មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ (Live)

នេះជាទំព័រផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៣ នៃមហាបាតុកម្មប្រឆាំងលទ្ធផល នៃការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រអាណត្តិទីប្រាំនៅកម្ពុជា ឆ្នាំ២០១៣ រៀបចំដោយគណបក្សសង្គ្រោះជាតិ។ សូមអញ្ជើញត្រឡប់​ចូល​មកអាន នៅក្នុងទំព័រដដែលនេះវិញ ឬប្រសិនបើលោកអ្នក នៅទីនេះរួចជាស្រេចហើយ លោកអ្នក​គ្រាន់តែចុចលើប៊ូតុង «ធ្វើ​បច្ចុប្បន្នភាព (Page refresh/Actualiser la page)» ឬ ប៊ូតុង «F5» ដើម្បីអាននូវពត៌មាន ឬ​របាយការណ៍ ដែល​កើតឡើងជាបន្ដបន្ទាប់ភ្លាមៗ ដាក់ផ្សាយជូនពីព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា ម៉ោងដែលដាក់ផ្សាយ នៅលើទំព័រនេះ ជាម៉ោងនៅរាជធានីភ្នំពេញ បើទោះជាការផ្សាយផ្ទាល់របស់មនោរម្យព័ងអាំងហ្វូ ធ្វើចេញពីទីក្រុងប៉ារីស ប្រទេសបារាំងក៏ដោយ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: September 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាទំព័រផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៣ នៃមហាបាតុកម្មប្រឆាំងលទ្ធផល នៃការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រអាណត្តិទីប្រាំនៅកម្ពុជា ឆ្នាំ២០១៣ រៀបចំដោយគណបក្សសង្គ្រោះជាតិ។

សូមអញ្ជើញត្រឡប់​ចូល​មកអាន នៅក្នុងទំព័រដដែលនេះវិញ ឬប្រសិនបើលោកអ្នក នៅទីនេះរួចជាស្រេចហើយ លោកអ្នក​គ្រាន់តែចុចលើប៊ូតុង «ធ្វើ​បច្ចុប្បន្នភាព (refresh/Actualiser la page)» ឬ ប៊ូតុង «F5» ដើម្បីអាននូវពត៌មាន ឬ​របាយការណ៍ ដែល​កើតឡើងជាបន្ដបន្ទាប់ភ្លាមៗ ដាក់ផ្សាយជូនពីព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា ម៉ោងដែលដាក់ផ្សាយ នៅលើទំព័រនេះ ជាម៉ោងនៅរាជធានីភ្នំពេញ បើទោះជាការផ្សាយផ្ទាល់របស់មនោរម្យព័ងអាំងហ្វូ ធ្វើចេញពីទីក្រុងប៉ារីស ប្រទេសបារាំងក៏ដោយ។
--------------------------------

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង១១និង៣០នាទីព្រឹក៖

សូមជូនរូបភាពមួយចំនួន៖

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង១០និង៥០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

លោក កឹម សុខា ឡើងថ្លែងទៅកាន់ក្រុមបាតុករជាលើកទី ២ ដើម្បីបិទកម្មវិធី ធ្វើមហាបាតុកម្មនៅថ្ងៃនេះ។ នៅបរិវេណ​ទី​លានសួនសេរីភាពឥឡូវនេះ ព្រះអាទិត្យបានបញ្ចេញ កម្តៅយ៉ាងខ្លាំង។ តែបើទោះបីជាក្តៅយ៉ាងណា ក៏បាតុករនៅតែ​ឈរ​ហាលថ្ងៃ ស្តាប់ការថ្លែងរបស់មេដឹកនាំរបស់ខ្លួនដែរ។ គួរកត់សម្គាល់ថា មកដល់ម៉ោងជិត ១១ ព្រឹកនេះ នៅមិនទាន់ មានការ​ចាប់ផ្តើមស្មឹងស្មាធនោះទេ ពោលគឺសុទ្ធតែការថ្លែងពីសំណាក់ថ្នាក់ដឹកនាំ គណៈបក្សសង្គ្រោះជាតិប៉ុណ្ណោះ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង១០និង៤០នាទីព្រឹក៖

