«បើ​ភ្នែក​ខ្ញុំ​ខ្វាក់ តើ​មាន​​អ្នកណា​ចិញ្ចឹម​ប្អូនៗ​របស់​ខ្ញុំ​ទាំង​៧​នាក់»

យ៉ាងហោចកម្មករម្នាក់ក្នុងចំណោម២៣ នាក់ ដែលបានចាប់ខ្លួនដាក់ពន្ធនាគារ អស់រយៈពេល៥ខែ នៅក្នុង​ហេតុ​ការណ៍​ប៉ះទង្គិចគ្នា រវាងកម្មករនិងសមត្ថកិច្ច នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលកម្មករ​ធ្វើ​ការ​តវ៉ា​តម្លើង​ប្រាក់ខែ ១៦០ដុល្លារក្នុងមួយខែ កំពុងព្រួយបារម្ភថាភ្នែករបស់គេ អាចនឹងពិការ ដោយសារតែ​មើល​មិនសូវឃើញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោយពីការវាយដោយហឹង្សារ ពីកំលាំងសមត្ថកិច្ច។
Loading...
  • ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: October 10, 2014
  • ប្រធានបទ: សុបិន្ដថ្ងៃស្អែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សិទ្ធិ - ប៉ាង វន្នី អាយុ ៣៨ ឆ្នាំ ដែល​ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​២៣ ដែល​សមត្ថកិច្ច​បាន​វាយ​ទ្រោមខ្លួន និង​ចង​​ដៃ​ស្លាប​សេក​ដោយ​ជ័រ​ស្វិត ឲ្យ​ដេក​នៅ​តាម​ដង​ផ្លូវ​មុន​បញ្ជូន​ខ្លួន ទៅ​ទីបញ្ជារការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​ដែល​ទើប​តែ​មាន​សេរីភាព​វិញ តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ កាល​ពី​ថ្ងៃទី ៣០ ខែ​ឧសភា​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ជំងឺ​របស់​លោក ពុំ​មាន​ពេល​ធូរស្រាល​ឡើយ ចាប់​តាំង​ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​វាយ​បង្ក្រាប រហូត​ដល់​​សព្វថ្ងៃ​​នេះ។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «ក្បាល​ខ្ញុំ ដែល​គេ​វាយ​ដំ​គ្រប់​កន្លែង​នៅ​តែ​ឈឺ ហើយ​ភ្នែក​ខ្ញុំ​ស្រវាំង ពី​មួយ​​ថ្ងៃ​​ទៅ​​មួយ​ថ្ងៃ ខ្ញុំ​កំពុង​ភ័យ​ថា ខ្ញុំ​អាច​ខ្វាក់​ទៅ​ថ្ងៃ​ក្រោយ ប្រសិន​បើ​ខ្ញុំ​មិន​មាន​ថ្នាំ​ព្យាបាល»។

អង្គុយនៅក្នុងតូបតូចមួយ ខាងក្រៅបរិវេណផ្ទះជួល ដែលជាទីតាំងកំលាំងចម្រុះចុះវាយដល់បន្ទប់ មុនចាប់​ខ្លួននោះ យុវជន វន្នី បានថ្លែងឲ្យដឹងថា សព្វថ្ងៃនេះ លោកបានទទួលថ្នាំព្យាបាលពីសំណាក់អង្គកាលីកាដូ ប្រសិនបើពុំបាន​ថ្នាំនោះទេ លោកមិនដឹងថាជីវិតរបស់លោក ទៅជាយ៉ាងណានោះទេ។ ប៉ុន្តែលោកព្រួយ​បារម្ភថា តើថ្នាំនោះ អាច​ជួយទប់ស្កាត់នូវការវិវន្តនៃភ្នែករបស់លោក បានដែររឺអត់? វន្នី បានថ្លែងឲ្យដឹងថា៖ «ខ្ញុំបារម្ភថា បើភ្នែកខ្ញុំខ្វាក់ តើមាន​អ្នកណាចិញ្ចឹមប្អូនៗរបស់ខ្ញុំ ទាំង៧នាក់នោះ ពីព្រោះយើងជាកូនកំព្រារ។ ខ្ញុំមិនមានកំហុសអីសោះ វាយធ្វើបាបខ្ញុំ​ដល់​ថ្នាក់នេះ ហើយចាប់ដាក់គុក ព្រមទាំងកាត់ទោស៣ឆ្នាំទៀត។ ចុះទាហានវាយខ្ញុំ ម៉េចមិនចាប់ដាក់គុកផង?»។

