កឋិនបក្សប្រឆាំង៖ ទាន​របស់​យើង​មិន​បាន​មក​ពី​ការ​លួច​ជាតិ

ដូចការគ្រោងទុកនៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំដង្ហែអង្គកឋិនទានចូលវត្តសាមគ្គីរង្សី នៅសង្កាត់ស្ទឹង​មានជ័យរាជធានីភ្នំពេញ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្នុងពិធីនោះថា កឋិនទាន​របស់គណបក្សសង្គ្រោះជាតិ បានមកដោយធម៌គ្មានលួចប្លន់ពីនរណា ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ ជាមួយ​ការឆ្លើយតប មន្រ្តីបក្សកាន់អំណាចបានបរិហារវិញថា លោក កឹម សុខា និយាយកុហកគ្មានការពិតសោះឡើយ។
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចការគ្រោងទុកនៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំដង្ហែអង្គកឋិនទានចូលវត្តសាមគ្គីរង្សី នៅសង្កាត់ស្ទឹង​មានជ័យរាជធានីភ្នំពេញ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្នុងពិធីនោះថា កឋិនទាន​របស់គណបក្សសង្គ្រោះជាតិ បានមកដោយធម៌គ្មានលួចប្លន់ពីនរណា ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ ជាមួយ​ការឆ្លើយតប មន្រ្តីបក្សកាន់អំណាចបានបរិហារវិញថា លោក កឹម សុខា និយាយកុហកគ្មានការពិតសោះឡើយ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា ពេលដង្ហែបុណ្យកឋិនទានចូលវត្តសាមគ្គីរង្សី។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - ថ្លែងទៅកាន់អ្នកចូលរួមជាច្រើននាក់នៅក្នុងពិធីអង្គកឋិនទានរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងវត្ត​សាមគ្គីរង្សី នារាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងកោតសរសើរ​ចំពោះព្រះសង្ឃដែលគង់នៅក្នុងវត្តសាមគ្គីរង្សីនេះថា បានចូលរួមចំណែកក្នុងការទាមទារ រកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ដោយ​មិនគិតពីសុវត្ថិភាពផ្ទាល់ព្រះកាយសោះឡើយ។ លោក កឹម សុខា បានសង្កត់ធ្ញន់ថា ការឋិនទានដែល​គណបក្ស​សង្គ្រោះជាតិ រៀបចំធ្វើនៅពេលនេះ បានមកពីការចូលរួមរបស់ ប្រជាពលរដ្ឋដែលបានចំណាយថវិកាផ្ទាល់ៗខ្លួន និងជា​ថវិកាស្អាតស្អំមិនពាក់ព័ន្ធនឹងអំពើពុករលួយ ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។

អនុប្រធានគណបក្សប្រឆាំងរូបនេះ បន្តថា នាពេលកន្លមកគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន តែងតែអួតថា​ខ្លួនឯងជាអ្នកធ្វើបុណ្យច្រើនជាងគណបក្សសង្គ្រោះជាតិ ហើយចោទថាគណបក្សប្រឆាំងគិតតែថា មិនដែលបានធ្វើអ្វី​នោះទេ។ លោក កឹម សុខា បញ្ជាក់ថា ថ្វីត្បិតតែគណបក្សប្រជាជនកម្ពុជា ធ្វើបុណ្យទានច្រើនមែន តែទាននោះ មិនមែន​ជាទានបរិសុទ្ធនោះទេ ពីព្រោះថា ទានដែលគណបក្សប្រជាជនបានមកដោយសារប្រព្រឹត្តអំពើពុករលួយ លក់​ទ្រព្យ​សម្បត្តិ​ជាតិ ធ្វើឲ្យពលរដ្ឋរងទុក្ខវេទនា គ្រប់ទីកន្លែង។

ជុំវិញបញ្ហានេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានធ្វើការបដិសេធចោល​ទាំងស្រុងចំ​ពោះ​ការលើកឡើងរបស់លោក កឹម សុខា ។ លោកថា លោក កឹម សុខា និយាយឲ្យតែបានរួចពីមាត់ និងចេះតែប្រឆាំង​ទាំង​ផ្កាប់មុខ ដោយនិយាយមូលបង្កាច់គណបក្សប្រជាជនកម្ពុជាទាំងស្រុង។ លោកបណ្ឌិតរដ្ឋរូបនេះ បានស្នើឲ្យលោក កឹម សុខា និយាយការពិត និងមានភស្តុតាងច្បាស់លាស់ផង កុំចេះតែនិយាយកុហកប្រជាពលរដ្ឋពេក។ លោក ជាម យៀប ក៏បានបើកផ្លូវ ឲ្យគណបក្សប្រឆាំងដាក់ពាក្យបណ្តឹងទៅតុលាការ ប្រសិនណាបើឃើញមន្រ្តីគណបក្សបជាជនកម្ពុជា ប្រព្រឹត្តអំពើពុករលួយមែននោះ។

មន្រ្តីគណបក្សកាន់អំណាចរូបនោះ ក៏បានះអះអាងថា សកម្មភាពធ្វើបុណ្យទាននេះ កន្លងមកគណបក្សប្រជាជនកម្ពុជា បានខិតខំនិងធ្វើច្រើនជាងគេ ដោយមិនដែលរើសអ៊ើងចំពោះនិន្នាការនយោបាយនោះទេ។

សូមបញ្ជាក់ថា បើយោងទៅតាមទ្រឹស្តីរបស់ព្រះពុទ្ធជាម្ចាស់ ដែលជាអ្នកត្រាស់ដឹង បានលើកឡើងថា ការធ្វើទានដែល​មានផល្លានិសង្ស ឬបានបុណ្យច្រើននោះ គឺជាទានដែលកើតមកពីការលះបង់ដ៏ស្អាតចេញពីចិត្តរបស់បុគ្គលអ្នកធ្វើទាន បើទោះបីជាទាននោះមានចំនួនតិចយ៉ាងណាក៏ដោយ ក៏វាប្រសើរជាងទានដែលបានមកដោយមិនស្មោះត្រង់ ផ្ជាប់មក​ជាមួយផលប្រយោជន៍ដើម្បីខ្លួនឯង និងបក្សពួកខ្លួនដែរ ។

នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ថ្វីត្បិតតែកាន់ព្រះពុទ្ធសាសនាក៏ពិតមែន តែសម្បូរណាស់ជនដែលធ្វើទាន ឬផ្តល់អំណោយ​ចង់បានផលប្រយោជន៍ ចង់បានឲ្យគេសរសើរ រហូតដល់មានពុទ្ធបរិស័ទខ្លះខឹងសម្បារ ទាស់គ្នា ដោយសារគេមិន​ដាក់​ឈ្មោះឲ្យក៏មាន។ ចំណែកអ្នកនយោបាយវិញ ក៏ឆ្លៀតឳកាសកេញចំណេញនយោបាយ នៅក្នុងវត្តតាមរយៈ​ការធ្វើទាន​នេះដែរ ដោយពួកគេលើកឡើងពីគុណសម្បត្តិបក្សរៀងៗខ្លួនថា មានតែគណបក្សខ្លួនទេ ដែលចេះធ្វើទានបែបនេះ ។ មិនតែប៉ុណ្ណោះមានពេលខ្លះ អ្នកនយោបាយមួយចំនួនថែមទាំងព្រមានទៀតថា បើមិនគាំទ្របក្សខ្លួននោះទេ ហើយ​បោះឆ្នោតឲ្យគណបក្សដទៃ គណបក្សយើងនឹងមិនដង្ហែកឋិន មិនជួយកសាងវត្តនោះទេ។ ការធ្វើទានបែបនេះ ត្រូវបាន​គេប្រដូចទៅជា ការធ្វើទានមួយ ដែលមានលក្ខណៈ«បោះនុយឲ្យត្រីស៊ីសន្ទូច»៕

---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...