តឺនីស៖ ដេលប៉ូត្រូ លើក​​ពាន​​វ៉ាស៊ីនតោន បន្ទាប់​​ពី​ឈ្នះ​អ៊ីស្នឺ

កីឡាករអាស្សង់ទីន ចនម៉ាទីន ដេលប៉ូត្រូ (Juan Martin del Potro) ឬហៅកាត់ថា «ដេលប៉ូ» (Delpo) បានបំបាក់កីឡាករ​អាមេរិក ចន អ៊ីស្នឺ (John Isner) ក្នុងការប្រកួតពានរង្វាន់វ៉ាស៊ីនតោន អូផិន (Washington Open) វគ្គផ្តាច់ព្រ័ត្រ កាលពីយប់​ថ្ងៃ​​អាទិត្យ។
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

កីឡាករអាស្សង់ទីន ចនម៉ាទីន ដេលប៉ូត្រូ (Juan Martin del Potro) ឬហៅកាត់ថា «ដេលប៉ូ» (Delpo) បានបំបាក់កីឡាករ​អាមេរិក ចន អ៊ីស្នឺ (John Isner) ក្នុងការប្រកួតពានរង្វាន់វ៉ាស៊ីនតោន អូផិន (Washington Open) វគ្គផ្តាច់ព្រ័ត្រ កាលពីយប់​ថ្ងៃ​​អាទិត្យ។


កីឡាករដេលប៉ូ នៅក្នុងការប្រកួតជាមួយកីឡាករអាមេរិក ចន អ៊ីស្ទឺ។ (រូបថត Orange Sport)

កីឡាករវ័យ២៤ឆ្នាំ លំដាប់លេខ៧ពិភពលោក ដេលប៉ូ បានចាញ់ក្នុងសិតទី១ ប៉ុន្តែអាចវាយបកយកឈ្នះ២សិតជាប់ៗ​មកវិញ ដោយលទ្ធផល ៣-៦, ៦-១ និង ៦-២ ហើយបានលើកពានលើកទី៣ ក្នុងរយះពេល៦ឆ្នាំចុងក្រោយរបស់គាត់។

ដេលប៉ូត្រូ បាននិយាយថា៖ «ខ្ញុំលេងបានល្អ ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។ ដើម្បីឈ្នះពានរង្វាន់នេះ ហើយដើម្បីឈ្នះ​កីឡាករទាំងអស់នេះ អ្នកចាំបាច់ត្រូវតែ ធ្វើឲ្យបានល្អ និងត្រៀមខ្លួនឲ្យបានល្អបំផុត។ ប៉ុន្តែមានកីឡាករ ២ឬ៣រូប ដែល​លេងបានល្អជាងខ្ញុំ ហើយពួកគេនៅជាកីឡាករដែលអស្ចារ្យ ជារៀងរហូត។»

កីឡាករលំដាប់លេខ១ពិភពលោក ណាវ៉ាក់ ឌីចូកូវីក (Novak Djokovic), ម្ចាស់ការពារដំណែងជើងឯក អេនឌី មួរ៉េ (Andy Murray), ម្ចាស់ជើងឯកយូអេសអូផិន (US Open) ៥សម័យកាល រ៉ដចឺ ហ្វេដឺរ៉ឺ (Roger Federer) និងម្ចាស់ជើងឯក​យូអេសអូផិនឆ្នាំ២០១០ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) សុទ្ធសឹងតែជាកីឡាករ ដែលដេលប៉ូត្រូ គិតថាជាដៃគូដ៏​គួរ​ឲ្យញញើតសម្រាប់គាត់។

រីឯកីឡាករអ៊ីស្នឺ បាននិយាយពីដេលប៉ូត្រូថា៖ «ខ្ញុំគិតថា គាត់ (ដេលប៉ូត្រូ) នៅចាញ់ឌីចូកូវីក និងមួរ៉េ សម្រាប់ការគិត​របស់ខ្ញុំ។ បើប្រៀបធៀបទៅនឹងកីឡាករទាំងអស់នោះ ខ្ញុំនឹងឲ្យគាត់ស្ថិតនៅចំណាត់ថ្នាក់លេខ៣។»

ដេលប៉ូត្រូ ដែលបានរងរបួស និងធ្លាក់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់វីមបលដុន (Wimbledon) បានបន្តថា៖ «និយាយឲ្យស្មោះត្រង់ ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឈ្នះពានរង្វាន់នេះ បន្ទាប់ពីអវត្តមានជាង១ខែ ដោយសារ​តែ​បញ្ហារបួស។ វាពិតជាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះវានឹងធ្វើឲ្យខ្ញុំ កាន់តែមានទំនុកចិត្ត និងកាន់តែខិតជិតទៅ​នឹង​កីឡាករកំពូលៗ។»

កីឡាករលំដាប់លេខ៩ពិភពលោក អ៊ីស្នឺ ដែលធ្លាក់ក្នុងវគ្គផ្តាច់ព្រ័ត្រលើកទី៣ ក្នុងឆ្នាំនេះ បន្ទាប់ធ្លាក់ នៅក្នុងទីក្រុង​អាត្លង់តា (Atlanta) កាលពីសប្តាហ៏មុន និងធ្លាក់នៅក្នុងទីក្រុងហោស្តុន (Houston) កាលពីខែមេសា បាននិយាយថា៖ «ខ្ញុំពិតជាមានការសោកស្តាយ និងខកចិត្តខ្លាំង ណាស់។ ខ្ញុំបានខិតខំលេងយ៉ាងខ្លាំង ប៉ុន្តែខ្ញុំនៅតែមិនអាចទទួលបាន​លទ្ធផលល្អ និងមិនអាចយកឈ្នះការប្រកួតបាន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments