វីរៈជន​នានា​អបអរ​វីរៈនារី ស៊ន សៀវម៉ី តាម​បណ្ដាញ​សង្គម

បន្ទាប់ពីដណ្តើមបានមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ីហ្គេម វិញ្ញាសារតៃក្វាន់ដូ កីឡាការិនីកម្ពុជា កញ្ញា ស៊ន សៀវម៉ី ឥឡូវនេះ កំពុងត្រូវបានប្រជាពលរដ្ឋខ្មែរ ជាពិសេសវីរៈជនល្បីៗមួយចំនួន ចាត់ទុកថាជាវីរៈនារីរបស់កម្ពុជា ដែលបាន​ស្តារ​កិត្តិយស​ឱ្យ​ប្រទេស​ជាតិ​របស់ខ្លួន។ តើវីរៈជនណាខ្លះ ដែលបានអបអរសាទរនាង សៀវម៉ី?
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៥ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 06, 2014
  • ប្រធានបទ: មេដាយមាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សប្បាយចិត្ត ដែល​យើង​មាន​កីឡាការិនី​ម្នាក់​ដ៏​ឆ្នើម ដែល​បាន​ទទួល​ជ័យ​លាភី ពាន​រង្វាន់​មេដាយ​មាស​ជូន​ជាតិ។ នេះ​ជា​មោទនភាព​មួយ សំរាប់​យើង​ជា​ខ្មែរ នៅ​ក្នុង​ឆាក​អន្តរជាតិ។»  នេះ​ជា​ឃ្លា​ប្រយោគ ផ្ទុះ​ចេញ​ពី​បេះដូង​របស់​លោក ព្រាប សុវត្ថិ តារា​ចម្រៀង​ឈរ​លំដាប់​កំពូល នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​បាន​សរសេរ​នៅ​លើ​ជញ្ជាំង ទំព័រ​ហ្វេសបុក​របស់​លោក។ តារា​ចម្រៀង បាន​សរសេរ​ទៀត​ថា៖ «ពួក​គាត់ (ក្រុមកីឡាករ) បាន​បង្កើត​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ សំរាប់​ប្រទេស​ជាតិ​កម្ពុជា ក្នុង​ការ​ប្រកួត​កីឡា Asian Game។ ពួក​យើង​មាន​មោទនភាព ចំពោះ​រូប​គាត់​ខ្លាំង​មែន​ទែន។»

ជាការពិតហើយ តាំងពីកញ្ញា ស៊ុន សៀវម៉ី បានប្រកួតឈ្នះ កីឡាការិនី ហ្វាតេម៉េដ រូហានី (Fatemeh Rouhani) មកពីប្រទេសអ៊ីរ៉ង់ នៅក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រ ជាមួយនឹងពិន្ទុ ៧-៤ កាលពីថ្ងៃសុក្រ ទី៣ ខែតុលា នោះមក សុភមង្គលសម្រាប់ប្រជាជាតិកម្ពុជា ខាងវិស័យកីឡា បានវិលមកសណ្ឋិត​សឹងតែ​ទាំង​ស្រុង នៅ​ក្នុង​ចិត្ត​និង​បេះដូង​ប្រជាជនដ៏កំសត់មួយនេះ តែបានខកខានលែងបានជួបរឿងសប្បាយបែបនេះ តាំង​ពី​៤៤ឆ្នាំ​មក​ហើយ។

សឹងតែមិនបាច់យកមករៀបរាប់ឡើយ នៅលើបណ្ដាសង្គម ពាក្យសម្ដីអបអរសាទរ ការគាំទ្រ និងការ​ស្ងើច​សរសើរបានវាយលុក ជញ្ជាំងគណនីឬទំព័រ នៅតាមប្រអប់ដាក់យោបល់វាចា ... សឹងតែគ្មានទីណាមួយ ចន្លោះ​សោះឡើយ។ ប្រិយមិត្តមួយចំនួន ថែមទាំងបានយករូបកីឡាការិនី ដ៏ស្រស់ស្អាត និង​មាន​ប្រជា​ប្រិយភាព​រូប​នេះ មកធ្វើជារូប Profile តំណាងនោះទៀតផង។

