ក្រុមប្រទេសជាប់ទន្លេមេគង្គ គ្រោងបង្កើត ទិដ្ឋាការទេសចរណ៍រួមមួយ

ការបង្កើតទិដ្ឋាការតែមួយរួមគ្នា សំរាប់ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរកំសាន្ដ តាមបណ្ដោយទន្លេមេគង្គ មានបំណងចង់សម្រួល និងកាត់បន្ថយ ចំនួននៃទិដ្ឋាការក្នុងពេលបច្ចុប្បន្ន ដែលចាំបាច់ត្រូវមាន ដើម្បីឆ្លងកាត់ពីប្រទេសមួយ ទៅប្រទេសមួយទៀត។
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 27, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសទាំង៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានគ្រោងបង្កើតទិដ្ឋាការរួមមួយសំរាប់តំបន់ ក្នុងគោលបំណងទាក់ទាញ ចំនួនភ្ញៀវ ទេសចរអន្តរជាតិអោយបានកាន់តែច្រើន។


ផែនទីទន្លេមេគង្គ និងប្រទេសដែលនៅជុំវិញ។ រូបភាព AP។

នៅក្នុងសន្និសិតមួយដែលបានធ្វើឡើងនៅទីក្រុង ហូជីមីង កាលពីចុងសប្តាហ៍នេះ ក្រុមមន្ត្រីនៃក្រសួងទេសចរណ៍ របស់ វៀតណាម កម្ពុជា ឡាវ និងភូមា បានលើកពីការបង្កើតទិដ្ឋាការតែមួយរួមគ្នា សំរាប់ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរ កំសាន្ដតាមបណ្ដោយទន្លេមេគង្គ។ ការបង្កើតនេះ មិនមានបំណងអ្វីផ្សេង ក្រៅតែពីចង់សម្រួល និងកាត់បន្ថយ ចំនួននៃ ទិដ្ឋាការក្នុងពេលបច្ចុប្បន្ន ដែលចាំបាច់ត្រូវមាន ដើម្បីឆ្លងកាត់ពីប្រទេសមួយ ទៅប្រទេសមួយទៀត។

រីឯកម្មវត្ថុសំខាន់ ដែលចង់ភ្ជាប់នឹងការបង្កើតទិដ្ឋការរួម គឺចង់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ អោយឡើងដល់ចំនួន ២៥លាននាក់ នៅរវាងពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៥ (ទេសចរចំនួន៤លាននាក់ បានរង់ចាំធ្វើដំណើរកំសាន្ត នៅក្នុង ប្រទេសយ៉ាងហោចណាស់ ចំនួន២ ពីក្នុងចំណោមប្រទេសទាំងបួន)។

ប្រទេសទាំង៤ ទទួលបានអ្នកធ្វើដំណើរទេសចរ ជាជនជាតិបរទេសចំនួន១២លាននាក់ កាលពីឆ្នាំ២០១១ មានការ កើនឡើងចំនួន១៤,៥% បើធៀបទៅនឹងឆ្នាំ២០១០។ ពួកគេបានប៉ាន់ប្រមាណថា មានភ្ញៀវទេសចរចំនួន២,១% ដែល បានចូលមកធ្វើដំណើរកំសាន្ដ នៅតាមតំបន់ទន្លេមេគង្គ។

ប្រទេសថៃ នឹងអាចភ្ជាប់ខ្លួនទៅនឹងគំរោងនេះ នៅក្រោយការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងទ្វេភាគីមួយ ជាមួយ នឹងប្រទេសកម្ពុជា។

ទំរង់បែបបទខុសៗគ្នា ទៅតាមប្រទេស

បច្ចុប្បន្ននេះ អ្នកដែលធ្វើដំណើរទៅប្រទេសភូមា ត្រូវស្នើរសុំទិដ្ឋាការចូលក្នុងប្រទេសមួយ ចេញដោយស្ថានទូតនៃ ប្រទេសនេះ មានសុពលភាព២៨ថ្ងៃ ហើយអាចពន្យារបាន១៤ថ្ងៃទៀត។

រីឯភ្ញៀវទេសចរ មានចំនួនសឹងតែទាំងអស់ ដែលចង់ចូលមកប្រទេសកម្ពុជា ត្រូវបង្ហាញទិដ្ឋាការចូលក្នុងប្រទេស វៀរលែង តែពលរដ្ឋមកពីប្រទេសឡាវ ម៉ាឡេស៊ី ភីលីពីន សាំងហ្កាពួរ វៀតណាម ថៃ និងឥណ្ឌូនេស៊ី។ ទិដ្ឋាការទេសចរណ៍មាន សុពលភាព៣ខែ ហើយអាចបន្តបានរយៈពេលយ៉ាងយូរ៣០ថ្ងៃទៀត។ ទិដ្ឋាការទេសចរណ៍នេះ អាចស្នើរសុំបាន នៅលើ បណ្ដាញអ៊ីនធើរណែត៖ mfaic.gov.kh/evisa

ពលរដ្ឋរបស់ប្រទេសខ្លះ តួយ៉ាង សហរដ្ឋអាមេរិក អាចទទួលបាន នូវទិដ្ឋាការទេសចរណ៍មួយរបស់ប្រទេសឡាវ នៅពេល ធ្វើដំណើរមកដល់ក្នុងប្រទេសតែម្ដង ដោយត្រូវបង់ថ្លៃទិដ្ឋាការនោះ ប្រមាណជា ៣៥ដុល្លា។ សំរាប់ជនជាតិផ្សេងៗទៀត ត្រូវស្នើរសុំទិដ្ឋាការនេះ ទៅស្ថានទូតនៃប្រទេសឡាវជាមុនសិន។ សុពលភាពជាទូទៅ មានរយះពេល ៣០ថ្ងៃ ហើយអាច ពន្យារបាន ដល់ទៅ៦០ថ្ងៃ។

រីឯអ្នកដំណើរភាគច្រើន មកពីប្រទេសជាសមាជិក របស់សមាគមប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនត្រូវការ ទិដ្ឋាការសំរាប់ទៅប្រទេសវៀតណាមនោះទេ ប្រសិនបើពួកគេមិនស្នាក់នៅលើសពី៣០ថ្ងៃ។ ពលរដ្ឋនៃប្រទេស កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី ណរវ៉ែស ស៊ុយអែត ដាណឺម៉ាក និង ហ្វាំងឡង់ មិនចាំបាច់មានទិដ្ឋាការ សំរាប់ការស្នាក់នៅ ដែលមានរយៈពេលក្រោម១៥ថ្ងៃនោះទេ (សំរាប់ដំណើរកំសាន្ត រឺជំនួញ)។ សំរាប់ជនជាតិផ្សេងទៀត ត្រូវបង្ហាញទិដ្ឋាការ រឺ លិខិតអនុញ្ញាតិនៃទិដ្ឋាការ នៅពេលដែលពួកគេ ទៅដល់លើទឹកដីវៀតណាមនោះ (សំរាប់ករណីទី២ ទិដ្ឋាការអាចចេញជូន នៅនឹងព្រលានយន្តហោះអន្តរជាតិតែម្តង)៕

-------------------------------------------
ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...