អាឡឺម៉ង់៖ ទំព័របច្ចុប្បន្នភាព របស់ហ្គូហ្គើល ត្រូវបានបង្ខំអោយ បង់ប្រាក់ទៅម្ចាស់អត្ថបទ

រដ្ឋាភិបាលនៃប្រទេសអាលឺម៉ង់ បានអោយភ្លើងខៀវទៅលើអត្ថបទច្បាប់មួយដែលតំរូវអោយ បណ្ដាគេហទំព័ររុករកទាំងឡាយ បង់ប្រាក់ជូនទៅកាសែតឬម្ចាស់អត្ថបទ នៅពេលដែលគេហទំព័ររុករក បានបញ្ចូលនូវអត្ថបទរបស់កាសែតនោះ។
Loading...
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 04, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលនៃប្រទេសអាលឺម៉ង់ បានអោយភ្លើងខៀវទៅលើអត្ថបទច្បាប់មួយ ដែលតំរូវអោយ បណ្ដាគេហទំព័ររុករក ទាំងឡាយ បង់ប្រាក់ជូនទៅកាសែតឬម្ចាស់អត្ថបទ នៅពេលដែលគេហទំព័ររុករក បានបញ្ចូលនូវអត្ថបទរបស់កាសែត នោះ។  ហើយការបង្កើតច្បាប់នេះ ត្រូវបានគេមើលឃើញថា ជាការបាញ់ស៊ីបមួយ បាញ់ឆ្ពោះទៅ ទំព័របច្ចុប្បន្នភាព របស់ហ្គូហ្គើល (Google) ដែលជាគេហទំព័ររុករក ដ៏ធំជាងគេក្នុងពិភពលោក។


ទំព័របច្ចុប្បន្នភាពរបស់ហ្គូហ្គើល

គួរបញ្ជាក់ថា ក្នុងរយះពេលចុងក្រោយនេះ ហ្គូហ្គើល និងទំព័របច្ចុប្បន្នភាពរបស់ខ្លួន កំពុងស្ថិតនៅក្រោមការឃ្លាំមើល របស់សហគ្រាសកាសែតធំៗនៅក្នុងប្រទេសអាឡឺម៉ង់ ដូចយ៉ាងសហគ្រាស Axel Springer និង Bertelsmann ជាដើម។ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់ពួកគេ ក្រុមប្រឹក្សាគណរដ្ឋមន្ត្រីរបស់ប្រទេសអាឡឺម៉ង់ បានគ្រោងនូវអត្ថបទច្បាប់ មួយឡើង តំរូវអោយគ្រប់គេហទំព័ររុករកទាំងឡាយ បង់ប្រាក់ទៅអោយគេហទំព័រម្ចាស់សារពត៌មានណា ដែលមាន អត្ថបទចុះផ្សាយនៅលើ គេហទំព័ររុករកទាំងនោះ។ ជាច្បាប់ដែលនឹងត្រូវបោះឆ្នោត ទទួលយកដោយសភា ប៊ុនដែស្តាក់ (Bundestag) នៃប្រទេសនេះ។

