រវាងអ័បផល និងស៊ាមស៊ុង៖ សង្គ្រាមយុត្តិធម៌ ដ៏ធំមួយនៃបច្ចេកវិទ្យា

នេះជា​ សវនាការដ៏ធំមួយ មិនដែលធ្លាប់រៀបចំពីមុន នៅសហរដ្ឋអាមេរិក នៅក្នុងសំនុំរឿងបច្ចេកវិទ្យា និងកម្មសិទ្ធបញ្ញា ដែលជាការប្រឈមមុខដាក់គ្នារវាង ក្រុមហ៊ុនយក្សពីរ ក្នុងពិភពលោក គឺអ័បផល (Apple) និងស៊ាមស៊ុង (Samsung)។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 31, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជា​ សវនាការដ៏ធំមួយ មិនដែលធ្លាប់រៀបចំពីមុន នៅសហរដ្ឋអាមេរិក នៅក្នុងសំនុំរឿងបច្ចេកវិទ្យា និងកម្មសិទ្ធបញ្ញា ដែលជាការប្រឈមមុខដាក់គ្នារវាង ក្រុមហ៊ុនយក្សពីរ ក្នុងពិភពលោក គឺអ័បផល (Apple) និងស៊ាមស៊ុង (Samsung)។ មនោរម្យព័ងអាំងហ្វូ នឹងលើកយកសំនួរចំនួនប្រាំ មកចោទ ដើម្បីស្វែងរកចំលើយ។ សូមតាមដានដូចតទៅ៖


អាយហ្វូន (iPhone) របស់អ័បផល និងស៊ាមស៊ុង ហ្គាឡាស៊ី (Samsung Galaxy) របស់ស៊ាមស៊ុង។

ហេតុអ្វី ក៏ក្រុមហ៊ុនទាំងពីរ ប្រឈមមុខគ្នា នៅចំពោះតុលាការសហព័ន្ធ នៃទីក្រុង សាន ជូហ្សេ (San José) ចាប់តាំងពីថ្ងៃច័ន្ទទី៣០កក្កដានេះទៅ?

ម្ខាងៗចោទម្ខាងទៀត ថាបានរំលោភលើ សិទ្ធបញ្ញា សលាកប័ត្របច្ចេកវិទ្យា ដែលទាក់ទងនឹង ផលិតផលដ៏ល្បីៗ របស់ ក្រុមហ៊ុនទាំងពីរ៖

១) ទូរស័ព្ទដៃ គឺ អាយហ្វូន (iPhone) និងស៊ាមស៊ុង ហ្គាឡាស៊ី (Samsung Galaxy)
២) ក្ដាបញ្ជា គឺ អាយផាដ (iPad) និង ហ្គាឡាស៊ី ថេប (Galaxy Tab)។

អ័បផល ចង់បង្ហាញអោយឃើញ ពីរូបរាងខាងក្រៅរបស់ ផលិតផលស៊ាមស៊ុង ថាបានធ្វើដូចសឹងតែស្រុង នឹងផលិតផល របស់ខ្លួន ហើយថាការដែលមានរូបរាងដូចនេះ មិនជារឿងចៃដន្យនោះទេ។ បើតាមអ័បផល បានចោទក្រុមហ៊ុនស៊ាមស៊ុង ថាមានឆន្ទះ ចម្លងរូបរាង យកតាមផលិតផល អ័បផល ដែលទទួលបានជោគជ័យកន្លងមក ដោយសារតែរូបរាងខាងក្រៅ នេះ។ អ័បផល អះអាងថា ខ្លួនមានភស្តុតាង បញ្ជាក់ពីឆន្ទះ នៃការលួចចម្លងនេះ។ អ័បផល បានចោទស៊ាមស៊ុងទៀតថា បានលួចយករបៀបពង្រីករូបថត​ ដោយគ្រាន់តែប្រើម្រាមដៃទាញ នៅក្នុងទូរស័ព្ធដៃរបស់ខ្លួន។ ការលួចចម្លងនេះ បាន អនុញ្ញាតិអោយស៊ាមស៊ុង លក់ផលិតផលទូរស័ព្ទរបស់ខ្លួន បានយ៉ាងច្រើនលើសលប់ បម្បាក់ការលក់ផលិតផល របស់ អ័បផល  ដែលគិតជាទឹកប្រាក់ ជាច្រើនលានដុល្លា ត្រូវបានខាតបង់។

