«Fresh News» កុហក​រឿង​អ៊ីរ៉ាក់​បបួល​គេឯង​ឲ្យ​ប្រឆាំង​អាមេរិក

«មិនធម្មតា!» ជាចំណងជើងរបស់សារព័ត៌មាន ដែលល្បីថាជាឧបករណ៍ឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបំបាក់រូបភាពអាមេរិក ជុំវិញការវាយប្រហារ កាលពីយប់ម្សិលម៉ិញ ទៅលើគោលដៅមួយចំនួន នៅក្នុងប្រទេសស៊ីរី។ តែបើតាមដានប្រភពព័ត៌មានបន្តិចទៅ គេនឹងដឹងថា ប្រដាប់ឃោសនា​ក្នុង​ប្រទេសកម្ពុជា​មួយនេះ ពិតជា«មិនធម្មតា» ក្នុងការបង្វិលព័ត៌មាន ឬធ្វើខ្លួន ជាភ្នាក់ងារជួយបង្វិលព័ត៌មានបន្ត ឲ្យទីភ្នាក់ងារព័ត៌មានចិន។
«Fresh News» កុហក​រឿង​អ៊ីរ៉ាក់​បបួល​គេឯង​ឲ្យ​ប្រឆាំង​អាមេរិក
អត្ថបទរបស់សារព័ត៌មាន ហ្វ្រេសញូស៍ (Fresh News) និងសញ្ញាសម្គាល់របស់សារព័ត៌មានមួយនេះ។ (រូបថតផ្តិតពីអេក្រង់ ហ្វ្រេសញូស៍)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 15, 2018
  • ប្រធានបទ: តាមយកការណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើ «Fresh News» ដែលជាសារព័ត៌មានចេញផ្សាយ តាមអ៊ិនធើណែត មានជំនាញអ្វីឲ្យច្បាស់? សម្រាប់មនុស្សជាច្រើន បានចាត់ទុកសារព័ត៌មានមួយនេះ ជាឧបករណ៍ឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដោយសារប្រព័ន្ធផ្សព្វផ្សាយខាងលើ ត្រូវបានគេស្គាល់ថា តែងបានចុះផ្សាយ «លើកជើង» និង​«និយាយជំនួស» លោក ហ៊ុន សែន មេដឹកនាំធំៗ ឬនយោបាយរដ្ឋាភិបាល-​គណបក្សប្រជាជនកម្ពុជា នៅសឹង​តែគ្រប់​អត្ថបទ​របស់ខ្លួន។

វែងឆ្ងាយជាងនេះ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporteur Sans Frontière) ដែលមានទីស្នាក់ការ នៅរដ្ឋធានីប៉ារីស ប្រទេស​បារាំង បានហៅសារព័ត៌មានមួយនេះ ដោយចំៗថា ជា«រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ»។

ខាងក្រោមនេះ ជាភស្ដុតាងមួយទៀត នៃការបង្វិលព័ត៌មាន ដែលសារព័ត៌មានមួយនេះ អះអាងថា ទទួលបានពីការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ (Xinhua) ហើយយកមកបកប្រែចុះផ្សាយ ដោយគ្មានការផ្ទៀងផ្ទាត់ប្រភព និងថែមទាំងបានបញ្ចេញបញ្ចូលពាក្យ នៅក្នុងអត្ថបទ ដែលត្រូវចេញផ្សាយ​ទៀត។ អត្ថបទនោះ ត្រូវបានសារព័ត៌មានដាក់ចំណងជើង ឲ្យថា៖ «មិនធម្មតា! ប្រទេសអ៊ីរ៉ាក់​ប្រកូកប្រកាស ឲ្យអារ៉ាប់ រួមគ្នាប្រឆាំងទង្វើអាមេរិក ដែលកំពុង​អនុវត្ត ទៅលើស៊ីរី!»។

