កម្ពុជា៖ អូស្ត្រាលី​បាន​លាង​ខ្លួន ក្នុង​ដំណោះ​ស្រាយ ចំណាប់​ខ្មាំង​ឆ្នាំ1994

ការស៊ើបអង្កេតមួយ ធ្វើឡើងដោយនគរបាលយុត្តិធម៌ នៃរដ្ឋវិចធ័ររៀ (Victoria) បានប្រកាសពីភាពស្អាតស្អំ របស់ រដ្ឋាភិបាលអូស្ត្រាលី ក្នុងដំណោះស្រាយចំណាប់ខ្មាំង ដែលត្រូវពួកខ្មែរក្រហមភ្នំវល្ល៍ ចាប់ជំរិតកាលពីឆ្នាំ១៩៩៤។
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 25, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការស៊ើបអង្កេតមួយ ធ្វើឡើងដោយនគរបាលយុត្តិធម៌ នៃរដ្ឋវិចធ័ររៀ (Victoria) បានប្រកាសពីភាពស្អាតស្អំ របស់ រដ្ឋាភិបាលអូស្ត្រាលី ក្នុងដំណោះស្រាយចំណាប់ខ្មាំង ដែលត្រូវពួកខ្មែរក្រហមភ្នំវល្ល៍ ចាប់ជំរិតកាលពីឆ្នាំ១៩៩៤។


ទិដ្ឋភាពភ្នំវល្ល៍។ រូបភាពឯកសាររបស់ DC-Cambodia។

អ្នកទេសចរណ៍បច្ចឹមប្រទេសចំនួនបីរូប រួមមាន លោក ដេវីឌ ជន វីលសាន់ (David John Wilson) ជាជនជាតិអូស្រ្តាលី អាយុ២៩ឆ្នាំ លោក ស្សង់ មីស្សែល ប្រាគេ (Jean-Michel Braquet ) ជាជនជាតិបារាំង អាយុ២៧ឆ្នាំ និងមួយរូបទៀត គឺលោក ម៉ាក ស្លេតធ័រ (Mark Slater ) ជាជនជាតិអង់គ្លេស មានវ័យ២៨ឆ្នាំ ត្រូវបានចាប់ខ្លួន ខណៈពេលមាន ការវាយ ប្រហារទៅលើរថភ្លើងមួយ ដោយពួកខ្មែរក្រហម កាលពីថ្ងៃទី ២៦ កក្កដា ឆ្នាំ១៩៩៤ នៅក្នុងខេត្តកំពត ភាគខាងត្បូងនៃ ប្រទេសកម្ពុជា។ រយះពេល២ខែក្រោយមក អ្នកទេសចរណ៍ទាំងបីរូប ត្រូវបានពួកឧទាមនៅលើភ្នំវល្ល៍ទាំងនេះ សំលាប់ ខណៈទឹកប្រាក់ទាមទារចំនួន ៥០ ០០០ដុល្លារ ជាថ្នូទៅនឹងចំណាប់ខ្មាំងមា្នក់ៗ ត្រូវបានបដិសេធដោយប្រទេសអូស្ត្រាលី ក្នុងហេតុផលពី «គោលការណ៍អន្តរជាតិ»។

បើយោងតាមការសែតតាមប្រព័ន្ធអ៊ីនធើរណែត វ៉ាធូដេ (WAtoday) បានឲ្យដឹង កាលពី ថ្ងៃទី ១៩ កញ្ញាកន្លងមកនេះថា នគរបាលយុត្តិធម៌ម្នាក់លោក អៀន វេស (Iain West) បានបញ្ជាក់ពី«ស្ថានការដ៏សែនពិបាក» នៅកម្ពុជា ក្នុងពេលនោះ ដើម្បីពន្យល់ប្រាប់ជាសារធាណៈ ពីសេចក្តីសន្និដ្ឋាននៃការស៊ើបអង្កេតរបស់លោក ទៅលើការស្លាប់របស់ លោក ដេវីឌ ជន វីលសាន់ (David John Wilson) មានដើមកំណើតមកពីទីក្រុង មែល បន (Melbourne)។ លោកបាននិយាយ ដោយ «មោទនភាព»ថា មិនមានហេតុផលស្របច្បាប់ណាមួយ នឹងអាចចោទរដ្ឋាភិបាលអួស្ត្រាលី ថាបានមិនបានប្រឆាំង ឬមិនបានសហការ ចំពោះការជជែក ពីតម្លៃថ្នូរទាមទារដោយឧត្តមសនីយ៍ខ្មែរក្រហម នួន ប៉ែត នោះទេ​។

