អតីត​ប្រធានាធិបតី​បារាំង វាយ​បក​ទៅ​ក្រុម កាដាហ្វី វិញ

លោក នីកូឡា សារកូហ្សី (Nicolas Sarkozy) អតីតប្រធានាធិបតីបារាំង បានចេញមុខមកប្រកាស ទៅលើកញ្ចក់ទូរទស្សន៍ ថា«គ្មានភស្ដុតាងរឹង»ណាមួយ អាចដាក់បន្ទុក លើរូបលោកទេ។ លោកនៅបានវាយបក ត្រឡប់ទៅ ក្រុមមនុស្សជំនិត របស់អតីតមេដឹកនាំ កាដាហ្វី វិញ ដោយហៅក្រុមនេះ ថាជាក្រុមម៉ាហ្វីយ៉ា ប្រកបដោយភាពពិសពុល។
អតីត​ប្រធានាធិបតី​បារាំង វាយ​បក​ទៅ​ក្រុម កាដាហ្វី វិញ
លោក នីកូឡា សារកូហ្សី និងលោក មូអាម៉ា កាដាហ្វី។ (រូបថត ឯកសារ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៣ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 23, 2018
  • ប្រធានបទ: នយោបាយបារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការថ្លែង របស់លោកអតីតប្រធានាធិបតី នីកូឡា សារកូហ្សី (Nicolas Sarkozy) នៅតាមកញ្ចក់ទូរទស្សន៍ ប៉ុស្ដ៍លេខ១ (TF1) របស់បារាំង ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរូបលោក បានចេញពីការឃាត់ខ្លួន ដើម្បីការអង្កេត រយៈពេល៤៨ម៉ោង ក្នុងសំនុំរឿងសង្ស័យ ទទួលថវិកាពីរបបលោក មូអាម៉ារ កាដាហ្វី (Mouammar Kadhafi) យកមកផ្គត់ផ្អង់ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០០៧នោះ។

លោក សារកូហ្សី បានថ្លែងឡើងថា៖ «ខ្ញុំត្រូវនិយាយការពិត ទៅកាន់ពលរដ្ឋបារាំង ថាខ្ញុំមិនដែលក្បត់ការទុកចិត្ត របស់ពួកគេ [មកលើខ្ញុំ] នោះ ទាល់តែសោះ»។ អតីតប្រធានាធិបតី បានថ្លែងខ្លាំងៗ តែខំទប់មិនឲ្យញ័រមាត់ ពីការបង្ហាញ នូវ«ជម្រៅដ៏សែនជ្រៅ នៃការផ្ទះកំហឹង» របស់លោក នៅក្នុងសំនុំរឿងនេះ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរក «ជ័យជំនះ សម្រាប់កិត្តិយស» របស់លោកឡើងវិញ។

លោកបានវាយបក ទៅក្រុមមនុស្ស ដែលនៅតែស្និតនឹងលោក មូអាម៉ារ កាដាហ្វី (Mouammar Kadhafi) អតីតប្រធានាធិបតី នៃប្រទេសលីបី ដែលត្រូវបានសម្លាប់ ក្នុងឆ្នាំ២០១១ ដោយហៅក្រុមនេះ ថាជា«ក្រុមម៉ាហ្វីយ៉ា ក្រុមឃាតករ ក្រុមសង្គមងងឹត» ដែលពោរពេញ ដោយ«ភាពសាហាវជាងសត្វ»។

លោកអតីតប្រធានាធិបតី បានថ្លែងថា៖ «មិនមានពាក្យអ្វី អាចនិយាយជំនួស "ភាពសាហាវជាងសត្វ" ដែលប្រព្រឹត្តិឡើយ ដោយលោក កាដាហ្វី និងបក្ខពួកឡើយ។ (...) ខ្ញុំនឹងតាមពុះជ្រៀកក្រុមនេះ រហូតដល់ទីបញ្ចប់ ហើយខ្ញុំគ្មានបំណងទុកចន្លោះឲ្យពួកនេះ សូម្បីតែមួយចំអាម។ ខ្ញុំនឹងរកជ័យជំនះ សម្រាប់កិត្តិយសរបស់ខ្ញុំ បើទោះជាត្រូវប្រើរយៈពេល ១ឆ្នាំ ៥ឆ្នាំ ឬ១០ឆ្នាំក៏ដោយ។»។