ខ្លឹម​សារ​រួម​ក្នុង​សេចក្តី​ថ្លែងការ​ណ៍ផ្លូវ​ការ ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​មហា​បាតុ​កម្ម​អហិង្សា៖

១. បដិសេធន៍​លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។

២. ទាមទារបង្កើតឲ្យមានគណៈកម្មការចម្រុះឯករាជ្យ​ ដើម្បីដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត ​ដែល​មាន​សមាសភាពចូលរួមពីតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាលជាតិ និង​អន្តរជាតិ។ លោកបានបញ្ជាក់ថា​ គណៈ​កម្ម​ការ​ចម្រុះ​នេះ​គឺ​មិន​ត្រូវ​មាន​វត្ត​មាន​របស់​ គ.ជ.ប ទេ ព្រោះ គ.ជ.ប ជាអ្នក​បង្កើតឲ្យមានបញ្ហាមិនប្រក្រតីទាំងនេះ។

៣. ស្នើ គ.ជ.ប ពន្យា​ការ​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ ​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​ លើ​បញ្ហា​នៃ​ភាព​មិន​ប្រ​​ក្រ​តីជាមុនសិន។ បើ គ.ជ.ប នៅតែរឹងទទឹងក្នុងការប្រកាសលទ្ធផលផ្លូវការ​ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​​ប្រកាន់​ជំហរ​រឹងក្នុងការតវ៉ាផងដែរ។

៤.​ បើពុំមានបង្កើតគណៈកម្មការចម្រុះឯករាជ្យទេ ហើយ គ.ជ.ប នៅតែប្រកាសលទ្ធផលផ្លូវ​ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ ធ្វើមហាបាតុកម្មអហិង្សាជាបន្តទៀតរហូតដល់មានដំណោះស្រាយចំពោះ​បញ្ហា​ភាព​មិន​ ប្រក្រតីទាំងនេះ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង១០និង៣០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

បើទោះបីជាសម្តេចស្ឃទាំងពីគណៈ បានចេញសង្ឃប្រកាសអំពាវនាវ មិនអនុញ្ញាតិឲ្យព្រះសង្ឃចូលរួមធ្វើមហាបាតុកម្ម ជា​មួយនឹងគណបក្សប្រឆាំងក៏ដោយ ក៏នៅថ្ងៃនេះព្រះសង្ឃរាប់រយអង្គ បានចូលរួមធ្វើមហាបាតុកម្ម ជាមួយនឹងគណបក្ស​សង្រ្គោះជាតិដែរ។

ព្រះតេជគុណមួយអង្គ ព្រះនាម សុវណ្ណ គង់នៅវត្តស្ទឺងមានជ័យ បានមានសង្ឃដីកាថា ព្រះអងនិមន្តមកនេះក្នុងនាម​ជា​កូន​ខ្មែរម្នាក់ដែលស្រឡាញ់ដែលស្នេហាទឹកដី កំណើតរបស់ព្រះអង្គ។ ព្រះតេជគុណ មានថេរដីកាបន្តថា ការមិនអនុញ្ញាត​ឲ្យ​ព្រះសង្ឃចូលរួមធ្វើមហាបាតុកម្មនេះ ជាការរំលោភលើសិទ្ធិរបស់ព្រះអង្គ។ ព្រះតេជគុណ បានចោទជាសំនួរថា ប្រសិន​បើ​មិនឲ្យព្រះសង្ឃធ្វើបាតុកម្ម ចុះហេតុអ្វីសម្តេចសង្ឃទេព វង្ស និមន្តទៅទេសនានៅទីណាក៏ដោយនិយាយ តែរឿង ៧ មករា និងលើកតម្កើនតែបក្សប្រជាជន?

