តុលាការខ្មែរក្រហម៖ ចៅក្រមថ្មី ត្រូវបានតែងតាំង សំរាប់សំនុំរឿងចំរូងចំរ៉ាស់

ការតែង តាំងមួយ ដែលនឹងអនុញ្ញាតិអោយ តុលាការកូនកាត់នេះ អាចបន្តដំណើរទៅមុខ នូវបេសកកម្មរបស់ខ្លួន ក្នុងការកាត់ទោស ឧក្រិដ្ឋជន ជាអ្នកទទួលខុសត្រូវ និងដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 31, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលាក្ដី ដែលទទួលបន្ទុក ក្នុងការកាត់ទោស អ្នកទទួលខុសត្រូវខ្មែរក្រហម បានប្រកាស កាលពីថ្ងៃច័ន្ទទី៣០កក្កដានេះ ពីការតែងតាំងថ្មីមួយ នូវចៅក្រមស៊ើបអង្កេតអន្តរជាតិម្នាក់ទៀត ដើម្បីចាត់ការក្នុងសំនុំរឿងពីរ ដែលនៅមានបញ្ហាយ៉ាង ចំរូងចំរ៉ាស់ បណ្ដាលអោយចៅក្រមពីររូបមុននេះ លាលែងចេញពីតំណែង។


លោក ម៉ាក ហារម៉ុន ក្នុងតុលាការអន្តរជាតិ នៅទីក្រុងឡាអេ កាលពីខែកក្កដា ឆ្នាំ២០០០។

ទីក្រុងភ្នំពេញបាន បដិសេធមិនទទួលយល់ព្រម ការតែងតាំងលើកមុន របស់អង្គការសហប្រជាជាតិ នូវចៅក្រមអន្តរជាតិ ជនជាតិស្វីស តែទីក្រុងភ្នំពេញ បានទទួលយល់ព្រមក្នុងពេលនេះ នូវការតែងតាំងចៅក្រមថ្មី  ជាជនជាតិអាមេរិកាំងឈ្មោះ ម៉ាក ហារម៉ុន (Mark Harmon)។ ការតែងតាំងនេះ ត្រូវបានបញ្ជាក់អោយដឹងជាសាធារណៈ នៅក្នុងសេចក្ដីប្រកាសផ្លូវការ មួយ របស់សាលាក្ដីដែលទ្រទ្រង់ ដោយអង្គការសហប្រជាជាតិមួយនេះ។ សេចក្ដីប្រកាសនោះ បានបន្ថែមថា វាជាការតែង តាំងមួយ ដែលនឹងអនុញ្ញាតិអោយ តុលាការកូនកាត់នេះ អាចបន្តដំណើរទៅមុខ នូវបេសកកម្មរបស់ខ្លួន ក្នុងការកាត់ទោស ឧក្រិដ្ឋជន ជាអ្នកទទួលខុសត្រូវ និងដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ។

លោក ម៉ាក ហារម៉ុន (Mark Harmon) បានធ្វើជារដ្ឋអាជ្ញា ចំនួនជាង ១៧ឆ្នាំ ក្នុងសាលាក្ដីអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ លោកបានក្លាយ ជាចៅក្រមស៊ើបអង្កេតអន្តរជាតិទីបីហើយ នៅក្នុងសាលាក្ដីខ្មែរក្រហម ក្នុងរយះពេល តែមួយឆ្នាំប៉ុណ្ណោះ ដែលត្រូវមកទទួលមុខងារ អោយចាត់ការលើសំនុំរឿង ដ៏ក្ដៅគគុកចំនួនពីរ ទាក់ទងនឹងកម្មាភិបាល ៥រូបបន្ថែមទៀត នៃរបបខ្មែរក្រហមប៉ុលពត។

គេបានរាយការណ៍ថា របបប៉ុលពត ដ៏ខ្មៅងងឺតនេះ បានសម្លាប់ប្រជាជនកម្ពុជាជាង ២លាននាក់ តែក្នុងអំឡុងពេល ពីឆ្នាំ ១៩៧៥ មកឆ្នាំ ១៩៧៩ប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុនសែន ដែលជាអតីតខ្មែរក្រហមមួយរូប តែបានងើបប្រឆាំងនឹងរបបនេះនៅឆ្នាំ១៩៧៩នោះ ធ្លាប់បានជំទាស់ដោយចំហរ ទៅនឹងរាល់ការបើក សំនុំរឿងណាផ្សេង ទៀត ក្រៅពីសំនុំរឿងដែលមានរួចមកហើយ ដែលសំរេចអោយ កាត់ទោសតែទៅលើ មេដឹកនាំខ្មែរក្រហមទាំងបីរូប សព្វថ្ងៃ។

ការលាចេញពីតំណែងលើកទីមួយ កាលពីខែតុលាឆ្នាំ២០១១ របស់លោកចៅក្រមជនជាតិអាឡឺម៉ង់ ឈ្មោះ ស៊ីងហ្វ្រៀល ប្លុង (Siegfried Blunk) បានបរិហាយ៉ាងធ្ងន់ៗ ពីគំនាប់សង្កត់របស់ ទីក្រុងភ្នំពេញ មកលើការងាររបស់តុលាការ ទាក់ទង់ នឹងសំនុំរឿងទាំងពីរនេះ។ បន្ទាប់មក អង្គការសហប្រជាជាតិ បានតែងតាំងចៅក្រមម្នាក់ផ្សេងទៀត ឈ្មោះ ឡូរ៉ង់ កាស្ពើរ អានស៊ែរមេត (Laurent Kasper-Ansermet) ជាជនជាតិស្វីស អោយមកជំនួយចៅក្រមលាលែងតំណែង។ ការតែងតាំង នេះ ត្រូវបានជំទាស់ដោយទីក្រុងភ្នំពេញ ហើយបានបង្ក អោយមានភាពតានតឹងយ៉ាងខ្លាំង រវាងរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជាតិ។

ទោះបីជាលោក បានប្ដជ្ញាចិត្តជាមុនថា នឹងធ្វើការស៊ើបអង្កេត នូវសំនុំរឿងទាំងពីរនេះ អោយបានក៏ដោយ ក៏ចៅក្រមស៊ើប អង្កេតអន្តរជាតិ ជនជាតិស្វីសនេះ បានបោះបង់ចោលមុខតំណែងនេះ ជាថ្មីម្ដងទៀត ដោយលោកបានចោទប្រកាន់ លោក ចៅក្រមស៊ើបអង្កេតជាតិ ពីការរារាំងមិនអោយការស៊ើបអង្កេត ធ្វើដំណើរទៅមុខបាន។

មេដឹកនាំខ្មែរក្រហម នៅជាប់ឃុំ ដែលភាពជរាណាស់ទៅហើយ ចំនួនបីរូប កំពុងត្រូវប្រឈមមុននឹងការកាត់ទោស ពីបទ ប្រល័យពូជសាស្រ្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋនៅក្នុងសង្គ្រាម។ រហូតមកដល់ពេលនេះ មានតែមេគុក ទួលស្លែងជំនាន់ខ្មែក្រហម ឈ្មោះ ឌុច តែម្នាក់ប៉ុណ្ណោះ ដែលទទួលបានការកាត់ទោស អោយជាប់ពន្ធធនាគារ អស់មួយ ជីវិត កាលពីដើមឆ្នាំនេះ៕

---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...