និយាយទាំងអួលដើមក ដោយរំលឹកនូវព្រឹត្តិការណ៍ ដែលបានកើតឡើងកន្លងមកថា នៅថ្ងៃដែលកើត​ហេតុ​នោះ លោកកំពុងតែអានសៀវភៅខ្មែរ ប្រែជាភាសាអង់គ្លេស នៅក្នុងបន្ទប់ជួល ស្រាប់តែក្រុមទាហាន ប៉េអឹម គេចូល​មក​វាយបន្ទប់របស់លោក ហើយវាយលោកតែម្តង បើទោះជាលោក នឹងប្អូនស្រីៗអង្វរគេយ៉ាងណា ក៏គេមិនស្តាប់ដែរ។ លោកបានថ្លែងថា ៖ «គេវាយអូសខ្ញុំពីបន្ទប់ ហើយគេវាយខ្ញុំតាមផ្លូវរហូត ទៅដល់ខាង​មុខគ្លីនិកឯកជនមួយ គេចង​ដៃខ្ញុំស្លាបសេកជាមួយនឹងជ័រ ហើយឲ្យដេកផ្កាប់មុខទៅនឹងថ្នល់ ប៉ុន្តែគេនៅតែ​បន្ត​វាយរហូតដល់សន្លប់។ បន្ទាប់គេ​យកទឹក មកជះឲ្យដឹងខ្លួន គេយកជើងគេ ដែលពាក់ស្បែកជើងក្រាស ឈូសចិញ្ចើមយើងឲ្យងើយមុខ។»

«ពួកវាធ្វើ​សាហាវណាស់ ហើយខ្ញុំក៏មិនគិតថាខ្ញុំរស់ដែរ តែជីវិតខ្ញុំថ្លៃ ខ្ញុំរួចផុតពីការស្លាប់»។

និយាយបណ្តើក្អកបណ្តើរ វន្នី បានថ្លែងឲ្យដឹងទៀតថា សព្វថ្ងៃនេះ នៅពេលដែលលោកឈ្ងោកមុខហូបបាយ ធ្វើឲ្យ​ចាប់ក្បាលឈឺតែម្តង ដោយសារ​នៅថ្ងៃនោះ គេវាយចំកញ្ចឹងករបស់លោក ក្រោយពីគេវាយសំពង​ហើម​ពេញក្បាល និងសៀតផ្កា។ គេថែមទាំងយកដំបង វាយចំដើមទ្រូងលោកទៀតផង។ លោកបានថ្លែងឲ្យ​ដឹង​ទៀតថា ៖«សព្វថ្ងៃនេះ​ពេលខ្លះ ខ្ញុំក្អកមកមានចេញខ្មៅៗ រាល់ថ្ងៃនេះ ខ្ញុំពឹងតែអង្គការទេ ប្រសិនបើគេ​ឈប់​ឲ្យថ្នាំ ខ្ញុំមិនដឹងថាបាន​ថ្នាំអ្វី​ព្យាបាលនោះទេ»។

វន្នី បានថ្លែងឲ្យដឹងទៀតថា ដើម្បីរកយុត្តិធម៌ដល់រូបលោកនោះ គឺលោកនឹងពិភាក្សាជាមួយមេធាវី ដើម្បីប្តឹង​ទៅ​សាលា​ឧទ្ទរណ៍ ទម្លាក់បទចោទមកលើរូបលោក ព្រមទាំងប្តឹងមន្ត្រី ដែលជាសមត្ថកិច្ចវាយមក​លើពួក​លោក ផ្តន្ទា​ទោសទៅតាមផ្លូវច្បាប់។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «សមត្ថកិច្ចទាំងនោះ មិនត្រូវរួចខ្លួនទេ ពួកយើងគ្មាន​កំហុសសោះ ហេតុអីបានជាមានទោស សមត្ថកិច្ចវិញទេ ទើបជាអ្នកមានទោស»។