ចំណែកខាងស៊ាមស៊ុងវិញ បាននិយាយថា ខ្លួនបានចាប់ផ្ដើមវិស័យទូរគមនាគមន៍ តាំងពីឆ្នាំ ១៩៩១ រីឯអ័បផល ដែលទើប នឹងចាប់ផ្ដើមវិស័យនេះ នៅ២០ឆ្នាំក្រោយមកប៉ុណ្ណោះនេះ នឹងមិនអាចលក់ ទូរស័ព្ទអាយហ្វូនណាមួយរបស់ខ្លួន ដោយមិន ប្រើបច្ចេកវិទ្យា របស់ស៊ាមស៊ុងនោះទេ។ ស៊ាមស៊ុង បានចោទអ័បផល ថាបានរំលោភលើ សលាប័ត្រអនុញ្ញាតិ នៃបច្ចេក-វិទ្យារបស់ខ្លួនចំនួន៥ ដែលទាក់ទងទៅនឹងទូរគមនាគមន៍ចល័ត​ ហើយថាខ្លួនបានបង្កើតគំនិត ពីគំនូសវាសរូបរាងខាងក្រៅ របស់ទូរស័ព្ទនេះមុនអ័បផល។ រូបរាងខាងក្រៅនេះ មានលក្ខណៈជាទូរស័ព្ទរាងមូល នៅជ្រុងសងខាង ជាមួយនឹងកន្លែង ចុចមួយ នៅចំកណ្ដាល គឺជាអ្វី ដែលអ័បផលបានចោទស៊ាមស៊ុងថា បានលួចចម្លងពីខ្លួន។ ស៊ាមស៊ុង បានចោទបកទៅ អ័បផលវិញថា គឺអ័បផលទៅវិញទេ ដែលបានលួចគំនិតរបស់​ សូនី (Sony) ពីការបង្កើតរូបរាងខាងក្រៅនេះ ដោយបាន រកឃើញថា អ័បផលមានផ្ទុកឯកសារមួយដែលមានរូបសញ្ញា សូនី នៅក្នុងក្រុមហ៊ុន។ ស៊ាមស៊ុងបានអះអាងថា អ័បផល បានទទួលស្គាល់ពីខ្លួនឯង ដែលមិនបានប្រើប្រាស់គំនិត ក្នុងការរកបច្ចេកវិទ្យាថ្មីៗនោះទេ តែថា​បានប្រើប្រាស់គំនិត ក្នុង ការខិតខំបង្កើនការលក់ ផលិតផលខ្លួនឯងអោយបានច្រើនទៅវិញ។ ការរំពឹងគិតរបស់ស៊ាមស៊ុង បានអោយដឹងថា អ្វីដែល អ័បផលកំពុងធ្វើសព្វថ្ងៃក្នុងការប្ដឹងស៊ាមស៊ុង គឺអ័បផលចង់តថ្លៃជាទឹកប្រាក់យ៉ាងហួសហេតុមួយ ជាមួយនឹងស៊ាមស៊ុង។

តើអ័បផល និងស៊ាមស៊ុងទាមទារចង់បានអ្វី?

អ្នកដែលបានដាក់ពាក្យប្ដឹងមុនគេ គឺអ័បផល នៅខែមេសាឆ្នាំ២០១១។ ស៊ាមស៊ុង បានប្ដឹងបកវិញភ្លាម នៅពេលនោះ។ ទោះបីថា អ័បផលបានទិញ គ្រឿងក្នុងខ្លះពីស៊ាមស៊ុង និងទោះជាមានការបង្ខំពី តុលាការអោយមានការជួបគ្នា រវាងថ្នាក់ ដឹកនាំក្រុមហ៊ុនទាំងពីរក៏ដោយ ក៏ក្រុមហ៊ុនយក្ស ឯកទេសខាងបច្ចេកវិទ្យាទាំងពីនេះ មិនបានរកឃើញផ្លូវកណ្ដាលមួយ សំរាប់ដោះស្រាយបញ្ហានោះទេ។

