សម្ព័ន្ធ ERA ថា គ.ជ.ប ថ្មី នៅ​តែ​«មិន​ឯករាជ្យ អព្យាក្រិត្យ»

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) បានធ្វើការរិគន់ថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មី នឹងនៅតែ«គ្មាន»ភាពឯករាជ្យ ដរាបណាស្ថាប័នមួយនេះ ស្ថិតក្រោមការគ្រប់គ្រងដោយ គណបក្សនយោបាយ។
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 31, 2014
  • ប្រធានបទ: ប្រព័ន្ធបោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

នៅក្នុងកិច្ចពិភាក្សាតុមូល ដែល​បាន​រៀបចំ​ឡើង ដោយ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤ នា​សណ្ឋាគារ​អ៊ីមភើរៀល លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក បាន​ថ្លែង​ឡើង​ថា គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ហាក់​ដូច​ជា​មិន​ចង់​បាន ឬ​ដាក់ គ.ជ.ប ឲ្យ​ស្ថិត​ក្នុង​ភាព​អព្យាក្រិត្យ​១០០%​ឡើយ។ ព្រោះ​កន្លង​មក កិច្ច​ប្រជុំ​នៃ​គណបក្ស​ទាំង​ពីរ មិន​ដែល​បាន​បង្ហាញ នូវ​ព័ត៌មាន​ជា​សាធារណៈ​ឡើយ រហូត​មក​ទល់​ពេល​នេះ។ ចំណុច​នេះ ដែល​ជា​ការ​បារម្ភ​មួយ យ៉ាង​ធំ​របស់​នាយក​ប្រតិបត្តិ​អង្គការ​រូប​នេះ ចំពោះ គ.ជ.ប ថ្មី។

ការថ្លែងបារម្ភរបស់លោក ហង្ស ពុទ្ធា បាន​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នេះ ដែល​មាន​គោល​ដៅ រៀប​ធ្វើ​ជា​សំណើ​ច្បាប់​នៃ​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត ទៅ​កាន់​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ដើម្បី​ឲ្យ​ដាក់​គ.ជ.ប ទៅ​ក្នុង​ភាព​អព្យាក្រិត ឯករាជ្យ និង​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង ឬ​ដឹកនាំ​ដោយ​គណបក្ស​នយោបាយ។

ចំពោះការបារម្ភខាងលើនេះ ត្រូវបានមន្រ្តីមកពីគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន និងជាសហ​ប្រធាន​នៃក្រុមរៀបចំស្ថាប័ន គ.ជ.ប បញ្ជាក់វិញថា សេចក្តីស្នើច្បាប់ គ.ជ.ប ថ្មី នៅតែ១០មាត្រា ក្នុងចំណោម​៦៦មាត្រា​ប៉ុណ្ណោះ ដែលជជែកមិនត្រូវគ្នានោះ។ លោកថា មាត្រាទាំងនោះនិយាយពីការតែងតាំង ប្រធាន អនុប្រធាន និងលក្ខណៈសម្បត្តិនៃសមាជិក ការងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវនានា ក្នុងស្ថាប័ន​គ.ជ.ប។ ហើយកិច្ចពិភាក្សានេះ ក៏នឹងត្រូវបញ្ចប់នាថ្ងៃទី១០ ខែវិច្ឆកា ខាងមុខនេះដែរ មុននិងសម្រេចដាក់ទៅ​ថ្នាក់ដឹកនាំកំពូលនោះ។

ដោយឡែក អ្នកវិភាកនយោបាយឯករាជ្យ លោក សុខ ទូច បានគាំទ្រចំពោះការលើកឡើងរបស់លោក ហង្ស ពុទ្ធា ដោយលោកបានអះអាងថា សមាជិកទី៩ នៃគ.ជ.ប នៅតែមិនមានភាពឯករាជ្យ បើទោះជា គ.ជ.ប នេះ​ត្រូវបានរៀបចំឡើងថ្មីក៏ដោយ។ លោកបានធ្វើការបង្ហាញថា ព្រោះសមាជិកទី៩ នោះ ត្រូវបានជ្រើសចេញ មក​ពីការចាត់តាំងរបស់គណបក្សនយោបាយទាំងពីរ ជាដដែល។ មានន័យថា សមាជិកទី៩នោះ នៅតែស្ថិត​ក្រោម​ការគ្រប់គ្រង ដោយគណបក្សនយោបាយទាំងពីរ។

លោក ហង្ស ពុទ្ធា បាននិយាយទៀតថា៖ «ខ្ញុំឃើញយន្តការរបស់គណបក្ស សហប្រធាន ហ្នឹង ល្អមែនទែន។ ប៉ុន្តែធ្វើបានដែរអត់? ទីមួយ មិនដាក់បងប្អូន, គ្រាន់ពង្រាងមក វាដាក់បងប្អូនហើយស្រេច ហើយខ្ញុំមិនបាច់​ឲ្យ​គណបក្សទាំងពីរ និយាយដល់ ស្ថាប័នរាជការទេ សូមគិតតែ គ.ជ.ប. បានហើយ។»

គណបក្សប្រជាជនកម្ពុជា មិនបានចាត់តាំងតំណាងរបស់ខ្លួន មកចូលរួមក្នុងកិច្ចពិភាក្សានេះទេ។ តែ​តំណាង​គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្ស​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមិនមានអសនក្នុងរដ្ឋសភា និងមានវត្តមាន​ក្នុងកិច្ចពិភាក្សា បានស្នើឡើងថា ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ ត្រូវរៀបចំ និង​ធ្វើ​យ៉ាងណាឲ្យ«ច្បាប់»ស្ថាប័ន គ.ជ.ប មួយនេះ ដាក់ស្ថាប័ន គ.ជ.ប ខ្លួនឯងជាស្ថាប័នឯករាជ្យ អព្យាក្រឹត្យ ដើម្បី​ភាពយុត្តិធម៌ និងត្រឹមត្រូវ នាពេលបោះឆ្នោតខាងមុខ។

គួររំលឹកឡើងវិញថា ការខ្វែងគំនិតគ្នា នៃគណបក្សនយោបាយធំទាំងពីរ លើច្បាប់ស្តីពី ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នេះ ត្រូវបានសង្គមស៊ីវិល គណបក្ស​នយោវាយ និងអ្នកវិភាគឯករាជ្យ ដាក់បង្ហាញក្នុងកិច្ចពិភាក្សាដែលរួមមាន ការតែងតាំងថ្នាក់ដឹកនាំ ប្រធាន ឬអនុប្រធាន គ.ជ.ប ដែលមតិមួយថា ត្រូវជ្រើសរើសក្នុងចំណោមគណបក្ស ដែលមានអាសនៈនៅរដ្ឋសភា។ ឯមតិមួយទៀតថា គ.ជ.ប ជាអ្នកសម្រេច ជ្រើសរើស ប្រធាន ឬអនុប្រធាន ដោយមតិភាគច្រើនដាច់ខាត នៃ​សមាជិក គ.ជ.បទាំងមូល(៩រូប)។ និងមតិចុងក្រោយ ស្នើឲ្យសមាជិកទី៩ នៃគ.ជ.ប នេះកាន់​តំណែង​ជា​ប្រធាន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments