អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត

អ្នកស៊ើបអង្កេតបញ្ហារំលោភសិទ្ធិមនុស្ស នៅកម្ពុជាដ៏ល្បីល្បាញ និងដ៏សកម្មមួយរូប របស់សមាគមអាដហុក លោក ចាន់ សុវេត បានលាចាកលោក នៅម៉ោងប្រមាណ៣រសៀលថ្ងៃ១០ ខែធ្នូ ឆ្នាំ២០១៤នេះ ដោយសាររោគគាំងបេះដូង។ ការស្លាប់របស់សកម្មជនការពារសិទ្ធរូបនេះ បានធ្វើឱ្យមជ្ឈដ្ឋានទូទៅ មានការសោកជាខ្លាំង។
អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត
លោក ចាន់ សូវ៉េត ក្នុងដំណើរជាមួយក្រុមសកម្មជនបរិស្ថាន នៅតាមខេត្ត។ (រូបថត ហ្វេសប៊ុក)
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 12, 2014
  • ប្រធានបទ: វីរភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងនៃការទទួល​មរណៈភាព ​របស់​សកម្មជន​ការពារ​សិទ្ធិ លោក ចាន់ សុវ៉េត ពិត​ជា​រន្ធត់​ខ្លាំង​ណាស់ ចំពោះ​ប្រជា​ពលរដ្ឋ អ្នក​សារព័ត៌មាន ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ ពី​ការ​រំលោភ​ដី​ធ្លី។ លោក ចាន់ សុវ៉េត ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សកម្មជន​សិទ្ធិ​មនុស្ស មួយ​រូប​ដែល​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល​ចំៗ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ តាម​ប្រពន្ធ​ផ្សព្វផ្សាយ​កន្លង​ទៅ​នេះ។

លោក ចាន់ សូវ៉េត ដែល​ធ្លាប់​តែ​ចេញ​មុខ​ការពារ​សិទ្ធិ​ពលរដ្ឋ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ បាន​ទទួល​មរណៈភាព​ចំ​ថ្ងៃ​ ដែល​ពិភព​លោក​ប្រារព្ធ​ទិវា សិទ្ធិ​មនុស្ស អន្តរជាតិ​ខួប​លើក​ទី ៦៦ ។

ស្ត្រីអ្នកសារព័ត៌មានមួយរូប និយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា មុនដំបូងពេល​ដែលលឺ​ដំណឹងនេះ នាងស្ទើតែមិនជឿនោះទេ។ កញ្ញាបន្តថា ដំណឹងនៃការស្លាប់របស់លោក ចាន់ សុវ៉េត ពិតជា​ដំណឹង​គួឱ្យរន្ធត់ និងសោកស្ដាយជាទីបំផុត។ អ្នកកាសែតដដែលនេះបន្ថែមថា៖ «លោក ចាន់ សុវ៉េត បាន​ចំណាយកម្លាំងកាយ កម្លាំងចិត្តក្នុងការការពារសិទ្ធមនុស្សនៅកម្ពុជា និងជួយយុត្តិធម៌ ជូនជនរងគ្រោះ ជា​ពិសេសអ្នកមានជម្លោះដីធ្លី។ ខ្ញុំពិតជាសោកស្តាយណាស់។»

អមជាមួយនឹងរូបថត នៃការស្លាប់របស់សកម្មជនខាងលើ អ្នកសារព័ត៌មានម្នាក់ទៀត នៅការសែតក្នុងស្រុក​មួយ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ ដែលបាត់បង់​អ្នក​ការពារ​សិទ្ធិមនុស្សដ៏ឆ្នើមមួយរូប សូមឲ្យវិញ្ញាណក្ខន្ធលោកពូ ទៅកាន់សុគតិភព»។

ចំណែកវិទ្យុអាស៊ីសេរី បានសម្តែងការសោកស្តាយជាមួយដែរថា៖ «យើងខ្ញុំជាបុគ្គលិក នៃវិទ្យុអាស៊ីសេរី​ទាំង​អស់ សូមចូលរួមមរណទុក្ខ ដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់លោក ចាន់ សុវ៉េត។»

រីឯលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក បានបង្ហាញការ​សោកស្តាយ ចំពោះសកម្មជនការពារសិទ្ធមនុស្ស លោក ចាន់ សុវ៉េត នៅលើទំប័រហ្វេសប៊ុករបស់លោកថា ការបាត់បង់រូបលោក ចាន់ សុវ៉េត គឺជាការបាត់បង់ នូវបង្គោលដ៏រឹងមាំមួយ ដែលជាបង្អែករបស់ជនរងគ្រោះ ដែលត្រូវបានគេរំលោភសិទ្ធិ នៅក្នុងប្រទេសខ្មែរ។

លោក សេរីរដ្ឋា បានសរសេរបន្តថា៖ «ខ្ញុំសូមសំដែងនូវការគោរពវិញ្ញាណក្ខន្ធលោកពីចំងាយ ជាមួយនឹង​ការសោកស្តាយ​ជាពន់ពេក នូវការបាត់បង់រូបលោក! តាំងពីខ្ញុំស្គាល់គាត់ នាឆ្នាំ ១៩៩៦ មក គាត់គឺជា​មនុស្ស​ម្នាក់ដែលខ្ញុំគោរពបំផុត និងចាត់ទុកជារៀមច្បងម្នាក់។ តាមរយ:ចរិតនិងឥរិយាបទធ្វើការ ព្រមទាំង​ជំហរ​ធ្វើ​កិច្ចការងាររបស់គាត់ ក្នុងការបម្រើគ្រប់ជនរងគ្រោះ ដែលត្រូវគេរំលោភសិទ្ធិ។ ខ្ញុំពិតជាមានការសោក​ស្តាយ​រូប​គាត់​ខ្លាំងណាស់!»

សូមរំលឹកថា លោក ចាន់ សុវ៉េត បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នៅរសៀលម៉ោង២ និង៥៥នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីលោកបានត្រឡប់ ពីចូលរួមសង្កេតមើលការប្រារព្ធ ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...