ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ស្វាគមន៍ ហ៊ុន សែន ទាំង​ក្ដៅ​និង​ត្រជាក់

វត្តមាន របស់នាយករដ្ឋមន្ដ្រីកម្ពុជា នៅលើកោះអូស្ត្រាលី ដើម្បីចូលរួមជំនួបកំពូលអូស្ត្រាលី-អាស៊ាន ត្រូវបានស្វាគមន៍ទាំងក្ដៅ ទាំងត្រជាក់ ដោយបណ្ដាពលរដ្ឋ ដែលមានដើមកំណើតខ្មែរ នៅទីនោះ។
ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ស្វាគមន៍ ហ៊ុន សែន ទាំង​ក្ដៅ​និង​ត្រជាក់
រូបខាងឆ្វេង៖ លោក ហ៊ុន សែន និងអ្នកគាំទ្រ។ រូបខាងស្ដាំ៖ លោក ហុង លីម នៅខាងមុខក្រុមបាតុករ ប្រឆាំងលោក ហ៊ុន សេន។ (រូបថតលើបណ្ដាញសង្គម)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 17, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងណា សម្រាប់ថ្ងៃទីមួយ នៃដំណើរទស្សនកិច្ច ក្នុងក្រុងស៊ីដនី (ប្រទេសអូស្ត្រាលី) របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ចំនួនអ្នកគាំទ្រលោក ដែលរងការចោទថា បានទទួលការចាត់តាំង ឲ្យមកឈរស្វាគមន៍លោកនោះ មានចំនួនច្រើនជាង ក្រុមអ្នកមិនសប្បាយចិត្តនឹងលោក។ ប៉ុន្តែក្រុមអ្នកមិនសប្បាយចិត្ត ដែលបានចូលរួមធ្វើបាតុកម្ម បានអះអាងថា ការជួបជុំគ្នានៅថ្ងៃនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ខណៈការជួបជុំដ៏ធំសម្បើម នឹងត្រូវរៀបចំធ្វើ នៅថ្ងៃស្អែក ថ្ងៃសៅរ៍ទី១៧ ខែមីនានេះ។

ការជួបជុំ ធ្វើបាតុកម្ម របស់ពលរដ្ឋខ្មែរ-អូស្ត្រាលីនោះ ដឹកនាំដោយលោក ហុង លីម សមាជិកព្រឹទ្ធិសភា ប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា។ ពួកគេមានកាន់បដា និងស្រែកឡើងថា «រដ្ឋាភិបាលបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា» «កម្ពុជាត្រូវការសង្គ្រោះពីអន្ដរជាតិ» «បញ្ឈប់ការគំរាមកំហែងលើ​អង្គការសង្គមស៊ីវិល» និង «ដោះលែងលោក កឹម សុខា» និង «ឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត»។

គេមិនឃើញមានការដុងទីងមោង តំណាងលោក ហ៊ុន សែន នោះទេ។ ក្រុមអ្នករៀបចំបាតុកម្ម លើកពីមូលហេតុថា ទីមួយបណ្ដាលមកពីទីកន្លែង នៅលើសួនច្បារ ក្បែរសណ្ឋាគារ និងទីពីរក្រុមបាតុករ អាចនឹងរៀបចំ ធ្វើការដុតរូបទីងមោងទាំងនោះ នៅថ្ងៃស្អែក ឬថ្ងៃខាងស្អែកវិញ។

នៅលើបណ្ដាញសង្គមវិញ វីដេអូដែលបង្ហាញពីការស្វាគមន៍ ទាំងខាងក្ដៅ និងខាងត្រជាក់ ក៏ទទួលបានការចែករំលែក យ៉ាងច្រើនផុលផុសដែរ។ វីដេអូដែលទទួលបានការចែករំលែកច្រើនជាងគេ គឺវីដេអូបង្ហាញ​ពីការសំណេះសំណាល រវាងលោក ហ៊ុន សែន និងអ្នកគាំទ្រ (ចែករំលែក ជាង៧០០០ដង) ខណៈវីដេអូបង្ហាញពីបាតុកម្ម ប្រឆាំងលោក ហ៊ុន សែន ទទួលបានការចែករំលែក ច្រើនជាងគេ ប្រមាណជាង៥០០០ដង។

 

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...