នៅក្នុងរបាយការណ៍កំរាស់២៣ទំព័រ របស់នគរបាលយុត្តិធម៌រូបនេះ បានអោយដឹងថា «ឧត្តមសនីយ៍ នួន ប៉ែត មេបញ្ជាការ ឈូក រិន លោកមេបញ្ជាការ សំ ប៊ិត និង ជនមិនស្គាល់មុខម្នាក់ ឬច្រើននាក់ផ្សេងទៀត គឺជាអ្នកទទួលលខុសត្រូវ ធ្វើអោយ លោក ដេវីឌ ជន វីលសាន់ (David John Wilson) របួសក្បាលរហូតដល់ស្លាប់។» របាយការណ៍នោះបានបន្តថា «លោក ត្រូវបានសម្លាប់យ៉ាង ​អាណោចអាធ័ម និងគួរអោយរន្ធត់ ដោយសមាជិកខ្មែរក្រហម នៅក្បែរផ្ទះឧត្តមសនីយ៍ នួន ប៉ែត នាព្រឹកព្រហាមថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ១៩៩៤ ក្នុងតំបន់ក្នាចព្រៃ ស្រុកទូកមាស ខេត្តកំពត ប្រទេសកម្ពុជា ក្រោមបញ្ជា របស់ឧត្តមសនីយ៍ នួត ប៉ែត។» លោក អៀន វេស (Iain West) ដដែល បានបញ្ចាក់ថា គឺដោយការវាយសំរុករបស់កងទ័ព រដ្ឋាភិបាលកម្ពុជា ដើម្បីវាយដណ្ដើមកាន់កាប់ភ្នំវល្ល៍ ដែលស្ថិតក្នុងកណ្ដាប់ដៃរបស់ខ្មែរក្រហម នោះទៅវិញទេ ដែលបាន បង្កកំហឹងអោយពួកនេះ ឈានទៅសម្លាប់ចំណាប់ខ្មាំង។ លោកបានអះអាងថា «ជាវិធានការមួយ ដែលមិនសមស្រប បើប្រៀបធៀបទៅនឹងកិច្ចសន្យា ធ្វើឡើងជាច្រើនលើកច្រើនសារ ជាមួយអ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃរដ្ឋាភិបាលរបស់ កម្ពុជានៅពេលនោះ ដែលសុំអោយផ្អាកការវាយលុកទាំងឡាយណា ទៅលើតំបន់នោះ។»

ឪពុករបស់ចំណាប់ខ្មាំងជនជាតិអូស្រ្តាលី លោក ភីតធ័រ វីលសាន់ (Peter Wilson) បានសរសេរទៅនគរបាលយុត្តិធម៌ ក្នុងឆ្នាំ២០០៦ ដើម្បីបរិហាពីចរិក «ជាអ្នកអន្តរាគមន៍មិនពេញលេញ» របស់រដ្ឋាភិបាលរបស់លោក នៅជុំវិញការដោះ ស្រាយវិបត្តិនេះ។ បើតាមគំនិតលោក ភីតធ័រ វីលសាន់ រដ្ឋាភិបាលទីក្រុងកាន់បឺរ៉ា (Canberra) មិនបានប្រឆាំងនឹង ការទំលាក់គ្រាប់បែក ដែលធ្វើឡើងនៅក្បែរជំរុំឧត្តមសនីយ៍ នួន ប៉ែតនោះទេ ហើយទំនុកចិត្តរបស់ប្រទេសអូស្រ្តាលី​ ធ្វើទៅលើកងទ័ពរដ្ឋាភិបាលកម្ពុជា នៅពេលនោះ គឺជា«ភាពឆោតល្ងង់ និងខុសទិសដៅ»។

លោក អាឡាស់ស្តែរ ហ្គេសហ្វ័ត (Alastair Gaisford) អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅក្នុងសម័យផ្ទុះ ព្រឹត្តិការណ៍នោះ បានរិះគន់យ៉ាងខ្លាំងក្លា ពីសេចក្តីសន្និដ្ឋាន នៃការស៊ើបអង្កេត របស់នគរបាល ហើយថាជា«កំហុស ដ៏ធ្ងន់ធ្ងរមួយ» ដោយរាប់បញ្ចូល ទាំងថ្ងៃខែដែលចំណាប់ខ្មាំងត្រូវបានសម្លាប់ នៅថ្ងៃទី ០៨ ខែកញ្ញា។ លោកបានបរិហាថា នោះជា «ការកំប្លែងលេងសើច យ៉ាងច្បាស់មួយ នៃប្រព័ន្ធយុត្តិធម៌»។ អតីតឯកអគ្គរដ្ឋទូត បានបន្តទៀតថា «នគរបាល ស៊ើបអង្កេតនេះ ចំណាយពេលរហូតដល់ ៨៧០សប្តាហ៍ ដើម្បីលាងសម្អាតក្រសួងការបរទេស និងរដ្ឋាភិបាល។ ហើយ ទំនងជាមិនបានពិនិត្យ និងអានសំណុំឯកសារដែលអ្នកធ្វើមុនៗ បានបន្សល់ទុកនោះផងទេ។»។

សូមបញ្ជាក់ថា ឧត្ដមសនីយ៍ខ្មែរក្រហម នួន ប៉ែត ត្រូវបានគេផ្តន្ទាទោសកាលពីឆ្នាំ១៩៩៩ អោយជាប់ពន្ធនាគារមួយជីវិត ដោយប្រព័ន្ធយុត្តិធម៌កម្ពុជា។ ហើយ លោក សម ប៊ិត និង លោក ឈូក រិន ក៏ត្រូវទទួលទោសដូចគ្នាអញ្ចឹងដែរ កាលពីឆ្នាំ ២០០២៕

--------------------------------------------
ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...