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង១០និង២០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ពេលនេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ កំពុងតែឡើងថ្លែងទៅកាន់ក្រុមបាតុករថា «យើងត្រូវការយុត្តិធម៌។ ដូច្នេះការធ្វើ​បាតុកម្មរបស់យើង មិនចប់នោះទេ លុះត្រាតែយើងទទួលបានយុត្តិធម៌។» ព្រះអង្គ​ម្ចាស់ ធម្មិកោ ក៏បានបញ្ជាក់ដែរថា នៅ​សប្តាហ៍ក្រោយនេះ ព្រះមហាក្សត្រខ្មែរ នឹងយាងត្រប់ពីប្រទេស ចិនមកកាន់មាតុ​ប្រទេសវិញ ហើយនៅពេលនោះ ព្រះអង្គ​ម្ចាស់នឹងទាមទារ ​ឲ្យ​ព្រះមហាក្សត្ររកយុត្តិធម៌ជូនពលរដ្ឋ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង១០និង១០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

នៅពេលនេះ នៅលើវេទិការ មានការផ្លាស់ប្ដូរវេនគ្នាទៅវិញទៅមក ដើម្បីច្រៀងនូវចម្រៀង ដែលមានលក្ខណៈបម្រើឲ្យ​គណបក្ស និងមានលក្ខណៈជាតិនិយម។

គួរឲ្យកត់សម្គាល់ផងដែរថា ខណៈពេលដែលលោកសម រង្ស៊ី កំពុងតែថ្លែងទៅកាន់បាតុករ រាប់ម៉ឺននាក់ធ្វើមហាបាតុកម្ម​អហិង្សា នៅលើវេទិកា ប្រពន្ធលោក សម រង្ស៊ី លោកស្រី ជូឡុង សូមូរ៉ា បែជាដើរជុំវិញបរិវេណកន្លែងធ្វើបាតុកម្ម ដើម្បី​ផ្តិត​យករូបថតអ្នកចូលរួមក្នុងបាតុកម្ម។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង១០និង០០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអង្គការខមហ្វ្រែល៖

ប្រតិកម្មរវាងបាតុករ និងអ្នកយកព័ត៌មានរបស់ទូរទស្សន៍ ស៊ីអិនស៊ី

នៅ​ទីតាំង​ស្ពាន​នាគ​តាម​បណ្តាយ​ផ្លូវ​ព្រះ​នរោត្តម​ក្បែរ​វត្តភ្នំ​ ការ​សង្កេត​ឃើញថា មាន​វត្ត​មាន​របស់​អ្នក​យក​ព័ត៌មានរបស់​ស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ដែល​មាន​និន្នា​ការ​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ចុះ​ថត​យក​សកម្មភាព​របស់​បាតុ​ករ។ អ្វី​ដែល​គួរ​ឲ្យក​ត់សម្គាល់នោះគឺបាតុករបានទាមទារឲ្យអ្នក​យក​ព័ត៌​មាន​ទាំង​ នោះ ទៅផ្តិត​យកសកម្មភាពនៅទីលាន​ប្រជាធិបតេយ្យ ព្រោះនៅទីនោះមានសកម្មភាព​បាតុ​ករ​ផុស​ផុល និង​មាន​ការ​ថ្លែង​របស់​ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។ មួយ​វិញ​ទៀត​បាតុករ​​បាន​ទាម​ទារ​ឲ្យមានការចាក់ផ្សាយផង បើថត​ហើយ​មិន​ចាក់​ផ្សាយ​ទេ​នោះ​មិនចាំបាច់ថតទេ។ អ្នក​យក​ព័ត៌​មាន​នោះបាន​សន្យា​ថា ​ស្ថានីយ៍នឹង​​ធ្វើការចាក់ផ្សាយ នៅ១២ថ្ងៃត្រង់នេះ​។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៩និង៥០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

បន្ទាប់ពីថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ក្រុមបាតុករចប់អស់ហើយ នៅពេលនេះ ក្រុមតន្ត្រីរបស់បក្ស​សង្គ្រោះជាតិ កំពុងតែច្រៀងចម្រៀងទាក់ទងនឹងការ ធ្វើបាតុកម្ម និងចម្រៀងរបស់បក្ស។ យើងកត់សម្គាល់ថា មកទល់​ពេល​នេះ អស់រយៈពេលជាងពីរម៉ោង ការស្មឹងស្មាធ បួងសួងសុំសន្តិភាពនៅមិនទាន់ចាប់ផ្តើមនោះទេ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៩និង៤០នាទីព្រឹក៖

