ចលនា​​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ប្រេង​ឥន្ទនៈ​តេឡា

បន្ទាប់ពីទឹកសុទ្ធ វីតាល់ នៅថ្ងៃនេះចលនាសង្គ្រោះជាតិ ដែលដឹកនាំដោយមេដឹកនាំប្រឆាំង ដ៏ល្បីល្បាញ លោក សម រង្ស៊ី បានប្រកាសអំពាវនាវឲ្យពលរដ្ឋ ឈប់ជាវ និងឈប់ប្រើប្រាស់តេឡា ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់ក្រុមគ្រួសារដ៏ជិតដិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចលនា​​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ប្រេង​ឥន្ទនៈ​តេឡា
ស្ថានីយប្រេងឥន្ទនៈតេឡា និងរូបសញ្ញាជាប់ឲ្យប្រើប្រាស់ប្រេងតេឡា របស់ចលនាសង្គ្រោះជាតិ។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 17, 2018
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ឈប់ទិញប្រេង តេឡា» នេះ ជាចំណងជើងវីដេអូមួយ ដែលទើបនឹងត្រូវបានចលនាសង្គ្រោះជាតិ ផ្សព្វផ្សាយជាសាធារណៈ នៅមុននេះបន្តិច ដើម្បីជានិមិត្តរូប នៃការតវ៉ា ទៅនឹងស្ថានការណ៍នយោបាយចុងក្រោយ ដែលក្រុមអ្នកនយោបាយប្រឆាំង បានអះអាងថា បានរងការបង្ក្រាបយ៉ាងដំណំ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។

ជាមួយនឹងរូបសញ្ញា «ឈប់ទិញ TELA» ដែលមានសរសេរអក្សរ នៅជុំវិញថា «ចលនាគ្មាន "ហិង្សា រូបភាព ស្នូរ" ដើម្បីផ្លាស់ប្ដូរ» និង«ចូលរួមធ្វើពហិការ ប្រេងសាំង TELA» វីដេអូនេះ បានចាប់ផ្ដើមដំបូង ដោយសម្រែករបស់បុរសម្នាក់ នៅត្រង់ស្ពាននាគវត្តភ្នំ ដូច្នេះថា៖ «សូមហុតឈាមខ្ញុំទៀតទៅ»។ បន្ទាប់មក វីដេអូបានស្រង់យកសំដី «ត្រីដែលហែលបណ្ដោយទឹក គឺជាត្រីងាប់» របស់លោក កែម ឡី កាលពេលលោក​នៅមានជីវិត មកបញ្ជាក់ មុននឹងនិយាយពន្យល់ថា​៖ «ត្រកូលហ៊ុន បានក្ដោបក្ដាប់សេដ្ឋកិច្ច ធំៗជាច្រើន ប្រៀបបាននឹងសំណាញ់មង ប្រមាញ់កេងចំណេញ ពីប្រជាជន គ្រប់ទីកន្លែង»។

វីដេអូបានបន្តទៀតថា៖ «ហាងសាំងតេឡា មានចំនួន ៤៧៣ទីតាំង ពេញផ្ទៃប្រទេស ដោយមិនបង់ពន្ធជូនរដ្ឋ ព្រោះអំណាចប្រមូលផ្ដុំនេះហើយ ទើបយើងទាំងអស់គ្នា សូមអង្វរករ ដល់ជនរួមជាតិ ធ្វើពហិកា ឈប់គាំទ្រ គេចចេញពីសំណាញ់មង របស់ជនផ្ដាច់ការ ប្រៀបបាននឹងការហែលបញ្ច្រាសទឹក ដែលលោកបណ្ឌិត កែម ឡី ចង់ឲ្យជនប្រុសស្រី​ពិចារណា ដើម្បីគេចចេញពីសេចក្ដីស្លាប់»។

 

ប្រេងឥន្ទនៈ តេឡា គឺជាសាជីវកម្មមួយ របស់ក្រុមហ៊ុន «LHR Asean Investment» គ្រប់គ្រងដោយលោក ហ៊ុន តូ ក្មួយប្រុសបង្កើត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ ចលនាសង្គ្រោះជាតិបានប្រកាសរួចម្ដងហើយ និងជាលើកទីមួយ អំពាវនាវឲ្យធ្វើពហិកា ឈប់គាំទ្រទឹកសុទ្ធ វីតាល់ (Vital) ដែលជាយីហោដ៏សំខាន់មួយ របស់ក្រុមហ៊ុនគ្រប់គ្រង ដោយអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោក ហ៊ុន សែន។

កាលពេលនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន តាមចាត់ទុកការប្រកាស ឲ្យធ្វើពហិកា ថាជានយោបាយ «អង្ករកំប៉ុង» ដែល​«ដើរដល់ផ្លូវទ័លច្រក» របស់លោក សម រង្ស៊ី។ ថ្លែងនៅលើបណ្ដាញសង្គម តេឡេហ្គ្រាម លោក សុខ ឥសាន មានប្រសាសន៍ថា៖ «បញ្ហានេះ មិនមែនជារឿងថ្មីទេ សម្រាប់ប្រជាជនកម្ពុជា។ ពីប៉ុន្មានឆ្នាំកន្លងទៅ ទណ្ឌិត សម រង្សី ​ធ្លាប់បានអំពាវនាវ ឲ្យប្រជាជន កុំប្រើប្រាស់ និងទិញទំនិញ ផលិតផលរបស់វៀតណាម។»។

អ្នកនាំពាក្យបានបន្តថា៖ «តែគ្មានមានប្រជាជនណាម្នាក់  ជឿតាម សម រង្ស៊ី ទេ។ ឥឡូវ សម រង្ស៊ី បានដើរលើផ្លូវ ភូតកុហកដដែលទៀត ដែលជានយោបាយអំបិល ប្រហុក និងអង្ករកំប៉ុង ប៉ុណ្ណោះ មិនមានប្រជាជនកម្ពុជាណាម្នាក់ ជឿតាម និងធ្វើតាមទាល់តែសោះ។ សកម្មភាពតាមនយោបាយ អង្ករកំប៉ុងនេះ ឆ្លុះបញ្ចាំង ឲ្យប្រជាជនមើលឃើញថា ទណ្ឌិត សម រង្ស៊ី និងបក្សពួកមួយក្តាប់តូច បាន និងកំពុងទាល់ច្រកហើយ។»។

លោក ឥសាន បានចំអកឲ្យមេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេសដូច្នេះថា៖ «ដឹកនាំបក្សមួយ តាំងពីនៅមានមុខមានមាត់ ជាមួយគេឯង ក្នុងប្រទេស រហូតដល់រលាយបាត់មុខ ពីឆាកនយោបាយក្នុងប្រទេស ​រត់ចោលស្រុក ទៅនៅពនេចរដាច់សង្វែង ឯនាយសមុទ្រ តើនៅខ្លាំងអីទៀត? ខ្លាំងរហូតដល់ខ្លោច ទៅជាខ្មោច នៅតែមិនអស់ចិត្តទៀត (...) នេះហើយជានយោបាយអង្ករកំប៉ុង របស់អ្នកនយោបាយ ក្រុមត្រកូលក្បត់ជាតិ។»។

របាយការណ៍ របស់អង្គការ គ្លបប៊ល វិតណេស (Global Witness) ចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០១៦ បានរៀបរាប់យ៉ាងលំអិត ពី«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន» ដែលអង្គការនេះ អះអាងថា មានទំហំទឹកប្រាក់ មិនតិចជា៥០០លានដុល្លា នៅជុំវិញប្រទេស។ របាយការណ៍បានលើកឡើងថា កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រក​ស៊ី​មាន​បាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស ដែលសុទ្ធសឹងជាក្រុមហ៊ុន ដែលរកទទួលទាន ក្នុងវិស័យដ៏សំខាន់ៗ (ខ្លាញ់) ដែលល្បីល្បាញថា មានពោរពេញ ដោយ​អំពើ​ពុក​រលួយ៕

» រូបភាពពន្យល់មួយ ក្នុងចំណោម​រូបភាពពន្យល់​ជាច្រើន នៅក្នុងរបាយការណ៍ របស់អង្គការ គ្លបប៊ល វិតណេស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...