សម្ភាស ផាន់ សិទ្ធី៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឈរ​លើ​«មាគ៌ា​រាជា​និយម» បង្រួប​បង្រួម​ខ្មែរ

ភ្នំពេញ៖ មុននឹងសម្រេចចិត្តថា តើគណបក្សណាមួយដែលជាជម្រើសរបស់ប្រជាពលរដ្ឋ ដើម្បីឈ្នះក្នុងការបោះឆ្នោត​នា​ពេលខាងមុខ ដើម្បីអាចមកដឹកនាំវានាកម្ពុជានោះ ពលរដ្ឋជាម្ចាស់ឆ្នោត គប្បីស្វែងយល់ពីគោល​នយោបាយ​របស់​គណបក្សនីមួយៗ។ មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយតំណាងមួយរូបមកពី គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបក​ស្រាយពីគោលនយោបាយសំខាន់ៗ របស់គណបក្សនេះ សម្រាប់ការដឹកនាំប្រទេសកម្ពុជានាពេលខាងមុខ។
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: July 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ មុននឹងសម្រេចចិត្តថា តើគណបក្សណាមួយដែលជាជម្រើសរបស់ប្រជាពលរដ្ឋ ដើម្បីឈ្នះក្នុងការបោះឆ្នោត​នា​ពេលខាងមុខ ដើម្បីអាចមកដឹកនាំវានាកម្ពុជានោះ ពលរដ្ឋជាម្ចាស់ឆ្នោត គប្បីស្វែងយល់ពីគោល​នយោបាយ​របស់​គណបក្សនីមួយៗ។ មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយតំណាងមួយរូបមកពី គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបក​ស្រាយពីគោលនយោបាយសំខាន់ៗ របស់គណបក្សនេះ សម្រាប់ការដឹកនាំប្រទេសកម្ពុជានាពេលខាងមុខ។


សម្តេចរាជបុត្រី ព្រះ​អនុជ នរោត្តម អរុណរស្មី ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មានបន្ទូលក្នុងសមាជគណបក្ស​ថ្ងៃទី​២៣ខែមិនាឆ្នាំ២០១៣។ (រូបថត MONOROOM.info)

លោក ផាន់ សិទ្ធី សមាជិកគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេចរាជបុត្រី ព្រះ​អនុជ នរោត្តម អរុណរស្មី ជាព្រះប្រធាន  បានបង្ហាញដល់អ្នកយកព័ត៌មានយើង នូវគោលនយោបាយសំខាន់ៗ​ទាំង​១៨​ចំណុច ក្នុងការចូលរួមប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ ដែលមាន​ន័យ​ដូចខាងក្រោម ៖

មនោរម្យព័ងអាំងហ្វូ៖ សូមលោកសង្ខេបនូវ​ចំណុច​សំខាន់ៗ នៃគោលនយោបាយថ្មី របស់គណបក្សរាជានិយម​ហ្វុនស៊ិនប៉ិច មានទាំង១៨ចំណុច?

ផាន់ សិទ្ធី៖ គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយម ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១ ដោយ​មហា​វីរក្សត្រ​ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ។ ព្រះមហាក្ស ជានិមិត្តរូបនៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាព​ទឹកដី និងយុត្តិធម៌សង្គម។ មាគ៌ានយោបាយរាជានិយម សីហនុនិយម ជានយោបាយជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បង្រួបបង្រួមខ្មែរគ្រប់និន្នាការ អព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ។ ការពារសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងធ្វើ​ទំនាក់ទំនងជាមួយបណ្តាប្រទេសនានាលើសាកលលោក។ ដោយឈរលើគោលការណ៍«មាតាធិបតេយ្យ» ស្រ្តីបាន​ចូល​រួមក្នុងវិស័យនយោបាយ ជម្រុញឲ្យកូនស្រីបានរៀនសូត្រដូចកូនប្រុស។ ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅ​គ្រួសារ។ លើកកម្ពស់នីតិរដ្ឋ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ គោរពច្បាប់។ គ្មានរំលោភបំពានដីធ្លីប្រជារាស្រ្ត។ ពិនិត្យ និងដោះស្រាយករណីជនអន្តោប្រវេសន៍ លុបបំបាត់អំពើពុករលួយ។ ឯករាជ្យភាពនៃមន្រ្តីតុលាការ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយទទួលបានប្រាក់បៀរវត្យសមរម្យ។

ទាក់ទងទៅនឹងបញ្ហាការរំលោភសិទ្ធិមនុស្ស ដីធ្លី ដែលកើតចេញពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការកាប់​បំផ្លាញ​ព្រៃឈើ តើមានដំណោះស្រាយយ៉ាងណា ក្រោយពេលគណបក្សលោកជាប់ឆ្នោត?