ដោយសារមានការស្នើសុំរបស់ប្រិយមិត្ត យើងសូមដាក់រូបភាពផ្សាយផ្ទាល់ របស់គណបក្សសង្គ្រោះជាតិនៅទីនេះដូចតទៅ៖

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៩និង៣០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

បន្ទាប់ពីលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ បានឡើងថ្លែងទៅកាន់បាតុករនោះមក នេះជាវេនរបស់ លោក កឹម សុខា ជាអនុប្រធានគណបក្សម្ដង។ លោកបានថ្លែងថា មហាបាតុកម្មថ្ងៃនេះ គឺចង់បង្ហាញគោលជំហរគាំទ្រអ្វី​ដែល​ប្រជា​ពលរដ្ឋចង់បាន គឺ«មិនមែនយុត្តិធម៌ក្លែងក្លាយ យើងចង់បានយុត្តិធម៌​ពិតប្រាកដ ការធ្វើបាតុកម្មនេះព្រោះ គណបក្សសង្រ្គោះជាតិ និងអង្គការពាក់ព័ន្ធរកឃើញថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយមិនប្រក្រតី ខ្វះតម្លាភាព គ្មាន​យុត្តិធម៌ បាត់ឈ្នោះ បន្លំឈ្នោះ​ជាដើម ហើយនេះជាកំហុសរបស់ គ.ជ.ប»។ គណបក្សសង្រ្គោះជាតិ ចង់ឲ្យមានការ​ដោះ​ស្រាយភាពមិនប្រក្រតី តាមរយៈគណៈកម្មាចម្រុះយ៉ាងពិតប្រាដត។

លោក កឹម សុខាគម្រាមថា «បើ គ.ជ.ប នៅតែរឹងទទឺងប្រកាសលទ្ធផលឆ្នោតជាផ្លូវការ យើងក៏រឹងដែរ»។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៩និង២០នាទីព្រឹក៖

ព័ត៌មានពីខាងអង្គការខបហ្វ្រែល (COMFREL) ដែលជាអង្គការសង្កេតការលើការបោះឆ្នោត បានឲ្យដឹងថា ចំនួនបាតុករ​ដែល​បានចូលរួមមហាបាតុកម្ម​អហិង្សា​ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុងនាទីនេះមានការកើនឡើងប្រមាណ«​១សែន»នាក់។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៩និង១០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

លោក សម រង្ស៊ី មានថ្លែងទៅកាន់ហ្វូងបាតុករថា ការធ្វើបាតុកម្មនេះដើម្បីទាមទារយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត ជាការ​ទាមទារតាមបែបវប្បធម៌អហិង្សា។ «ប្រជាជាតិខ្មែរបានរងគ្រោះពីអំពើហិង្សាយូរមកហើយ ពួកគេបានប្រើអំពើហិង្សា អំពើ​ហិង្សាសម្លាប់អ្នកប្រជាធិបតេយ្យ យើងរួមគ្នាលប់បំបាត់អំពើហិង្សា។ ចាប់ពីពេលនេះគឺខ្មែរចេះស្រលាញ់ខ្មែរ ខ្មែរចេះគោរព​ខ្មែរ ខ្មែរចេះដោះស្រាយជាមួយគ្នាដោយយុត្តិធម៌ យើងត្រូវលុបបំបាត់អំពើហិង្សា ក្នុងសង្គមយើងចាប់ពីពេលនេះតទៅ។» នេះ​ជាការថ្លែងរបស់លោក សម រង្ស៊ី ក្រោមសម្លេងគាំទ្រ របស់ពួកអ្នកគាំទ្រ។ ពួកគេស្រែកឡើងថា «មានយុត្តិធម៌ គឺមាន​សន្តិភាព»។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៩និង០០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