មិនខុសគ្នាប៉ុន្មានអំពី វន្នី លោក វ៉ន ពៅ ប្រធានសមាគមន៍ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងឲ្យ​ដឹង​ថា រូប​លោក ក៏ចាប់ផ្តើមមានអាការៈស្រវាំងភ្នែកផងដែរ នៅពេលក្បាលរបស់លោក ដែលត្រូវបានសមត្ថកិច្ច​វាយ​ឲ្យបែក​នោះ ចាប់ផ្តើមធ្វើទុក។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំក៏កំពុងតែបារម្ភអំពីភ្នែកខ្ញុំដែរ ខ្ញុំមើល​មិន​សូវឃើញ​ច្បាស់ទេ ដូច្នេះនៅថ្ងៃ ដែលខ្ញុំទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសថៃ ខ្ញុំនឹងឲ្យពេទ្យ​ពិនិត្យអំពីបញ្ហានេះ។ ខ្ញុំគិតថា អ្នកដែលត្រូវសមត្ថកិច្ចវាយ គឺមានបញ្ហានេះស្ទើទាំងអស់គ្នា។»។

កាលពីថ្ងៃទី៣០ ខែឧសភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់តម្រឹមទោស ជនជាប់​ចោទ​ទាំង ២៥ នាក់ ក្នុងករណីបង្ក្រាបបាតុកម្ម ៣ ករណីផ្សេងគ្នា គឺនៅរោងចក្រយ៉ាក់ជីង ១០ នាក់ ផ្លូវ​វេងស្រេង ១៣ នាក់ និង​រោងចក្រកាត់ដេរ អេស អិល ២ នាក់ ត្រូវបានចៅក្រម ដោះលែង​ឲ្យមាន​សេរីភាព​ឡើង​វិញ។ ជាមួយនឹង​ការ​សម្រេច​កាត់តម្រឹមទោសដូច្នេះ គឺចៅក្រមក៏បានសម្រេចផ្តន្ទាទោស ដាក់​ពន្ធនាគារ​លើជនជាប់ចោទ ទាំង ២៥ នាក់ ចន្លោះ​ចាប់ពី ៦ ខែ រហូតដល់ ៤ឆ្នាំកន្លះ។ ជនទាំង ២៥នាក់ ជាប់​ចោទ​ពី​បទ​ផ្តួចផ្តើមគំនិត ឲ្យមានអំពើហិង្សា បង្ក​អំពើ​ហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រកាត់ដេរ និង​ជេរប្រមាថ ប្រឆាំងមន្ត្រីរាជការ។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងឲ្យដឹងថា ចំពោះអ្នក​ទាំង​២៣​នាក់នោះ គឺសុខភាពរបស់ពួកគាត់ កំពុងតែវិវត្តទៅរកភាពធ្ងន់ធ្ងរ ដូច្នេះពួកគាត់ត្រូវការការ​ព្យាបាល ហើយពេទ្យ​ខាងលីកាដូ និងធ្វើការតាមដានជំងឺរបស់ពួកគាត់ទៀត។ បើមិនអាចព្យាបាលនៅ​ទី​នេះ​បានទេ ត្រូវបញ្ជូនទៅប្រទេស​ជិតខាង។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បើយើងក្រឡេកមើល​ប្រព័ន្ធ​យុត្តិធម៌វិញ ពួកគាត់សុទ្ធតែរងគ្រោះ​ក្នុង​ការ​វាយប្រហារទាំងអស់ ដូច្នេះសួរថា តើពួកគាត់គួរត្រូវកាត់​ទោស​ម្នាក់ ពី៦ខែដល់ ៤ឆ្នាំកន្លះទេ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...