កេរ្ដិ៍​ឈ្មោះ​កម្ពុជា នៅ​ចំពោះ​ផលិតផល និង​ចរាចរណ៍​ទំនិញ​ក្លែងក្លាយ

ក្តីព្រួយបារម្ភជាទូទៅមួយ ត្រូវបានបង្ហើបឲ្យដឹង ពីចរាចរណ៍ទំនិញក្លែងក្លាយ ដែលបានឆ្លងកាត់ឬផលិតក្នុងប្រទេស​កម្ពុជា បង្កការប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ប្រទេសនេះ ជាពិសេសនៅក្នុងពេល​សមាហរណកម្ម តំបន់សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥ខាងមុខ។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: January 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្តីព្រួយបារម្ភជាទូទៅមួយ ត្រូវបានបង្ហើបឲ្យដឹង ពីចរាចរណ៍ទំនិញក្លែងក្លាយ ដែលបានឆ្លងកាត់ឬផលិតក្នុងប្រទេស​កម្ពុជា បង្កការប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ប្រទេសនេះ ជាពិសេសនៅក្នុងពេល​សមាហរណកម្ម តំបន់សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥ខាងមុខ។


ផ្សារធំថ្មីនៅកណ្ដាលរាជធានីភ្នំពេញ ដែលមានដាក់លក់នូវទំនិញ យ៉ាងសម្បូរបែប និងគ្រប់ប្រភេទ។ (រូបថត Wikipedia.org)

ទំនិញក្លែងក្លាយ - ប្រភពមួយដែលបានចូលរួម ក្នុងសិក្ខាសិលាពាណិជ្ជកម្មអន្ដរជាតិ ២០១៤ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្ដីពីកិច្ចសហ​ប្រតិបត្តិការថ្នាក់ជាតិ ក្នុងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញានោះ បានឲ្យដឹងថា ក្រុមហ៊ុន​ម៉ាក​យីហោធំៗជាច្រើន ដែល​សុទ្ឋសឹងជាសមាជិក នៃសមាគមប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មនៃទំនិញក្លែងក្លាយ មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ប្រទេសហូឡង់ - រីអាដ (React) បានត្អួញត្អែរពីផលវិបាកមួយចំនួន ពាក់ព័ន្ឋនឹងចរាចរណ៍​ទំនិញ​ក្លែងក្លាយ​ដែល​អាចប៉ះពាល់ដល់ ការធ្វើវិនិយោគទុនរបស់គេក្នុងប្រទេសនេះ។ ប្រភពនោះ បាននិយាយក្នុង​លក្ខខ័ណ្ឌ​មិនបញ្ចេញ​ឈ្មោះ ដោយសារតែនៅក្នុងទិន្នន័យនៃសិក្ខាសាលា ដែលរួមសហការរៀបចំជាមួយក្រសួង​ពាណិជ្ជកម្មកម្ពុជានោះ មិនត្រូវបានអនុញ្ញាតឲ្យបែកធ្លាយ ទៅដល់ដៃរបស់អ្នកសារព័ត៌មាននោះឡើយ។

អ្នកទទួលខុសត្រូវមួយរូបនៃសមាគមរីអាដ បានលើកឡើងថា មានទំនិញក្លែងក្លាយជាច្រើន ត្រូវបានដាក់លក់​យ៉ាង​ពេញទំហឹង ក្នុងប្រទេសកម្ពុជា។ ផ្ទុយទៅវិញ គេពិបាកនឹងស្វែងរកណាស់ នូវទំនិញដែលមានភាពពិតប្រាកដ ឬ​ទំនិញដើម នៅក្នុងរាជាណាចក្រមួយនេះ។ នេះបើតាមការបង្ហើបឲ្យដឹង របស់ប្រភពច្បាស់ការណ៍នោះ។ អ្នកទទួល​ខុសត្រូវដដែលនេះ បានបញ្ជាក់ទៀតថា ការជួញដូរទំនិញក្លែងក្លាយនេះ បានធ្វើឲ្យប្រជាជនកម្ពុជាជួបប្រទះ​នូវផល​វិបាកជាច្រើន ទាំងនៅពេលបច្ចុប្បន្ន និងទៅក្នុងអនាគតវែងឆ្ងាយខាងមុខ ដែលចាំបាច់ត្រូវមន្ត្រីពាក់ព័ន្ឋ​នៅក្នុង​ក្រសួងមានសមត្ថកិច្ចទាំងឡាយ យកចិត្តទុកដាក់នឹងការអនុវត្តនូវច្បាប់កម្មសិទ្ធិបញ្ញា ទោះបីជាចរាចរណ៍ទំនិញ ត្រូវបានធ្វើជាចំហរនៅតាមទីផ្សារ ឬតាមហាងទំនិញនានា ឬនៅតាមបណ្តាញអ៊ិនធឺណេតក្តី។

អ្នកទទួលខុសត្រូវម្នាក់ទៀត ដែលចូលរួមក្នុងសិក្ខាសាលានោះដែរ បានឡើងវាយតម្លៃថា បញ្ហាទំនិញក្លែងក្លាយ និងការការពារកម្មសិទ្ឋិបញ្ញានេះ កម្ពុជានៅមានភាពទន់ខ្សោយខ្លាំងនៅឡើយ។

