បាតុករ៖ កម្ពុជា​ស៊ូ​ធ្វើ​​«មុខ​ក្រាស» ឲ្យ​តែ​បាន​លុយ​ជា​ថ្នូរ​នឹង​ជន​ភៀស​ខ្លួន

បញ្ហាទទួលជនភៀសខ្លួនខុសច្បាប់ ពីប្រទេសអូស្ត្រាលី បានក្លាយជាប្រធានបទថ្មី សម្រាប់បង្កើន និងពង្រីកប្រសិទ្ធិភាព នៃការតស៊ូមតិរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្ស និស្សិត ពិសេសអ្នកដែលកំពុងរងគ្រោះ ព្រោះគ្មាន«ដី និងលំនៅដ្ឋាន»។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 22, 2014
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងញត្តិ​ ដែល​ដាក់​តាម​បណ្តា​ស្ថាប័ន​រដ្ឋ និង​ស្ថាន​ទូត​នានា​ប្រចាំ​កម្ពុជា របស់​ក្រុម​អ្នក​តវ៉ា បាន​លើក​ឡើង​ថា «ការ​ជម្លៀស​ជន​ភៀស​ខ្លួន​ទាំង​បង្ខំ ក្នុង​ខណៈ​ដែល​ជន​ភៀស​ខ្លួន ទាំង​១០០០​នាក់ បាន​ធ្វើ​ពហិការ​មិន​ព្រម មក​រស់​នៅ​លើ​ប្រទេស​កម្ពុជា ដោយ​ពួក​គេ​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ក្រី​ក្រ រស់​ដោយ​សារ​ជំនួយ​ពី​បរទេស ជា​ប្រទេស​គ្មាន​សុវត្តិភាព និង​សុខ​សន្តិភាព​នោះ។»

អ្នកស្រី គង់ ចន្ថា ពលរដ្ឋ​មួយ​រូប ដែល​បាន​បាត់​បង់​ដីធ្លី​របស់​ខ្លួន បាន​បង្ហាញ​នូវ​ការ​ហួស​ចិត្ត និង​ភាព​អាម៉ាស​ជំនួស​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី បដិសេធ​មិន​ទទួល​យក​កម្ពុជា ជា​ប្រទេស​ដែល​ពួក​គេ​ត្រូវ​មក​ជ្រក​កោន​។ អ្នក​ស្រី​បន្ត​ថា ការ​បដិសេធ​យ៉ាង​ដូច្នេះ​ហើយ តើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​«ចិញ្ចឹម»​ចិត្ត ក្នុង​ការ​ទទួល​យក​ទៀត​ឬ​យ៉ាង​ណា? ឬ​មួយ​ក៏​ដើម្បី​តែ​ដុល្លា​ទេ? ឬ​ឲ្យ​តែ​បាន​ដុល្លា មិន​ខ្វល់​នឹង​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ មតិ​ជាតិ និង​អន្តរ​ជាតិ​ទេ? អ្នក​ស្រី​និយាយ​ទៀត​ថា៖ «ប្រជា​ពលរដ្ឋ កូន​ចៅ​ខ្លួន​ឯង មិន​ទាំង​បាន​ដោះស្រាយ ឲ្យ​មាន​លំនៅ​សមរម្យ​ផង មុខ​ក្រាស់​ទៅ​ទទួល​យក​ជន​បរទេស​មក​នៅ​កម្ពុជា»។

យុវជនម្នាក់ក្នុងសម្លៀកបំពាក់ ជាជនជាតិភាគតិច ក៏បានលើកឡើងថា ពួកគាត់ជាជនជាតិភាគតិច ដែល​រស់នៅដាច់ឆ្ងាយ ពីភ្នែកពីច្រមុះរបស់រដ្ឋាភិបាល ហើយបានរងនូវការគម្រាមកំហែង ពីសំណាក់បុគ្គល​មាន​អំណាច មានលុយកាក់ ពិសេសពីអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលបានឃុតឃិតជាមួយឈ្មួញទុច្ចរិត ក្នុង​ការលេបត្របាក់ដីធ្លីពីប្រជាពលរដ្ឋ មិនស្រាកស្រាន។ យុវជនរូបនោះបានបន្ថែមថា មកទល់ពេលនេះ​បញ្ហា​បាត់​បង់ដីធ្លីរបស់ពួកគាត់ មិនទាំងបានដោះស្រាយនៅឡើយ ហើយពួកគាត់គ្មានទីជម្រកសមរម្យ និង​គ្មាន​ដី​ប្រកបរបចឹញ្ចឹមជីវិតផង តើមានសល់ដី សម្រាប់ជនអន្តោប្រវេសពីប្រទេសអូស្ត្រាលីដែរ ឬយ៉ាងណា? ហើយ​រដ្ឋាភិបាលហេតុអ្វីបានជានៅស្ញៀម ចំពោះបញ្ហានេះមិនព្រមដោះស្រាយ បែរជាទៅរវល់រឿង​ជន​ភៀស​ខ្លួន ដែលគ្មានប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាទៅវិញ?