បាតុករបានចូលមកកាន់ទីលានប្រជាធិបតេយ្យ មានចំនួនកាន់តែច្រើនឡើងៗ។ តាមការប៉ាន់ប្រមាណ ដោយសង្កេតតាម​សមាមាត្រនៃផ្ទៃក្រឡារបស់ទីលាន និងប្រៀបធៀបទៅនឹងការជួបជុំដែលធ្លាប់ធ្វើកន្លងមក ចំនួនបាតុករអាចមានចំនួន​ច្រើន​ជាង ៥ម៉ឺននាក់។ យើងសង្កេតឃើញអាជីវករ នៅផ្សារដែលជិតនេះ (ផ្សារចាស់ និងផ្សារថ្មី) ក៏បានធ្វើដំណើរមកចូលរួមដែរ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៨និង២០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

លោក គង់ គាំ សមាជិកព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្ស សម រង្ស៊ី បានឡើងថ្លែងនៅលើវេទិកា ថាគណបក្សសង្គ្រោះ​ជាតិ បានឈ្នះការបោះឆ្នោត ហើយថាដំណោះស្រាយដែលធ្វើឡើយដោយ គ.ជ.ប ទៅលើភាពមិនប្រក្រតីទាំងឡាយ ព្រម​ទាំង​ក្រុមប្រឹក្សាធម្មនុញ្ញនោះផង មិនបានផ្ដល់យុត្តិធម៌ ដល់ម្ចាស់ឆ្នោតនោះទេ។ លោកបញ្ជាក់ថា នេះជាមូលហេតុដែល គណបក្ស​សង្គ្រោះជាតិ ទាមទារឲ្យបង្កើតនូវគណកម្មការចម្រុះ​ឯករាជ្យមួយ ដើម្បីអង្កេតលើការបោះឆ្នោតនេះ។

ដោយឡែក គេសង្កេតឃើញ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមកដល់ទីលានប្រជាធិបតេយ្យ​នេះ​ដែរ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៨និង១០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

មានការបិទផ្លូវនៅមុខក្រសួងការពារជាតិ ហើយមានការដាក់ពង្រាយកងកម្លាំងជាច្រើនសិបនាក់នៅទីនោះ។ រូបថតនឹងបញ្ជូនមកតាមក្រោយ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៨និង០០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន អនុប្រធានគណបក្សសង្គ្រោះជាតិ បានមកដល់លើវេទិកា របស់គណបក្ស ដែល​សង់នៅលើទីលានប្រជាធិបតេយ្យ។ លោកទាំងពីរ បានលើកដៃជាសញ្ញាទទួលស្វាគមន៍ ទៅកាន់បាតុករទាំងអស់ ដែលមាន​វត្តមាននៅទីនោះ។ សម្រែកជ័យឃោស ក៏ត្រូវបានបន្លឺឡើង យ៉ាងទ្រហឹងអឺងអាប់។

ក្នុងពេលនេះ ព្រះសង្ឃកំពុងសូត្រជយន្ដោ ឲ្យទៅថ្នាក់ដឹកនាំទាំងនេះ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៧និង៥០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

នៅលើទីលានប្រជាធិបតេយ្យ មានការបែងចែកជាប្លង់ សម្រាប់ប្រជាពលរដ្ឋអង្គុយ ព្រះសង្ឃ និងសម្រាប់អ្នកសារព័ត៌មាន។ នៅខាងមុខ មានការដាក់ស្តង់ ដើម្បីទទួលការឧបត្ថមចំនួនប្រាំមួយកន្លែង និងមានការចែកទឹកដោយឥតគិតថ្លៃ សម្រាប់អ្នក​ចូលរួម។ យើងសង្កេតឃើញមាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រីអង្គការសិទ្ធិមនុស្ស ឃ្លាំមើលការរំលោភ​សិទ្ធិមនុស្ស ជាច្រើនសិបនាក់ ចូលរួមយកព័ត៌មាន និងឃ្លាំមើលដំណើរប្រព្រឹត្តិទៅ នៃមហាបាតុកម្មនេះផងដែរ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៧និង៣០នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ពីម៉ោង៦ ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃ មកតាមបណ្ដោយផ្លូវរ៉ូស្សី មានចរាចរណ៍ជាធម្មតា គ្មានការដាក់កំលាំង​សមត្ថកិច្ចណាមួយ គួរឲ្យចាប់អារម្មណ៍នោះទេ។ ចំណែកនៅឯទីលានប្រជាធិបតេយ្យ ការរក្សាសន្តិសុខដោយកម្លាំងសមត្ថកិច្ច ដូចជាប្រព្រឹត្តិទៅបានល្អ មិនទាន់មានសេចក្ដីរាយការណ៍មកថា មានការហាមឃាត់ក្នុងការចូលរួម​របស់ប្រជាពលរដ្ឋនោះ​នៅឡើយ។

