ហ្សីដាន បរិហារ​ពី​«ចរិត​គួរ​ឲ្យ​ខ្មាស» នៃ​ក្រុម​អ្នក​ច្រណែន

បន្ទាប់ពីបានឈ្នះ ក្រុម ជូវេនទូស (Juventus) ដើម្បីបានឡើង ទៅទាត់នៅវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» សម្រាប់ឆ្នាំ២០១៧-២០១៨នោះរួច គ្រូបង្វឹករបស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) បានចេញមុខមកបរិហារ ត្រឡប់ទៅអ្នករិះគន់ ដែលលោកហៅថា ជា«ក្រុមអ្នកច្រណែន»។
ហ្សីដាន បរិហារ​ពី​«ចរិត​គួរ​ឲ្យ​ខ្មាស» នៃ​ក្រុម​អ្នក​ច្រណែន
ពីឆ្វេងទៅស្ដាំ៖ ក្រុមកីឡាករ របស់ក្រុម ជូវេនទូស តវ៉ាចំពោះការផ្លុំកញ្ចែពិន័យ របស់អាជ្ញាកណ្ដាល និងលោក ហ្សីណាឌីន ហ្សីដាន គ្រូបង្វឹករបស់ក្រុម រៀលម៉ាឌ្រីត។
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 17, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) បានគិតថា វាជារឿង«គួរឲ្យខ្មាសអៀនណាស់» សម្រាប់ប្រតិកម្មអវិជ្ជមានទាំងឡាយ ប្រឆាំងនឹងក្រុមបាល់ទាត់របស់លោក ដែលបានប្រកួតឈ្នះក្រុម ជូវេនទូស (Juventus) ដើម្បីបន្តឡើងទៅទាត់ នៅវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» សម្រាប់ឆ្នាំ២០១៧-២០១៨ កាលពីសប្ដាហ៍មុន។

នៅក្នុងការប្រកួត «ត្រឡប់» នោះ ក្រុម ជូវេនទូស បានរកគ្រាប់បាល់ បានបីគ្រាប់ ស្មើនឹងគ្រាប់បាល់ ដែលក្រុម រៀល រកបាន នៅក្នុងការប្រកួត «ទៅ» កាលពីពីរសប្ដាហ៍កន្លងទៅ។

តែក្រុម រៀល បានឈ្នះជាស្នាពរ ដោយហេតុថា ក្នុងការប្រកួត «ត្រឡប់» នៅនាទីទី ៩០+៧ កីឡាករ រ៉ូណាល់ដូ (Cristiano Ronaldo) បានទាត់បាល់ពិន័យ ១១ម៉ែត្រ រកបានមួយគ្រាប់ ឲ្យក្រុមរៀល (ពិន្ទុសរុប ៤-៣) បន្ទាប់ពីអាជ្ញាកណ្ដាលជាតិអង់គ្លេស លោក «Mickaël Oliver» បានផ្លុំកញ្ចែពិន័យក្រុម ជូវេនទូស ពីកំហុសតូចមួយ ដែលខ្សែការពាររបស់ក្រុម ជូវេនទូស បានបះជាមួយ ខ្សែប្រយុទ្ធ របស់ក្រុម រៀល នៅនាទីទី ៩០+៣។

ការផ្លុំកញ្ចែពិន័យ ពីសំណាក់អាជ្ញាកណ្ដាលជាតិអង់គ្លេស ត្រូវបានអ្នកវិភាគបាល់ទាត់ និងសារព័ត៌មានកីឡាជាច្រើន នៅអ៊ឺរ៉ុប ជាពិសេសសារព័ត៌មាន នៅអ៊ីតាលី បារាំង និងសារព័ត៌មានស្និតក្រុម បាសឺឡូន (Barcelone - ដែលជាក្រុមបាល់ទាត់ គូសត្រូវរបស់ក្រុម រៀល) រិះគន់ខ្លាំងៗ ដោយហៅការពិន័យនោះ ថាជា​«ការលួចប្លន់ជ័យជំនះ» ទៅឲ្យក្រុមរៀល។

ការរិះគន់ ត្រូវបានលោក ហ្សីដាន អតីតជើងឯកពិភពលោក ឆ្នាំ១៩៩៨ (ជាមួយក្រុមជម្រើសជាតិបារាំង) វាយបកវិញខ្លាំងៗ កាលពីចុងសប្ដាហ៍នេះ ដោយ​បានហៅក្រុមអ្នករិះគន់ ថាជាពួកអ្នកច្រណែន នឹងក្រុមរបស់លោក។ លោកថា៖ «វាជារឿងគួរឲ្យខ្មាសអៀនណាស់ ដែលនិយាយ ពីការលួចប្លន់។ នៅពេល​យើងគ្រាន់បើជាងគេ វាតែងតែមានគេច្រណែន អញ្ចឹងហើយ។»។

លោកបានពន្យល់ថា៖ «យើងអាចយល់ស្រប ឬមិនយល់ស្រប ជុំវិញការផ្លុំកញ្ចែ ឲ្យទាត់បាល់ពិន័យ ប៉ុន្តែយើងមិនត្រូវនិយាយ ពីការលួចប្លន់នោះទេ។ ខ្ញុំមិនទទួលយកទេ ការដែលនិយាយ ពីការលួចប្លន់។ តាមយោបល់ខ្ញុំ យើងពិតជាស័ក្ដិសម នឹងជ័យជំនះ ដើម្បីឡើងទៅវគ្គ១ភាគ២នេះ។»។

ចំពោះករណីកីឡាករ ប៊ូហ្វុង (Gianluigi Buffon) កីឡាករចាំទី​ដ៏ចាស់វស្សា របស់ក្រុម ជូវេនទូស ដែលត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញ និងបន្ទាប់មក បានហៅអាជ្ញាកណ្ដាល ថាជាមនុស្សដែលគ្មានចិត្ត ហើយគួរនៅអង្គុយ មើលការប្រកួត​ជាមួយប្រពន្ធខ្លួន នៅឯផ្ទះ ជាជាងមកធ្វើអាជ្ញាកណ្ដាលនោះ លោក ហ្សីណាឌីន ហ្សីដាន បានប្រតិកម្ម​តបថា៖ «វាគ្រាន់តែជាពាក្យសំដី។ កីឡាករ ប៊ូហ្វុង បានក្ដៅក្រហាយ មួម៉ៅ អស់កម្លាំង។ វាជាប្រតិកម្ម ចេញពីអារម្មណ៍មនុស្សម្នាក់ ដែលខ្ញុំអាចយល់បាន ពីការមួម៉ៅ​ក្ដៅ​ក្រហាយ​នេះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...