សម្ភាស អ៊ីវង់ ហែម៖ លំអងផេះផង់​នៃ​វិស័យ​ភាពយន្ដ​ខ្មែរ នៅ​ក្រោយ​សង្រ្គាម

ក្នុងចំនោមសមិទ្ធិករភាពយន្តប្រមាណជា១៨០នាក់ ដែលយើងបានស្គាល់ ក្នុងទសវត្សឆ្នាំ​ទី៦០ មាន​តែ​៣នាក់​ប៉ុណ្ណោះ (លោក អ៊ីវង់ ហែម លោកលី ប៊ុនយីម និងលោក ម៉ៅ អាយុទ្ធ) ដែលនៅ​បន្ត​ធ្វើការ នៅ​ក្នុង​វិស័យ​ភាពយន្ត។
  • ដោយ: សុខជា រស្មី រៀបរៀង និងបកប្រែ៖ សុជារស្មី - កែសម្រួល៖ ដ.កែវ - ភ្នំពេញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: September 27, 2012
  • ប្រធានបទ: ភាពយន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទសវត្សឆ្នាំ៦០ វិស័យខ្សែភាពយន្តខ្មែរ បានងើបឡើងយ៉ាងខ្ពស់ត្រដែត ហើយបានធ្លាក់មកដល់​សឹងតែ​ចំណុចសូន្យ នៅក្នុងសម័យសង្គ្រាម ជាពិសេសនៅក្នុងរបបវាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។  វិស័យ​ភាពយន្ដ​ខ្មែរនេះ បានងើបឡើងមកវិញ នៅចុងទសវត្សឆ្នាំ ៨០ ក្រោយសង្រ្គាម ហើយបានធ្លាក់ដាំដូង​ចុះ​មក​វិញ​យ៉ាង​លឿនទៀត តែប៉ុន្មានឆ្នាំក្រោយមកប៉ុណ្ណោះ។ លោក អ៊ីវង់ ហែម ជាសមិទ្ធិករភាពយន្ដម្នាក់ ក្នុង​ចំណោម​សមិទ្ធិករភាពយន្ដដទៃទៀត ដែលបាននៅរួចរស់មាន ជីវិតពីសង្រ្គាម ហើយបានចូលរួមស្ដារ​វិស័យ​នេះ​នៅចុង​ទសវត្សទី៨០នោះ ជាមួយនឹងភាពយន្ដដំបូងមួយរបស់លោក មានចំណងជើងថា «ស្រមោល​អន្ធកាល»។

ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក អ៊ីវង់ ហែម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៨​ខែ​សីហា ឆ្នាំ២០១២​កន្លងទៅ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមបង្ហាញជូននូវកិច្ចសំភាសមួយ ក៏ដូច​ជា​ប្រវត្តិ​សង្ខេប នៃជីវិតរបស់សមិទ្ធិកររូបនេះ រៀបរៀងដោយអ្នកកាសែតបារាំងលោក ឡឺបា អាឡាំង (LEBAS Alain) ហើយ​បានផ្សាយនៅក្នុងកាសែត លីបេរ៉ាទីយ៉ុង (Libération) តាំងពីថ្ងៃ ១៤ ខែមេសា ឆ្នាំ​១៩៩៧​កន្លង​មក។ សូម​បញ្ជាក់ថា រាល់ព្រឹត្តិការណ៍នៅក្នុងអត្ថបទខាងក្រោមនេះ អាចជាព្រឹត្តិការណ៍ ដែលកើតមាន តែ​នៅ​ជុំវិញ​សម័យកាលនៃឆ្នាំ ដែលកាសែតបារាំងបានចុះផ្សាយ ហើយអាចមិនមែន ជា​ព្រឹត្តិការណ៍​​ដែល​កើត​មាន​នៅ​ថ្ងៃនេះទេ។

លោក អ៊ីវង់ ហែម និមិត្តរូបនៃសិល្បះមួយ ដែលបានស្លាប់ទៅ​ជា​មួយ​សង្គ្រាម

«វិស័យភាពយន្តខ្មែរលែងមានវត្តមានទៀតហើយ។» ក្រោយពីសម័យកាលដ៏រុងរឿងនៃវិស័យសិល្បៈទី៧ លោក អ៊ីវង់ ហែម បាននិយាយថា លោកបានឆ្លងកាត់ការលេបថ្មលេបគ្រួស យ៉ាងជូរចត់មួយ នៅ​ក្នុង​ឆាក​ជីវិតរបស់លោក។  ក្នុងទសវត្សន៍ ឆ្នាំ៦០ ដែលជាសម័យកាលដ៏រុងរឿងនៃវិស័យភាពយន្តខ្មែរ លោកមាន​ស្ទូឌីយ៉ូថតកុនផ្ទាល់ខ្លួនមួយ សំរាប់ថតភាពយន្ត ទំហំ១៦មម ដើម្បីសម្រេចនូវបំណងប្រាថ្នារបស់លោក។ នៅទីក្រុងភ្នំពេញនាសម័យនោះ ខ្សែភាពយន្តរបស់លោក ត្រូវបាន ចាក់បញ្ចាំងនៅរោងភាពយន្ដ​ជាង​៣០​រោង។ បច្ចុប្បន្ននេះ លោកបានផលិតជាខ្សែវីដេអូខ្លីៗ សំរាប់ការអប់រំ អោយអង្គការ យូនីសែហ្វ (Unicef) ដោយ​ប្រើម៉ាស៊ីនថតវេដេអូជាកាសែត វី អេជ អែស (Caméscope VHS)។ លោកបានសម្តែង ការសោក​ស្តាយ​ថា៖ «បើមិនធ្វើដូច្នេះទេ ខ្ញុំមិនអាចចិញ្ចឹមគ្រួសាររបស់ខ្ញុំបានទេ។»

អ្វីដែលយើងមើលនៅក្នុងភាពយន្ដជំរើស ដែលគេបានដាក់បញ្ចាំង នៅក្នុងមហោស្រពភាពយន្ដ និងរូបភាព ប៊ីយាំងណាល់ (Biennale) ដែលបានបញ្ចប់ទៅកាលពីថ្ងៃទីទី៥ មេសាកន្លងទៅនៅទីក្រុងភ្នំពេញ ធ្វើ​អោយ​យើងមិនពិបាកយល់ នូវអ្វី ដែលលោក អ៊ីវង់ ហែម និយាយពីខាងលើនោះទេ។ នៅក្នុងមហោស្រព គេមើល​ឃើញមានតែភាពយន្ដប៉ុន្មានប៉ុណ្ណោះ ដែលបានដាក់បញ្ចាំង ក្នុងនោះខ្សែភាពយន្តថ្មីស្រឡាងមួយ ជា​ស្នា​ព្រះហស្ថ​របស់ព្រះបាទ នរោត្តមសីហនុ (ព្រះមហាក្សត្រ របស់ប្រទេសកម្ពុជា​នៅពេលនោះ ហើយ​ព្រះអង្គ​អ្នក​និពន្ធផង ជាងគំនូរ អ្នកនិពន្ធភ្លេង អ្នកលេងភ្លេង តួសម្តែង និងជា សមិទ្ធិករ ដែលបានផលិត​ខ្សែភាពយន្ត​ជា​ច្រើន​ផង) ត្រូវបានអ្នករៀបចំចាត់ចែងមហោស្រព ដែលជាជនជាតិបារាំង ចាក់បញ្ចាំងនៅក្នុងពិធី​បើក​មហោ​ស្រពដំបូង ដើម្បីជាការគោរពដល់ព្រះរាជបល័ង្គខ្មែរ។ ខ្សែរភាពយន្ដនេះ ជាការផលិតរួម រវាង​ផលិតកម្ម បារាំង-ខ្មែរ មួយមានឈ្មោះថា វ៉ារ៉ង់ (Varan)។ បន្ទាប់មកទៀត គេបានបញ្ចាំងខ្សែភាពយន្ត​ចំនួន​៣ទៀត ដែល​ជា​សមិទ្ធិផល របស់លោក លី ប៊ុនយីម តាំងពីទស្សវត្សឆ្នាំ ៦០ និង រឿង«ស្រមោលអន្ធកាល» ជា​ភាពយន្ដ​ឃោសនា អោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំថតដោយលោក អ៊ីវង់ ហែម នេះ ក្នុង​ឆ្នាំ​១៩៨៨។