លោកបន្តសង្កត់ធ្ងន់ថា៖ «គឺប្រទេសបារាំង គឺឋានៈ​[ជាប្រមុខរដ្ឋបារាំង] ដ៏ខ្ពង់ខ្ពស់មួយ ដែលរងការវាយប្រហារ តែមិនមែនជារឿងនយោបាយទេ»។ លោក សាកូហ្សី បានថ្លែងម្ដងហើយម្ដងទៀត ថានៅក្នុងសំនុំរឿងនេះ «គ្មានភស្តុតាងរឹង» សូម្បីបន្តិច។ លោកបន្តថា ផ្ទុយទៅវិញ មានតែការស្អប់អាឃាត ការប្រមាថ និងការបង្កាច់បង្ខូចប៉ុណ្ណោះ។

ក្នុងអំឡុងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ ក្រោមរដ្ឋបាល របស់លោក នីកូឡា សាកូហ្សី ប្រទេសបារាំងបានចេញមុខ ដឹកនាំក្រុមសម្ព័ន្ធមិត្ត ធ្វើការវាយប្រហារ តាមផ្លូវអាកាស ប្រឆាំងនឹងរបបលោក មូអាម៉ារ កាដាហ្វី រហូតលុះត្រា របបដឹកនាំផ្ដាច់ការមួយនេះ បានដួលរំលំ ហើយលោក កាដាហ្វី ត្រូវបានសម្លាប់នៅខែតុលា ឆ្នាំ២០១១ ដោយក្រុមប្រដាប់អាវុធបះបោរ នៅក្នុងប្រទេស។

បុរសអ្នកជំនួញម្នាក់ ជាតិលីបង់ ឈ្មោះ «Ziad Takieddine» ដែលតាំងខ្លួនថា ជាឈ្មួញកណ្ដាល ស្និតជាមួយរបបលោក កាដាហ្វី បានទម្លាយឯកសារមួយ តាមរយៈសារព័ត៌មានបារាំង ឈ្មោះ «Mediapart» បង្ហាញពីការផ្ទេរប្រាក់ ប្រមាណជា៥០លានអ៊ឺរ៉ូ ទៅឲ្យមនុស្សជំនិត របស់លោក សាកូហ្សី ដើម្បីផ្គត់ផ្គង់យុទ្ធនាការ រកសម្លេងឆ្នោត ក្នុងឆ្នាំ២០០៧។ ប៉ុន្តែឯកសារនោះ ត្រូវបានលោក សាកូហ្សី និងមនុស្សជំនិតរបស់លោក បដិសេធ ដោយចាត់ទុក​ឯកសារនោះ ថាក្លែងក្លាយ។

កាលពីថ្ងៃទី២០ ខែមីនា លោក «Saïf al-Islam Kadhafi» កូនប្រុសលោក កាដាហ្វី បានចេញមុខមកបន្ថែមបន្ទុក ដល់ឲ្យលោក នីកូឡា សាកូហ្សី នៅប៉ុន្មានម៉ោង ក្រោយការឃាត់ខ្លួនលោក សាកូហ្សី។ លោក «Saïf al-Islam Kadhafi» បានថ្លែងប្រាប់គេហទំព័រ «Africanews» ថាលោក មានភស្ដុតាងរឹង​«ច្រើនទៀត» សម្រាប់បង្ហាញពីការផ្ទេរប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅឲ្យក្រុមមនុស្សជំនិត របស់លោក សាកូហ្សី។ លោកបញ្ជាក់ថា គឺរូបលោកនេះហើយ ដែលអ្នកប្រគល់ប្រាក់ ដោយផ្ទាល់ដៃ ទៅឲ្យលោក ក្លូដ ហ្គេអង់ (Claude Guéant - ក្រោយមក ក្លាយជារដ្ឋមន្ត្រីមហាផ្ទៃបារាំង) នៅក្រុង ទ្រីប៉ូលី (នៃប្រទេសលីប៊ី)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...