វីគីលីគ្ស៖ អេក្វាទ័រថា មានការឡើងកម្ដៅ ការទូត ជាមួយនឹងអង់គ្លេស

ប្រធានាធិបតីរបស់ប្រទេសអេក្វាទ័រ លោករ៉ាហ្វាអ៊ែល កូរ៉េអា បានចាត់ទុកថាមានការឡើងកម្ដៅខ្លាំង ក្នុងទំនាក់ទំនងការទូត របស់ប្រទេសលោក ជាមួយនឹងចក្រភក្រអង់គ្លេស ដោយគេបានធ្វើអោយលេចលឺមួយ ដែលថាអាជ្ញាធរ អង់គ្លេស នឹងអាចវាយលុកចូលស្ថានទូតអេក្វាទ័រប្រចាំនៅទីក្រុងឡុងដ៍ ដើម្បីចាប់លោក ជូលៀន អាសហ្ស អ្នកបង្កើតគេហទំព័រវីគីលីគ្ស។
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: August 27, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីរបស់ប្រទេសអេក្វាទ័រ លោករ៉ាហ្វាអ៊ែល កូរ៉េអា បានចាត់ទុកថាមានការឡើងកម្ដៅខ្លាំង ក្នុងទំនាក់ទំនង ការទូតរបស់ប្រទេសលោក ជាមួយនឹងចក្រភក្រអង់គ្លេស ដោយគេបានធ្វើអោយលេចលឺ ពីការគម្រាមកំហែងមួយ ដែលថាអាជ្ញាធរអង់គ្លេស នឹងអាចវាយលុកចូលស្ថានទូតអេក្វាទ័រប្រចាំនៅទីក្រុងឡុងដ៍ ដើម្បីចូលចាប់លោក ជូលៀន អាសហ្ស អ្នកបង្កើត គេហទំព័រវីគីលីគ្ស។


លោក ជូលៀន អាសហ្ស ធ្វើសុន្ទរកថា តាមបង្អួចស្ថានទូតអេក្វាទ័រ កាលពីថ្ងៃអាទិត្យទី១៩សីហា

លោករ៉ាហ្វាអ៊ែល កូរ៉េអា (Rafael Correa) បានប្រកាសថា «យើងចាត់ទុកថា គ្រោះការទូតដ៏អាក្រក់ បានកើតឡើងពីថ្ងៃ នេះតទៅ ហើយនេះជាកំហុសដ៏ធំមួយ នៃវិស័យការទូតរបស់ចក្រភក្រអង់គ្លេស ដែលនិយាយថា នឹងវាយលុកចូលក្នុង ស្ថានទូតរបស់យើង។ ​ តែវាជារឿងប្រពៃទៅវិញ នៅពេលដែលប្រទេសអង់គ្លេស ​​មិនបានធ្វើតាមការគម្រាមនេះ ហើយយើង នឹងធ្វើជាមិនដឹងមិនលឺ ដូចគ្មានអ្វីបានកើតឡើងដូច្នេះ។ តែទន្ទឹមនឹងនេះ គេត្រូវស្វែងរកដំណោះស្រាយ តាមពាក្យសំដីមួយ ដែលនឹងធ្វើអោយមានការព្រងព្រៀងទាំងសងខាង ទៅលើករណី លោក ជូលៀន អាសហ្ស (Julian Assange)។  [...] ដំណោះស្រាយតាមផ្លូវពាក្យសម្ដី ដែលនឹងមិនមានការតថ្លៃសោះឡើយ ទៅលើគោលជំហររបស់យើង និងពីសិទ្ធិមនុស្ស របស់ជនម្នាក់។»

លោកបានបន្ថែមថា បើដំណោះស្រាយត្រូវតែបញ្ជូនខ្លួនលោក ជូលៀន អាសហ្សនោះ គេត្រូវតែធានាថា លោក ជូលៀន អាសហ្សនឹងមិនត្រូវបានគេចាប់បញ្ជូនចេញជាបន្ដទៅប្រទេសមួយទៀតទេ។