រដ្ឋាភិបាលបានបញ្ជាក់ថា វិធានការនេះមានគោលបំណងក្នុងការ «ការពារម្ចាស់អត្ថបទកាសែតទាំងឡាយ នៅលើប្រព័ន្ធ អាំងទើណែត» តែជាវិធានការមួយ ដែលទទួលការរិះគន់ពីក្រុមខ្លះ ដោយគេបានដាក់ឈ្មោះថា ឡិចហ្គូហ្គើល (Lex Google) ដោយសារតែគេមើលទៅ ដូចជាមានគោលដៅជាពិសេសឆ្ពោះទៅរកតែហ្គូហ្គើលនេះប៉ុណ្ណោះ។  រដ្ឋមន្ត្រីក្រសួងវប្បធម៏ អាឡឺម៉ង់ មកពីគណបក្សគ្រឹស្តិសាសនាប្រជាធិបតេយ្យ លោក ប៊ែន ណូម៉ាន់ (Bernd Naumann) បានធ្វើការវាយតំលៃថា ជាការមិនអាចទទួលយកបានមួយ ដែលស្ថាប័នរុករកទាំងឡាយដូចយ៉ាងហ្គូហ្គើលនេះ  ប្រើប្រាស់យ៉ាងសេរី នូវអត្ថបទ និពន្ធដោយអ្នកសារពត៌មានតាមបណ្ដាញអាំងទើណែត ដើម្បីយកមកធ្វើការមានបានផ្ទាល់ខ្លួននោះ។ នៅក្នុងអត្ថបទមួយ អត្ថាធិប្បាយដោយកាសែតប្រចាំថ្ងៃ បៀល (Bild) របស់ក្រុមហ៊ុន Axel Springer បានលើកសរសើរថា «គឺជារឿងដ៏ល្អមួយ សំរាប់អ្នកអាន អ្នកកាសែត និង អ្នករៀបរៀងកាសែតទាំងឡាយ។ ហ្គូហ្គើល និង បណ្ដាគេហទំព័ររុករកដទៃទៀត បានដក ស្រង់នូវអត្ថបទជាច្រើន ដែលជាផ្លែផ្កា នៃការស្រាវជ្រាវដ៏ល្អិតល្អន់ ប្រកបដោយញើសឈាម និងប្រកបដោយវិជ្ជាជីវៈ របស់អ្នកសារពត៌មានទាំងឡាយ ហើយបានបង្ហោះឯកសារទាំងនោះនៅលើអាំងទើណែត។»

បណ្ដាគ្រឹស្ថានបោះពុម្ភផ្សាយកាសែត នៅអ៊ឺរ៉ុប យកចិត្តទុកដាក់ចំពោះច្បាប់នេះ

ច្បាប់ដ៏ថ្មីស្រឡាងនេះ មិនបានធ្វើអោយគេសប្បាយចិត្តទាំងអស់គ្នានោះទេ ជាពិសេសគឺគណៈបក្សប្រឆាំងតែម្ដង ដែល បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើច្បាប់នេះ។ បើតាមការអះអាង របស់គណៈបក្សសង្គមប្រជាធិបតេយ្យ ហៅកាត់ថា SPD និងគណៈបក្សបរិស្ថាន ច្បាប់ថ្មីនេះ នឹងមិនអាចជួយសង្គ្រោះគ្រឹស្ថានបោះពុម្ភផ្សាយដែលកំពុងមានវិបត្តិ ឬអ្នកកាសែត ដែលទទួលបានកំរៃតែបន្តិចបន្តួចនោះទេ។ ទស្សនាវដ្តី ឡឺព័ង (le point) របស់បារាំង បានលើកឡើងពីសំដី អ្នកនាំពាក្យ របស់សមាគមប្រព័ន្ធឌីជីថលហ្ស៊ើសែលស្សាហ្វ (Gesellschaft)  លោក ម៉ាកឃុស បែគឺដាល (Markus Beckedahl) ដែលបានជំទាស់ថា «ប្រសិនបើគំរូសេដ្ឋកិច្ចរបស់គ្រឹស្ថានបោះពុម្ភផ្សាយតាមបណ្ដាញអាំងទើណែតនានា មិនអាចពង្រឹក ជំហរខ្លួនឯងបាននោះទេ គេមិនអាចបង្កើតច្បាប់មួយឡើង ដោយយកប្រាក់ជំនួយពីវិស័យឯកជនមួយ ទៅជួយវិស័យ ឯកជនមួយទៀតយ៉ាងដូច្នេះទេ។»

