ឃើញ​រូបថត លង់​ស្នេហ៍ ស៊ន សៀវម៉ី... (pic)

មានមនុស្សប៉ុន្មាននាក់ ដែលបានស្គាល់កញ្ញា ស៊ន សៀវម៉ី នៅមុនពេលនាងនាំមេដាយមាស មកឲ្យប្រទេសកម្ពុជា? តែឥឡូវនេះ... មិនបាច់ថ្លែងទេ... មានទាំងកិត្តិយស មានទាំងរូបសម្ផស្ស... នរណាមួយ​ដែលមិននិយាយថា មិនលួចបេតី ស្រីស្រស់រាងខ្ពស់ស្រឡះ និងមុខមាត់ដូចទេពធីតារូបនេះ?
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 06, 2014
  • ប្រធានបទ: មេដាយមាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យសម្ដីអបអរសាទរ គាំទ្រ សរសើរ ... មាន​ច្រើន​រាប់​មិន​អស់ ហើយ​រូបភាព​ជា​ច្រើន ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត ពេញ​ទាំង​បណ្ដាញ​សង្គម។ វីដេអូ​ស្ដី​ពី​រូប​នាង ក៏​ត្រូវ​បាន​បង្ហោះ​ចេញ​យ៉ាង​សន្ធឹក ដោយ​មិន​បាន​ភ្លេច​ផង​ទេ ពី​ការ​សរសេរ​ដាក់​មក​ជា​មួយ នូវ​ឈ្មោះ ស៊ន សៀវម៉ី ឬ​ជា​ភាសា​ឡាតាំង SORN Seavmey របស់​កញ្ញា​ម្ចាស់​មេដាយ​មាស។

កេរ្ដ៍ឈ្មោះរបស់នាងនៅពេលនេះ មិន​មែន​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​បាន​ខ្ទរខ្ទារ​មក​ដល់​ក្រៅ​ប្រទេស​យ៉ាង​សម្បើម​ដែរ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​បារាំង ដែល​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​រស់នៅ។ ឆ្លើយតប​នឹង​ការ​សាកសួរ​របស់​ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ កញ្ញា មេត្តា ដែល​ជា​និស្សិត​ខ្មែរ​នៅ​ក្នុង​រដ្ឋធានី ប៉ារីស បាន​និយាយ​ថា កញ្ញា​មាន​ការ​រំភើប​ខ្លាំង​ណាស់ ជាមួយ​នឹង​សមិទ្ធិផល​ដែល​យុវជន​ខ្មែរ ដូច​កញ្ញា​សម្រេច​បាន។ កញ្ញា​និយាយ​ថា៖ «បើខ្ញុំមានលទ្ធភាព ខ្ញុំចង់ធ្វើដូចសៀវម៉ីអញ្ចឹងដែរ»។

ចំណែក វិសុទ្ធ យុវនិស្សិតខាងច្បាប់ដែលឈរនៅក្បែរនោះ បាននិយាយថា៖ «សៀវម៉ី មុខដូចតួកុន។ បើ​មិន​ទទួលបានមេដាយ ក៏មិនអីដែរ ស្អាតប៉ុណ្ណេះនោះ...» អ្នកសារព័ត៌មានយើងបានសួរបន្ត៖ «ហេតុអី? ប្អូន​អាច​បញ្ចប់ឃ្លាបានឬទេ?» វិសុទ្ធ បានឆ្លើយមកវិញ ទាំងសើចក្អាកក្អាយថា៖ «ទាស់តែកំពស់ខ្ញុំ​ទាប​ដាច់!»។

ពិតមែនហើយ រូបសម្ផស្សស្អាតបាតរបស់កញ្ញា សៀវម៉ី បានទាក់កញ្ឆក់បេះដូងមនុស្សប្រុសមិនតិចទេ។ ទោះ​ជា​កញ្ញា សៀវម៉ី ជាអ្នកហាត់ក្បាច់គុន លោតហក់ទាត់ (កុំភ្លេចថា នាងឈ្នះមេដាយមាស ខាងវិញ្ញាសារ តៃក្វាន់ដូ) ប្រកបដោយសន្ទុះជើង«គ្មានស្រមោល»យ៉ាងណាក៏ដោយ តែរូបភាពនិងវីដេអូជាច្រើន បាន​បង្ហោះ​បង្ហាញ​ពី​ភាព​ស្រគត់ស្រគុំរបស់នាង។

អ៊ំស្រី ចន្ថា រស់នៅក្នុងក្រុង ឡូញ (Lognes) តំបន់ជាយរដ្ឋធានីបារីស បានសរសើរនាងថា មានចរយា​សម្បត្តិ​សមសួន បើទោះជានាងមានឈ្មោះជាកូនចិនក្ដី។ អ៊ំស្រីនិយាយថា៖ «មុខមាត់ស្អាតណាស់ ម៉េចជាទៅ​ពូកែ​ខាងលោតវ៉ៃទៅវិញ? តែអានេះមើលទៅ ប្រហែលជាជំនាញ និងចំណូលចិត្តរបស់នាងតែម្ដង។»

ចំណែកលោក វេង លី ម្ចាស់ភោជនីយដ្ឋានមួយ នៅក្រុង ត័ស៊ី (Torcy) ជាតំបន់ជាយរដ្ឋធានីដែរនោះ បាន​មើលរូបថតកញ្ញា សៀវម៉ី ហើយ បានកេះហៅកូនប្រុសរបស់គាត់ អាយុជិត៣០ឆ្នាំ ដែលកំពុងរៀបចំបោស​ជូតភោជនីយដ្ឋាន ឲ្យមកមើលជាមួយ។ លោកចំអន់ឲ្យកូនថា៖ «ប្រពន្ធហ្អែង ទាល់តែបានប្រហែលនាង ទើប​អាចទប់ឈ្នះ។ តែហ្អែងខូចទៅរកស្រីបារាំង ច្បាស់ជាជង្គង់ហោះ ពេលចូលផ្ទះវិញមិនខាន។»

ប៉ុន្តែកូនប្រុសលោក វេង លី មិនបានខ្វល់ខ្វាយនឹងពាក្យចំអន់របស់ឪពុកទេ តែបែរជាមកសួរអ្នក​សារព័ត៌មាន របស់ទស្សនាវដ្ដី ជាភាសាបារាំងវិញថា៖ «ធ្វើម៉េច ទើបអាចស្គាល់នាង? (On fait comment pour la connaitre?)»៕

ទស្សនាវដ្ដី សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពរបស់កញ្ញា ស៊ុន សៀវម៉ី មួយចំនួន ដែលនាងខ្លួនឯង និង​មិត្តភ័ក្ដ បានបង្ហោះនៅក្នុងបណ្ដាញសង្គម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...