ល្វីស ស្វារែស៖ សូម​គោរព​តាម​សន្យា ហើយ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ

ខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) នៅតែទទូចចង់ចាកចេញពីក្លិប លីវើភូល (Liverpool) ដដែល បើទោះបីជាមានការលួងលោមពីគ្រូបង្វឹកលីវើភូល លោកប្រេដិន រ៉ដចឺ (Brendan Rodgers), ប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard), អតីតវីរបុរសលីវើភូលជាច្រើនរូប និងក្រុមអ្នកគាំទ្ររាប់លានក៏ដោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) នៅតែទទូចចង់ចាកចេញពីក្លិប លីវើភូល (Liverpool) ដដែល បើទោះបី​ជា​មាន​ការលួងលោមពីគ្រូបង្វឹកលីវើភូល លោកប្រេដិន រ៉ដចឺ (Brendan Rodgers), ប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard), អតីតវីរបុរសលីវើភូលជាច្រើនរូប និងក្រុមអ្នកគាំទ្ររាប់លានក៏ដោយ។


ខ្សែប្រយុទ្ធ ល្វីស ស្វារែស នៅតែទទូចចង់ចាកចេញពីក្លិប លីវើភូល។ (រូបថត Digitalsport/ANB/Arkiv)

កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ ចង់លេងឲ្យក្រុមដែលមានកៅអីនៅក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) ប៉ុន្តែរហូតមកដល់ពេលនេះ មានតែក្រុមកាំភ្លើងធំ អាសឺណល (Arsenal) មួយតែប៉ុណ្ណោះ ដែលបានដេញថ្លៃជាផ្លូវការ។ ស្វារែស នឹងរៀបចំសរសេរពាក្យសុំផ្ទេរចេញ នៅចុងសប្តាហ៏នេះ ដើម្បីសម្រេចគោលបំណងរបស់គាត់ ដែលចង់ផ្ទេរ​ទៅ​កាន់កីឡាដ្ឋាន អេមីរ៉េត (Emirates Stadium)។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ ជិតនឹងផ្ទេរទៅកាន់ក្រុម ជូវីនទូស (Juventus) ម្តងដែរ កាលពីរដូវកាលមុន ប៉ុន្តែគាត់ និងក្លិប​លីវើភូល បានព្រមព្រៀងគ្នាថា ឲ្យគាត់នៅ១រដូវកាលទៀត ដើម្បីជួយឲ្យក្លិបទទួលបានដំណែងកំពូលទាំង៤ (Top 4) ហើយបើក្លិបនៅតែមិនអាចទទួលបានដំណែងនោះទេ គាត់មានសិទ្ធចាកចេញបាន។

ស្វារែស បាននិយាយថា៖ «ខ្ញុំបានផ្តល់ឲ្យក្រុមទាំងអស់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត កាលពីរដូវកាលមុន ប៉ុន្តែវា​នៅ​តែមិនគ្រប់គ្រាន់ ដើម្បីឲ្យយើងទទួលបានដំណែងកំពូលទាំង៤។ ពេលនេះ អ្វីដែលខ្ញុំចង់បាន គឺសុំឲ្យក្លិបលីវើភូល​គោរព​តាមកិច្ចសន្យា។ ខ្ញុំមានអាយុ២៦ឆ្នាំ។ ខ្ញុំចង់លេងឆែមពានលីក។ ខ្ញុំបានរងចាំ១ឆ្នាំហើយ ហើយគ្មានអ្នកណាអាចនិយាយ​ទេថា ខ្ញុំមិនបានជួយក្រុមឲ្យអស់ពីលទ្ធភាព កាលពីរដូវកាលមុន។»

ស្វារែស បានចុះកិច្ចសន្យារយះពេលវែងជាមួយលីវើភូល ប៉ុន្តែបើក្រុមណាចង់ទិញផ្តាច់កិច្ចសន្យារបស់គាត់ ត្រូវតែ​ហ៊ាន​ឲ្យថ្លៃជាង៤០លានផោន ទើបលីវើភូលអាចលក់បាន។ ប៉ុន្តែកាលពី២សប្តាហ៏មុន អាសឺណលបានដេញថ្លៃ លើស៤០​លានផោនរួចហើយ តែលីវើភូលនៅតែបដិសេធ ខណៈដែលស្វារែសនិយាយថា ក្លិបធ្វើដូចនោះ ជារឿងមួយខុសឆ្គង។

ស្វារែស បានបន្ថែមថា៖ «ខ្ញុំមិនគិតថា ក្លិបនឹងក្បត់កិច្ចសន្យានោះទេ នូវអ្វីដែលបានព្រមព្រៀងគ្នា កាលពីរដូវកាលមុន ដូចដែលខ្ញុំធ្លាប់សន្យាថា ខ្ញុំនឹងនៅបន្ត ហើយជួយក្រុមគ្រប់បែបយ៉ាងដើម្បីឲ្យបានកៅអីឆែមពានលីក។ ប៉ុន្តែទាំងនោះ ជារឿងកាលពីឆ្នាំមុន ពេលនេះក្លិបមិនអាចនិយាយដូចនោះទៀតទេ។»

ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ នឹងអវត្តមានក្នុងការប្រកួតមិត្តភាព ជាមួយនឹងក្រុម វ៉ាឡឺរ៉ិនហ្គា (Valerenga) របស់​ន័រវែស នៅយប់ថ្ងៃព្រហស្បត្ត៏ ដោយសារតែគាត់មានបញ្ហារបួសជើងកំឡុងពេលហ្វឹកហាត់។ ប៉ុន្តែទោះជាយ៉ាងណា គាត់អាចនឹងមិនបានបង្ហាញខ្លួនឲ្យក្រុមលីវើភូលជារៀងរហូត បើគាត់ដាក់សំណើរសុំចាកចេញពីក្លិប​នៅចុង​សប្តាហ៏​នេះមែន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...