ប៉ុន្តែនៅក្រៅរាជធានី ប្រភពមួយស្និតនឹងគណបក្សប្រឆាំង បានថ្លែងថា មានការហាមឃាត់ព្រះសង្ឃជិត៤០០អង្គ នៅចំនុច​ព្រែកព្នៅដោយសមត្ថកិច្ចនគរបាល។ ប៉ុន្តែព័ត៌មាននេះ នៅមិនទាន់មានការអះអាងដោយប្រភពឯករាជ្យ​ណាផ្សេងបាន​នៅ​ឡើយ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៧និង១៥នាទីព្រឹក៖

សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

មនុស្សម្នាចាប់ផ្ដើមធ្វើដំណើរមកកាន់ទីលានប្រជាធិបតេយ្យ ជាបណ្ដើរៗ។ ពួកគេមួយចំនួន មានពាក់កំណាត់បូពណ៌លឿង នៅលើក្បាល ខ្លះទៀតកាន់មកជាមួយនូវផ្ទាំងបដា ដែលសុទ្ធតែមានខឹមសារប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត និងចោទ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ថាមិនយុត្តិធម៌នោះជាដើម។ នៅក្នុងចំណោមនោះ គេក៏សង្កេតឃើញមានព្រះសង្ឃ ប្រមាណជាជាង៥០អង្គ និមន្តចូលរួមជាបណ្ដើរៗដែរ។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៧និង០០នាទីព្រឹក៖

រូបភាពនៃអ្នកដែលបានមកត្រៀមធ្វើបាតុកម្ម តាំងពីពេលយប់៖

(រូបភាពទំព័រហ្វេសប៊ុកនៃវិទ្យុសម្លេងសហរដ្ឋអាមេរិក)

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៦និង៣០នាទីព្រឹក៖

គណបក្សសង្គ្រោះជាតិបានបើកកម្មវិធីផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលទើបនឹងដាក់ឲ្យដំណើរការ នៅ​យប់ថ្ងៃទី៦ចូលថ្ងៃទី៧ខែកញ្ញានេះប៉ុណ្ណោះ។ ការផ្សាយផ្ទាល់នេះ ត្រូវបានធ្វើតាមរយៈកម្មវិធីមួយរបស់​បណ្ដាញសង្គម​ហ្វេសប៊ុក ដោយប្រើប្រាស់ប្រព័ន្ធគេហទំព័រចែកផ្សាយវីដូអូផ្ទាល់របស់ USTREAM ដែលគណបក្សនេះធ្លាប់​បានធ្វើកន្លង​មក។ អ្នកចង់តាមដានព្រឹត្តិការណ៍មហាបាតុកម្មនេះ នៅជុំវិញពិភពលោក អាចចូលទៅទស្សនារូបភាពជាវីដេអូ នៅទីនោះ​បាន ដោយគ្រាន់តែចុចនៅលើទីនេះ

