ហេតុការណ៍ និង​មូលហេតុ​នៅ​មុន​មរណភាព​​របស់​ ចាន់ សូវ៉េត

ថ្ងែ១០ធ្នូ ខួបលើកទី៦៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ជាច្ងៃចុងក្រោយនៃមន្រ្តីសិទ្ធិមនុស្សដ៏អង់អាចម្នាក់ របស់​សមាគម​អាដហុក (adhoc) លោក ចាន់ សូវ៉េត ត្រូវទទួលមរណៈភាពដោយគាំងបេះដូង បន្ទាប់​ពី​លោក​បាន​ចូល​រួម​ឃ្លាំ​មើល​ទិវា​នេះ​ចប់។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 11, 2014
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ចាន់ សូវ៉េត អាយុ៥១ឆ្នាំ បាន​ធ្វើ​សកម្មភាព ជា​មួយ​សហគមន៍​រង​គ្រោះ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ជា​មួយ​អង្គការ​អាដហុក (adhoc) ជាង​១៥​ឆ្នាំ​មក​ហើយ។ លោក​ទទួល​មរណភាព​ក្នុង​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្នុង​គេហដ្ឋាន​របស់​លោក​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការមន បន្ទាប់​ពី​ភរិយា​របស់​លោក បាន​កោស​ខ្យល់​ឲ្យ​រួច។

អ្នកស្រី លាង ហន ដែល​​ត្រូវ​ជា​ម្តាយ​មីង​របស់​លោក ចាន់ សូវ៉េត បាន​លើក​ឡើង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លោក​ធ្លាប់​ខ្លួន​ឈឺ​ផ្តាសសាយ​ជា​រឿយៗ តែ​អ្នកស្រី​មិន​បាន​ដឹង​ពី​ជំងឺ​ខាង​ក្នុង​របស់​លោក ថា​យ៉ាង​ម៉េច​នោះ​ឡើយ។ អ្នកស្រី​បន្ត​ថា មុន​នេះ​ប៉ុន្មាន​ថ្ងៃ លោក ចាន់ សូវ៉េត ចេះ​តែ​ត្អូញ​ថា ឈឺ​ដើម​ទ្រូង។ ជាក់​ស្តែង​ក្នុង​ថ្ងៃ​ទី១០ ខែ​ធ្នូ​នេះ ពេល​ត្រឡប់​ពី​ធ្វើការ​ថ្ងៃ​ត្រង់​រួច គាត់​ក៏​ប្រាប់​ទៅ​ភរិយា​ថា គាត់​ឈឺ​ដើម​ទ្រូង និង​ក៏​បាន​ឲ្យ​ភរិយា​កោស​ខ្យល់​ឲ្យ។ បន្ទាប់​មក​លោក ក៏​បានសម្រាក​មួយ​សន្ទុះ ហើយ​ក៏​លែង​ដឹង​ខ្លួន​តែ​ម្តង។ «គាត់​មិន​បាន​និយាយ​អ្វី​ទាំង​អស់ ហើយ​គាត់​ក៏​មិន​ចាប់​អារម្មណ៍​ថា ខ្លួន​គាត់​យ៉ាង​អញ្ចឹង​ដែរ។»

លោកមានឯកទេសផ្នែកសិទ្ធិមនុស្ស និងបានទទួលការសិក្សា ពីសាកលវិទ្យាល័យជូឡាឡុងកន (Chula Long Korn) ប្រទេសថៃ មានបរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ និង​អតីតជា​គ្រូ​មធ្យម​សិក្សា​ផ្នែករូបវិទ្យា និងគីមីវិទ្យា នៃសាលាមធ្យមសិក្សាសំពៅមាស រាជធានីភ្នំពេញ។

លោក ចាន់ សូវ៉េត ជាអ្នកស្រុក ភូមិកណ្ដាល ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។ លោកមានកូន៣នាក់ ក្រោមចំណងអាពាហ៍ពិពាហ៍ជាមយយនិងអ្នកស្រី ប៊ី សុភាព ហើយទទួលបាន ប្រុសពីរនាក់ និងកូនស្រីម្នាក់។

