួយ​រូប ទាក់ទងនឹងបញ្ហា​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ ដែលមានចំនួនពោរពាស នៅ​ក្នុងទឹកដី​មាតុភូមិ​របស់លោក។ លោកបានពន្យល់ថា ជនជាតិវៀតណាមខ្លះ ថែមទាំង​មាន​ថានៈ​បុណ្យ​ស័ក្តិ​ធំៗ នៅក្នុងជួរ​រដ្ឋាភិបាល​សព្វថ្ងៃ «ដោយស្រួល»នោះទៀត។ លោកទំនងជាចង់និយាយយោង ដល់ករណីលោក​ឧកញ៉ា ថោង សារ៉ាត់ ដែលមានដើម​កំណើតជាវៀតណាម តែត្រូវបានអាជ្ញាធរស្វែងរកចាប់ខ្លួន ជុំវិញឃាតកម្ម​លើ​លោក អ៊ឺង ម៉េងជឺ និងបែក​ធ្លាយ​ថា លោក ថោង សារ៉ាត់ រួមនឹងសមាជិកគ្រួសារ មានពាក់ផ្កាយព្រោងព្រាត នៅលើ​ស្មា។

ដោយសារយោបល់ គំនិត ការវិភាគ និងកាយវិការរបស់លោកទាំងនេះហើយ ដែលធ្វើឲ្យអ្នកនិពន្ធអត្ថបទនេះ (បុគ្គលិករបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ) អត់ទ្រាំមិនចុច ADD លោក ចាន់ សូវ៉េត ជា Friend បើទោះ​ជា​លោក​ លែងមកទទួលមិត្តក្នុងហ្វេសប៊ុក បាន​ត​ទៅទៀត​ក៏​ដោយ។ យើងដឹងថា លោក ចាន់ សូវ៉េត​ ច្បាស់ជា​បាន​ទៅ​កាន់​សុខគតិភព។ បើទោះជាលោក​បាន​ស្ដាប់លែងឮ មើលលែងឃើញទៅហើយក្ដី តែយើងគ្រាន់តែ​ចង់​ឲ្យ​លោក​ដឹងថា ការ​ចាក​ចេញមិនវិលត្រឡប់​របស់លោក បានធ្វើឲ្យ​យើងយំ!ៗ! យំស្ដាយស្រណោះលោក ទាំងក្នុងថ្ងៃនេះ និងជា​រៀង​រហូត​ទៅ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់