កាលពីថ្ងៃទី១៦សីហា ប្រទេសអេក្វាទ័របានយល់ព្រម ផ្ដល់សិទ្ធជ្រកកោននយោបាយ អោយទៅលោក ជូលៀន អាសហ្ស អាយុ៤១ឆ្នាំ ដែលចង់គេចពីការធ្វើបត្យាប័នខ្លួនលោក ដោយប្រទេសអង់គ្លេស ទៅកាន់ប្រទេសស៊ុយអែដ ក្នុងបទរំលោភ សេពសន្ធវះជាមួយនឹងស្រ្តីពីរនាក់។ ​តែលោក ជូលៀន អាសហ្ស បានសង្ស័យថា​ នេះគ្រាន់តែជាឆាកល្ខោនមួយ ដើម្បីចាប់ បញ្ជូនខ្លួនលោកជាបន្ត ទៅសហរដ្ឋអាមេរិក ដែលនៅទីនោះ លោកនឹងអាចទទួលទោសប្រហារជីវិត ក្នុងបទធ្វើចារកម្ម បន្ទាប់ពីគេហទំព័រ វីគីលីគ្ស (WikiLeaks) របស់លោកបានផ្សាយឯកសារសម្ងាត់ នៃវិស័យការទូតរបស់អាមេរិក ចំនួនជាង ២៥០ ០០០ទំព័រ កាលពីឆ្នាំ២០១០។

តែទោះជាសិទ្ធជ្រកកោនផ្ដល់ដោយ ប្រទេសអេក្វាទ័រនេះក៏ដោយ ក៏ចក្រភពអង់គ្លេស បដិសេធ មិនអោយលោក ជូលៀន អាសហ្ស ចាកចេញពីរទឹកដីខ្លួនយ៉ាងដូច្នេះដែរ។ សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដែលនិយាយពីការតឹង សរសៃរករដាក់គ្នា រវាងប្រមុខការទូតនៃប្រទេសទាំងពីរ ដោយសារម្ចាស់វីគីលីគ្សម្នាក់នេះ។

រួចចុះលោក ជូលៀន អាសហ្ស មានជីវិតយ៉ាងដូចម្ដេចដែរ ក្នុងស្ថានទូតអេក្វាទ័រ ប្រចាំនៅទីក្រុងឡុងដ៍?

លោកបានលាក់ខ្លួនតាំងពីជាងពីរខែមកហើយ នៅក្នុងស្ថានទូតនេះ។ ហើយជារៀងរាល់ថ្ងៃ ការងាររបស់លោក គឺគិតពី យុទ្ធវិធី ដើម្បីការពារខ្លួន បើកមើលបណ្ដាញអាំងទើណែត ពេលខ្លះទទួលភ្ញៀវ ដែលជាមិត្តភ័ក្ររបស់លោក និងធ្វើកីឡា បន្ដិចបន្តួច នៅក្នុងបន្ទប់តូចមួយ ដែលមានគ្រែមួយ និងបន្ទប់ងូតទឹកមួយ។ មានកូនចង្រ្កានបាយមួយ នៅក្នុងអាគាររបស់ ស្ថានទូត តែលោក ជូលៀន អាសហ្ស ចូលចិត្តទិញ ពីហ្សា​ ឬចំណីអាហារស្រាប់ មកទទួលទានវិញ។ ម្ដាយរបស់លោក បាននិយាយប្រាប់ថា ជួនកាលភ្ញៀវដែលមកលេង បានចាក់ភ្លេងចំរៀង ហើយបានលើកទឹកចិត្តលោកអោយរាំសប្បាយ។

មិត្តភ័ក្ររបស់លោកម្នាក់ទៀត លោក វោងហន់ ស្មីត (Vaughan Smith) ដែលជាអ្នកសារពត៌មានដែរនោះបានពណ៌នាថា «បន្ទប់នោះតូចណាស់ ហើយមិនមានផាសុកភាពប៉ុន្មានទេ។ តែជូលៀនទ្រាំទ្ររួច នឹងស្ថានភាពបែបនេះ ដែលមនុស្ស ភាគច្រើនទ្រាំមិនបាន។ នៅពេលដែលជូលៀននៅពីមុខម៉ាស៊ីនកំព្យូទ័រ គឺពេលដែលគាត់សប្បាយចិត្តជាទីបំផុត៕»

-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...