ពលរដ្ឋ​ចោទ​អាជ្ញាធរ​បឹង​ប្រាំ ថា​យក​តុលាការ​មក​«គម្រាម»​ដើម្បី​យក​ដី

ប្រជាពលរដ្ឋប្រមានជាង៣០០គ្រួសារ ដែលរង់ចាំការដោះស្រាយបញ្ហាដីធ្លី កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយ​ប្រព័ន្ធតុលាការកម្ពុជា ដោយសារតែប្រជាពលរដ្ឋទាំងនោះ មិនបោះបង់ចោលនូវការទាមទារ សិទ្ធិលើកម្មសិទ្ធិរបស់​ខ្លួននោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋប្រមានជាង៣០០គ្រួសារ ដែលរង់ចាំការដោះស្រាយបញ្ហាដីធ្លី កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយ​ប្រព័ន្ធតុលាការកម្ពុជា ដោយសារតែប្រជាពលរដ្ឋទាំងនោះ មិនបោះបង់ចោលនូវការទាមទារ សិទ្ធិលើកម្មសិទ្ធិរបស់​ខ្លួននោះ។


រូបភាពរបស់ លោក សុធន ពីឃុំបឹងប្រាំ បង្ហាញពីក្រុមការងារកំពុងចុះអង្កេតមើលដីធ្លី នៅទីនោះ។

វិបត្តិដីធ្លី - ប្រជាពលរដ្ឋរស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណជាង៣០០គ្រួសារ ដែលមិន​ទាន់​បាន​ទទួល នូវដីស្រែចំការរបស់ខ្លួនត្រឡបប់មកវិញនៅឡើយនោះ នៅបន្តការតវ៉ាទាមទាររបស់ពួកគេជាបន្តទៅទៀត បើទោះជាពួកគាត់ដឹងថា នឹងអាចប្រឈមនឹងការចាប់ខ្លួន ពីប្រព័ន្ធយុត្តិធម៌របស់កម្ពុជាក៏ដោយ។ នៅក្នុងការតវ៉ា​ទាមទារនោះ ប្រជាពលរដ្ឋចោទក្រុមអាជ្ញាធរថា បានឃុបឃិតគ្នា ប្រមូលដីស្រែចំការរបស់ពួកគាត់ យកទៅធ្វើជា​ដី​សម្បទានសង្គមកិច្ច ដើម្បីចែកឲ្យពលរដ្ឋដទៃផ្សេងទៀត។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១២ ខែមិថុនានេះ លោក ឆា មុន្នី តំណាងប្រជាពលរដ្ឋ​ពីតំបន់នោះ បានបញ្ជាក់ថា ជិតដប់ឆ្នាំមកនេះ ដីវិវាទទាំងអស់របស់ប្រជាពលរដ្ឋ នៅមិនទាន់បានដោះស្រាយ​ឲ្យ​ពួកគាត់នៅឡើយ។ លោកបានបន្តថា ប្រជាពលរដ្ឋរងគ្រោះទាំងនោះ ត្រូវរស់នៅដោយគ្មានកម្មសិទ្ធិដី ដោយ​លំបាក ព្រោះតែអាជ្ញាធរបានរឹបអូសដី យកពីពលរដ្ឋ«ម្ចាស់ដើម»លក់ទៅឲ្យពលរដ្ឋចំណូលស្រុក«ថ្មី» ជាមួយនឹងការផ្តល់​កម្មសិទ្ធិដល់ពួកគាត់(អ្នកថ្មី)ទៀតផង។

លោក ឆា មុន្នី បានថ្កោលទោសទៅលើទង្វើរបស់អាជ្ញាធរមូលដ្ឋាន ថា«ពុករលួយ» មិនទទួលខុសត្រូវ ក្នុងនាមខ្លួន​ជាអាណាព្យាបាល។ «អាជ្ញាធរមិនបានធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋតាមការសន្យា បែរជាគម្រាមដោយ​យក​ប្រព័ន្ធតុលាការ មកសំឡុតប្រជាពលរដ្ឋ និងមួយនឹងពាក្យថា បើមិនចាកចេញ បើមិនរុះរើទេ ក្នុងថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ គេ (អាជ្ញាធរ) នឹងយកគ្រឿងចក្រមកឈូសកំទេចចោលហើយ។»

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចទំនាក់ទំនងជាមួយមេឃុំបឹងប្រាំ លោក ឈា នី បានទេ ដោយទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែលោក ឈឹម សារ៉ុន អតីតចៅហ្វាយ​ស្រុក​សម័យខ្មែក្រហម និងក្រោយសមាហរណកម្ម ជាមេទ័ពប្រចាំតំបន់នោះ ជាអ្នកធ្វើការចែកដី​ដោយផ្ទាល់ទៅឲ្យ​ពលរដ្ឋ​ក្រីក្រ និងប្រជាពលរដ្ឋកងពលទ័ព ធ្លាប់បានលើកឡើងថា៖ «ដីទាំងអស់ ជារបស់ប្រជាពលរដ្ឋ។ លោក ចៅហ្វាយ​ខេត្ត អ៊ុយ រី ក៏បានដឹងដែរថាជាដីពលរដ្ឋ និងបានបញ្ជាឲ្យប្រគល់ដីនោះទៅពលរដ្ឋវិញ។ តែដល់ពេល លោក​ត្រឡប់​ទៅវិញ បែរជាធ្វើមិនដឹងមិនលឺរហូតមកទល់ពេលនេះ។ (…) ខ្ញុំសូមអះអាងថា ដីទាំងអស់នេះ​មិន​មែន​ជាដីព្រៃទេ ជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់មានផ្ទះនៅទីនោះស្រាប់ និងត្រូវបានចែកឲ្យប្រជាពលរដ្ឋ ដោយខ្លួនខ្ញុំ​ផ្ទាល់អំឡុងឆ្នាំ១៩៩៨-១៩៩៩។ (…) តែឥឡូវនេះ អ្នកមិនមែនជាម្ចាស់ដីទៅជាមានប្លង់ ឯអ្នកម្ចាស់ដីពិត​ទៅជាមិន​មានប្លង់។»

តំណាងសមាគមអាដហុកប្រចាំខេត្តបាត់ដំបង លោក ម៉េង លី បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាដី​ចំនួន៣៦៣៨ហិកតា ជាដីដែលមានអនុក្រិត្យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើ​សម្បទានសង្គមកិច្ចឲ្យប្រជា​ពលរដ្ឋ​ក្រីក្រ និងយោធិនរំសាយ។ លោកបន្តរថា បន្ទាប់មក ក៏មានបទបញ្ជាលេខ០១មកអនុវត្តជាន់គ្នា និងក្រោមហេតុផល​របស់​អាជ្ញាធរថា ជាដីព្រៃរបស់រដ្ឋទៀត។ លោកបញ្ជាក់ដូច្នេះថា ផ្ទៃដី៨០០ហិកតា អាជ្ញាធរទាំងនោះ មិនបានចុះទៅ​វាសវែងដោយផ្ទាល់ទេ វាសតាមជីភីអេស និងអង្កន់តាមកុំព្យូទ័រយកតែម្តង។

តំណាងប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ អ៊ុល យ៉ាន់ ក៏ធ្លាប់បញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដែរថា៖ «អ្នកមាន​ប្លង់អត់ដី អ្នកមានដីអត់ប្លង់។ (…) ពួកខ្ញុំកំពុងអាស្រ័យផល គេមិនបានធ្វើប្លង់ឲ្យទេ គេបែរជាធ្វើឲ្យអ្នកដែលគ្មានដី។ ដីសម្បទានសង្គមកិច្ចរបស់រដ្ឋ  ប៉ះពាល់នឹងដីរបស់ប្រជាពលរដ្ឋ។ (…) ប្រជាពលរដ្ឋអាស្រ័យផលនៅកន្លែងណា គឺចង់រស់នៅកន្លែងនោះ។»។

ឯមន្ត្រីកាន់គម្រោងដីធ្លីបឹងប្រាំ មកពីអង្គការឌីស៊ីអេ/ស៊ីអេ (DCA/CA) របស់សហភាពអឺរ៉ុប លោក ជឿង យសវុឌ្ឍ ធ្លាប់ឡើងថា វាជាជម្លោះដី រវាងពលរដ្ឋ«ក្នុង»ឃុំបឹងប្រាំ និងពលរដ្ឋ«ក្រៅ»ឃុំបឹងប្រាំ។ ពលរដ្ឋចូលថ្មី​ទទួលបាន​«ប្លង់កម្មសិទ្ធិ» ថាជា«ដីព្រៃ» ឯរដ្ឋកំពុងកាន់កាប់ តែគ្មាន«ប្លង់កម្មសិទ្ធិ»ថាមិនមែនជា«ដីព្រៃ»។ លោកបានបញ្ជាក់​ពីមូលហេតុ ដែលនាំឲ្យមានវិវាទដីធ្លីនេះថា៖ «កើតមកពីការអនុវត្តច្បាប់ពីផ្សេងគ្នា។ មួយអនុវត្តតាមច្បាប់ និងមួយ​ទៀតអនុវត្តតាមសេចក្តីសម្រេចលេខ០១។»

សូមបញ្ជាក់ជូនដែរថា ឃុំបឹងប្រាំ ស្រុកបវិល ខេត្តបាត់ដំបង ជាឃុំទើបបង្កើតក្នុងឆ្នាំ២០១២ ដែលពីមុនជាតំបន់​ស្វ័យត។ ឃុំបឹងប្រាំ មានចំនួនប្រាំពីរភូមិ នៅជាប់នឹង ឃុំអំពិលប្រាំដើម ដែលមានមានគ្រួសារសរុបចំនួន​១.៧៣៦​គ្រួសារ និងអតីតមន្រ្ដីសង្គមកិច្ចចំនួន២៥០គ្រួសារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...