ពលរដ្ឋ​​មក​​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ថ្មដា គ្រោង​ចេញ​តវ៉ា​ប្រឆាំង​សន្យា​ខ្យល់

ប្រជាពលរដ្ឋមកពីភូមិចំនួន៣ ក្នុងឃុំថ្មដា ដែលកំពុងមានបញ្ហាទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនអឹមឌីអេស (MDS) តាំង​ពីឆ្នាំ២០១០ នៅមិនទាន់មានការដោះស្រាយណាមួយ ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរខេត្តឡើយ​ក្រៅពី ការ​សន្យា«ខ្យល់»នោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សិទ្ធិលំនៅដ្ឋាន - អ្នកស្រី កសិ ផល តំណាងប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី ឃុំថ្មថា ខេត្តពោធិ៍សាត់ ក្នុងកិច្ចសម្ភាស​ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋនៅទីនោះ កំពុងរស់ជាមួយការសម្រក់ទឹកភ្នែក មិនហានចេញធ្វើការតវ៉ា ដោយសារមានគម្រាមកំហែង​ ពីក្រុមនិស្សិតវាសវែងដីធ្លី (វគ្គ២) ដែលបានលើកឡើងថា ប្រជា​ពលរដ្ឋ​ទាំងនេះ សុទ្ធតែជាអតីតទាហានខ្មែរក្រហម បើហ៊ានតវ៉ា សាលាក្តីខ្មែរក្រហមកំពុងរង់ចាំ។

តំណាងប្រជាពលរដ្ឋរូបនេះបានបន្តថា ជាច្រើនលើក ច្រើនសាមកហើយ ដែលក្រុមអាជ្ញាធរចេះតែសន្យាជាមួយ ប្រជាពលរដ្ឋ ថានឹងដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់។ តាំងពីមានទំនាស់ក្នុងឆ្នាំ២០១០មក ប្រជាពលរដ្ឋបានខ្នេះ​ខ្នែង ស្វែងរកការអន្តរាគមន៍ដល់ភ្នំពេញ ចំនួន៤លើកមកហើយ ក្នុងនោះក៏មានការសន្យា​ពីខុទ្ធកាល័លលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ តែនៅតែគ្មានដំណោះស្រាយ។ «មួយសប្តាហ៍ទៀត បើនៅតែគ្មានព័ត៌មានអ្វីសម្រាប់​ការដោះស្រាយដីធ្លីទេ ពួកខ្ញុំឈប់ខ្លាចហើយ នឹងឡើងទៅសាលាខេត្តដើម្បីសួរបញ្ហាក់ពីបញ្ហាដែលបានសន្យា ហើយមិនឃើញមានការដោះស្រាយនោះ។»

អ្នកស្រីក៏បានធ្វើការរំលឹកថា ដំណក់ទឹកភ្នែកពលរដ្ឋ តែងធ្លាក់ចុះ នៅពេលស្វែងរកដំណោះស្រាយម្តងៗ ពិសេស​នៅចំពោះមុខមន្ត្រីសុរិយោដី ក៏ដូចជាអាជ្ញាធរខេត្តពោធិ៍សាត់ ព្រោះខ្លាចបាត់បង់ដីចំការដំណាំ សម្រាប់ចិញ្ចឹមជីវិត។ «អាជ្ញាធរហាក់ដូចជាកាន់ជើងខាងក្រុមហ៊ុន ព្រោះថានៅពេលប្រជាពលរដ្ឋដាំដំណាំ អាជ្ញាធរហាមឃាត់ ព្រមទាំង​ដាក់កម្លាំងការពារព្រំដែនជើងគោក៨២៥។ ផ្ទុយមកវិញ បើក្រុមហ៊ុននោះឈូសឆាយ និងដុតបំផ្លាញផ្ទះសំបែង និង​ផលដំណាំប្រជាពលរដ្ឋ អាចធ្វើបានតាមចិត្ត មិនមានការហាមឃាត់ទេ។»

ប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំងនោះ មានចំនួនជាង២៨១ គ្រួសារមកពីភូមិចំនួនបី ភូមិសង្គមថ្មី ភូមិឯកភាព និង​ភូមិកណ្ដាល នៃឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។ ក្នុងចំណោមនោះ មានគ្រួសារនៃកងទ័ពព្រំដែនជើង​គោក​ ៨២៥ មួយចំនួនធំ ក៏បានបាត់បង់ដីធ្លីរបស់ខ្លួនដែរ។ គ្រួសារទ័ពទាំងនេះ នឹងចូលរួមទាមទារដីទាំងនោះ ជាមួយ​ប្រជាពលរដ្ឋដទៃទៀតពីក្រុមហ៊ុនមកវិញដែរ។

ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនងលោក ឃៀង សុជីវ័ន្ត នាយកគ្រប់គ្រងក្រុមហ៊ុនអឹមឌីអេស (MDS) និងលោក ព្រំ ង៉ុន មេឃុំថ្មដា បាននៅឡើយទេ ដោយទូរស័ព្ទរបស់ពួកលោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែ​តាម​ការបញ្ជាក់របស់លោក ភួង សុធា មន្រ្តីសម្របសម្រួល សមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់ បាននិយាយថា លោកចុះស្រង់ស្ថិតិនៅភូមិសង្គមថ្មី បានបង្ហាញថា ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន៥៣គ្រួសារ ក្នុងនោះ​២៣​គ្រួសារ ដែលមិនទាន់បានដោះស្រាយ។ ចំណែកភូមិឯកភាព មានចំនួន៤៣ គ្រួសារ តែមាន៩គ្រួសារ ដែល​ធ្វើការ​ទាមទារនោះ។ ដោយឡែកនៅភូមិកណ្ដាល លោកនៅមិនទាន់មានស្ថិតិពិតនៅឡើយ។ «ចាប់តាំងពីក្រុមហ៊ុន គាត់​ចូលមក ប្រជាពលរដ្ឋមិនអាចទៅបង្កបង្កើនផលលើដីនោះបាន ដោយមន្រ្តីជំនាញថា ជាដីតំបន់ការពារ។ (...) ដីនេះ រដ្ឋបានឲ្យក្រុមហ៊ុនទទួលសិទ្ធិសម្បទានសេដ្ឋកិច្ច។ (...) ក្រុមហ៊ុននៅមិនទាន់បានធ្វើអ្វីលើដីនោះទេ ឯប្រជាពលរដ្ឋ បានដាំដំណាំបន្តិចបន្តួច ដូចជាដំឡូងមី ស្រូវ ពោតជាដើម។»

អ្នកភូមិសង្គមថ្មី ភូមិឯកភាព និងភូមិកណ្ដាល បានមករស់នៅ និងបង្កបង្កើនផលតាំងពីឆ្នាំ២០០០មក។ ទើបមក​ដល់​ឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ចាប់ផ្ដើមមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អឹមឌីអេស របស់លោក ទ្រី ភាព។ ហើយបច្ចុប្បន្ននេះ នៅមានគ្រួសារមួយចំនួនធំកំពុងស្រែកយំ តវ៉ា និងទាមទា ឲ្យមានដំណោះស្រាយ បញ្ហាដីធ្លីនេះ ឲ្យបានឆាប់ជាមួយនឹងក្រុមហ៊ុន ដើម្បីបានបង្កបង្កើនផលចិញ្ចឹមជីវិតទៅថ្ងៃមុខ។

លោក ភួង សុធា មន្ត្រីសម្របសម្រួលសមាគមអាហុកប្រចាំខេត្តពោធិ៍សាត់ បានលើកឡើងថា មកទល់នឹងពេលនេះ នៅមិនទាន់មានដំណោះស្រាយណាមួយច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋនៅឡើយទេ។ លោកបានបន្តថា នៅ​ពេលក្រុមការងារលោកចុះទៅម្តងៗ តែងតែមានការគេចវេសពីអាជ្ញាធរមូលដ្ឋាន ហាក់គ្មាន​ការទទួល​ខុសត្រូវ​អ្វី​សោះ។ លោកបានបន្ថែមថា ចាប់តាំងពីក្រុមហ៊ុនបានកាន់កាប់មក ប្រជាពលរដ្ឋទាំងអស់ មិនអាចទៅបង្ក​បង្កើនផល​បានទេ ព្រោះមន្រ្តីជំនាញរបស់រដ្ឋថា ជាដីស្ថិតក្នុងតំបន់ការពារ។ ករណីនេះ លោកបានដាក់ចេញជាចំង៉ល់ថា ហេតុអ្វី​បានជា​ដីទាំងនោះ ស្ថិតក្នុងតំបន់ការពារ បើរដ្ឋបានប្រគល់ដីនេះ ទៅឲ្យក្រុមហ៊ុន ក្នុងលក្ខណៈសម្បទាន​សេដ្ឋកិច្ចតាំងពីឆ្នាំ២០១០មកនោះ? លោកបានចាត់ទុកថា ការលើកឡើងរបស់មន្រ្តីជំនាញនេះ កំពុងបង្ហាញថាខ្លួន ក៏កំពុងការពារឲ្យក្រុមហ៊ុនដែរ។

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា មិនអាចទំនាក់ទំនងបាននៅឡើយទេ។ តែកន្លងមក ការដោះស្រាយ​ទំនាស់ដីធ្លីនេះ ជាបន្ទុករបស់លោក សួន រិនឌី អភិបាលរងខេត្តពោធិ៍សាត់។ ទាំងលោក សួន រិនឌី និងលោក ភួង សុធា ក៏បានលើកឡើងដូចគ្នាថា បានដោះស្រាយបញ្ចប់បញ្ហាដីធ្លី ឲ្យប្រជាពលរដ្ឋ ភូមិសង្គមថ្មីចំនួនជាង២០គ្រួសារ រួចហើយ។ លោក សួន រិនឌី ថានលើកឡើងថា សម្រាប់អ្នកនៅសល់ នឹងធ្វើការសិក្សា បន្តការដោះស្រាយទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...