រយៈពេល៣ឆ្នាំ ប្រាំបីខែ ម្ភែថ្ងៃ នៃការរស់នៅប្រកបដោយការភ័យខ្លាច

វាសនារបស់លោក អ៊ីវង់ ហែម និងរបស់វិស័យ សិល្បៈទី៧ គឺស្ថិតនៅលើដងវិថីតែមួយ នឹងវាសនា​របស់​ប្រទេសកម្ពុជា។ លោកបានរំលឹកដែរថា៖ «ភាពយន្តខ្មែរសម័យមុន មានគុណភាពស្មើនឹងភាពយន្តថៃ​សព្វ​ថ្ងៃនេះ»។ គឺបងស្រីរបស់លោក ឈ្មោះ ម៉ារី ហែម ជាអ្នកត្រួសត្រាយផ្លូវសំរាប់លោក។ នៅឆ្នាំ ១៩៦២ សមិទ្ធិករ​ភាពយន្តបារាំង លោក ម៉ាកសែល កាមុស (Marcel Camus) បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បី​ថតរឿង «បក្សីនៃថានសួគ៌» ដែលមាន​នាង ម៉ារី ហែម នេះជាតួអង្គ​ស្រី។ លោក អ៊ីវង់ ហែម ពេលនោះ​អាយុ ២០ ឆ្នាំ មានអារម្មណ៍រំភើបជាខ្លាំង ដោយបានឃើញពី «ភាពអស្ចារ្យនៃកន្លែងថត ខ្សែភាពយន្ត» ហើយ​​លោក​ក៏បានចុះឈ្មោះរៀន​ពីចំងាយ ជាមួយនឹងវិទ្យាស្ថានជាន់ខ្ពស់នៃភាពយន្ត (Idhec) ក្នុងប្រទេស​បារាំង។ បន្ទាប់​មកទៀត លោកបានធ្វើដំណើរ ទៅកាន់ប្រទេសបារាំង ដើម្បីចុះកម្មសិក្សា ហើយបាន​ទិញ​ម៉ាស៊ីន​ថត​កុន​ទីមួយ​របស់លោក​ខ្នាត១៦មម។ រវាងឆ្នាំ ១៩៦៥ និង ១៩៧០ លោកបានផលិតខ្សែភាពយន្ត​បាន​ជាង​២០រឿង។ លោកបាន មានប្រសាសន៍ថា៖ «ខ្ញុំបានត្រៀមថតខ្សែភាពយន្ត ទំហំ៣៥មម នៅ​ពេល​ដែល​​សង្គ្រាម​បានផ្ទុះឡើង»។

នៅឆ្នាំ ១៩៧៥ ខ្មែរក្រហមនិយមម៉ៅ បានវាយយកទីក្រុងភ្នំពេញពីរបបលន់ ណុល។ ជាលទ្ធផល នៃការ​កាន់អំណាចអស់ រយះពេល​ ជាងបីឆ្នាំរបស់របបវាលពិឃាត គឺ​ប្រជាជនស្លូតត្រង់ ចំនួនពី១លានកន្លះ ទៅ​២លាននាក់ ត្រូវនឹងមួយភាគបី នៃប្រជាជនសរុប បានស្លាប់បាត់បង់ជីវិត។ លោកពុំមានអ្វីបន្ថែមច្រើនទេ ដោយគ្រាន់តែនិយាយថា៖ «ខ្មែរក្រហមបាន សំលាប់ប្រពន្ធ និងកូនទាំងបួនរបស់ខ្ញុំ។»

នៅឆ្នាំ១៩៧៩ កងទ័ពរបស់ប្រទេសវៀតណាម បានបណ្តេញខ្មែរក្រហមចេញពីអំណាច ហើយបានដាក់​បន្តុបរបប​កុម្មុយនីសមួយទៀត នៅទីក្រុងភ្នំពេញ។ លោក អ៊ីវង់ ហែម រើសប្រមូលបានម៉ាស៊ីនថតចំនួន ៧គ្រឿង ដែលគេបោះបង់ ចោលនៅតាមផ្លូវកណ្ដាលទីក្រុង ហើយលោកបានជួសជុល​អោយដំណើរការ​បានពីរគ្រឿង ប៉ុន្តែមិនអាចថតភាពយន្ត​បានទេ។ កងទ័ពវៀតណាមដែលជាអ្នករំដោះ តែមិនសូវជាអ្នកចូល​ចិត្ត​​សហភាពសូវៀតប៉ុន្មាននោះ បានដាក់កំហិតយ៉ាងខ្លាំង ទៅលើអ្នកស្តាលីននិយម។ លោក អ៊ីវង់ ហែម ខាំមាត់សង្កត់ចិត្ត​ទទួលយកនូវការអត់ធ្មត់នេះ។ លោកបានធ្វើ ដំណើរទៅមកពីភ្នំពេញ ទៅ ព្រៃនគរ (ទីក្រុង​ហូជីមីញសព្វថ្ងៃ) ដើម្បីធ្វើការផ្តោះប្តូរសំភារៈ ដែលទាហានអាមេរិក បានទុកនៅនឹងកន្លែង។ បន្តិច​ម្តងៗ លោកបានសាងសង់ឡើងវិញ នូវស្ទូឌីយ៉ូថតកុនដែលមានលក្ខណៈចំរុះមួយ។ នៅគ្រា នោះហើយ ដែល​លោកបានរៀបការសារជាថ្មី ជាមួយនឹងប្អូនថ្លៃរបស់លោក ហើយបង្កើតបានកូនបួននាក់មកទៀត។ លោក​បាននិយាយ ដោយ​អ៊ឹមអៀន​ខ្លះៗ​ថា៖ «ខ្ញុំមានកូនបួននាក់ ដែលត្រូវខ្មែរក្រហមសំលាប់ចោល ហើយ​ឥឡូវ​នេះ ខ្ញុំមានកូន បួននាក់ទៀត។ បើនិយាយមែនទែនទៅ គឺបួនទៅបួនមក មិនមានអ្វីផ្លាស់ប្តូរទេ។»