ក៏ដូចគ្នានេះដែរ ព្រះភិក្ខុ ណាំ ចាន់ថេន បានស្នើដល់រដ្ឋាភិបាលត្រូវតែលប់ចោល​នូវអនុសារណៈ​យោគ​យល់ ក្នុងការទទួលយកជនភៀសខ្លួនទាំងនោះ ពីប្រទេសអូស្ត្រាលី។ ព្រះអង្គមានសង្ឃដីកាបន្តថា ជន​បរទេស​ទាំង​នោះ មិនមាននណាម្នាក់ចង់មកប្រទេសកម្ពុជាឡើយ ហើយកម្ពុជាខ្លួនឯង ក៏មិនមាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទទួលយក និងគ្រប់គ្រងដែរ។ ម្យ៉ាងទៀត ប្រជាជនកម្ពុជាខ្លួនឯង ក៏កំពុងតែរស់នៅ​យ៉ាង​វេទនា គ្មាន​ទីពឹង គ្មានជម្រកនៅឡើយ ចុះហេតុអ្វីក៏រដ្ឋាភិបាលកម្ពុជា ចង់បានជនភៀសខ្លួនទាំង​នោះ​ខ្លាំង​ម្លេះ? ឬ​​មាន​​អ្វី​​ជា​​អាថ៌កំបាំង នៅពីក្រោយនេះ?

សម្រាប់លោក ទិប ទាវ ក្នុងនាមជាយុវជនកម្ពុជា និងជានាយកប្រតិបត្តិសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា បាន​លើក​ឡើង​ថា ការនាំយកជនភៀសខ្លួនពីអូស្ត្រាលី ដោយមាន«ទ្រនាប់ទឹកប្រាក់»មកជាមួយគ្នានោះ លោក​ចាត់​ទុកថា វាហាក់បង្ហាញពីការជួញដូរមនុស្ស រួចជាស្រេចទៅហើយ។ ដូច្នេះនេះ ជាការរំលោភសិទ្ធិ​នៃជន​ភៀស​ខ្លួន​ហើយ។ លោកបន្តែមថា ដូច្នេះគួរដ្ឋាភិបាលកម្ពុជា គិតគូរពិចារណា ក្រៅពីការនាំមកនូវ​«ទុក្ខ​បន្ថែម» សម្រាប់​​ប្រជាពលរដ្ឋកម្ពុជា វាគ្មានអ្វីដែលអាចជួយកម្ពុជា ឲ្យមានការរីកចម្រើននោះឡើយ។

តំណាងនិស្សិតបញ្ញវន្តខ្មែរ លោក ម៉ៅ ពិសេស ក៏បានជម្រុញឲ្យរដ្ឋាភិបាល លុបចោលនូវកិច្ចព្រមព្រៀង​ទទួលជនអន្តោប្រវេសន៍នេះដែរ។ លោកគាំទ្រ ចំពោះភាពមាន«មនុស្សធម៌»របស់ថ្នាក់ដឹកនាំកម្ពុជា ។ តែ​«មនុស្សធម៌»នេះ គួតែអនុវត្ត និងដោះស្រាយ សម្រាប់ប្រជាពលរដ្ឋខ្លួនឯងជាមុនសិន ទើបជាការប្រសើរ។ ព្រោះថាដំណាក់កាលនេះ ប្រទេសកម្ពុជានៅពេញប្រៀប ទៅដោយប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះ​ដោយ​បញ្ហាខ្វះ និងគ្មានដីធ្លី គ្មានការងារធ្វើ នៅស្ទើរទូទាំងប្រទេស។ តែរដ្ឋាភិបាលនៅមិនទាន់ទាំងបាន​ដោះ​ស្រាយ បាននូវចំណែកតូចណាមួយនៅឡើយ។

លោក ម៉ៅ ពិសេស បាននិយាយសង្កត់ធ្ងន់ថា៖ «កម្ពុជាគ្មានសមត្ថភាព ក្នុងការទទួលយកឡើយ។ ជាការ​សម្រេច​ចិត្ត​មិនត្រឹមត្រូវ និងដើម្បីគេចវេស ពីការចោទថា ខ្លួនជាប្រទេសដែលខ្សោយ។ (...) រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ដែលកំពុងតែធ្វើក្នុងភាពលាក់កំបាងនេះ ព្រោះតែអំពើពុករលួយ ដែលបង្កឡើងពីការ​ដោះ​ដូរ​មនុស្ស ជា​មួយ​នឹងកញ្ចប់ថវិកា ហើយបំណងទាញបញ្ចូល ទៅជាភាពស្របច្បាប់វិញ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...