នៅក្នុងឧទាហរណ៏មួយ ដែលលើកឡើងដោយមន្ត្រីជំនាញបរទេសមួយរូប នៅក្នុងសិក្ខាសាលានោះដដែល បាន​លើកឡើងពីផលិតផល បារីក្លែងក្លាយមួយ ត្រូវបានផលិតយ៉ាងចេញមុខ នៅក្នុងខេត្តកំពង់ចាមប្រទេសកម្ពុជា។ ផលិផលនោះ មិនត្រឹមតែត្រូវបានផលិត «រំលោភ»ទៅលើផលិតផលដើមប៉ុណ្ណោះទេ តែត្រូវបាននាំចេញទៅកាន់​ប្រទេសឡាវ ថៃ និងវៀតណាម ដោយគេចពន្ឋខុសច្បាប់ថែមទៀត។ មន្ត្រីជំនាញរូបនោះ បានសង្កត់ធ្ងន់ទៀតថា បើតាមការ​សង្កេត​របស់លោក ក្នុងរយៈពេល២ឆ្នាំកន្លងមក ប្រទេសកម្ពុជានៅតែជាប្រទេសមួយ ដែលមានភាព​ងាយស្រួលក្នុងការរត់ពន្ធទំនិញឆ្លងដែន ពីប្រទេសមួយទៅប្រទេសមួយនោះនៅឡើយ។

បើតាមមន្ត្រីជំនាញរូបនោះ ការជួញដូរទំនិញខុសច្បាប់នេះ បានធ្វើឲ្យក្រុមអ្នកប្រព្រឹត្តិទទួលបានប្រាក់ចំណេញ ស្ទើរតែមួយរយភាគរយ ផ្ទុយពីចំណូលថវិការជាតិរបស់ប្រទេស ដែលបានខាតបង់ក្នុងមួយឆ្នាំៗ ច្រើនជាងមួយ​រយ​លានដុល្លារ។ នេះបើតាមរបាយការណ៍មួយ ចេញផ្សាយដោយការសែត ខេមបូឌៀ ដេលី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៣ កន្លងមក។ របាយការណ៍នោះបានបញ្ជាក់ថា ប្រទេសកម្ពុជាបានបាត់បង់ប្រាក់ចំណូលរបស់ខ្លួនប្រមាណ ១៣៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បណ្ដាលមកពីការគេចមិនបង់ពន្ធ និងចរាចរណ៍ទំនិញខុសច្បាប់ ដែល​បាន​កើតឡើង​យ៉ាងព្រោងព្រាត ពេញផ្ទៃរាជាណាចក្រ។

ទោះបីជាយ៉ាងណាក៏ដោយ លោក អប់ រ៉ាឌី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មកម្ពុជា ដែល​ត្រូវបានដកស្រង់សម្ដីដោយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជានោះ បានទទួលស្គាល់ថា កម្ពុជាកំពុងតែរងគ្រោះ ដោយ​សារតែទំនិញក្លែងក្លាយ។ មន្ត្រីរូបនេះបានអះអាងបន្ថែមថា ដើម្បីទប់ស្កាត់ទំនិញក្លែងក្លាយ ប្រទេសកម្ពុជា​ត្រូវ​ពង្រឹង​ការអនុវត្តច្បាប់ឲ្យកាន់តែប្រសើរ ធ្វើការអប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋពង្រឹងសមត្ថភាព និង​បញ្ជ្រាប​ព័ត៌មាន​ដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ឲ្យមានការយល់ដឹង និងមានការសិក្សាស្រាវជ្រាវស្វែងរកទំនិញក្លែងក្លាយ។

ប្រសិនជាគេចង់ដឹងពីពាណិជ្ជកម្មនៃទំនិញក្លែងក្លាយ នៅតាមទីផ្សារនានា ឬនៅតាមហាងលក់ទំនិញនានា នៅក្នុង​រាជធានីភ្នំពេញនោះ មិនពិបាកស្វែងរកនោះទ។ បើសូម្បីផលិតផលប្រចាំថ្ងៃ ដូចជា ថ្នាំពេទ្យ ថាសចម្រៀង ឬថាស​កម្មវិធីកំព្យូទ័រ សម្លៀកបំពាក់ជាដើមនោះ ក៏ត្រូវបានគេឃើញថា បានដាក់លក់«ជាចំហរ» ដោយមិនមានការ​ទប់​ស្កាត់អ្វីឡើយ។ ផ្ទុយពីច្បាប់កម្មសិទ្ធិបញ្ញា ដែលអនុម័ត្រដោយរដ្ឋសភាជាតិហើយចុះព្រះហស្ថលេខា​ដោយ​ព្រះរាជា ដាក់ឲ្យប្រើប្រាស់នោះ គេបានសង្កេតឃើញការអនុវត្តច្បាប់នេះវិញ បានធ្វើឡើងយ៉ាងមានប្រសិទ្ធិភាព តែនៅ​ពេល​ណាដែលផលិតផលឬផលប្រយោជន៍នៃផលិតផលក្លែងក្លាយ បានប៉ះពាល់ទៅដល់ក្រុមមនុស្សមានអំណាច ឬជន​មានខ្នងក្រាសមួយចំនួនប៉ុណ្ណោះ។

សូមបញ្ជាក់ថា សមាគមរីអាដ ជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលមានបទពិសោធជាង២០ ឆ្នាំមកហើយ នៅ​ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មនៃទំនិញក្លែងក្លាយ។ សមាគមនេះ មានសមាជិកចំនួនជាង ១៩០ ដែល​សុទ្ធសឹងជាក្រុមហ៊ុនម៉ាកយីហោដែលត្រូវបានគេស្គាល់ជាអន្តរជាតិ គ្របដណ្តប់គ្រប់ផ្នែកទាំងអស់នៃឧស្សាហកម្ម រួមទាំងម៉ូដនិងការទិញឬលក់ថ្នាំជក់, ទូរស័ព្ទដៃនិងអេឡិចត្រូនិក ឱសថ កីឡាបាល់ទាត់និងប្រដាប់ក្មេងលេង៕

----------------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១៨ ខែមករា ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...