វាដូចជាពិបាកយល់បន្តិច នៅត្រង់ថា ប្រទេសអ៊ីរ៉ាក់​ត្រូវបាន​អាមេរិកយកចេញ ពីរបបផ្ដាច់ការ នៃអតីតប្រធានាធិបតី សាដាម ហ៊ូសេន ហើយសព្វថ្ងៃកំពុងត្រូវការ​សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើន នៅបស្ចឹមលោក ក្នុងការស្ដារប្រទេសឡើងវិញនោះ បែរជាចេញសេចក្ដីថ្លែងការណ៍ ប្រឆាំងអាមេរិកនៅថ្ងៃនេះ ដ៏គួរឲ្យចម្លែក។ តែចំងល់នេះ ទំនងជាមិនត្រូវបាន «Fresh News» ចោទសួរឡើងទេ។

សារព័ត៌មាន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងសរសើរមិនដាច់សូរ បានសរសេរដំបូង​នៅក្នុងអត្ថបទ ដាក់ថា «បាកដាដ» ជាទីកន្លែងសរសេរ ឬកន្លែង​ដែលអត្ថបទសរសេរចេញ ខណៈអ្នកនិពន្ធរបស់អត្ថបទនេះ អង្គុយបកប្រែអត្ថបទរបស់ស៊ីនហួរ នៅឯរាជធានីភ្នំពេញសោះ។ អត្ថបទបានសរសេេរបន្តថា៖ «ក្រសួងការ​បរទេសអ៊ីរ៉ាក់ បានអំពាវនាវឲ្យ​កិច្ចប្រជុំកំពូល​អារ៉ាប់​ នាពេលខាង​មុខនេះ ដែលគ្រោងធ្វើឡើង នៅប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវរួមគ្នា​បង្ហាញ​ជំហរ ប្រឆាំង​ទៅនឹង​សហរដ្ឋអាមេរិក ដែលកំពុងតែដឹកនាំ​​ការ​វាយប្រហារ​​ដែន​អាកាស ​ទៅលើ​ប្រទេសស៊ីរី។ នេះបើតាមការ​ចេញផ្សាយ ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាយប់​ថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។»។

យើងបានទៅតាមរកព័ត៌មាន ដែលចេញផ្សាយ ដោយស៊ីនហួរ នៅថ្ងៃទី១៤ ខែមេសា ហើយបានប្រទះឃើញអត្ថបទ​ដែល​ទាក់ទង​​នៅទីនេះ ក្រោមចំណងជើង ជាភាសាអង់គ្លេសថា «Iraq urges Arab summit to take "clear stance" against U.S.-led airstrikes on Syria» ហើយអត្ថបទរបស់ ស៊ីនហួរ បានអះអាងថា ខ្លួនបានស្រង់ការចុះផ្សាយ នៅលើគេហទំព័រក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ាក់។

យើងបន្តតាមទៅរកមើល ឃើញថា ក្នុង​គេហទំព័រក្រសួងបរទេសអ៊ីរ៉ាក់ មានការបង្ហោះមួយមែន ស្ដីពីការថ្លែងកាលពីយប់ថ្ងៃទី១៣ ខែមេសា របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ គឺលោក «Ibrahim al-Jaafari» ដែលទើបនឹងចេញពីអង្គប្រជុំ នៃជំនួបកំពូល របស់ពិភពអារ៉ាប់ ក្នុងក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត (ផ្ទុយពីអត្ថបទរបស់ "Fresh News" ដែលថា ជំនួបកំពូលនឹងត្រូវធ្វើ នាពេលខាងមុខ)។

យើងបានស្វែងរកអ្នកជំនាញ ខាងភាសាអារ៉ាប់ ឲ្យមកបកប្រែការចុះផ្សាយ នៅលើគេហទំព័រខាងលើ តែមិនឃើញមានចំណុចត្រង់ណា​មួយ ដែលបញ្ជាក់ថា ប្រទេសអ៊ីរ៉ាក់​ បាន«ប្រកូកប្រកាស ឲ្យអារ៉ាប់ រួមគ្នាប្រឆាំងទង្វើអាមេរិក ដែលកំពុង​អនុវត្ត ទៅលើស៊ីរី» នោះទេ។ លោក «Ibrahim al-Jaafari» ដែលជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ គ្រាន់តែថ្លែងឡើងថា ការប្រើប្រាស់ដំណោះស្រាយ តាមផ្លូវសព្វាវុធ ជាគ្រោះថ្នាក់មួយ សម្រាប់សន្តិសុខតំបន់ ហើយអាចបង្កឲ្យមានផលវិបាក ដូចដែលប្រជាជន នៃប្រទេសស៊ីរី និងអ៊ីរ៉ាក់ បាន និងកំពុងឆ្លងកាត់។

ផ្ទុយទៅវិញ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់លោក «Ahmed Mahjoob» អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ាក់ ដែលទើបនឹងចេញផ្សាយ នៅព្រឹកថ្ងៃទី១៤ ខែមេសា ពោលនៅប៉ុន្មានម៉ោង បន្ទាប់ពីការថ្លែង​របស់លោក «Ibrahim al-Jaafari» នោះ បានគូសបញ្ជាក់ថា៖ «ក្រសួងការបរទេសអ៊ីរ៉ាក់ សំដែងការព្រួយបារម្ភ ចំពោះការវិវត្ដន៍ថ្មីបំផុត នៅក្នុងប្រទេសស៊ីរី និងអំពាវនាវ ទៅកាន់សហគមន៍អន្តរជាតិ ឲ្យបង្កើន​ការខិតខំ​ប្រឹងប្រែង​របស់ខ្លួន ដើម្បីរកដំណោះស្រាយនយោបាយ ទៅនឹងវិបត្តិនៅស៊ីរី និងជៀសវាងឲ្យបាន នូវភាពតានតឹង នៅក្នុងតំបន់ ជាពិសេសត្រូវផ្ចង់អារម្មណ៍ ទៅលើការប្រយុទ្ធប្រឆាំង នឹងភេរវនិយម។»។

 

សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ទៀតថា៖ «ក្រសួងសូមអះអាងដែរ អំពីជំហររបស់ប្រទេសអ៊ីរ៉ាក់ បដិសេធចោល នូវរាល់ការប្រើប្រាស់អាវុធគីមី ដោយភាគីណាក៏ដោយ និងនៅទីណាក៏ដោយ នៅលើពិភពលោក ខណៈប្រជាជនអ៊ីរ៉ាក់ខ្លួនឯង បានរងគ្រោះរួចហើយ ពីការប្រើប្រាស់​អាវុធទាំងនេះ នៅក្នុងអំឡុងពេល នៃរបបផ្ដាច់ការ (របស់អតីតប្រធានាធិបតី សាដាម ហ៊ូសេន)»។

ដូច្នេះ ឃ្លាថា «មិនធម្មតា! ប្រទេសអ៊ីរ៉ាក់​ប្រកូកប្រកាស ឲ្យអារ៉ាប់ រួមគ្នាប្រឆាំងទង្វើអាមេរិក ដែលកំពុង​អនុវត្ត ទៅលើស៊ីរី!» របស់សារព័ត៌មាន «Fresh News» មានប្រភពចេញពីណា? ឬ «Fresh News» ខ្លួនឯងបន្ថែមបន្ថយពាក្យ ដោយចិត្តឯង ដើម្បីបំបាក់រូបភាពអាមេរិក និងសម្ព័ន្ធមិត្ត? ឬមួយ «Fresh News» គ្រានតែជាសារព័ត៌មាន បន្ទរតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ ដែលជាម៉ាស៊ីនឃោសនា របស់ប្រទេសចិនកុម្មុយនីស្ដិ៍?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...