ចំណាប់​ខ្មាំង​ជាតិ​បារាំង ត្រូវ​បាន​ក្រុម​ជីហាដ​អ៊ីស្លាម​និយម​ជ្រុល កាត់​«ក» (vdo)

ក្រុមមួយដែលជាប់ខ្សែបណ្ដាញ នៅក្នុងអង្គការចាត់តាំង របស់រដ្ឋអ៊ីស្លាម (EI) ដែលទើបនឹងបានចាប់ពលរដ្ឋបារាំងម្នាក់ ជា​ចំណាប់​ខ្មាំងកាលពីថ្ងៃអាទិត្យ បានផ្សាយវីដេអូនៅយប់ថ្ងៃពុធម្សិលម៉ិញ បង្ហាញថាពួកគេបានសម្លាប់ចំណាប់ខ្មាំងនោះ ដោយ​អា ក ដើម្បីជាការឆ្លើយតបនឹងចំណាត់ការរបស់រដ្ឋាភិបាលបារាំង ដែលបានបើក​ប្រតិបត្តិការ​យោធា វាយ​ប្រហារ​នៅ​ប្រទេស​អៀរ៉ាក់ និងស៊ីរី។
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៥ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 25, 2014
  • ប្រធានបទ: បណ្ដាញភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមភេវរជន ដែលហៅខ្លួនឯងថា ជូដ អាលឃីឡាហ្វា (Jund al-Khilafa) និងមានមូលដ្ឋាននៅក្នុងតំបន់ កាប៊ីលី (Kabylie) ភាគខាងជើងនៃប្រទេសអាល់ហ្សេរី (ទ្វីបអាហ្វ្រិកខាងជើង) បានសម្លាប់ចំណាប់ខ្មាំង​ជាតិ​បារាំង ដែលមានឈ្មោះ អ៊ែរវេ ហ្គួរដេល (Hervé Gourdel) ដែលទើបនឹងចាប់ពង្រត់ទៅ នៅថ្ងៃអាទិត្យ​មុន​នេះប៉ុណ្ណោះ។ ការសម្លាប់ដោយកាត់ ក នេះ ត្រូវបានថតជាវីដេអូ យកមកផ្សាយតាមបណ្ដាញអ៊ីនធើណែត កាលពីយប់ថ្ងៃពុធទី២៤ ខែកញ្ញា ម្សិលម៉ិញ។

វីដេអូ ត្រូវបានផ្សាយជាលើកដំបូង នៅគេហទំព័ររបស់ក្រុមជីហាដ (jihad) ដោយមានដាក់ចំណងជើងថា «សារ​ប្រកបដោយឈាម សម្រាប់រដ្ឋាភិបាលបារាំង»។ ចាប់ផ្ដើមពីនាទីដំបូង ដោយដាក់រូបភាព​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ (François Hollande) ដែលបានធ្វើសន្និសិទការសែត បដិសេធមិន​ចុះ​ញ៉ម ការ​គម្រាម​​របស់​ពួកអ៊ីស្លាមជ្រុលនិយម ដែលបានធ្វើលើប្រទេសបារាំង ជាថ្នូរនឹងការបញ្ឈប់​យុទ្ធនាការ​យោធា​បារាំង នៅ​​លើ​​ប្រទេស​អៀរ៉ាក់ និងស៊ីរី។

វីដេអូនេះ បានបង្ហាញជាបន្តមកទៀត នូវចំណាប់ខ្មាំងបារាំង លោក អ៊ែរវេ ហ្គួរដេល ដែលមានដៃជាប់​ចំណង​ទៅ​ក្រោម អង្គុយលុតជង្គង់ពីមុខជនបិទមុខ បួននាក់ ដែលមានដៃកាន់អាវុធ កាំបិត និងកំណាត់​សម្រាប់​បិទ​មុខ។ គេបានស្ដាប់លឺលោក អ៊ែរវេ ថ្លែងនូវពាក្យចុងក្រោយប៉ុន្មានម៉ាត់ថា «ហូឡង់ (ប្រធានាធិបតី​បារាំង) អ្នកឯងរត់តាមសេះរបស់ អូបាម៉ា (ប្រធានាធិបតីអាមេរិក)។ ហ្វ្រង់ស៊័រ អេវ៉ាន អានូក លោក​ពុក​អ្នក​ម្ដាយ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។»

ទីបំផុត ....

(វីដេអូខាងក្រោម - តែសូមជម្រាបជូនជាមុន ប្រសិនជាអ្នកមានបញ្ហាខាងអារម្មណ៍ សូមកុំទស្សនា)

ប្រទេសអាល់ហ្សេរី បានដាក់ពង្រាយកងទ័ពរបស់ខ្លួន ចំនួនជាង១៥០០នាក់ នៅក្នុងតំបន់នោះ ដើម្បី​ព្យាយាម​ស្វែងរកជួយសង្គ្រោះចំណាប់ខ្មាំងខាងលើ។ លោក អ៊ែរវេ ហ្គួរដេល ដែលជាអ្នកដើរកំសាន្តតាម​ធម្មជាតិមួយរូប ត្រូវបានចាប់ពង្រត់ចេញទៅ នៅក្នុងរមណីយដ្ឋានរបស់ប្រទេសអាល់ហ្សេរីមួយ ហៅ​ថា​ Djurdjura ដែល​សម្បូរ​ទៅ​ដោយទេសចរណ៍ ប៉ុន្តែទីកន្លែងនោះ ក៏ធ្លាប់ជាបន្ទាយយោធា របស់ក្រុម​អ៊ីស្លាម​និយមជ្រុល ក្នុង​ទស្សវត្តន៍​ឆ្នាំ៩០នោះដែរ។

ការសម្លាប់ចំណាប់ខ្មាំងបារាំងនាពេលនេះ ជាលើកទីបួនហើយ បន្ទាប់ការសម្លាប់ចំណាប់ខ្មាំងបី​នាក់​លើក​មុន ដែលពីរនាក់ជាអ្នកសារព័ត៌មានអាមេរិកាំង និងម្នាក់ទៀតជាសកម្មជនអង្គការមនុស្សធម៌ជាតិអង់គ្លេស ដោយ​ក្រុមអ៊ីស្លាមនិយមជ្រុល នៅក្នុងរដ្ឋអ៊ីស្លាមដែលពួកគេទើបនឹងវាយដំណ្ដើមកាន់កាប់ នៅភាគ​ខាង​ជើង​នៃ​ប្រទេស​អៀរ៉ាក់ និងភាគខាងកើតនៃប្រទេសស៊ីរី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...