យ៉ង់ គឹមអេង៖ ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី ជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ មិន​ជា​ការ​ជួញ​​ដូរ​មនុស្ស​ទេ​ឬ?

«បើទោះជាជនភៀសខ្លួនក៏ដោយ ពួកគាត់នៅតែមានសិទ្ធិ ក្នុងការសម្រេចចិត្តរបស់ខ្លួន ដូចជនដទៃដែរ។ គ្មានអ្នកណាម្នាក់ អាចបញ្ជូនពួកគាត់ ដោយប្រឆាំងទៅនឹងឆ្ទះ របស់ពួកគាត់បានឡើយ។ ពួកគាត់ចេញពីប្រទេសក្រីក្រ ដោយ​ចង់​ស្វែង​រក​ប្រទេស​មួយ ដែលផ្តល់នូវសិទ្ធិ និងសេរីភាព ព្រមទាំងការរស់នៅដោយសមរម្យ។» នេះជាការបញ្ជាក់ របស់លោក យ៉ង់ គឹម អេង។
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 17, 2014
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានមជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​លោក យ៉ង់ គឹម អេង បាន​លើក​ឡើង​ថា ជន​អន្តោប្រវេសន៍ មុន​នឹង​សម្រេច​ចិត្ត ឬ​ស័្មគ្រ​ចិត្ត មក​តាំង​ជម្រក​ជា​អចិន្ត្រៃយ៍ នៅ​ប្រទេស​ណា​មួយ តោង​បាន​សិក្សា​គ្រប់​ជ្រុង​ជ្រោយ ពី​ប្រទេស​ដែល​ត្រូវ​មក​រស់​នៅ​នោះ ជា​មុន​ហើយ។ លោក​ថា​សម្រាប់​ប្រទេស​កម្ពុជា ដែល​ប្រកាស​ថា​ទទួល​យក​ពួក​គាត់​ទាំង​នោះ ហើយ​ត្រូវ​បាន​ពួក​គាត់​បដិសេធ ដោយ​សំអាង​ថា កម្ពុជា​ជា​ប្រទេស​«ក្រ​ជាង​គេ»​ក្នុង​ពិភពលោក ជួយ​តែ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​មិន​ទាំង​រួច​ផង ធ្វើ​ម៉េច​នឹង​អាច​ជួយ​ពួក​គាត់​បាន​ទៅ?

លោក យ៉ង់ គឹម អេង បានបន្តថា បើពិនិត្យលើស្ថានភាព​ជាក់​ស្តែង​នៅ​កម្ពុជា ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន កំពុងរស់នៅ«ក្រោម»បន្ទាត់ នៃភាពក្រីក្រ​នៅ​ឡើយ ហើយ​មិន​ត្រូវ​បានរដ្ឋាភិបាលកម្ពុជាខ្លួនឯង យកចិត្តទុកដាក់ និងដោះស្រាយនោះផង។ លោកបានបន្ត​ទៀត​ថា៖ «អ្នកក្រ នៅ​ក្រោម​បន្ទាត់ភាពក្រីក្រ (អ្នកក្រ ជាន់លើក្រ) យើង (រដ្ឋាភិបាល) ដោះស្រាយមិនទាំង​ចេញ​ផង»។

យ៉ាងណាក៏ដោយ មន្រ្តីសង្គមស៊ីវិលរូបនេះ ក៏បានធ្វើការរិគន់ទៅលើរដ្ឋាភិបាលអូស្ត្រាលី ដែលមិនមាន​ការ​ទទួល​​ខុសត្រូវ និងការគិតគូឲ្យបានច្បាស់លាស់ ចំពោះបញ្ហានៃការបញ្ជូនជនភៀសខ្លួនទាំងនោះ មក​កម្ពុជា។ លោក​បន្តថា អូស្រ្តាលីខ្លួនឯងដឹងច្បាស់ណាស់ថា កម្ពុជា ជាប្រទេសមួយ«ក្រីក្រ»ហើយ ហេតុអ្វី ឬ​សំអាង​លើ​អ្វី បានជាហ៊ានសម្រេចចិត្ត បញ្ជូនពួកគេមកកម្ពុជា? ឬអាងលើទឹកប្រាក់បន្តិចបន្តួចរបស់ខ្លួន ជា​«ថ្នូរ» នឹង​ការ​បញ្ជូន​ជនអន្តោប្រវេសន៍ទាំងនោះមកកម្ពុជា មិនមានន័យថាជាការជួញដូរ ឬលក់មនុស្ស​ទៅ​ហើយ​ទេ​ឬ? ករណីនេះ មិនមែនជាដំណោះស្រាយល្អឡើយ ហើយក៏ជាការប្រឈម ទៅ​នឹង​ការ​រិះគន់​ពី​អន្តរជាតិ​ដែរ។

ដូច្នេះទាំងប្រទេសអូស្រ្តាលី ទាំងប្រទេសកម្ពុជាគួរគិតគូរ និងពិចារណាពីបញ្ហានេះឡើងវិញ បើពួកគាត់​បាន​បដិសេធ មិនព្រមមកកម្ពុជាទៅហើយនោះ ហើយនៅតែបង្ខំ មានន័យថាប្រទេសអូស្ត្រាលីមិនមានមេត្តា មិន​គោរពសិទ្ធិមនុស្សឡើយ។ ឯកម្ពុជាវិញក៏ជាការចូលរួមចំណែកខុសជាមួយផងដែរ។ ដូច្នេះកម្ពុជា​ក៏មិនត្រូវ​ទទួល​ជនទាំងនោះមកចាក់ចោល ដោយគ្មានការទទួលខុសត្រូវនោះដែរ។

សម្រាប់កម្ពុជា គឺគ្មានទាល់តែសោះ

លោក គឹមអេង បានបន្តទៀតថា ករណីនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ឆាកអន្តរជាតិ។ ដោះស្រាយ​រឿង​ខ្លួនឯងមិនបានផង តែទៅយករឿងអ្នកដទៃមកធ្វើ ឬមួយកម្ពុជាសម្លឹងឃើញលុយដ៏«តិច» របស់​ប្រទេស​អូស្ត្រាលីនេះជាជំនួយនោះ? លោកបានលើកជាឧទាហរណ៍ថា ករណីប្រជាពលរដ្ឋកម្ពុជា ដែល​ត្រូវ​បានជម្លៀសចេញពីភ្នំពេញដោយបង្ខំ ដូចជាដីក្រហម បុរីកីឡា បឹងកក់ ប៊ូលឌីង ផ្លូវរថភ្លើងជាដើម មក​ទល់​នឹងពេលនេះបញ្ហា ជម្រក អនាម័យ ទឹក ភ្លើង របរកស៊ី នៅមិនទាន់ទាំងបានដោះស្រាយជូនពួកគាត់ផង។ តើមានលទ្ធភាពអ្វី នឹងទទួលជនអន្តោប្រវេសន៍អន្តរជាតិទាំងនោះ? បើកម្ពុជាធ្លាប់មានគំរូល្អណាមួយ កន្លង​មកនោះ កម្ពុជា ប្រហែកជា«រីកមុខ»ក្នុងរទទួលយកជនភៀសខ្លួនទាំងនោះខ្លះដែរ។ តែផ្ទុយមកវិញ មក​ទល់​នឹងពេលនេះ សម្រាប់កម្ពុជា គឺគ្មានទាល់តែសោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...