ថ្ងៃនេះអ័បផល ប្ដឹងទាមទារទឹកប្រាក់ពីស៊ាមស៊ុង ចំនួន២,៥កោដដុល្លា ដោយសុទ្ធសឹងជាជំងឺចិត្តដែល ស៊ាមស៊ុងបានលួច ចម្លង រូបរាងខាងក្រៅ សលាកប័ត្រអនុញ្ញាតិ នៃផលិតផលរបស់ខ្លួន។ ទឹកប្រាក់នេះ នឹងអាចត្រូវចៅក្រមបង្កើនឡើងបីដង ប្រសិនបើចៅក្រមរកឃើញថា ស៊ាមស៊ុងមានកំហុសមែននោះ។

ចំណែកឯស៊ាមស៊ុង នៃប្រទេសកូរ៉េខាងត្បូងវិញ បានទាមទារពីអ័បផលវិញ នូវជំងឺចិត្ត ដែលក្រុមហ៊ុនអាមេរិកាំងនេះ បាន រំលោភលើសលាកប័ត្រអនុញ្ញាតិ នៃបច្ចេកវិទ្យា ៣ហ្សេ (3G) របស់ខ្លួន  ជាទឹកប្រាក់ប្រមាណជា ២,៤% ពីរាល់ការលក់ ផលិតផល អាយហ្វូនឬអាយប៉ាដ មួយៗ។


ក្ដាបញ្ជា គឺ អាយផាដ (iPad) របស់អ័បផល និង ហ្គាឡាស៊ី ថេប (Galaxy Tab) របស់ស៊ាមស៊ុង។

ហេតុអ្វីក៏សវនាការនេះ មានសភាពស្រួចស្រាវខ្លាំងម្លេះ?

តាមលោកមេធាវី ផូក វ៉ាន័រ (Polk Wagner) ជាសាស្រ្តាចារ្យជំនាញខាងច្បាស់កម្មសិទ្ធបញ្ញា និងសលាកប័ត្រអនុញ្ញាតិ នៅ សកលវិទ្យាល័យ ផេលស៊ីលវ៉ានី (Pennsylvanie) បាននិយាយថា នេះជាសវនាការ ដ៏ធំជាងគេបង្អស់ ក្នុងចំណោម សវនាការផ្សេងទៀត ដែលបានរៀបចំធ្វើ ទាក់ទងនឹងសំនុំរឿងសលាប័ត្រអនុញ្ញាតិ នៅសហរដ្ឋអាមេរិក។ សវនាការមួយ ដែលមានទំហំធំដែរ បានរៀបចំធ្វើកាលពីអំឡុងឆ្នាំ១៩៨០ ដែលកាលនោះមានក្រុមហ៊ុនពីរដែលបានប្ដឹងទាស់គ្នា គឺកូដាក់ (Kodak) និងប៉ូឡារ៉ដ (Polaroid)។

ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនអ័បផល និងស៊ាមស៊ុងទាំងពីរនេះ ជាក្រុមហ៊ុននាំមុខគេ ក្នុងការលក់ផលិតផលទូរស័ព្ទចល័ត ក្នុងពិភពលោកនេះ។ ការប្ដឹងផ្ដល់នេះ ទាក់ទងនឹង ទឹកប្រាក់រាប់ពាន់លានដុល្លា និងមុខមាត់របស់ក្រុមហ៊ុនរៀងៗខ្លួន ដែលនឹងអាចបាត់បង់។ នៅក្នុងប្រវត្តិសាស្រ្ត មិនដែលមានសវនាការណាមួយ ដែលមានការជជែក យ៉ាងជ្រៅជ្រះ ពី សលាកប័ត្រអនុញ្ញាតិ និងពីកម្មសិទ្ធបញ្ញាយ៉ាងដូច្នេះទេ។ ហើយនៅលើកនេះ រាល់ប្រភេទសលាកប័ត្រ និងកម្មសិទ្ធបញ្ញា ទាំងឡាយ នឹងត្រូវគេយកមក បញ្ជាក់អោយច្បាស់ នៅចំពោះមុខតុលាការ។

តើនឹងមានរឿងអ្វីកើតឡើង ក្នុងករណីក្រុមហ៊ុនណាមួយចាញ់?

