ខេង ទីតូ៖ បង្រ្កាប​បាតុកម្ម ម៉ម សូណង់ដូ គឺ​ជា​បទ​បញ្ជា​សាលា​រាជធានី

«ការបោសសំអាតបាតុកម្មរបស់លោក ម៉ម សូណង់ដូ នៅមុខក្រសួងព័ត៌មាន គឺជាការអនុវត្តបទបញ្ជារបស់អាជ្ញាធរ​សាលារាធានីភ្នំពេញ ព្រោះសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យធ្វើបាតុកម្មនោះទេ តែលោក ម៉ម សូណង់ដូ នៅ​តែជម្នះបញ្ជា»។ នេះជាការអត្ថាធិប្បាយរបស់លោក ខេង ទីតូ មន្រ្តីអ្នកនាំពាក្យកងរាជអាវុធហត្ថកម្ពុជា ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នេះ។
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

«ការបោសសំអាតបាតុកម្មរបស់លោក ម៉ម សូណង់ដូ នៅមុខក្រសួងព័ត៌មាន គឺជាការអនុវត្តបទបញ្ជារបស់អាជ្ញាធរ​សាលារាធានីភ្នំពេញ ព្រោះសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យធ្វើបាតុកម្មនោះទេ តែលោក ម៉ម សូណង់ដូ នៅ​តែជម្នះបញ្ជា»។ នេះជាការអត្ថាធិប្បាយរបស់លោក ខេង ទីតូ មន្រ្តីអ្នកនាំពាក្យកងរាជអាវុធហត្ថកម្ពុជា ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នេះ។


កងកម្លាំងជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយនៅមុខក្រសួងព័ត៌មាន ដើម្បីបង្ក្រាបបាតុកម្មរបស់លោក ម៉ម សូណង់ដូ។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិសង្គម - មន្រ្តីអ្នកនាំពាក្យរូបនេះ អះអាងថា តាំងពីដើមមកកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធមិនដែល​មានចេតនា​បង្រ្កាបដោយហិង្សា ឬបង្ករបួសស្នាមលើបាតុករនោះទេ គឺសមត្ថកិច្ចតែងតែសំណូមពរដល់​បាតុករឲ្យ​ដកថយ តែ​បើបាតុករមិនព្រមថយ គឺមានតែបំបែក ហើយបើឈានដល់បំបែក ប្រាកដជាមានការប៉ះទង្គិច ជា​«រឿង​ធម្មតា»។

ការអត្ថាធិប្បាយរបស់លោក ខេង ទីតូ នៅពេលនេះ គឺស្របពេលដែលលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជ​អាវុធ​ហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ​ប្រមាណជា​៥០០នាក់ ធ្វើការបង្ក្រាបយ៉ាងចាស់ដៃលើបាតុកម្មដឹកនាំដោយលោក ម៉ម សូណង់ដូ ដែលមានបាតុករចូលរួម​ប្រមាណជា៣០០នាក់ នៅមុខក្រសួងព័ត៌មាន លើដងមហាវិថីព្រះមុនីវង្ស ។

ជុំវិញការបោសសំអាតបាតុកម្មរបស់លោក ម៉ម សូណង់ដូ នេះ លោក រ័ត្ន ស្រ៊ាង ដែលធ្លាប់សហការដឹកនាំជាមួយ​កម្លាំងផ្សេងទៀត ក្នុងការបោសសំអាតបាតុករនៅផ្លូវវ៉េងស្រេង និងនៅទីលានប្រជាធិបតេយ្យ កាលពីពេលកន្លងមក បានបដិសេធមិនអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាននោះទេ ខណៈកម្លាំងកងរាជអាវុធហត្ថនៅក្បែរខាងលោក រ័ត្ន ស្រ៊ាង ព្រមានអ្នកសារព័ត៌មាន តែមិនមានការប៉ះទង្គិចជាមួយអ្នកសារព័ត៌មានទេ។

ចំពោះការធ្វើបាតុកម្ម ដើម្បីទាមទារហ្វ្រេកង់ទូរទស្សន៍ និងទាមទារកម្លាំងផ្សាយវិទ្យុបន្ត ដោយជម្នះនឹង​បម្រាមរបស់​សាលរាជធានីភ្នំពេញ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានបញ្ជាក់ទៅកាន់បាតុករ និងអ្នកសារព័ត៌មាន​មុនការបង្រ្កាបថា៖ «យើងមិនចង់ឈ្នះ ឬចង់ចាញ់នោះទេ! តែរដ្ឋាភិបាលគួរពិចារណាឡើងវិញ ពីទង្វើរបស់ខ្លួន​ប្រឆាំងពលរដ្ឋដែលគ្រាន់តែទាមទារយុត្តិធម៌ សេរីភាព និងការសម្ដែងសិទ្ធិរបស់គាត់នោះ»។ លោកម៉ម សូណង់ដូ បញ្ជាក់ទៀតថា៖ «សភាពការណ៍បច្ចុប្បន្ននេះ រដ្ឋាភិបាលកុំអាងការបាញ់ចោល កុំអាងការចាប់ចង កុំអាងការ​គំរាម​កំហែងឲ្យសោះ។ ពលរដ្ឋគ្រាន់តែទាមទារ នូវសិទ្ធិរបស់ពួកគាត់តែប៉ុណ្ណោះ»។

គួរកត់សម្គាល់ថា បើទោះជាមានការថ្កោលទោសពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការបង្រ្កាបរបស់សមត្ថកិច្ច​រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មកលើបាតុករប្រឆាំងបានធ្លាក់មកជាបន្តបន្ទាប់ក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ច​ទាំងនេះ ​មិនស្ទាក់ស្ទើរក្នុងការបង្រ្កាបម្ដងហើយម្ដងទៀតនោះទេ។ ការបង្រ្កាបជាថ្មី ដែលគ្មានអ្វីសំអាងក្រៅតែពី​ដើម្បីធានាពីសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរបស់កងកម្លាំងអាជ្ញាធរទាំងនេះ បង្កឲ្យមានប្រតិកម្ម​ខ្លាំងក្លា​ពី​ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងគណបក្សសង្រ្គោះ​ជាតិ ​ដែល​ជាគណបក្សជំទាស់។ ពួកគេបានចាត់ទុកសកម្មភាព​របស់កងកម្លាំងទាំងនេះ ថាជាការគំរាមកំហែង និងបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments