ថៃ៖ ក្រុមហ៊ុន​​សេវាកម្ម​ទេសចរណ៍​អ៊ឺរ៉ុប មិន​ព្រួយ​ពី​ស្ថានការណ៍​តឹងតែង

ក្រុមអ្នករកទទួលទានផ្នែកទេសចរណ៍នៅអឺរ៉ុប មិនបានបង្ហាញការព្រួយបារម្ភ នៅចំពោះស្ថានការណ៍តានតឹងផ្នែកនយោបាយ នៅប្រទេសថៃនោះឡើយ ដោយក្រុមអ្នករកទទួលទានទាំងនោះ នៅតែអះអាងថា ប្រទេសថៃនៅតែជាទិសដៅទេសចរណ៍ ដែលបណ្ដាជននៅអ៊ឺរ៉ុប ចង់ទៅលេងកំសាន្ដក្នុងពេលវិស្សមកាលរដូវធ្លាក់ទឹកកកនេះដដែល។
Loading...
  • ដោយ: សុបិន្ដ
  • កែប្រែចុងក្រោយ: December 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នករកទទួលទានផ្នែកទេសចរណ៍នៅអឺរ៉ុប មិនបានបង្ហាញការព្រួយបារម្ភ នៅចំពោះស្ថានការណ៍​តានតឹង​ផ្នែក​នយោបាយ នៅប្រទេសថៃនោះឡើយ ដោយក្រុមអ្នករកទទួលទានទាំងនោះ នៅតែអះអាងថា ប្រទេសថៃនៅតែជា​ទិសដៅទេសចរណ៍ ដែលបណ្ដាជននៅអ៊ឺរ៉ុប ចង់ទៅលេងកំសាន្ដក្នុងពេលវិស្សមកាលរដូវធ្លាក់ទឹកកកនេះដដែល។


អ្នកទេសចរណ៍ចាំជិះទូក ចេញកំសាន្ដតាមទន្លេ ឬនៅផ្សារបណ្ដែតទឹក នៅរាជាធានីបាងកក។ (រូបថត ឯកសារ)

ទេសចរណ៍ - ក្រុមអ្នករកទទួលទានខាងសេវាកម្មទេសចរណ៍ធំចំនួនបី ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេស​ស្វីស មានឈ្មោះថា គូអូនី (Kuoni), អូតែលប្លង់ (Hotelplan) និង ទ្វី ស្វីស (Tui Suisse) បានបង្ហាញពីក្ដីជឿជាក់​របស់ពួកគេ ថាបាតុកម្ម និងសកម្មភាពហិង្សានយោបាយ ដែលមានសភាពខ្លាំងក្លាទាំងនោះ វាសុទ្ធសឹងតែជាឆាក​ល្ខោន ដែលគេយកទៅសម្ដែងនៅក្នុងតំបន់ដែលចាំបាច់ ជាពិសេសនៅក្នុងសង្កាត់រដ្ឋបាល នៃរដ្ឋាភិបាលថៃ​ប៉ុណ្ណោះ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្រុមហ៊ុនទេសចរណ៍ទាំងបី មិនមានការព្រួយបារម្ភអ្វីមួយ ដែលពួកគេគិតថា នឹងអាច​រំខានដល់តំបន់ទេសចរណ៍ផ្សេងទៀត ទាំងនៅក្នុងរាជធានីបាងកក ឬនៅតំបន់ផ្សេងទៀតនោះឡើយ។ ស្ថានីយ៍​ទេសចរណ៍នៅថៃ មិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់នោះទេ បើសិនជាមានការប្រទាញប្រទង់គ្នា នៅកណ្ដាល​រាជធានីបាងកក​ក៏ដោយ។

ផ្ទុយទៅវិញ ក្រុមហ៊ុន ទ្វី ស្វីស បែរជាបានបង្ហាញថា ការកក់ទទួលទៅទស្សនាកំសាន្ដប្រទេសថៃ មានភាគរយកើន​ឡើងដល់ទៅពីរខ្ទង់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយថា នៅពេលបច្ចុប្បន្ន ក្រុមហ៊ុនទទួលបានអតិថិជន​ដែលត្រៀមបម្រុងទៅថៃមានចំនួន រវាងពី ៣០០ទៅ៤០០នាក់។ ហើយកំណើននេះ ក៏ត្រូវបានអះអាងដូចគ្នា ដោយ​ក្រុមហ៊ុនទេសចរណ៍ពីរទៀត ខាងលើនេះដែរ។

គួរតែប្រុងប្រយ័ត្ន

តាមពិតទៅ ក្រុមហ៊ុនទេសចរណ៍ទាំងនេះ បានតាមដានយ៉ាងកៀកជាទីបំផុត នូវស្ថានការណ៍នានានៅក្នុង​ប្រទេស​មួយនេះ ដែលសម្បូរទៅដោយព្រឹត្តិការណ៍រដ្ឋប្រហារ និងបដិវត្តន៍មហាជននោះ។ ការតាមដានរបស់ក្រុមហ៊ុន នឹង​អនុញ្ញាតឲ្យខ្លួនអាចជូនដំណឹងទាន់ពេលវេលា ទៅកាន់អតិថិជនខ្លួនវិញ ក្នុងករណីមានការផ្លាស់ប្ដូរដោយ​ប្រការ​ណា​មួយ។ ក្រុមហ៊ុនបានបន្តទៀតថា រហូតមកដល់ថ្ងៃនេះ ការលប់ចោល ឬការផ្លាស់ប្ដូរទិសដៅទេសចរណ៍ ស្ថិត​ក្នុង​ចំនួន​មួយធម្មតាដូចកន្លងមកដូច្នេះដែរ។

មកទល់នឹងម៉ោងនេះ ព្រលានយន្ដហោះនៃទីក្រុងបាងកក និងតាមបណ្ដាខេត្តទេសចរណ៍ ដូចជានៅភូកេតជាដើម​នោះ នៅមានដំណើរជាធម្មតា។ ក្រុមហ៊ុនគ្រប់គ្រង់ដំណើរទេសចរណ៍ទាំងបី នៅតែបង្ហាញនូវភាពជឿជាក់របស់​ខ្លួន​ទៀតថា បើទោះជាមានបញ្ហាផ្លាស់ប្ដូរ ឬយ៉ាងណានោះកព៏ពួកគេនៅតែអាចចាត់វិធានការសមស្រប ភ្លាមៗបាននោះ​ដែរ៕

---------------------------------------------------------
ដោយ៖ សុបិន្ត - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...