អង្គការ​សហ​ប្រជាជាតិ​ទទូច​ឲ្យ​គ្រប់​ភាគី​កម្ពុជា​អត់​ធ្មត់ និង​បន្ត​ការ​ចរចា

អង្គការសហប្រជាជាតិបានសម្តែង ការព្រួយបារម្ភជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ហើយបានស្នើ​ដល់​គ្រប់​ភាគីក្នុងវិវាទនយោបាយនេះ បន្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត និងគួវិលប្រឡប់ទៅកាន់តុចរចាវិញ។ ការអំពាវនាវ​របស់​អង្គការពិភពលោកមួយនេះ បានកើតឡើងចំពេលដែលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានសម្តែងកង្វល់ចំពោះវិបត្តិនយោបាយដូចគ្នានេះដែរ ដោយបានទទូចឲ្យគ្រប់ភាគីទាំងអស់ ចូលរួមការចរចា​ទ្រង់ទ្រាយធំមួយ នៅដើមឆ្នាំ២០១៤ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះឲ្យបានឆាប់។
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសហប្រជាជាតិបានសម្តែង ការព្រួយបារម្ភជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ហើយបានស្នើ​ដល់​គ្រប់​ភាគីក្នុងវិវាទនយោបាយនេះ បន្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត និងគួរវិលត្រឡប់ទៅកាន់តុចរចាវិញ។ ការអំពាវនាវ​របស់​អង្គការពិភពលោកមួយនេះ បានកើតឡើងចំពេលដែលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានសម្តែងកង្វល់ចំពោះវិបត្តិនយោបាយដូចគ្នានេះដែរ ដោយបានទទូចឲ្យគ្រប់ភាគីទាំងអស់ ចូលរួមការចរចា​ទ្រង់ទ្រាយធំមួយ នៅដើមឆ្នាំ២០១៤ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះឲ្យបានឆាប់។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - តាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ លោកស៊ូរីយ៉ា ស៊ូបេឌី តំណាង​ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានអំពាវនាវដល់អាជ្ញាធរកម្ពុជា អោយបន្ត​សម្រប​សម្រួលដល់ការធ្វើបាតុកម្មដោយសន្តិវិធី និងអត់ធ្មត់ចំពោះក្រុមបាតុករ។ ជាមួយគ្នានោះ ប្រេសិតពិសេសរបស់​អង្គការសហប្រជាជាតិដដែលនេះ ក៏បានអំពាវនាវដល់បាតុករ ដោយរួមទាំងកម្មករធ្វើកូដកម្មផង និងអ្នកគ្រប់គ្រង​រោងចក្រ សូមកុំអោយងាកទៅរកអំពើហិង្សា។

លោកស៊ូរីយ៉ាស៊ូបេឌី បានលើកឡើងថា៖ «រាល់ជម្លោះ សុទ្ធតែត្រូវការយន្តការដ៏គួរជឿជាក់ សម្រាប់ដំណោះ​ស្រាយជម្លោះ ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ។ វាសំខាន់ណាស់ ដែលថាភាគីទាំងពីរ (គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ) ត្រូវតែវិលរកតុចរចាវិញ។» ។ ក្នុងន័យនេះ តំណាងអង្គការ​សហ​ប្រជាជាតិរូបនេះ បានសម្តែងការសង្ឃឹមថា អនុសាសន៍ទាំងឡាយរបស់លោក នឹងក្លាយជាការជំនួយស្មារតីមួយ ដ៏សំខាន់ សម្រាប់កិច្ចសន្ទនារបស់ភាគី ក្នុងវិវាទនយោបាយកម្ពុជា។

ជុំវិញបញ្ហានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសន្និសីតសារព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៣ បានបង្ហាញបំណង ចង់ឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំ ដោយនាំមកនូវគំនិតថ្មី ដើម្បីរក​ដំណោះ​ស្រាយ​ទៅលើបញ្ហា ដែលកំពុងកើតឡើងនៅកម្ពុជា។ ប្រធានគណបក្សជំទាស់រូបនេះ លើកឡើងថា ត្រូវមានការចូលរួម​ពីគណបក្សនយោបាយ សហជីព សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែកពីបញ្ហាប្រទេស ដោយឈរ​លើប្រយោជន៍ជាតិជាធំ ប្រកបដោយឆន្ទៈក្នុងស្មារតីស្ថាបនាវិជ្ជមាន។ លោកសម រង្ស៊ី សង្កត់ធ្ងន់ថា ដើម្បីកុំឲ្យការ​តវ៉ាហួសវែងឆ្ងាយ ស្មុគស្មាញ និងកាន់តែធ្ងន់ធ្ងរ វាដល់ពេលហើយ ដែលត្រូវគណបក្ស​នយោបាយជួបគ្នា​នៅ​សប្តាហ៍ក្រោយ គឺដើមឆ្នាំ២០១៤ ដោយរកគំនិតថ្មី កុំយកតែគំនិតចាស់។

ជុំវិញភាពជាប់គាំងនយោបាយនេះ កន្លងមក បើទោះជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទាត់ចោល​នូវ​ការ​ទាមទាររបស់គណបក្សសង្រ្គោះជាតិ ដែលចង់ឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងរៀបចំការ​បោះឆ្នោត​មុនអាណត្តិឡើងវិញ ហើយក៏ដោយ ក៏លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត ក្នុង​ន្និសីតសារព័ត៌មានដដែលនោះ បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ និងប្រជាពលរដ្ឋមិនដកថយនោះទេ គឺនឹង​បន្តការទាមទារ ឲ្យមានការបោះឆ្នោតឡើងវិញ ជាមួយគោលជំហអហិង្សាដដែល៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...