ពត៌មានបន្ថែម ពីការបាញ់សម្លាប់នៅកូឡូរ៉ាដូ៖ ជនសង្ស័យ បានពិនិត្យរោគចិត្តជាមុន

នៅក្នុងសវនាការ ការបង្ហាញនូវចរិកលក្ខណៈ ភាពជ្រួលច្រាល ភ្នែកបើកធំៗរបស់ ជេម ហូម្ស៍ បានធ្វើអោយមនុស្សជាច្រើនមានចម្ងល់ ដោយបានចោទជាសំនូរថា តើ ជេម ហូម្ស៍ ស្រវឹងថ្នាំ ឬវង្វេងស្មារតី ឬយ៉ាងណា ?
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជេម ហូម្ស៍ ជនសង្ស័យជាឃាតករ ដេលបានសំលាប់ ១២នាក់ និង៥៨នាក់ផ្សេងទៀត របួស កាលពីពាក់កណ្ដាល យប់ថ្ងៃ ព្រហស្បតិ៍ ចូលមកថ្ងៃសុក្រទី ២០កក្កដាមុន ត្រូវបានគេដឹងថា បានទៅជួបពិគ្រោះ ជាមួយនឹងអ្នកពិនិត្យរោគចិត្ត នៅមុន ពេលព្រឹត្តិការណ៍ដ៏សោកសៅនេះ។


ជនសង្ស័យ ជេម ហូម្ស៍ នៅចំពោះមុខតុលាការ

កាលពីថ្ងៃពុធទី២៥កក្កដានេះ កាសែតនៅអាមេរិក បានលើកបង្ហាញថា ជេម ហូម្ស៍ (James Holmes) បានផ្ញើរទៅអោយ អ្នកពិនិត្យរោគចិត្តរបស់គាត់ នូវកញ្ចប់មួយ។ នគរបាលម្នាក់បាននិយាយថា នៅក្នុងកញ្ចប់នោះ មានរូបគំនូរជាច្រើន និងសៀវភៅសរសេរមួយ ដែលពោរពេញដោយ ភាពលំអិតនៃរបៀប ដែល ជេម ហូម្ស៍ ប្រុងប្រៀបនឹងសម្លាប់មនុស្ស។ ហើយពត៌មានបន្ទាប់មកទៀត ត្រូវបានគេជជែកវែកញែកថា បើគេបានទទួល​កញ្ចប់ បានមុនយ៉ាងនេះហើយ តើគេគួរ អាចបញ្ជៀសឃាតកម្មបានដែរឬទេ?

ក្រុមមេធាវីរបស់ ជេម ហូម្ស៍ បានជំទាស់ទៅនឹងការលើកបង្ហាញ ពីកញ្ចប់នេះ ដោយបានលើកហេតុផលថា វាជាអំពើ រំលោភមួយ ទៅលើសិទ្ធិការពារដោយរដ្ឋធម្មនុញ្ញ របស់កូនក្ដីរបស់គាត់។ ពួកមេធាវីទាំងនេះ បានប្ដឹងសារទុក្ខ ថាអ្វីៗ ដែលមាននៅក្នុង កញ្ចប់ នឹងមិនអាចយកមកធ្វើជាសាក្សីបានឡើយ ដោយអះអាងថា «ជេម ហូម្ស៍ ជាអ្នកជំងឺរបស់ លោកវេជ្ជបណ្ឌិតរោគចិត្ត ហ្វេនតុន (Dr Fenton)។ ហេតុដូចនេះ អ្វីក៏ដោយដែលជា ការពិគ្រោះទោះជា នៅក្នុងរូបភាព ផ្ញើរជាកញ្ចប់ឬសំបុត្រក៏ដោយ ក៏ការពិគ្រោះនេះ ត្រូវបានការពារដោយ ច្បាប់រក្សាការសម្ងាត់វេជ្ជសាស្រ្ត។»

បង្ហាញខ្លួនជាលើកទីមួយ នៅចំពោះមុខតុលាការ កាលពីថ្ងៃច័ន្ទមុននេះ ជនសង្ស័យ ជេម ហូម្ស៍ ត្រូវឆ្លងកាត់ ការវាយតំលៃ ខាងផ្នែកចិត្តសាស្ត្រ មួយជាមុនសិន។ នៅក្នុងសវនាការ ការបង្ហាញនូវចរិកលក្ខណៈ ភាពជ្រួលច្រាល ភ្នែកបើកធំៗរបស់ ជេម ហូម្ស៍ បានធ្វើអោយមនុស្សជាច្រើនមានចម្ងល់ ដោយបានចោទជាសំនូរថា តើ ជេម ហូម្ស៍ ស្រវឹងថ្នាំ ឬវង្វេងស្មារតី ឬយ៉ាងណា ? ជេម ហូម្ស៍ អាចនឹងប្រឈមមុខនឹង ទោសប្រហាជីវិត ដោយច្បាប់របស់ សហរដ្ឋអាមេរិក។ តែគេត្រូវរងចាំ ពេលសវនាការលើកក្រោយនេះ ដែលចៅក្រមនឹងអាចធ្វើការចោទប្រកាន់ លើ ជេម ហូម្ស៍។

