ហ៊ុន សែន ជា​«ប្រធានាធិបតី» បើ​តាម​វិទ្យុ​បារាំង​អន្តរជាតិ

គួរឲ្យចង់តាមដានណាស់ ដែលមានសារព័ត៌មានបរទេស សរសេរពីប្រទេសកម្ពុជា... តែ... ! គេហទំព័ររបស់វិទ្យុបារាំងអន្តរជាតិ បានចេញផ្សាយអត្ថបទមួយ រាយការណ៍ពីបាតុកម្ម របស់ពលរដ្ឋខ្មែរ-អូស្ត្រាលី កាលពីម្សិលម៉ិញ ដោយសរសេរហៅលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា ថាជា​«ប្រធានាធិបតី»​ជាច្រើនដង។
ហ៊ុន សែន ជា​«ប្រធានាធិបតី» បើ​តាម​វិទ្យុ​បារាំង​អន្តរជាតិ
អត្ថបទហៅលោក ហ៊ុន សែន ថាជាប្រធានាធិបតី របស់គេហទំព័រវិទ្យុបារាំងអន្តរជាតិ ជាភាសាបារាំង។ (រូបថតផ្តិតពីអេក្រង់គេហទំព័រ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 17, 2018
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមមើលទៅ មិនមែនជាការច្រឡំទេ ហើយក៏មិនមែន ជាកំហុសអក្ខរាវិរុទ្ធនោះដែរ ព្រោះពាក្យ​«ប្រធានាធិបតី»​នេះ ត្រូវបានអត្ថបទនោះ សរសេរឡើងវិញ ចំនួនដល់ទៅ៣ដង ដោយរាប់ទាំង​ចំណងជើង​អត្ថបទផង។ អត្ថបទរបស់គេហទំព័រ វិទ្យុបារាំងអន្តរជាតិ ជាភាសាបារាំងនោះ ដាក់ចំណងជើងដូច្នេះថា «អូស្ត្រាលី៖ បាតុកម្មប្រឆាំងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកម្ពុជា»។

អត្ថបទនោះ មិនបានបញ្ជាក់ ពីឈ្មោះអ្នកសរសេរទេ ដោយគ្រាន់តែដាក់ថា សរសេរដោយ «RFI» នៅផ្នែកខាងលើ នៃអត្ថបទប៉ុណ្ណោះ។ ក្នុងតួអត្ថបទ អ្នកសរសេរ បានហៅលោក ហ៊ុន សែន ជាប្រធានាធិបតី ជាលើកទីពីរថា៖ «នៅអូស្ត្រាលី ការបើកជំនួបកំពូលអាស៊ាន ត្រូវបានកត់សម្គាល់ នៅថ្ងៃសុក្រទី១៦ ខែមីនានេះ ដោយបាតុកម្ម របស់សហគមន៍ខ្មែរ នៅទីនោះ។ មនុស្សច្រើនរយនាក់ បានប្រមូលគ្នីគ្នា ដើម្បីបរិហារពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកម្ពុជា លោក ហ៊ុន សែន - ការគម្រាមរបស់លោក ប្រឆាំងនឹងពលរដ្ឋដើមកំណើតខ្មែរ និងបរិហារពីជំហាន​ទៅរកភាពផ្ដាច់ការ នៃរបបដឹកនាំ នៅពេលការបោះឆ្នោតជាតិ ជិតឈានមកដល់ នៅខែកក្កដាខាងមុខ។»។

ខណៈការហៅ ជាលើកទីបី គឺនៅត្រង់ការដកស្រង់សំដី របស់លោក ហ៊ុន សែន ដែលថ្លែងការពីមួយខែមុន គម្រាម«តាមវាយដល់ផ្ទះ» ទៅលើនរណាក៏ដោយ ដែលហ៊ានធ្វើបាតុកម្ម និងដុតរូបទីងមោង ដែលតំណាងឲ្យរូបលោកនោះ។ អត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ បានសរសេរបន្តថា៖ «ពាក្យសំដីប៉ុណ្ណេះ មិនបានបំបាក់ទឹកចិត្ត ពលរដ្ឋ​ខ្មែរច្រើនរយនាក់ មិនឲ្យធ្វើបាតុកម្ម ក្នុងថ្ងៃសុក្រនេះ ដើម្បីបរិហារពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកម្ពុជា នៅលើកោះអូស្ត្រាលីនោះទេ»។

ឱ! អ្នកសារព័ត៌មានអើយ មិនថាខ្មែរ ឬបារាំងទេ ហេតុម្ដេចឡើយ ក៏វេទនាម្លេះ? ហើយនេះ វាត្រឹមតែជាឋានៈ របស់មនុស្សម្នាក់សោះ... ព្រោះបើគេ​ធ្វើការរុករក​ស្រាវជ្រាវ តែមួយវិនាទី នៅលើ «Google» ឬ «Bing» គេនឹងដឹងភ្លាម ថាលោក ហ៊ុន សែន ជា«នាយករដ្ឋមន្ត្រី» ដែលអ្នកសារព័ត៌មាន​«ច្បាស់លាស់»​ខ្លះ ដាក់នាមបន្ថែមឲ្យថា ជានាយករដ្ឋមន្ត្រី​«ដ៏ចាស់វស្សា» «មិនរង្គើពីអំណាច» «ចាក់ឫស» ឬ​«ដែលកាន់អំណាច​យូរជាងគេ នៅអាស៊ី»​​នោះឯង៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...