ហ៊ុន សែន ថា​កម្ពុជា​មាន​ចិន​ច្រើន ព្រោះ​ការដ្ឋាន​សំណង់​ចិន​ច្រើន

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទទួលស្គាល់ថា កម្ពុជាពិតជាមានជនជាតិចិន យ៉ាងច្រើនសន្ធឹកសន្ធាប់មែន។ ប៉ុន្តែលោកបានអះអាងថា ចំនួនបណ្ដាជនចិន ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ បណ្ដាលមកពីចិន មានការដ្ឋានសាងសង់ច្រើន នៅកម្ពុជា។
ហ៊ុន សែន ថា​កម្ពុជា​មាន​ចិន​ច្រើន ព្រោះ​ការដ្ឋាន​សំណង់​ចិន​ច្រើន
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៧ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 07, 2018
  • ប្រធានបទ: ចំណងខ្មែរចិន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរិះគន់ទាំងឡាយ ជុំវិញវត្តមានរបស់ជនជាតិចិន ដ៏សន្ធឹកសន្ធាប់ នៅកម្ពុជា ជាការច្រណែនរបស់ជនបរទេសផ្សេងទៀត ដែលមិនមានការដ្ឋានសាងសង់ច្រើននៅក្នុងប្រទេសកម្ពុជា ដូចប្រទេសចិន។ នេះ ជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តបទៅនឹង​ការលើកឡើង​ជាបន្តបន្ទាប់ ក្នុងពេលប៉ុន្មានសប្ដាហ៍នេះ ជុំវិញការចូលមកកំសាន្ដ ឬតាំងទីលំនៅ របស់បណ្ដាជនចិន នៅក្នុងប្រទេសកម្ពុជា ដែលហាក់មិនបានផ្ដល់ប្រយោជន៍ ច្រើនណាស់ណា សម្រាប់ពលរដ្ឋកម្ពុជា ដែលជាម្ចាស់ស្រុកនោះទេ។

សម្រាប់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា ជនជាតិចិន​ដែលចូលមករស់នៅ យ៉ាងសន្ធឹកសន្ធាប់នោះ បណ្ដាលមកពីប្រទេសចិន មានការដ្ឋានសំណង់យ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា។ លោកបន្ត​អះអាងទៀតថា ប្រទេសផ្សេងទៀត ដែលចង់ឲ្យជនជាតិខ្លួន ចូលមករស់នៅក្នុងប្រទេសកម្ពុជា ដ៏ច្រើនសន្ធឹកសន្ធាប់ដែរនោះ ត្រូវមកបើកការដ្ឋានឲ្យច្រើន ដូចចិនដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បុរសខ្លាំងកម្ពុជាបានអះអាងថា៖ «ការដ្ឋានរាប់សិប បើបូកទាំងវិនិយោគអីផង ការដ្ឋានដល់រយ ចុះមិនឲ្យចិនច្រើនអាម៉េច? ប្រទេសដទៃទៀត បើចង់មកច្រើន វាទាល់តែមកបើកការដ្ឋានច្រើនដូចគ្នា វាច្រើនហើយ វាមានស្អីទៀត។ ដល់ទៅឃើញចិនមកច្រើន មកច្រណែនឯចិនឯណេះទៅវិញ។»។

លោក ហ៊ុន សែន បានលើកអំណះអំណាងរបស់លោក មកបញ្ជាក់ដូច្នេះ៖ «វាសុទ្ធតែថា កម្ពុជាដឹកនាំប្រទេស ទៅជិតចិន។ ចុះបើចិនវាស្រួល ជាមួយខ្ញុំ មិនឲ្យទៅជិតគ្នាអាម៉េច? អ្នកខ្លះ យើងគ្រាន់តែសុំធ្វើមិត្ត ខ្ញុំប្រាប់ថា ខ្ញុំគ្រាន់តែសុំអ្នកឯងធ្វើមិត្ត ម៉េចក៏ពិបាកម្លេះ? ឯចំពោះខ្ញុំ ទៅជាមួយនឹងមិត្តចិន ប្រទេសចិនជាប្រទេសធំ ដែលមានប្រជាជនច្រើនជាងគេ នៅលើពិភពលោកនេះ ប៉ុន្តែគេអត់បានគិតថា យើងជាប្រទេសតូច ហើយមានសំដីទន់ទាបនោះទេ ហើយគេលើកកម្រិតរបស់យើង ភាពជាដៃគូគ្នា ស្មើភាពគ្នា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...