តុលាករនៅរដ្ឋកូឡូរ៉ាដូ ហាមមិនអោយពន្លេច របាយការណ៍ស៊ើបអង្កេត

សេចក្ដីសំរេចនេះ បានចេញដោយចៅក្រមម្នាក់ សំដៅហាមឃាត់ រាល់សមាជិកអ្នកស៊ើបអង្កេតទាំងអស់ មិនអោយ បញ្ចេញពត៌មានណាមួយទាក់ទងនឹង ការរកយុត្តិធម៌នៃសំនុំរឿងក្ដីនេះទេ។ ចៅក្រមនោះ ក៏បានហាម សកលវិទ្យល័យ កូឡូរ៉ាដូ មិនអោយផ្សាយពត៌មានសូម្បីបន្ដិច ទាក់ទងនឹងជនសង្ស័យ។

តាំងពីការបង្ហាញខ្លួន នៅក្នុងសវនាការរបស់ ជេម ហូម្ស៍ កាលពីថ្ងៃច័ន្ទនោះមក គេនៅមិនទាន់ដឹង ពីមូលហេតុអ្វីណាមួយ ដែលបានជម្រុញអោយជនសង្ស័យជាឃាតករ សំរេចចិត្តបាញ់ទៅលើជនរងគ្រោះយ៉ាងដូច្នេះនៅឡើយ។​ សូមអញ្ជើញ​ទស្សនាវិដេអូដែល ជេម ហូម្ស៍ ស្ថិននៅក្នុងសវនាការនេះ ដូចតទៅ៖

មានជនសង្ស័យម្នាក់ទៀត បានយកគំរូតាម តែត្រូវឃាត់ខ្លួនមុនទាន់

ជនសង្ស័យម្នាក់ទៀត ដែលស្នាក់នៅក្នុងរដ្ឋមីរីលែន (Maryland) ជិតទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក បានទូរស័ព្ទ ទៅគំរាម ថោកែរបស់ខ្លួន ដោយពាក្យមួយឃ្លានេះថា «ខ្ញុំជាកំពូលអ្នកលេង (Joker)» ដូចទៅនឹងអ្វីដែល ជេម ហូម្ស៍ បាន ធ្វើនៅកូឡូរ៉ាដូ។

នគរបាលបានចាប់ឃាត់ខ្លួនជននេះ នៅក្នុងគេហដ្ឋាន ជាមួយ នឹងការលាក់ទុកអាវុធជាច្រើន។ នាយនគរបាលម្នាក់ នៅ តំបន់នោះ​បានបកស្រាយប្រាប់អ្នកសារពត៌មានថា ជននេះ កំពុងតែត្រូវថៅកែរបស់គាត់ បណ្ដេញគាត់ចេញពីការងារ​ ហើយបានទូរស័ព្ទមកថៅកែនេះ ជាច្រើនដងថា «ខ្ញុំជាកំពូលអ្នកលេង។ ខ្ញុំនឹងច្រកគ្រាប់កាំភ្លើង ហើយបាញ់ទៅលើ អ្នក ទាំងអស់គ្នា។»

បន្ទាប់ពីបានទទួល ការជូនដំណឹង ពីពាក្យសំដីដែលគួរអោយបារម្ភនេះ ក្រុមនគរបាលបានចូលទៅឆែកឆេរ នៅក្នុងផ្ទះ របស់ជននេះ ហើយបានប្រទះឃើញ ប្រអប់លាក់ទុកអាវុធ និងបង់កាំភ្លើង យ៉ាងធំសម្បើមមួយ។ អាវុធប្រហែលជា២៥ដើម ត្រូវបានរកឃើញ ក្នុងនោះមានកាំភ្លើងដៃ និងកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ ព្រមជាមួយនឹង គ្រាប់រាប់ពាន់គ្រាប់ថែម ទៀតផង៕


អាវុធ និងបង់កាំភ្លើង ដែលរឹបអូសជាភស្ដុតាង ដោយនគរបាល រដ្ឋមីរីលែន។

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...