កឹម សុខា៖ កម្ពុជា​គ្មាន​កាតព្វកិច្ច ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន​ទេ

អនុប្រធានទី១នៃរដ្ឋសភាជាតិ លោក កឹម សុខា បានថ្លែងឡើងថា រដ្ឋាភិបាលកម្ពុជាមិនទាន់មានសមត្ថភាពជាមនុស្សធម៌ ក្នុងទទួលយកជនភៀសខ្លួន ពីប្រទេសអូស្ត្រាលី មកដាក់នៅកម្ពុជានោះឡើយ។
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 22, 2014
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាល​ពី​ថ្ងៃ​ទី ២១ ខែ​តុលា​នេះ បន្ទាប់​ពី​ជំនួប​ជា​មួយ​ប្រជា​ពលរដ្ឋ នៅ​វិមាន​រដ្ឋសភា លោក កឹម សុខា អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា បាន​ថ្លែង​ឡើង​ថា៖ «ប្រសិន​បើ​រាជ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ចង់​ធ្វើ​ជា​មនុស្ស​ធម៌ ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ មក​ដាក់​នៅ​កម្ពុជា​មែន​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា គួរ​ណាស់​តែ​គិត​គូរ​អំពី​បញ្ហា​របស់​ប្រជា​ពលរដ្ឋ និង​ធ្វើ​ផ្ទះ​សម្បែង​ឲ្យ​ប្រជា​ពលរដ្ឋ​ណា ដែល​គាត់​ខ្វះ​ខាត​រស់​នៅ​ឲ្យ​អស់​ចប់​សព្វ​គ្រប់​សិន ចាំ​យើង​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ មក​ដាក់​នៅ​ប្រទេស​ខ្លួន។»

ជំនួបរវាងលោក កឹម សុខា និង​ពលរដ្ឋ​នៅ​ពេល​នេះ បន្ទាប់​ពី​សេចក្តី​ថ្លែង​ការណ៍​មួយ របស់​សហព័ន្ឋ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា ចុះ​នៅ​ថ្ងៃ​សៅរ៍​ទី ១៨ ខែ​តុលា បាន​ស្នើរ​សុំ​ឲ្យ​លោក​អនុប្រធាន​រដ្ឋសភាព​រូប​នេះ ជួយ​ធ្វើ​អន្តរាគមន៍ និង​ពិចារណា​ឡើង​វិញ ពី​ករណី​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​មួយ ដោយ​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន ពី​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ជា​មួយ​ទឹក​ប្រាក់​ចំនួន​៣៥ លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ។

អនុប្រធានរដ្ឋសភាទីមួយ បានបន្តថា បើទោះបីកម្ពុជាជាប្រទេសហត្ថលេខី ក្នុងអនុសញ្ញាអន្តរជាតិ​ជន​ភៀស​ខ្លួន តាំងពីឆ្នាំ១៩៥១មកក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា មិនមានកាតព្វកិច្ចចាំបាច់ណាមួយ ក្នុង​ការ​ទទួល​យក​ជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនោះឡើយ។ លោក កឹម សុខា បានសង្កត់ធ្ងន់ថា៖ «បើសិនណា ជា​រដ្ឋាភិបាល​នៅតែធ្វើអ៊ីចឹងមែន គឺយើងអាចស្នើឲ្យសភាយើងពិចារណាដែរ។ (…) យើងអត់យក គេ​បន្ទោស​យើង អាហ្នឹងចាំយើងយក។ បើថាយើងយកហើយ គេបន្ទោសយើង...អាហ្នឹងយើងខុសហើយ។ (…) ដូចជា​អត់​មាន​អត់ត្រូវកាតព្វកិច្ចទេ។»។

ថ្មីៗនេះ លោក កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងចំពោះមុខអ្នកសារព័ត៌មានថា ការ​ទទួលយកជនភៀសខ្លួនពីប្រទេសអូស្ដ្រាលី គឺផ្អែកលើលក្ខខណ្ឌច្បាប់អន្ដរជាតិ។ លោកបន្តថា កម្ពុជា​គឺ​ជា​រដ្ឋភាគី នៃអនុសញ្ញាអន្ដរជាតិស្ដីពីជនភៀសខ្លួន។ តែកម្ពុជាទួលយក តែជនភៀសខ្លួនទាំងឡាយណា ដែល​ស្ម័គ្រចិត្តមកកម្ពុជាតែប៉ុណ្ណោះ។

សូមរម្លឹកថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី បានចុះអនុស្សារណៈយោគយល់គ្នា កាលពីថ្ងៃទី ២៦ ខែកញ្ញានោះមក ប្រតិកម្ម បានធ្លាក់ចុះមកជាបន្តបន្ទាប់ រិះគន់ពីការរំលោភសិទ្ធិជនភៀសខ្លួន ពីសំណាក់​ប្រទេសទាំងពីរ។ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន មានដូចជាក្រុមយុវជនជាដើម ក៏ធ្លាប់បានដឹកនាំការតវ៉ា និង​ដាក់ញត្តិតាមនៅស្ថានទូតនានា ស្វែងរកការដាក់សម្ពាធដល់ប្រទេសទាំងពីរ ដើម្បីពិចារណា​លុបចោលកិច្ច​ព្រមព្រៀងការបញ្ជូន និងទទួលយកជនភៀសខ្លួន ពីប្រទេសអូស្ដ្រាលីមកកម្ពុជានេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...