ផាន់ សិទ្ធី៖ ដើម្បីលុបបំបាត់ការរំលោភបំពាន និងការប៉ពាល់ដល់ដីធ្លីរបស់ប្រជារាស្រ្ត តាមរយៈដីសម្បទានសេដ្ឋកិច្ច ត្រូវ​ធ្វើការពិនិត្យ មុននឹងចុះហត្ថលេខាផ្តល់នូវចំនួនដី ដល់ក្រុមហ៊ុនទៅតាមច្បាប់ដែលបានចែង។ ធ្វើបែងចែកដីធ្លីឲ្យ​បាន​ច្បាស់លាស់ និងធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ដោះស្រាយដីសង្គមកិច្ច​ជូន​ប្រជារាស្រ្ត​ក្រីក្រ។ និងកែលំអរចំពោះការផ្តល់ដីសម្បទានក្នុងរយៈពេល៩០ឆ្នាំ មកត្រឹម៣០ វិញ ជាសវាងការបាត់បង់ដី ជាពិសេស​ នៅតាមបណ្តាព្រំដែននិងដកហូតមកវិញបើក្រុមហ៊ុននោះមានមានការអភិវឌ្ឍន៏ជាក់ស្តែងតាមកិច្ចសន្យា។

ទាក់ទងពីបញ្ហាពុករលួយ ដែលមានការរីរាលដាលស្ទើរគ្រប់ស្ថាប័ន-ក្រសួង បើគណបក្សលោកឈ្នះឆ្នោត នឹង​មានវិធានការទប់ស្កាត់ និងដោះស្រាយយ៉ាងណា?

ផាន់ សិទ្ធី៖ រឿងពុករលួយមានជាខ្សែរចង្វាក់ ហើយច្បាប់យើងក៏មានរួចហើយដែរ តែអ្វីដែលសំខាន់នោះ ការមិនបាន​អនុវត្តច្បាប់បានពេញលេញតាមរយៈ ការរំលោភអំណាច ការយកកំរៃសេវាសាធារណៈ​ដោយខុសច្បាប់ពី​ប្រជារាស្រ្ត​ជាដើម។ ត្រូវផ្តន្ទាទោសចំពោះមន្រ្តីដែលបានប្រព្រឹត្តខុសច្បាប់ ដោយគោរពពីគោលការណ៍ច្បាប់។ ច្បាប់លក្ខន្តិកៈ ក្រម​សីលធម៌ វិជ្ជាជីវៈមន្រ្តីតុលាការ និងមន្រ្តីថ្នាក់ដឹកនាំត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ «មុននិងក្រោយ» នៃការឡើងកាន់​តំណែង។ ជំរុញឲ្យមានការយល់ដឹងពីភាពស្អាតស្អំ និងដឹងពីអ្វីជាអំពើពូករលួយតាំងពីវ័យក្មេងទៅ ជាពិសេសបញ្ជ្រៀប​តាមគ្រឹះស្ថានសិក្សានានា។ ពង្រឹង និងអភិវឌ្ឍសមត្ថភាព គុណភាព អព្យាក្រឹតភាព ឯករាជ្យភាព នៃមន្រ្តីតុលាការ មន្រ្តី​រាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

បញ្ហាជនអន្តោប្រវេសន៍ បញ្ហាព្រំដែន និងបញ្ហាប្រាក់កម្ចីពីបរទេស មានការដោះស្រាយតាមវិធីសាស្រ្ត​ណាខ្លះ​លើកត្តានីមួយៗ?