លោក ជុំ កុសល អ្នកធ្វើអត្ថាធិប្បាយទូរទស្សន៍បាយ័ន្ដ និងជាទីប្រឹក្សានាយករដ្ឋមន្ត្រី បាន​សរសេរដោយ​រញ្ជួយចិត្តថា៖ «ខ្ញុំពិតជារំភើបទប់ទឹកភ្នែកមិនបាន នៅពេលដែលគាត់បានជោគជ័យក្នុងការ​ប្រកួត ហើយ​ទទួលបានមេដាយមាសជូនជាតិ»។ ចំណែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាថ្នា​ចង់​ជួប​នាង សៀវម៉ី ដោយផ្ទាល់។ លោកសរសេរនៅលើជញ្ជាំងគណនីហ្វេសប៊ុករបស់លោក ថា៖ «ខ្ញុំសង្ឃឹមថា ទាំង​ក្រសួង​ស្ថាប័នរដ្ឋ និងឯកជន នឹងរួមគ្នា ផ្តល់ការលើកទឹកចិត្តដល់កញ្ញា។ រូបខ្ញុំផ្ទាល់ ក៏ចង់ ជួប​ឃើញ​ផ្ទាល់​ម្តងដែរ ជាមួយកញ្ញា ហើយចង់និយាយប្រាប់មនុស្សគ្រប់គ្នាថា ខ្ញុំពិតជាមានអារម្មណ៍រំភើប និងមាន​មោទនភាព​យ៉ាង​ក្រៃលែង ចំពោះជោគជ័យរបស់កញ្ញា។»

រកកិត្តិយសជូនជាតិហើយ ថែមទាំងស្អាតអស្ចារ្យ ...

អ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ លោក ប៉ាង សុខខឿន បានសរសេរក្នុងគណនី«ខ្មែរសុវណ្ណភូមិ»​របស់​លោក សរសើរសម្ផស្សរបស់កញ្ញា ស៊ន សៀវម៉ី ថាមានកំពស់ខ្ពស់ជាង នារីខ្មែរភាគច្រើន និង​«មានរូប​សម្រស់​ស្រស់​សោភាថែមទៀត»។

អ្នកខ្លះទៀត ស្នើសុំឲ្យកញ្ញា សៀវម៉ី ថាបើសិនជាអាចទៅសម្ដែងភាពយន្ដ កាន់តែប្រសើរដោយសារ​តែ​នាង​មានរាងខ្ពស់ស្រឡះ ហើយសម្ផស្សដ៏ផូរផង់ស្រស់ស្អាត។ លោក Hoya Battambang បានសរសេរសរសើរ​ថា៖ «នាងគួរតែត្រូវលើកទឹកចិត្ត អោយទៅជាតារាសម្តែង ឬតារាបង្ហាញម៉ូតផង ព្រោះរូបក៏ស្អាតណាស់ដែរ ខ្ញុំមិន​ដែល​មើលរឿងខ្មែរទេ តែបើនាងសម្តែងខ្ញុំនឹងគាំទ្រពេញទំហឹង ដោយសារនាងបានបង្កើត​មហា​កិត្តយស ជូនសង្គមជាតិ។»

ដោយឡែកអ្នកសិល្បៈជើងចាស់ លោក អៀង ស៊ីធុល មិនបានចាប់អារម្មណ៍ ទៅលើទេពកោសល្យសិល្បៈ ឬរូបសម្ផស្សរបស់កីឡារិនីទេ តែលោកបែរជាបានសរសេរផ្ដល់ក្ដីសង្ឃឹម ទៅកូនខ្មែរផ្សេងទៀតថា៖ «សូម​ឱ្យកូនខ្មែរ មនុស្សខ្មែរ រៀបចំខ្លួនអោយទៅជាមនុស្សចាំបាច់សំរាប់ជាតិ ដូច សៀវមុី»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...