ចំពោះឪពុកមា (ពូ) របស់លោក ចាន់ សូវ៉េត បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោក ចាន់ សូវ៉េត ជា​មនុស្សរួសរាយ រាក់ទាក់ ថែមទាំងស្លូតបូតទៀត និងមិនដែលរករឿងឈ្លោះជាមួយអ្នកណាឡើយ។ លោក ទេព ពិសេស ដែលត្រូវជាពូខាងសាច់ថ្លៃរូបនេះ បានបន្ថែមថា លោក ចាត់ សូវ៉េត តែងតែធ្វើការជាប់ជានិច្ច មិន​គិតថាយប់ ឬថ្ងៃឡើយ។ អ្វីដែលកត់សម្គាល់មុនការស្លាប់នេះ លោក ចាន់ សូវ៉េតបានប្រាប់ថា ដូច​ជាថប់ៗ​ដង្ហើម និងឈឺត្រង់បេះដូង ហើយក៏ឲ្យប្រពន្ធកោសខ្យល់ឲ្យ ក៏សំរាកទៅ ហើយទៅ​រហូតបាត់មាត់​ឈឹងតែ​ម្តង។ លោក ពេព ពិសេស បាននិយាយថា៖ «ស្ទះសសៃឈាមបេះដូង ស្ទះហើយគាំងតែម្តង»។

លោក ចាន់ សូវ៉េត អតីតធ្លាប់បំរើការងារជា ទាហានកាំភ្លើងធំ និងក៏ជាអតីតមន្ត្រីបំរើការនៅបញ្ជាការ​ហោះ​ហើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែរ។ លុះចាប់ពីឆ្នាំ១៩៩៥ ក្រោយការបោះឆ្នោតមក លោកក៏បាន​ចូលរូមបំរើការងារ លើវិស័យសិទ្ធិមនុស្ស នៅសមាគមការពារសិទ្ធិមនុស្សអាដហុករហូតមក។

ក្នុងយុគ្គសម័យវិវាទដីធ្លីនៅកម្ពុជា មិនថាក្រុង ឬខេត្តឡើយ លោក ចាន់ សូវ៉េត ជាមន្រ្តីឃ្លាំមើលអង្គេត សិទ្ធិ​មនុស្ស ដីធ្លី ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ បញ្ហានិទ្ទណ្ឌភាពជាដើម។ លោកធ្លាប់បានធ្វើការ​រិះគន់​ចំៗ ចំពោះសកម្មភាពនៃមន្រ្តីរដ្ឋាភិបាលមួយចំនួន ដែលអាងអំណាច បក្សពួក និយម និងធ្វើការគាបសង្កត់​ដោយ​គ្មានស្រាកស្រាន រំលោកច្បាប់ និងសិទ្ធិមនុស្ស។ ករណីនេះ លោកតែងតែរងការគម្រាមកំហែង ពី​មន្រ្តីធំៗមួយចំនួន ក្នុងពេលបំពេញការងារក្នុងនាមសិទ្ធិមនុស្សម្តងៗ។ ហើយលោកក៏ត្រូវបានតុលាការ​រាជធានី​ភ្នំពេញ ធ្លាប់ធ្វើការចោទប្រកាន់ និងដាក់រូបលោក ឲ្យស្ថិតក្រោមការត្រួតពីនិត្យរបស់តុលាការ​ផង​ដែរ។

ពិធីបុណ្យសពរបស់លោក ត្រូវបានក្រុមគ្រួសារ តម្កល់នៅវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។ សពរបស់លោក ចាន់សូវ៉េត និងត្រូវធ្វើការបូជានាថ្ងៃតទី១២ ខែធ្នូ វេលាម៉ោង​៦​ព្រឹក។ សម្រាប់ពិធីបុណ្យខួប ៧ថ្ងៃ ត្រូវធ្វើឡើងក្នុងថ្ងៃច័ន្ទ ទី១៥ ឆ្លងចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...