ផាន់ សិទ្ធី៖ បញ្ហាអន្តោប្រវេសន៍នៅកម្ពុជាមានច្រើន ដែលមួយភាគធំចូលមកដោយខុសច្បាប់ តាមរយៈការត្រូវរ៉ូវគ្នា​ជា​មួយអាជ្ញធរ ដើម្បីធ្វើឯកសារ និងផ្តល់នូវអន្តសញ្ញាណប័ណ្ណដោយខុសច្បាប់ជាដើម ។ បញ្ហានេះយើងនឹង​ធ្វើការ​ពង្រឹងនូវ​ការអនុវត្តច្បាប់អន្តោប្រវេស និងច្បាប់សញ្ជាតិ។ ធ្វើការសើរើ ដកហូត និងបញ្ជូនត្រឡប់ទៅស្រុកវិញនូវជនបរទេសណា ដែលកាន់កាប់អត្តសញ្ញាណ និងឆ្លងដែនដោយខុសច្បាប់។ បញ្ហាព្រំដែន គណបក្សហ្វុនស៊ិនប៉ិច និយាយពីបុរណភាព​ទឹកដី ជាការគោរពគ្នា មិនឈ្លានពានគ្នាទៅវិញទៅមក កំណត់ឲ្យបានច្បាស់ នូវចំណុចនៃខ្សែរព្រំដែន​ជាមួយប្រទេស​ជិត​ខាងដោយឈរលើគោលការណ៍ច្បាប់ និងសន្ធិសញ្ញា ហើយធ្វើការដោះស្រាយតាមសន្តិវិធី និងដោយសន្តិភាព។ ឯបញ្ហា​កម្ចីប្រាក់ពីបរទេស សម្រាប់ការអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិ ហ្វុនស៊ិនប៉ិចនៅតែអាចធ្វើការកម្ចីបានបើសិន​ជាយើង​គ្មានធនធាន ហើយយើងក៏អាចទៅរកលុយពីបរទេសតាមរយៈជំនួយឥតសំណង និងជំនួយមានសំណង តែត្រូវធ្វើការ​គ្រប់គ្រងឲ្យមានតម្លាភាព ដោយមានផែនការ កំណត់ពីចំណូល និងចំណាយឲ្យបានច្បាស់លាស់ទៅតាមផ្នែកនីមួយៗ ប្រកបដោយការត្រួតពិនិត្យមានគុណភាពខ្ពស់ ជាសវាងអំពើពុករលួយ និងការកេងប្រវ័ញ្ញ។

ជាចុងក្រោយ តើគណបក្សរាជានិយមហ្វុនស៊ិនប៉ិច មានបេក្ខភាពឈរឈ្មោះ ជាតំណាងរាស្រ្តសរុបប៉ុន្មាននាក់ ក្នុងនោះមានស្រ្តីប៉ុន្មានរូប និងប៉ុន្មានខេត្ត-ក្រុងដែលបានឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទីប្រាំនេះ?

ផាន់ សិទ្ធី៖ សម្រាប់បេក្ខភាពជាស្រ្តីនៃគណបក្សរាជានិយមហ្វុនស៊ិនប៉ិច ដែលត្រូវឈរឈ្មោះជាតំណាងរាស្រ្ត ដើម្បី​ចូលរួម​ ការបោះឆ្នោតក្នុងអាណត្តិទីប្រាំនាខាងមុខនេះមានចំនួនស្រ្តីសរុប៣៦នាក់ ក្នុចំណោមបេក្ខជនទាំងបម្រុង​និង​ពេញសិទ្ធិមានចំនួន២៦៤នាក់។ គណបក្សរាជានិយមហ្វុនស៊ិនប៉ិច មានបេក្ខជនឈរឈ្មោះ​ជាតំណាងរាស្រ្ត​ទាំង២៤ខេត្ត​-ក្រុង ដែមមាន១២ខេត្តក្រុងនិងទទួលបានមួយអសនៈក្នុងមួយមណ្ឌល ឯខេត្ត-ក្រុងដ៏ទៃទៀតអាចទទួលបាន​ត្រឹមតែ​មួយអសនៈ ឬមិនអាចតាមសក្កដានុពលនៃការប្រគួតប្រជែងគ្នា ជាមួយគណបក្សដទៃ ដោយសារតែខេត្តនោះមានតែ​មួយកៅអី។

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...