លុះមកដល់ឆ្នាំ១៩៨៨ប៉ុណ្ណោះ ទើបសមិទ្ធិករភាពយន្តរូបនេះ ទទួលបានការអនុញ្ញាត ក្នុងការថតខ្សែ​ភាពយន្ត​​សារជាថ្មី។ ដោយសារហេតុនេះហើយ ទើបខ្សែភាពយន្ត «ស្រមោលអន្ធកាល» នេះ ត្រូវបានចាប់​កំណើត ហើយជាខ្សែ​ភាពយន្ត​ឃោសនាអោយរបបមួយ ដែលលើកបន្តុបឡើងដោយវៀតណាម មាន​លក្ខណៈ​​ប្រហាក់ប្រហែល នឹង​ភាពយន្ដ​អាមេរិកាំងឈ្មោះ «វាលពិឃាត»។ ទោះបីជាខ្សែភាពយន្ដ ត្រូវ​បាន​ផលិត និងផ្តល់ហិរញ្ញវត្ថុ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនោះក៏ដោយ ក៏វានៅតែជា ខ្សែ​ភាពយន្ត ដែលកើតចេញ​ពីបាតដៃ​របស់លោកដដែល។ លោក អ៊ីវង់ ហែម បាននិយាយការពារថា៖ «វា​ប្រាកដ​​ណាស់ ដែលថាខ្សែ​ភាពយន្តនេះ គឺជារឿងប្រឌិតសំរាប់ឃោសនា។ ប៉ុន្តែ បើនិយាយពី​បច្ចេកទេស​ថត និង​គុណភាព​ផ្នែកសិល្បៈ វាគឺជាជោគជ័យមួយ។» លោកបានបន្ថែមទៀតថា៖ «វាជាការពិត ដែល​វៀតណាម​​បាន​ជួយ​សង្គ្រោះយើង ពីកណ្តាប់ដៃខ្មែរក្រហម។» តែជារឿងមួយពិបាក សំរាប់ទស្សនិកជនខ្មែរ ក្នុងការ​ទទួល​យក ពីព្រោះថា អ្នក​រំដោះពួកគេ ក៏ជាសត្រូវប្រវត្តិសាស្ត្ររបស់ពួកគេដែរ។

ពីឆ្វេងទៅស្ដាំ អ្នកស្រីឌី សាវេត លោកលី ប៊ុនយីម និងលោកអ៊ីវង់ ហែម

គ្មានទេការសងសឹក!

នៅឆ្នាំ ១៩៩០ ប្រទេសកម្ពុជាបានចាប់ផ្ដើមរស់រានមានជីវិតឡើងវិញ នៅសឹងគ្រប់វិស័យ។ បន្ទាប់ពីបាន​រួច​ផុត ពីការហាមឃាត់ នៅក្នុងរបបកុម្មុយនីស លោក អ៊ីវង់ ហែម បានផលិតចេញនូវខ្សែភាពយន្តមួយ មាន​ចំណងជើងថា «មហិច្ចតាបីសាច» ដែលដកស្រង់ពីរឿងព្រេងខ្មែរ។ អ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុ សំរាប់ថតរឿងនេះ គឺខ្មែរដែលរស់នៅឯនាយ សមុទ្រ។ ខ្សែភាពយន្តនេះបានបកស្រាយ អំពីការសងសឹក៖ មានមហេសីស្ដេច​មួយអង្គ បានលង់ស្រលាញ់ធ្មប់ប្រុសម្នាក់ រហូតមានផ្ទៃពោះ។ ស្តេចមានសេចក្តីក្រេវក្រោដយ៉ាងខ្លាំង ហើយ​បានប្រហារជីវិតមហេសីនោះ ប៉ុន្តែព្រះមហេសីនោះ នៅតែប្រសូតបានបុត្រមួយ ដែលមានរូបរាង​ជា​បីសាច។ រាជបុត្រា​ស្នងរាជ ក៏បានលង់ស្នេហ៍នឹងបីសាចនេះទៀត ហើយ ក៏បង្កើតបានកូនបីសាច​ម្នាក់​ទៀត។ ជា​សារ​មួយ ដែលឆ្លុះអោយឃើញយ៉ាងច្បាស់៖ នៅប្រទេសកម្ពុជាដែលកាន់ ព្រះពុទ្ធសាសនា​ជា​យូរ​មក​ហើយ​នោះ ការសងសឹកមិនដូចជាចំណី ដែលត្រូវតែទទួលទានភ្លាមៗ ទាំងត្រជាក់ឬក្ដៅនោះទេ។

លោក អ៊ីវង់ ហែម បានបញ្ជាក់ថា៖ «យើងត្រូវចេះអធ្យាស្រ័យគ្នា ហើយខ្មែរក្រហមក៏ជាខ្មែរដែរ។ ការសង​សឹកទៅវិញទៅមក វានឹងក្លាយជាសង្គ្រាម ហើយយើងភ័យខ្លាចនឹងសង្គ្រាមណាស់។»

