ខៃ ប្រសិទ្ធថា​នឹង​បន្ត​ស្វែង​រក​មូលនិធី​ជួយ​អ្នក​ក្រីក្រ​នៅ​កម្ពុជា

វាជារឿងគួរឱ្យភ្ញាក់ផ្អើល និងមានមោទនភាពជាខ្លាំង ខណៈអតីតតារាភាពយន្ត កេរ្តិ៍ឈ្មោះល្បីល្បាញរបស់កម្ពុជា ដែលបានបាត់ឈ្មោះ ជាយូណាស់មកហើយ និងកំពុងរស់នៅឯបរទេសនោះ បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជួយកុមារស្រុកខ្មែរ។
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 30, 2014
  • ប្រធានបទ: សម្បុរសធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតតារាភាពយន្តល្បីល្បាញអំឡុងទសវត្ស៩០ លោក ខៃ ប្រសិទ្ធ បានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួន ពីប្រទេសអូស្ត្រាលី រួមជាមួយកូនប្រុសរបស់លោក ម៉ៃឃើល ខៃ ដើម្បីសង់ជាអណ្ដូងទឹកស្អាត ដែល​អាច​សម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្រីក្រ នៅបរិវេណសាលាបឋមសិក្សាប្រាដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បន្ទាប់ពីចំណាយថវិការ ឧបត្ថម្ភសាងអណ្តូងទឹក នៅក្នុងខេត្តសៀមរាបរួចមក កាលពីថ្ងៃទី២៣ សីហា ឆ្នាំ​២០១៤ លោក ខៃ ប្រសិទ្ធ ក៏បានផ្ដល់អណ្ដូងទឹកស្អាតជាលើកទី២ម្តងទៀត រួមជាមួយមិត្តភក្តិរបស់លោក។ តាមរយៈសារអេឡិចត្រូនិច លោក ខៃ ប្រសិទ្ធ បានឱ្យដឹងថា ការដែលលោកចំណាយថវិកា ជួយជា​អណ្តូង​ដល់ប្រជាពលរដ្ឋ ក្រក្រីនៅតាមជនបទ ព្រោះតែលោកចង់ធ្វើបុណ្យ និងចង់ជួយអ្នកក្រ។

អតីតតារាសម្តែងរូបនេះ បានបន្តថា៖ «បងមើលឃើញការលំបាក បងពិបាកក្នុងចិត្តណាស់»។ បន្ថែមពីលើ​ជំនួយ ជាថវិកាផ្ទាល់ខ្លួន លោក ខៃ ប្រសិទ្ធ ក៏ប្រាប់ដែរថា លោកនឹងបន្តសកម្មភាព​សម្បុរសធម៌នេះបន្ត​ទៀត និងជួយស្វែងរកអ្នកមានទឹកចិត្តទាំងឡាយ នៅប្រទេសអូស្ត្រាលី ឱ្យចូលរួមជួយខ្មែរ ក្នុងគម្រោង​ផ្ដល់​អណ្ដូង​ទឹកស្អាតនេះផងដែរ។

ប្រធានគម្រោងសាវិនកម្ពុជា លោកសាវីនហ្វីលីព ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ស្រង់​សម្តី​ដោយគេហទំព័រក្នុងស្រុកមួយ បានបញ្ជាក់ថា «បង ខៃ ប្រសិទ្ធ គាត់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែន ព្រោះក្រោយពី​ជួយអណ្ដូងទឹកហើយ ថែមទាំងកៀងគរមិត្តភក្ដិគាត់ ឱ្យស្គាល់ពីគម្រោងខ្ញុំទៀត។ គាត់ប្រាប់ខ្ញុំថា គាត់នឹងរក​ម្ចាស់ជំនួយពីអូស្ត្រាលីឱ្យបានច្រើន ផ្ដល់អណ្ដូងទឹកឱ្យខ្មែរបានប្រើ។ ជាលទ្ធផល មិត្តភ័ក្រ្តគាត់មួយចំនួន ហើយបានទាក់ទងមកខ្ញុំ»។

លោក ខៃ ប្រសិទ្ធ បានចាកចេញពីប្រទេសកម្ពុជា តាំងពីអំឡុងឆ្នាំ១៩៩៩ ក្រោយមរណភាពរបស់អ្នកនាង ពិសិដ្ឋ ពិលិកា ក្នុងហេតុផលការពារសុវត្ថិភាព។ អតីតតារាភាពយន្ដ កំពុងរស់នៅក្នុងរដ្ឋប្រ៊ីសបែន (Brisbane) ប្រទេសអូស្ត្រាលី ជាមួយកូនប្រុសច្បង ដែលជាដំណក់ឈាមរបស់កនាង ពិសិដ្ឋ ពិលីកា វ័យ​ប្រមាណជា២០ឆ្នាំ ឈ្មោះ ខៃ សិទ្ធលីស័ក្ត ហៅ ម៉ៃឃើល។ សព្វថ្ងៃ លោក ខៃ ប្រសិទ្ធ មានភរិយាថ្មីទៀត ដែល​មានកូនប្រុសស្រីចំនួន៣នាក់បន្ថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...