ខ្សែភាពយន្ត «ដំណេកមាស Le sommeil d’or» របស់ ដាវី ជូ

«ដំណេកមាស» ជាភាពយន្តឯកសារមួយ គួរអោយជក់ចិត្ត ដិតអារម្មណ៍ បង្ហាញពីវិស័យភាពយន្ដ​លាក់​ខ្លួន​មួយ នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ដែល​ទោះជា៥០ឆ្នាំ កន្លងផុតទៅហើយ ក៏ដោយ ក៏វិស័យនេះ នៅ​បន្ត​ដក់​ជាប់ជានិច្ច​ក្នុង​រាង្គកាយ និង​ស្នារតី​នៃ​តួអង្គ​រាល់រូបដដែល។
ខ្សែភាពយន្ត «ដំណេកមាស Le sommeil d’or» របស់ ដាវី ជូ
តារាភាពយន្ដជើងចាស់ អ្នកស្រីឌី សាវេត​ ក្នុងរឿង ដំណេកមាស របស់លោក ដាវី ជូ។
Loading...
  • ដោយ: សុខជា រស្មី ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: September 25, 2012
  • ប្រធានបទ: ភាពយន្ដខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិស័យភាយន្តខ្មែរ បានស្គាល់នូវសម័យកាល ដ៏រុងរឿងពិតប្រាកដមួយ កាលពីទស្សវតន៍ឆ្នាំ៦០។ ខ្សែ​ភាពយន្ត​ប្រមាណ ជា៤០០ភាពយន្ដ ត្រូវបានផលិត និងដាក់បញ្ចាំងនៅតាមរោង ដើម្បីកំដរអារម្មណ៍ដល់​ទស្សនិកជន​ ដែល​ចូលចិត្ត​នូវ ភាពយន្ត ដែលមានច្រើនប្រភេទ ដូចយ៉ាង ប្រភេទមនោសញ្ចេតនា រឺ តាមបែប​ព្រេង​កថា​នានា។ ប៉ុន្តែ​ភាព​សម្បូរបែប នៃស្នាដៃរស្រមើស្រមៃបង្កើតថ្មីទាំងនោះ បានបញ្ចប់ទៅវិញយ៉ាងលឿន​នៅឆ្នាំ​១៩៧៥ នៅ​ពេល​ពួកខ្មែរក្រហម​បានឡើង មកកាន់អំណាច ដោយបានបិតទ្វាជិតឈឹង នៃសិល្បៈ​ដ៏​វិសេស​វិសាល​នេះ និង​ថែមទាំងបានសម្លាប់រង្គាល នូវបណ្ដាអ្នក សិល្បៈករមួយចំនួនធំ ដូចគ្នាទៅនឹងការ​កំទេច​ចោល​ដល់​ឬស​គល់ នូវ​ក្តី​ស្រមៃ​របស់ប្រជាជាតិទាំងមូល។ មានតែស្នាដៃ តែបន្ដិចបន្តួចប៉ណ្ណោះ ដែល​បាន​រួច​ផុត​ពី​ការ​បំផ្លិច​បំផ្លាញ របស់របបផ្តាច់ការនេះ។

លោក ដាវី ជូ ជាសមិទ្ធិករមានសញ្ជាតិបារាំង ដើមកំណើតខ្មែរ កើតនៅឆ្នាំ១៩៨៣។ នៅពេលចាប់ថតខ្សែ​ភាពយន្ដ​នេះ  លោកមិនបានចាប់អារម្មណ៍ថា មានភាពយន្តខ្មែរជាច្រើន ដែលបានបាត់បង់ទៅហើយ ត្រូវ​បាន​យក​មក​និយាយ​ឡើងវិញ នៅក្នុងភាពយន្ដ រឿងដំណេកមាស របស់លោកនោះទេ។ «ដំណេកមាស» ជា​ភាពយន្ត​ឯកសារ​មួយ គួរអោយជក់ចិត្ត ដិតអារម្មណ៍ បង្ហាញពីវិស័យភាពយន្ដលាក់ខ្លួនមួយ នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ដែល​ទោះ​ជា​៥០ឆ្នាំ កន្លងផុតទៅហើយ ក៏ដោយ ក៏វិស័យនេះ នៅបន្តដក់ជាប់ជានិច្ចក្នុងរាង្គ​កាយ និង​ស្នារតី​នៃ​តួអង្គ​រាល់រូប​ដដែល។

សមិទ្ធិករជើងចាស់ លោក លី ប៊ុនយីម នៅក្នុងភាពយន្ដ «ដំណេកមាស» ​របស់ ដាវី ជូ៖

ខ្សែរភាពយន្ដ«ដំណេកមាស»នេះ បានបង្កើននូវភាពរស់រវើក ផ្នែករចនារូបភាព រវាងសាច់​រឿង​នៃ​ភាពយន្ដ​ចាស់​មុនៗ អប​ជាមួយ​នឹង​កិច្ច​សម្ភាស ដែលធ្វើជាមួយនឹងសមិទ្ធិករ អ្នកសំដែងល្បីៗ នៃរឿងទាំងនេះ ថត​ពី​ជំនាន់​ទសវត្សន៍​ឆ្នាំ៦០ ដែលពួកគាត់ភាគច្រើន សុទ្ធតែបានឆ្លងកាត់រួចផុត នូវរបបវាលពិឃាត។

លោក ដាវី ជូ បានធ្វើអោយពេលវេលាប្រែជាមានប្រយោជន៍ជាច្រើន ក្នុងពេលថតខ្សែរភាពយន្ដ​ឯកសារ​នេះ ​ក្នុង​នោះ​រួម​មាន៖ ថតពីដំណើរជីវិតរបស់ អតីតរោងភាពយន្តជាច្រើន ដែលឥឡូវក្លាយជាបន្ទប់ការ៉ាអូខេ - បាន​ជួយ​សមិទ្ធិករ​លោក លី បុនយីម ក្នុង​ការផ្លាស់ប្ដូរបន្ថែមបន្ថយរូបភាព ក្នុងភាពយន្ដរបស់គាត់ -​ និង​បាន​ស្នើ​អោយ​យុវជន​ជំនាន់​ក្រោយខ្លះទៀត ធ្វើជាឈុតឆាកខ្លះៗឡើងវិញ នៃអតីតភាពយន្ដរឿង​«ស្រះ​ស័ក្តិសិទ្ធ» របស់​សមិទ្ធិករ​លោក លី យូស្រេង ដែលឯកសារដើម បានបាត់ស្រមោលសូន្យឈឹង នោះជាដើម។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ លោក​បាន​ផលិតចេញ ជាខ្សែរភាពយន្ដខ្មោចភ័យ រន្ធត់មួយទៀត ដែលក្នុងភាពយន្ដនេះ មាន​រៀបរាប់​ពី​ព្រលឹង​ដ៏​សាហាវ ដើរឆ្លងពីជំនាន់មួយ ទៅជំនាន់មួយទៀត។

ដោយចង់លើកស្ទួយតម្លៃ នៃប្រវត្តិសាស្រ្តរួមគ្នាមួយ ដែលភាគច្រើនចេញតែភ្លេចនោះ រឿង​«ដំណេកមាស»​នេះ ​បាន ផ្ដល់​តម្លៃ​ដ៏​អស្ចារ្យឥតគណនា ទៅដល់គ្រប់ចំណុចនៃសម័យកាលនោះ ដូចជាបាន​ប្រើប្រាស់​ចម្រៀង ដ៏​មាន​ប្រជាប្រិយ ក្នុង​ទសវត្សឆ្នាំ៦០ និង៧០ជាដើម។ គេមើលឃើញថា បទចម្រៀងល្បីមួយបទ​ក្រោម​ចំណង​ជើង​ថា «ទុក្ខស្នេហ៍ ទុក្ខកម្ម» ច្រៀងដោយលោក ស៊ិន ស៊ីសាមុត បានផ្សារភ្ជាប់រូបភាព (Plan) នៃ​ទឹក​មុខ​សញ្ជឹង​គិត​របស់​អ្នកស្រី ឌី សាវ៉េត (បវរកញ្ញា កម្ពុជានៅឆ្នាំ១៩៥៩ និងជាតារាភាពយន្ត​ជើង​ចាស់ខ្មែរ ហើយ​បច្ចុប្បន្ន​នេះ ​អ្នកស្រី​ជា​គ្រូបង្រៀន​ចម្រៀង និងរបាំ) ទៅនឹង ភាពអន្លង់អន្លោច ដ៏វែងឆ្ងាយមួយ។ កម្រងរូបភាព​មួយ​វគ្គ​នេះ បាន​បង្ហាញ​យ៉ាង​ប៉ិន​ប្រសប់ នូវសិល្បវិធីនៃសិល្បៈទី៧ ដែលខ័ណ្ឌផ្ដាច់ព្រំដែនរវាងអតីតកាល និង​បច្ចុប្បន្ន​កាល​ រវាង​អនុស្សាវរីយ៍​ដ៏​តក់​ស្លុត និងពន្លឺនៃក្ដីសង្ឃឹម រវាងភាពយន្ត ឯកសារ និងភាពយន្តជារឿងប្រឌិត។

ផ្លាកផ្សាយភាពយន្ដមួយ តាំងពីជំនាន់ឆ្នាំ៦០ ដែលរឿង ដំណេកមាស របស់ ដាវី ជូ បានយកមកនិយាយ៖

ប្រសិនបើភាពយន្ដ«ដំណេកមាស» បានដើរទៅមុខក្នុងសភាពមួយមើលមិនឃើញ នោះវានឹងបញ្ចប់​ដោយ​វគ្គ​ចុង​ក្រោយ​មួយ ដែលមានសភាពមួយច្បាស់លាស់។ សមិទ្ធិករភាពយន្តជើងចាស់ លោក លី ប៊ុនយីម ធ្លាប់​បាន​និទាន​ប្រាប់ ដាវី ជូ អំពីដំណើរសាច់រឿង ពោរពេញទៅដោយមហិច្ចតាមួយរបស់គាត់ គឺរឿង«ត្រីសេះ​»។ តែ​ភាពយន្ដ​នេះ​មិន​ទាន់​បាន​ឃើញ ពន្លឺថ្ងៃនៅឡើយ។ ការរៀបរាប់មានរយៈពេល រហូតដល់ពាក់​កណ្តាល​យប់​ ហើយ​ត្រូវ​បានបញ្ចប់​នៅ​មុខ​ប្រឡោះមួយ ស្រដៀងទៅនឹងផ្ទាំងសំពត់ស សំរាប់បញ្ចាំងខ្សែភាពយន្ត។ រូបភាព​ពេល​រាត្រី​នេះ មាន​ន័យ​ជា​ការ​បើកទ្វារ នៅពេល បច្ចុប្បន្នផង និងការខំប្រឹងកំណត់រក ការស្រមើ​ស្រមៃ​មួយ ទៅ​អនាគត​វែង​ឆ្ងាយ​ផង។ ទន្ទឹមនឹងនោះ វាក៏បានកោះហៅ មកវិញ នូវអំណាចនៃសិល្បៈ និង​សំណៅ​ចារិក​របស់​វា ​ក្នុង​ពិភព​ពិត​ផង​ដែរ។ ប៉ុន្តែជាភ័ព្វសំណាងល្អ ភាពងងឹតអន្ធការ មិនមែនសុទ្ធតែមានន័យថា ជា​ភាព​តក់ស្លុត​ ហើយ​ក៏​មិន​មែន​ជា​ភាពទទេរ​សូន្យឈឹងនោះដែរ។ ដោយជាចំណងចង ស្អិតរមួត និងជា​ទីកន្លែង នៃ​រាល់​អ្វីៗ​ដែល​អាច​កើត​មាន​ផង​នោះ រូបភាពទាំងនេះ នឹងអនុញ្ញាតិអោយ មនុស្សរាល់គ្នា ធ្វើការសម្លឹង ទៅ​អនាគតទៅ​មុខ​ប្រកប​ដោយ​ក្ដី​សង្ឃឹម​ពិត​ប្រាកដ៕

សូមទស្សនា ស្ពតវីដេអូផ្សាយពីភាពយន្ដនេះ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...