សមិទ្ធិករភាពយន្តខ្មែរទាំងបីរូប

ខ្សែភាពយន្តរឿង «ស្រមោលអន្ធការ» និង «មហិច្ចតាបីសាច» គឺជាខ្សែភាពយន្តតែពីរខ្សែគត់ដែលលោក អ៊ីវង់ ហែម បាន ថតប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកមានគំរោងផ្សេងទៀតជាច្រើន។ ប៉ុន្តែលោកបដិសេធ មិនផលិតអោយចេញជារូបរាង ដោយធ្លោយជាសំដីថា «វាមានហនិភ័យច្រើនជ្រុល។» ខ្មែរក្រហមបាន​បំផ្លាញ​នូវសិល្បះទី៧ដល់ឬសគល់ ហើយសព្វថ្ងៃ ច្បាប់រក្សាសិទ្ធ និងការពារកម្មសិទ្ធបញ្ញា​ នៅខ្វះចន្លោះ លំហូរចូលដោយខ្វះការត្រួតពិនិត្យ នៃភាពយន្ដបរទេស និងការ ករកើតនៃផលិតកម្មវីដេអូតូចៗជាច្រើន ជា​ហេតុធ្វើអោយប៉ះពាល់ដល់ការរស់រានមានជីវិតនៃវិស័យភាពយន្ដ។ លោក លើកឡើងដូច្នេះថា៖  «បើ​អ្នក​ខំប្រឹងថតកុន ដោយប្រើបច្ចេកវិទ្យាទំហំ ១៦មម នៅថ្ងៃនេះ តែនៅថ្ងៃស្អែក អ្នកនឹងឃើញ សមិទ្ធិផលរបស់​អ្នកនេះ មានគេលួចចម្លងដាក់លក់ ក្នុងតំលៃតែ២ដុល្លាប៉ុណ្ណោះ នៅក្នុងទីផ្សារនានា នៃទីក្រុងភ្នំពេញ។» ជា​មូលហេតុចំបងមួយ ដែលសូម្បីតែលោក លី ប៊ុនយីម សមិទ្ធិករជើងចាស់ដែរនោះ ក៏លោកមិន​ផលិត​ឡើង​វិញដែរ។  នៅទីក្រុងភ្នំពេញ មានរោងភាពយន្តចាស់ៗប្រមាណជាបី ទៅបួនរោងប៉ុណ្ណោះ ដែលបញ្ចាំង​ភាពយន្ដ​មកពីថៃ រឺ ចិនហុងកុង។

នៅក្នុងកិច្ចពិភាក្សាមួយ ទាក់ទងនឹងខ្សែភាពយន្ត ប្រព្រឹត្តិឡើងនៅសកលវិទ្យាល័យភូមិន្នភ្នំពេញ និស្សិត​ម្នាក់​បានត្អូញថា «ក្រៅពីម៉ោងបញ្ចាំង ដែលជារឿយៗយឺតជាងម៉ោងកំណត់នោះ នៅក្នុងរោងកុន​មាន​សភាព​​ក្តៅ​ស្អុះស្អាប់ ហើយតំលៃសំបុត្រ ក៏ថ្លៃណាស់ដែរ (ពី២៥០០រៀល ទៅ ៥០០០រៀង)។ តែបើខ្ញុំ​ជួល​កាសែតវិញ ខ្ញុំចំណាយត្រឹមតែ ៥០០រៀលប៉ុណ្ណោះ ហើយខ្ញុំអាចទុកវាដល់ទៅមួយសប្តាហ៍។»

ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌របស់ប្រទេសកម្ពុជា បានរៀបរាប់ក្នុងកាសែត​ភ្នំពេញប៉ុស្តិ ប៉ុន្មានថ្ងៃ​មុនការបើកមហោស្រព ប៊ីយាំងណាល់ (Biennale) នោះថា៖ «ព្រះមហាក្សត្រតែមួយអង្គគត់ ដែល​ហ៊ានផលិតខ្សែភាពយន្ត។ ចំណែក ឯ សមិទ្ធករដទៃទៀត ត្រូវមានអាជីពផ្សេងទៀត ដើម្បីរស់។» ចន្លោះពី​ឆ្នាំ ១៩៦៦ ដល់១៩៩៥​ ព្រះរាជបល័ង្គ ផលិតភាពយន្តបានចំនួន២៤ ។ មានខ្សែភាពយន្តខ្លះ មាន​លក្ខណៈ​ជា​ភាពយន្ដស្នេហា ហើយមានរយៈពេល ដល់ទៅបួនម៉ោង។ ពាក្យសន្ទនា ក្នុងខ្សែភាពយន្តមាន​លក្ខណៈ​យឺតៗ ហើយតួសម្តែងភាគច្រើន សុទ្ធតែជាព្រះញាតិវង្ស រឺមន្ត្រីជាន់ខ្ពស់។ ដោយត្រូវគេវាយប្រហារ​ជា​ញឹក​ញាប់ ​ទៅ​លើគុណភាពសិល្បៈរបស់ទ្រង់ ព្រះមហាក្សត្រ នរោត្តមសីហនុ តែង​បានការពារព្រះអង្គ​ឯងថា៖ «ភាពយន្ត​ទាំងនេះ សុទ្ធសឹងជាខ្សែភាពយន្តឯកសារ»។

ទោះបីនៅពេលនោះ លោកមានអាយុ ៥៥ឆ្នាំហើយក៏ដោយ លោក អ៊ីវង់ ហែម នៅតែរក្សាក្តីសង្ឃឹម​របស់​លោកជានិច្ច។ រូបលោក និងលោក លី ប៊ុនយីម បានកំពុងបង្វឹកក្មេងជំនាន់ក្រោយ ប្រហែលជា ៣០នាក់ ដោយ​ឥតបង់ថ្លៃ  នៅនឹងគេហដ្ឋានរបស់លោក អ៊ីវង់ ហែម។ លោក អ៊ីវង់ ហែម ទទួលបន្ទុកបង្ហាត់ក្មេងៗ ដែល​មាន​បំណងចង់ក្លាយជាសមិទ្ធិករ ភាពយន្ដ ឯលោក លី ប៊ុនយីម បង្ហាត់ផ្នែកនាដកម្មដល់សិស្ស​ដទៃ​ទៀត។ លោក​ទាំងពីររូបនេះបានអះអាងថា៖ «ការផលិត ភាពយន្តជារឿងមួយ តែបង្ហាត់ក្មេងជំនាន់ក្រោយ ជា​អាទិភាព​របស់​ពួកយើង ដែលយើងត្រូវធ្វើ» ហើយវាជាសាលាភាពយន្ដ តែមួយគត់នៅក្នុង​ប្រទេស​កម្ពុជា។

ក្នុងចំនោមសមិទ្ធិករភាពយន្តប្រមាណជា១៨០នាក់ ដែលយើងបានស្គាល់ក្នុងទសវត្សឆ្នាំទី៦០ មានតែ​៣នាក់​​ប៉ុណ្ណោះ (លោក អ៊ីវង់ ហែម លោកលី ប៊ុនយីម និងលោក ម៉ៅ អាយុទ្ធ) ដែលនៅបន្តធ្វើការ នៅក្នុង​វិស័យ​ភាពយន្ត។ ចំណែកឯ សមិទ្ធិករដទៃទៀតបានស្លាប់ និងខ្លះទៀតបាននិរទេសខ្លួន​ទៅរស់នៅក្រៅ​ប្រទេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...