ទឺកប្រាក់រាប់សិបពាន់លានដុល្លា នឹងត្រូវភាគីចាញ់បង់ទៅអោយ ភាគីឈ្នះក្ដី។

តែបើសិនជាស៊ាមស៊ុងចាញ់ក្ដី ក្រុមហ៊ុននេះ នឹងមិនអាចលក់ផលិតផលរបស់ខ្លួន ទាំងទូរស័ព្ទដៃ ហ្គាឡាស៊ី​ និងក្ដាបញ្ជា ហ្គាឡាស៊ី ថេប របស់ខ្លួន នៅលើទឹកដីអាមេរិក បានតទៅទៀតទេ។ ការហាមឃាត់នេះ នឹងក្លាយជាវិនាសកម្មមួយដ៏ធំ សម្រាប់ស៊ាមស៊ុង ដែលផលិតផលហ្គាឡាស៊ី ថេប របស់ខ្លួននេះ ត្រូវបានប្រទសខ្លះនៅអ៊ឺរ៉ុប ហាមឃាត់រួចទៅហើយ។ ប្រភេទទូរស័ព្ទដៃ ហ្គាឡាស៊ី អេស្ស៣ (Galaxy S3) និងមិនជាប់ទាក់ទង នឹងសវនាការនេះទេ។ តែបើអ័បផលឈ្នះក្ដី អ័បផលនឹងអាច ប្ដឹងទាមទារមិនអោយលក់ផលិតផលនេះ ក្នុងទឹកដីអាមេរិកបានថែមទៀត។

ក្នុងករណីដែលស៊ាមស៊ុងឈ្នះក្ដី អ័បផលនឹងត្រូវបង់ប្រាក់ ថ្លៃសលាកប័ត្រអនុញ្ញាតិ ទៅអោយក្រុមហ៊ុននៃប្រទេសកូរ៉េ ខាងត្បូងមួយនេះ ហើយត្រូវតទល់ជាមួយ គូប្រជែងដ៏ធំរបស់ខ្លួននេះ នៅលើទីផ្សារតទៅអនាគត។

តើភាគីណា​ ដែលមានសង្ឃឹម នឹងឈ្នះសង្គ្រាមស្មារក្ដីនេះ ច្រើនជាងគេ?

តាមមេធាវីម្នាក់នៅទីក្រុងវ៉ាស៊ិនតោន បានបញ្ជាក់ថា ក្រុមហ៊ុនអ័បផលរបស់អាមេរិក នឹងមានលក្ខណៈសម្បត្តិច្រើន ក្នុង ការប្ដឹងផ្ដល់នេះ ដែលបានធ្វើក្នុងទឹកដីរបស់ខ្លួន ហើយក្នុងពេលបច្ចុប្បន្ននេះ ស៊ាមស៊ុង ស្ថិតនៅក្នុងស្ថានភាពអាក្រក់មួយ ច្រើនជាងអ័បផល។ ចៅក្រម លូស៊ី ខូហ (Lucy Koh) ដែលមានឯកទេស និងទទួលបន្ទុករឿងនេះ បានផ្អាករួចទៅហើយ ការលក់ចេញ នូវផលិតផលខ្លះៗ របស់ស៊ាមស៊ុង។ រឿងមួយទៀតដែលសំខាន់ គឺស៊ាមស៊ុង បានខ្ជីខ្ជា  ក្នុងការធ្វើអោយ បាត់ភស្ដុតាងមួយ ដែលជាសារអេឡិចត្រូនិក ផ្ញើរទៅនៅពេល ចាប់ផ្ដើមសវនាការលើកដំបូង។

តែមិនទាន់មានលទ្ធផលថា យ៉ាងដូចម្ដេចនៅឡើយទេ។ ហើយសវនាការលើកនេះ ដែលនឹងវិនិច្ឆ័យមើល អ្នកចាញ់ឈ្នះ នោះ នឹងត្រូវប្រើរយះពេលរហូតដល់ទៅ ៤សប្ដាហ៍។ ជាសង្រ្គាមយុត្តិធម៌មួយ ដែលក្រុមហ៊ុនបង្កើតផលិតផលនានា ដោយ ប្រើគំនិតបញ្ញាផ្ទាល់ខ្លួន ក្នុងពិភពលោកត្រូវយកមកប្រើ ដើម្បីការពារផលិតផលរបស់ខ្លួន ទល់នឹងការលួចចម្លង និងការ ផលិតណាមួយដោយគ្មានការអនុញ្ញាតិពីម្ចាស់ដើមនោះ៕

-------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...