មតិ​គណបក្ស​នយោបាយ ជុំ​វិញ​ការ​រៀបចំ​សមាសភាព​ថ្មី​នៃ គ.ជ.ប តាម​រូបមន្ត ៤-៤-១

ដើម្បីឲ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត គេចចេញពីការរិះគន់ របស់ប្រជាពលរដ្ឋ អង្គការជាតិ និងអន្តរជាតិ​មួយចំនួនជាបន្តបន្ទាប់ថា គ្មានភាពយុត្តិធម៌ គ្មានឯករាជ្យភាព មិនតម្លាភាព និងមិនអាចទទួលយក​បាន​នោះ ក្រុមគណបក្សនយោបាយមួយចំនួន ក៏បានសម្ដែងមតិក្នុងការរៀបចំស្ថាប័នមួយនេះដែរ។
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 28, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាហេតុផល ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សជាប់ឆ្នោតទាំងពីរ តែងតែ​ចោទ​ប្រកាន់ទៅវិញទៅមក ពីលទ្ធផលដែលបានប្រកាសដោយគ.ជ.បនោះ។ គណបក្សសង្គ្រោះជាតិ មិនទទួល​ស្គាល់ឬទទួលយកលទ្ធផល ឯគណបក្សប្រជាជនកម្ពុជាវិញ បានទាមទាឲ្យទទួលយក នូវលទ្ធផល​បោះ​ឆ្នោតដែលប្រកាសដោយគ.ជ.ប មួយនោះ។

ក្រោយជំនួបថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ គណបក្សជាប់ឆ្នោតទាំងពីសម្រេចត្រូវរូវគ្នា ដោយ​ជជែកពិភាក្សាលើបញ្ហានៃការបង្កើតឲ្យមាន គ.ជ.ប ថ្មីដែលគណបក្សនេះជឿជាក់ថាឯករាជ្យ និងអាច​ទទួលយកបាន​តាមរូបមន្ត​៤-៤-១។ ជាមួយនឹងការព្រមព្រៀងខាងលើ មានគណបក្សនយោបាយមួយចំនួន ដែលបានចូលរួម​បោះ​ឆ្នោត តែមិនមានអសនក្នុងសភានោះ បានមកជួបជុំគ្នា ជាមួយអង្គការសង្គមស៊ីវិល ដែលរៀបចំឡើងដោយ​ខុមហ្រ្វែល ពីបញ្ហាមួយចំនួនជុំវិញ គ.ជ.បថ្មីនេះ។ ខាងក្រោមនេះ ជាទស្សនៈរបស់​គណបក្ស​ទាំងនោះ៖

តាមទស្សនៈគណបក្សខ្មែរឈប់ក្រ តំណាងដោយលោក ស៊ុន វណ្ណរិទ្ធ បានលើកឡើងថា ៤-៤-១ នៅតែ​ចាញ់នឹង«មួយ» ព្រោះមួយ ជាបុគ្គល«មាន»អំណាច បានលូក«ដៃ»ចូលក្នុងកិច្ចនានានៃដំណើរការ គ.ជ.ប នេះ ហើយនាំឲ្យសម្លេងទាំង៩បានក្លាយជា«សម្លេង»គ្មានន័យ។ លោកនិយាយថា៖ «មិនទទួលស្គាល់ថា សមាសភាពថ្មី(គ.ជ.ប)នេះ ជាសមាសភាពដែលឯករាជ្យ ព្រោះវាគ្រាន់តែជាសមាសភាពថ្មី និងការរៀបចំថ្មី ដើម្បីតែការបែងចែកអំណាច រវាងគណបក្សនយោបាយ ដែលមានអសនៈក្នុងរដ្ឋសភាតែប៉ុណ្ណោះ។ (...) នោះភាពមិនឯករាជ្យ គ្មានសម្លាភាព គ្មានយុត្តិធម៌ នៅតែមាន។»

ជាមួយគ្នានេះ ទស្សនៈគណបក្សខ្មែរឈប់ក្រ ចង់ឲ្យអ្នកនយោបាយទាំងអស់មានមនសិការ និងដំកល់​ផល​ប្រយោជជាតិជាធំ។ បញ្ឈប់ការប្រើប្រាស់ប្រជារាស្រ្តខ្មែរជាឈ្នាន់ ដើម្បីតែ«អំណាច»របស់ខ្លួន។ បង្កើត​គណកម្មការបណ្តោះអាសន្ន ដែលមានការចូលរូមគ្រប់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិរួម​ទាំងម្ចាស់​ជំនួយផ្សេងៗ។ បន្ទាប់មក តាក់តែងនូវលក្ខខន្តិកៈមួយ ដើម្បីប្រកាស់ជ្រើសរើសសមាជិក គ.ជ.ប ជា​សាធារណៈ។ ដោយប្រើរូបមន្ត ប្រជាពលរដ្ឋមួយរូប អង្គការសហប្រជាជាតិពីររូប និងមួយរូបចេញ​ពីអង្គការ​សង្គមស៊ីវិល។