ទោះបីជាយ៉ាងណាក៏ដោយ ក៏ច្បាប់ថ្មីដែលនឹងត្រូវបង្កើតឡើងដោយប្រទេសអាឡឺម៉ង់មួយនេះ ត្រូវបានតាមដានយ៉ាង ស្វិតស្វាញផងដែរ ពីសំណាក់គ្រឹស្ថានបោះពុម្ភផ្សាយកាសែតនានានៅអ៊ឺរ៉ុប។ តាមរយៈកាសែតឡឺម៉ុង (le Monde) របស់ បារាំង បានអោយដឹងថា ច្បាប់ថ្មីនេះបានទាក់ទាញ ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សហជីពនៃកាសែតជាតិប្រចាំថ្ងៃ (SPQN) ដែលតំណាងអោយ គ្រឹស្ថានបោះពុម្ភផ្សាយកាសែតប្រចាំថ្ងៃក្នុងស្រុករបស់បារាំង។ កាសែតឡឺម៉ុងបានបញ្ជាក់ថា សហជីពនៃកាសែតជាតិប្រចាំថ្ងៃបារាំង បានអញ្ជើញក្នុងខែនេះ អ្នកទទួលខុសត្រូវកិច្ចការសាធារណៈរបស់ក្រុមហ៊ុន Axel Springer លោក គ្រីសស្តុហ្វ គីសសឹស ដែលបានការពារផលប្រយោជគ្រឹស្ថានបោះពុម្ភផ្សាយអាឡឺម៉ង់នានា ដើម្បីមកចូល ជួបប្រជុំមានលក្ខណៈជា«ការចែករំលែកបទពិសោធន៍»មួយ នៅទីក្រុងប៉ារីស។ សហជីពមួយដែលការពារកម្មសិទ្ធិបញ្ញា នៃអត្ថបទកាសែត បានបញ្ជូនឯកសារចំនួនពីរច្បាប់រួចទៅហើយ ទៅកាន់ខុទ្ទកាល័យ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៏បារាំង លោកស្រី អូរ៉េលី ហ្វីលីប៉េទី (Aurélie Filippetti) និង ទៅកាន់កាន់ខុទ្ទកាល័យ របស់រដ្ឋមន្ត្រីទទួលបន្ទុកសហគ្រាសធុនតូច និងមធ្យម និងការច្នៃប្រឌិតថ្មី លោកស្រី ហ្វ្លើរ ពែលឺរ៉ាំង (Fleur Pellerin)។

ទំនាក់ទំនងតឹងតែង រវាងបណ្ដាគេហទំព័រនៃគ្រឹស្ថានបោះពុម្ភផ្សាយ និងទំព័របច្ចុប្បន្នភាពរបស់ហ្គូហ្គើល

ទំនាក់ទំនងរវាងគ្រឹស្ថានបោះពុម្ភផ្សាយតាមប្រព័ន្ធអាំងទើណែត និង ក្រុមហ៊ុនហ្គូហ្គើល បានក្លាយជាស្មុគស្មាញ។ កាសែត ឡា ទ្រីប៊ូន (la Tribune) មួយទៀតរបស់បារាំង បានបង្ហាញថា ជាមួយតែហ្គូហ្គើលមួយប៉ុណ្ណោះនេះ ការចូលមកទស្សនា នៃគេហទំព័ររបស់គ្រឹស្ថានបោះពុម្ភផ្សាយទាំងនោះ បានកើនពី ២០% ទៅ ៣០%។ ប្រសិនបើហ្គូហ្គើល ចាយប្រាក់ទៅអោយ អ្នករៀបរៀងអត្ថបទកាសែត នោះអ្នកបោះពុម្ពផ្សាយ​ និងអ្នកសរសេរ នឹងកាន់តែស្ថិតនៅក្រោមចំណុះ របស់ហ្គូហ្គើល ច្រើនឡើងជាមិនខាន៕

-------------------------------------------
ដោយ៖ សុជា រស្មី - ភ្នំពេញថ្ងៃទី១០ កញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...