វីរៈជន​ទាំង៥ ដែល​ជាប់​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី ជា​នរណា?

សប្ដាហ៍នេះ ត្រូវបានកត់សម្គាល់ដោយ ការផ្ដល់ពានរង្វាន់ពហុវិស័យចំនួន៥ ទៅឲ្យរីវៈជននិងក្រុម ដែលបាន​ធ្វើការ​ជា​ប្រយោជន៍​ដល់​តំបន់​អាស៊ាន និងអាស៊ីបូព៌ា។ តែវីរៈជន និងក្រុមទាំងនោះ ជានរណា?
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 26, 2014
  • ប្រធានបទ: វីរៈភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាលើកទីពីរហើយ ដែល​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា បាន​ផ្តល់​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី ដល់​អ្នក​ដែល​បាន​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​នៅ​តំបន់​អាស៊ី។ ខាង​ក្រោម​នេះ​ ​គឺ​ប្រវត្តិ​សង្ខេប​ខ្លីៗ របស់​ម្ចាស់​ពាន​រង្វាន់​ទាំង​៥ ក្នុង​ឆ្នាំ​២០១៤​នេះ

១. លោក ម៉ាន់ម៉ូហាន់ ស៊ីង (Manmohan Singh) ម្ចាស់​រង្វាន់​ធំ​នៃ​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី

លោកម៉ានម៉ូហាន់សៃ កើត​នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​១៩៣២ ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ប៉ាញចាប ដែលសព្វថ្ងៃស្ថិត​ក្រោមការគ្រប់គ្រងរបស់ប្រទេសប៉ាគីស្តង់។ លោក​​បាន​បញ្ចប់​ការ​សិក្សា ពី​សាកល​វិទ្យាល័យ​ប៉ាញចាប ឆ្នាំ​១៩៤៨ និង​បាន​សរសេរ​សៀវភៅ India’s Export trend s an Prospect for self Sastained Growth ដើម្បី​ផ្តល់​ជា​មតិ​រិះគន់ ទៅ​លើ​គោល​នយោបាយ​ពាណិជ្ជកម្ម។ នៅឆ្នាំ១៩៧២ លោកគឺជាប្រធានប្រឹក្សាសេដ្ឋកិច្ច ក្នុង​ក្រសួងសេដ្ឋកិច្ច។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៦ និងឆ្នាំ២០០១ ដល់២០០៤ លោកគឺជានាយករដ្ឋមន្រ្តីនៃប្រទេស​ឥណ្ឌា។

២. ភីធើរ ដេវីដ ឌ្រីអាដាល (Peter David Dryadale) ម្ចាស់ពានរង្វាន់ផ្នែកសេដ្ឋកិច្ច និងសង្គម

Peter David Dryadale គឺជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច។ ឆ្នាំ១៩៦៧ លោកបានបញ្ចប់ថ្នាក់បណ្ឌិត​នៅសាកល​វិទ្យាល័អូស្រ្តាលី (Autrain National University)។ លោកបាននិពន្ធសៀវភៅជាច្រើន ទាក់ទងនឹងសេដ្ឋកិច្ច ហើយ​ការងាររបស់គាត់ គឺការវិភាគលើការជះឥទ្ធិពលនយោបាយ ទៅលើប្រទេសអូស្រ្តាលី តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ភាកខាងកើត។

៣. វ៉ាង ហ្គងវូ (Wang Gungwu) ម្ចាស់ពានរង្វាន់ផ្នែកវប្បធម៌

លោក វ៉ាង គឺសាស្រ្តាចារ្យផ្នែកសិល្បៈ និងវិទ្យាសាស្រ្តសង្គម នៅសាកលវិទ្យាល័យជាតិសិង្ហបុរី។ ពីឆ្នាំ១៩៨៦ ដល់១៩៩៥ លោកគឺជាអនុព្រឹទ្ធសាស្រ្តាចារ្យ សាកលវិទ្យាល័យហុងកុង។ បច្ចុប្បន្ននេះ លោកជាប្រធាន​គ្រប់​គ្រង​ក្រុមប្រឹក្សាភិបាល របស់សាលាលីខ្វាន់យូ និងជាប្រធានវិទ្យាស្ថានអាស៊ាន​ភាគខាងកើតផងដែរ។

៤. លោក ប៉ាន រិទ្ធី ម្ចាស់ពានរង្វាន់ផ្នែកវប្បធម៌

លោក ប៉ាន រិទ្ធី បានកើតនៅឆ្នាំ១៩៦៤ នៅរាជធានីភ្នំពេញ។ លោក គឺជាសមិទ្ធិករ អ្នកដឹកនាំ និងអ្នកសរសេរ​អត្ថបទភាពយន្ដ ឲ្យភាពយន្តបែបឯកសារជនជាតិខ្មែរម្នាក់ ដែលត្រូវបានគេទទួលស្គាល់ ជាអន្តរជាតិ។ លោក​ជាជនរងគ្រោះ ដែលបានរួចរស់ពីរបបខ្មែរក្រហម ក្នុងចំណោមក្រុមគ្រួសាររបស់លោក។ ភាគច្រើននៃ​ខ្សែ​ភាព​យន្ត​របស់លោក បានផ្តោតទៅលើសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៨០ លោកបានទៅរស់នៅប្រទេសបារាំង។ បន្ទាប់មកបានបញ្ចប់ការសិក្សាពី វិទ្យាស្ថានសិក្សាជាន់ខ្ពស់ផ្នែកភាពយន្ដ ហៅកាត់តាមភាសាបារាំង IDHEC។ ខ្សែភាពយន្តចុងក្រោយរបស់លោក ដែលមានចំណងជើងថា រូបភាពឈឺផ្សារ (The missing picture)ត្រូវ​បាន​ដាក់បញ្ចាំង និងទទួលបានពានរង្វាន់កំពូលនៅក្នុងផ្នែក Un Certain Regard នៃមហោស្រពភាពយន្តក្រុង កាន ក្នុងឆ្នាំ២០១៣ នៅប្រទេសបារាំង និងរង្វាន់ផ្នែកសិល្បៈក្នុងឆ្នាំ២០១៤ នៃចំណាត់ថ្នាក់ Foreign Language Film Category នៅក្នុងការប្រលងប្រណាំង យកពានរង្វាន់អូស្ការ របស់សហរដ្ឋអាមេរិក។

៥.ក្រុមល្ខោន The Takarazuka Revue ម្ចាស់ពានរង្វាន់ផ្នែកវប្បធម៌

ក្រុមល្ខោន The Takarazuka Revue ជាក្រុមល្ខោនតន្រ្តី ដែលបានបង្កើតឡើងពីក្រុមនារីនៅទំនេរ។ ក្រុម​នេះ ត្រូវបានបង្កើតឡើងដំបូង ក្នុងកំឡុងឆ្នាំ១៩១៤ ហើយចាប់ផ្តើមទទួលបានប្រជាប្រិយភាព​ តាំងពីពេលនោះ​មក។ ក្រុមល្ខោន The Takarazuka Revue បានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើពិភពលោក និងបានបន្ត​បង្កើត​និង​ចែកចាយ​ឆាកល្ខោន ដ៏ប្រណិតជាមួយក្តីសុបិន្ត និងក្តីស្រលាញ់ ចេញពីការគាំទ្រក្នុងស្រុក ក៏ដូចជា​នៅលើឆាក​អន្តរជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...