ចំពោះលោក ឃុន សុវ៉ាតខេត តំណាងគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ បានថ្លែងថា ការ​បង្កើត​ឲ្យ​មានកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា នាពេលកន្លងមកនេះ ជាវិធីសាស្រ្ត​មួយ​ដែលគេហៅថា «កាត់ក្បាល តម្រូវមួក»។ លោកបានធ្វើការប្រៀបធៀបថា សង្គមខ្មែរជា​«នីតិប្រតិបត្តិ» ឯ​សង្គមពិភពលោកជា«នីតិបញ្ញត្តិ»។ លោកចង់ឲ្យ គ.ជ.ប ដើរតួនាទីជា​អង្គការ​«នីតិប្រតិបត្តិ» ដូចជា«ដប» ឯអង្គការសង្គមស៊ីវិល ម្ចាស់ជំនួយ ត្រូវតែដើរតួជា«នីតិបញ្ញត្តិ»វិញ ជាគម្រប នោះទើបមានតម្លៃ។

ដោយឡែក លោក អ៊ី សាំងឡេង តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លើកឡើងថា លក្ខណៈ​សម្បត្តិ​​របស់ គ.ជ.ប គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ចំណុចសំខាន់ជាភារកិច្ច ជាដំណើរការ ជាការ​សម្រេច​​ចិត្ត និងទោសទណ្ឌ នោះទើបជាករណីចាំបាច់ត្រូវពីចារណាបន្ថែម។ តើការដំណើរការនៃ​កិច្ចការ​ទាំងនោះ នឹង​ធ្វើឡើងដោយរបៀបណា?។

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បានបន្ថែមថា ចំណុចពិសេសនោះ គឺការដាក់ទោស​លើបុគ្គល (សមាជិក គ.ជ.ប) ដែលបានប្រព្រឹត្តល្មើស។ តើស្ថាប័នណាមួយ ដែលត្រូវកម្រិត និងដាក់ទោស​ទណ្ឌលើបុគ្គលល្មើសទាំងនោះ? ជាតុលាការ ឬជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ហើយស្ថាប័នទាំងនោះ​មាន​ឯករាជ្យភាពឬនៅ? ហើយអ្នកអនុវត្តតាមបញ្ជានោះ មានភាពឯករាជ្យឬទេ?

ឯលោក ញឹក ប៊ុនឆៃ តំណាងគណបក្សហ្វុនស៊ីនប៉ិច បានលើកឡើងថា កិច្ចព្រមព្រាងថ្ងៃ២២ ខែកក្កដា ឆ្នាំ​២០១៤ នោះ មិនទាន់ស្របទៅតាមអ្វី ដែលប្រជាពលរដ្ឋចង់បានឡើយ។ ព្រោះមិនទាន់​បានបង្ហាញ​នូវ​ភាព​ឯករាជ្យសម្រាប់សមាសភាព គ.ជ.ប ថ្មីនេះ។ លោកបានគាំទ្ររូបមន្ត ៤-៤-១ ថាសម្រាប់​តុល្យភាព​នយោបាយនៅកម្ពុជាបច្ចុប្បន្ន។ តែបានស្នើមិនឲ្យរូបមន្តនេះ ប្រែក្លាយជារូបមន្ត ៤-៥(៤+១) ព្រោះតែ «១» មិនឯករាជ្យ ហើយធ្វើតាមការចង្អុលបង្ហាញ ដោយថ្នាក់ដឹកនាំគណបក្សនយោបាយណាមួយនោះ។

លោក គុយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ ដែលជាស្ថាបនិកនៃកិច្ចព្រមព្រាងថ្ងៃទី២២ ខែកក្កដា ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក បានបង្ហាញនូវគោលជំហមួយ ធ្វើយ៉ាងណាឲ្យស្ថាប័ន គ.ជ.ប មួយនេះ ធានាបាននូវការគាំទ្រ ពីភាគីចូលរួមការបោះឆ្នោត ដែលអាចទទួលយកបាន​នៃលទ្ធផល​ចុងក្រោយ។ មានន័យថា៖ «អ្នកឈ្នះ ឈ្នះដោយកិត្តិយស អ្នកចាញ់ ចាញ់ដោយយុត្តិធម៌»។

តំណាងគណបក្សសង្គ្រោះជាតិរូបនេះ បានបន្តថា ដើម្បីឈានដល់គោលដៅ និងគោលបំណងដែល​ចង់​បានខាងលើ ត្រូវចាប់ផ្តើមពី«ស្មារតីនៃច្បាប់»ជាមុន។ លោកចង់បាន គ.ជ.ប មួយដែលមានសមាសភាព កើតចេញពីការជ្រើសរើសដោយទូលំទូលាយ ដោយចំហរ និងក្លាយជាស្ថាប័នធម្មនុញ្ញ និងឯករាជ្យ ដែល​មានសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការសម្រេច និងដោះស្រាយបញ្ហាច្បាប់មួយចំនួន ដែលពាក់ព័ន្ធ។

សូមរំលឹកថា ជំនួបពិភាក្សានៃគណបក្សនយោបាយខាងលើនេះ ត្រូវបានរៀបចំឡើង ដោយសម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (ERA) នៅសណ្ឋាគាអ៊ីមភើរៀល រាជធានីភ្នំពេញកាលពីង្ងៃទី១៤ ខែសីហា ម្សិលម៉ិញ​នេះ។ តាមការបញ្ជាក់របស់អ្នករៀបចំកម្មវិធីនៃជំនួបនេះ សម្ព័ន្ធ ERA បានធ្វើការអញ្ជើញ​តំណាងគណបក្ស​ប្រជាជនកម្ពុជា តែមិនឃើញមានការឆ្លើយតប ហើយក៏មិនបានចាត់តំណាងចូលរួមជជែកពិភាក្សាដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...