ប៉ុន្តែការផ្សាយ នៅលើបណ្ដាញអាំងធើណែត បែបនេះ បានរងនូវគុណវិបត្តិជាច្រើន ដូចជាមានការកំណត់ចំនួនមនុស្ស​ចូលទៅទស្សនា ឬពិបាកក្នុងការតាមដានប្រសិនបើគេមានការភ្ជាប់បណ្ដាញ ដែលមានល្បឿនយឺតជាដើម។ ទោះជា​យ៉ាងណាក៏ដោយ នេះអាចចាត់ទុកជាជំហានមួយថ្មី ដែលគណបក្សប្រឆាំងបានបង្កើតឡើង ដើម្បីបញ្ជូនរូបភាពនៃ​គណបក្សរបស់ខ្លួនទៅកាន់មហាជន បន្ទាប់ពីគណបក្សនេះធ្លាប់សុំឲ្យក្រសួងពត៌មាន អនុញ្ញាតឲ្យខ្លួនមានវិទ្យុឬទូរទស្សន៍ មិនបានសម្រេចជាច្រើនដងរួចមក។

  • ថ្ងៃសៅរ៍ទី៧ខែកញ្ញា ម៉ោង០៦និង១៥នាទីព្រឹក៖

ខាងក្រោមនេះ ជាលក្ខខ័ណ្ឌដែលសាលារាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីក្រសួងមហាផ្ទៃ កំណត់ឲ្យគណបក្ស​សង្គ្រោះជាតិ​ រៀបចំធ្វើបាតុកម្មថ្ងៃទី០៧ខែកក្កដានេះ ៖
- បាតុកម្មធ្វើពីម៉ោង០៧ និងត្រូវបិទបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់
- បាតុករត្រូវកំណត់មិនឲ្យលើសពី១ម៉ឺននាក់
- មិនឲ្យដង្ហែជាក្បួន
- មិនឲ្យបោះជាជំរុំ បានសេចក្ដីថា មនុស្សមកចូលរួមអាចឈរអង្គុយធម្មតា តែគ្មានការធ្វើជាតូបឬជម្រកបណ្ដោះអាសន្ន អ្វីឡើយ។ ចប់បាតុកម្មកាលណា នាំគ្នាំបំបែកជួរជាបន្ទាន់។

ប៉ុន្តែការកំណត់ខាងលើ ត្រូវបានលោក កឹម សុខា វាយតម្លៃថា ជាការ«កំណត់»សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់​ប្រជាពលរដ្ឋដែលមានចែង និងការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងកម្មវិធីវេទិកា​អ្នកស្ដាប់​វិទ្យុអាស៊ីសេរី យប់ថ្ងៃទី០៦ខែកញ្ញា លោកបាននិយាយថា ពេលវេលានៃការធ្វើបាតុកម្មដែល​គណបក្សសង្គ្រោះជាតិ​យល់ព្រមជាមួយអាជ្ញាធរ មិនចំណុះទៅលើការចង់បាន នៃទឹកចិត្តរបស់ប្រជាពលរដ្ឋនោះទេ ហើយចំនួនបាតុករ ក៏វា​អាស្រ័យទៅលើការចង់ចូលរួមរបស់ពលរដ្ឋនោះដែរ។ គេត្រូវគោរព ទៅដល់សិទ្ធិនៃការចង់បញ្ចេញមតិ របស់ពួកគាត់​ទាំងនោះ។

លោក កឹម សុខា បានសង្កត់ធ្ងន់ បើរដ្ឋាភិបាលគ្មានសមត្ថភាពថែរក្សាសណ្ដាប់ធ្នាប់ ផ្ដល់លទ្ធភាព​ទៅឲ្យពលរដ្ឋរបស់ខ្លួន ធ្វើការសម្ដែងមតិទេ លោកស្នើឲ្យរដ្ឋាភិបាលនេះ ចុះចេញពីតំណែង ដើម្បីផ្ដល់ឱកាសទៅអ្នកដែលមានសមត្ថភាព​ឲ្យធ្វើ​ជំនួសវិញ។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

ជាបថម ដើម្បីស្វែងយល់ ឬអានឡើងវិញនូវព្រឹត្តិការណ៍ដែលបានប្រែប្រួល ក្នុងរយៈពេលចុងក្រោយ ជុំវិញការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣នេះ សូមអញ្ជើញ​ចូលទៅរកអាន ដោយចុចលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...