ចាន់ សូវ៉េត ទទួល​មរណៈភាព​ដោយ​ជំងឺ​គាំង​បេះដូង

លោក ចាន់ សូវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានលាចាកលោកនេះ ដោយបន្សល់ទុក នូវការអាឡោះអាល័យ ដល់ប្រជាពលរដ្ឋដែលលោកធ្លាប់បានជួយសង្គ្រោះ តាមរយៈការតស៊ូមតិ ដើម្បីសិទ្ធិ និងលំនៅដ្ឋាន។
ចាន់ សូវ៉េត ទទួល​មរណៈភាព​ដោយ​ជំងឺ​គាំង​បេះដូង
សពលោក ចាន់ សូវ៉េត តំកល់នៅផ្ទះរបស់លោក។ (រូបថត monoROOM.info/ H. Vuthy)
  • ដោយ: អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 10, 2014
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការបញ្ជាក់​របស់​លោក ណៃ វ៉ង់ដា អនុ​ប្រធាន​ផ្នែក និង​មេធាវី​តំបន់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើង​ថា លោក ចាន់ សូវ៉េត បាន​ផុត​ជីវិត​លា​ចាក​លោក ក្នុង​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ។ ចំពោះ​ករណី​លំអិត​នៃ​ការ​ស្លាប់​នេះ លោក​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​បានទេ ព្រោះ​នៅ​មិន​មាន​ការ​អនុញ្ញាត ពី​ក្រុម​គ្រួសារ​នៃ​សព​នៅ​ឡើយ។

លោក ចាន់ សាវេត ជា​មន្រ្តី​ស៊ើប​អង្កេត​ដ៏​ល្បី​ឈ្មោះ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ក្នុង​រឿង​ដី​ធ្លី និង​ព្រៃ​ឈើ។ មុន​ឈាន​ទៅ​ដល់​ការ​ទទួល​មរណៈភាព​នេះ លោក​មាន​ជំងឺ​លើស​ឈាម ហើយ​បាន​គាំង​បេះដូង។ លោក​បាន​ទទួល​មរណភាព​វេលា​ម៉ោង​២ និង​៥៥​នាទី​រសៀល បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី ការ​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ពិធី ទិវា​សិទ្ធិ​មនុស្ស ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

តាមប្រភពព័ត៌មាន ពីអ្នកយកការណ៍របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាលំនៅដ្ឋាននៃសព សង្កាត់​បឹង​កេងកង៣ ខណ្ឌ ចំការមន បានបញ្ជាក់តាមការអះអាងរបស់ភរិយាលោក ចាន់ សូវ៉េត ថា ពេលសំរាន្ដ​ថ្ងៃ​ត្រង់​ជាធម្មតា ក្រោយបាយនោះ លោក ចាន់ សូវ៉េត បានសន្លប់ស្តូកស្តឹងជាងកន្លះម៉ោង។

លោក ចាន់ សូវ៉េត បានបន្សល់ទុក នូវការអាឡោះអាល័យជាច្រើន ដល់ប្រជាពលរដ្ឋដែលលោកធ្លាប់បាន​ជួយ​សង្គ្រោះ តាមរយៈការតស៊ូមតិ ដើម្បីសិទ្ធិ និងលំនៅដ្ឋាន។ មុននេះតែមួយថ្ងៃប៉ុណ្ណោះ លោកបាន​ព្រមាន​អាជ្ញាធរខេត្តពោធិ៍សាត់ ថានឹងបោះបង់កិច្ចសហការជាមួយអាជ្ញាធរខេត្តនេះ ក្នុងសកម្មភាពចុះស្រាវជ្រាវ និងដោះស្រាយរឿងដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិសង្គមថ្មី នៃឃុំថ្មដា ចំនួន២១គ្រួសារ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤នេះ។ ពិសេសលើទម្រង់សលាកបត្រព័ត៌មាន ដែលលោកចាត់ទុកថា ជានីតិវិធីផ្លូវច្បាប់មួយ ដើម្បី​ដោះស្រាយបញ្ហាដីធ្លីនេះនៅភូមិសង្គមថ្មី នៃឃុំថ្មដានោះ។ តែបញ្ហាសលាកបត្រព័ត៌មាននេះ មិនមានការ​គាំទ្រ​ដោយប្រជាពលរដ្ឋនោះទេ ព្រោះពួកគាត់ជាម្ចាស់ទឹកដី និងរស់នៅជាយូរមកហើយ មិនចាំបាច់ធ្វើនោះឡើយ។

សកម្មជនការពារសិទ្ធិមនុស្សរូបនេះ ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនយ៉ាង​ហោច​ណាស់ក៏ម្ដងដែរ នៅក្នុងសំនុំរឿងដីធ្លីនាខេត្តក្រចេះ ដ៏ចម្រូងចម្រាស ពីបទជួយលាក់ និងការពារទំនុក​បម្រុង​ដល់ជនជាប់ចោទ ដែលពាក់ព័ន្ធនឹងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅភូមិ​ប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យរត់គេចខ្លួន កាលពីខែឧសភា ឆ្នាំ២០១២។ ព្រឹត្តិការណ៍នោះ ជាការ​បង់សំណាញ់ដ៏ធំមួយ របស់អាជ្ញាធររដ្ឋាភិបាល ប្រឆាំងនឹងក្រុមសកម្មជនការពារសិទ្ធិ និងពលរដ្ឋដែល​ហ៊ាន​ងើបឡើងតវ៉ា ក្នុងនោះមានលោក ម៉ម សូណង់ដូ មួយរូបផង ក៏ត្រូវបានតុលាការចាប់ដាក់​ឃុំក្នុង​ពន្ធនាគារ​ដែរ។

សពរបស់លោក ចាន់ សូវ៉េត ត្រូវក្រុមគ្រួសារសម្រេចដឹកយកទៅធ្វើបុណ្យ នៅផ្ទះរបស់លោកផ្ទាល់ក្នុង ភូមិ​គល់​ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ តាមការបញ្ជាក់របស់មន្រ្តី នៃសមាគមអាដហុក លោក ចាន់ សូវ៉េត បានបម្រើការងារផ្នែកសិទ្ធិមនុស្ស និងដីធ្លីនេះ ជាង១៥ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩៨មក៕

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...