រឿង​អាស្រូវ​នៃ​អតីត​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី នៅ​តុលាការ​មិន​ទាន់​ចប់

អ្នកជិតដិតនឹងលោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) ចំនួនបីរូប ត្រូវបានតុលាការផ្ដន្ទាទោស កាលពីថ្ងៃសុក្រ​ទី១៩​ខែកក្កដា ពីបទ«នាំពេស្យាចារ»អោយលោក ខណៈពេលដែលអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ នៅជាប់សំនុំរឿងក្ដី​ទាក់​ទង់អំពើពុករលួយ នៃព្រឹទ្ធសមាជិកមួយរូបពីគណបក្សប្រឆាំង។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកជិតដិតនឹងលោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) ចំនួនបីរូប ត្រូវបានតុលាការផ្ដន្ទាទោស កាលពីថ្ងៃសុក្រ​ទី១៩​ខែកក្កដា ពីបទ«នាំពេស្យាចារ»អោយលោក ខណៈពេលដែលអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ នៅជាប់សំនុំរឿងក្ដី​ទាក់​ទង់អំពើពុករលួយ នៃព្រឹទ្ធសមាជិកមួយរូបពីគណបក្សប្រឆាំង។


នាងរូប៊ី (ខាងឆ្វេង) និងលោកប៊ែរលូស្កូនី។ (រូបថត AP)

រឿងអាស្រូវដែលទាក់ទង់នឹង«ស្រី» របស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី នៅជាប់រយីងរយោង ដូច​សម្លកំពឹស ជាពិសេសនៅឯតុលាការ។ កាលពីថ្ងៃសុក្រ អ្នកជិតដិតនឹងលោកបីនាក់ បានត្រូវប្រព័ន្ធយុត្តិធម៌របស់ប្រទេស កាត់ក្ដីឲ្យជាប់ពន្ធនាគារ ពីបទដឹក«ញ៉ី»ទៅបន្ស៊ី«ឈ្មោល» ជាពិសេសស្រីលក់ខ្លួនមិនទាន់គ្រប់អាយុមួយនាក់ នៅក្នុង​ពិធី​ជប់លៀងមួយនាគេហដ្ឋានដ៏ប្រណិត របស់លោក ឯទីក្រុងអាក័រ (Arcore)។

សូមបញ្ជាក់ថា នៅបស្ចឹមលោក ការដឹកញីទៅបន្ស៊ីឈ្មោល ដូចជា«មេបន» ឬការហៅស្រីមកឲ្យ ឬដឹកនាងៗទៅផ្គាប់​នរណាម្នាក់នេះ សុទ្ធសឹងជា«សញ្ចារកម្ម» ដែលមានទោសតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។

កាលពីចុងខែឧសភាកន្លងទៅ តុលាការក្រុងមីឡង់ (Milan) បានផ្ដន្ទាទោសរួចហើយ ដាក់ពន្ធនាគារប្រាំពីរឆ្នាំ និងហាម​ឃាត់ក្នុងការងាររដ្ឋ នូវមនុស្សបីនាក់ផ្សេងទៀត ដែលសុទ្ធសឹងជាអ្នកមានមុខមាត់ក្នុងប្រទេស។ នៅក្នុងសេចក្ដី​សម្រេច​នោះ តុលាការបានចាត់ទុកថាបុរសទាំងបី ជាអ្នក«ភ្លក្ស»មុន ហើយទំនងជាទទួលប្រាក់ជាច្រើន ពីលោក ប៊ែរលូស្កូនី។ ប៉ុន្តែលោកទាំងបីបានច្រានចោលនូវបទចោទប្រកាន់នោះ ដោយនិយាយថារាត្រីជប់លៀងនៅក្រុងអាក័រ ជារាត្រីដែល​សមសួនត្រឹមត្រូវជាងគេបង្អស់។

នេះជាសំនុំរឿងក្ដីលើកទីពីរហើយរបស់លោក ប៊ែរលូស្កូនី ដែលលើកទីមួយ លោក ត្រូវបានតុលាការផ្ដន្ទាទោស កាល​ពី​ថ្ងៃទី២៤ខែកក្កដា ដាក់ពន្ធនាគារ៧ឆ្នាំ និងហាមឃាត់ក្នុងការងាររដ្ឋមួយជីវិត ពីបទ«ប្រើប្រាស់»អំណាចខុសទំនង។ សំនុំ​រឿងទីមួយនោះ គេបានចោទលោក ថាបានប្រើប្រាស់ថានៈរបស់ខ្លួនដើម្បីដោះលែងនាង រូប៊ី (Ruby) ដែលត្រូវបាន​សមត្ថកិច្ចចាប់សួរចម្លើយនៅទីក្រុងមីឡង់ ទាក់ទងនឹងពេស្យាកម្មមិនទាន់គ្រប់អាយុ។

តែឥឡូវនេះ សំនុំរឿងពុករលួយ និងបន្លំការបង់ពន្ធ

សំនុំរឿងបានកើតឡើងនៅអំឡុងឆ្នាំ២០០៦ នៅពេលដែលគណបក្សប្រឆាំងឆ្វេងនិយមរបស់លោករ៉ូម៉ាណូ ប្រូឌី (Romano Prodi) បាននាំមុខគណបក្សស្ដាំនិយមរបស់លោក ប៊ែលូស្កូនី តែ«មួយសម្លេង»ប៉ុណ្ណោះ នៅក្នុងព្រឹទ្ធសភា។ ប៉ុន្មានខែ​ក្រោយមក ព្រឹទ្ទសមាជិកឆ្វេងនិយម លោក ស៊ែជីយ៉ូ ឌី ហ្គ្រេហ្គូរីយ៉ូ (Sergio De Gregorio) បានចាកចេញពីក្រុមរបស់ខ្លួន ដើម្បីទៅចុះចូលនឹងក្រុមរបស់លោក ប៊ែរលូស្កូនី ហើយបានបង្កឲ្យមានវិបត្តិនយោបាយកើតមានឡើង សម្រាប់ក្រុមលោក រ៉ូម៉ាណូ ប្រូឌី ហើយឈានទៅដល់ការរលំរលាយនៃរដ្ឋាភិបាលនេះ នៅឆ្នាំ២០០៨។

ក្រុមអ្នកស៊ើបអង្កេតនៃប្រព័ន្ធតុលាការអ៊ីតាលី បានរកឃើញថា ប៊ែរលូស្កូនី បានប្រគល់លុយ៣លានអ៊ឺរ៉ូ ក្នុងនោះ២លាន​ជាលុយសុទ្ធ ទៅឲ្យស៊ែជីយ៉ូ ឌី ហ្គ្រេហ្គូរីយ៉ូ ដើម្បីកំទេចដៃគូរប្រឆាំងរបស់លោក ប៊ែរលូស្កូនី។ លោក ហ្គ្រេហ្គូរីយ៉ូ ខ្លួនឯង​ក៏​បានសារភាពរួចហើយដែរ នៅចំពោះចៅក្រមស៊ើបអង្កេត​ និងចំពោះអ្នកសារព៏ត៌មាន។

ក្នុងពេលនេះ អ្វីដែលលោកប៊ែរលូស្កូនី អាចការពារខ្លួនបាន គឺច្រានចោលសមត្ថកិច្ចរបស់តុលាការ ដែលកំពុងកាន់​សំនុំ​រឿងនេះ ហើយថាបញ្ហានេះគួរត្រូវបានធ្វើនៅទីក្រុងរ៉ូមទៅវិញ។

រឿងមួយទៀតដែលបន្ថែមបន្ទុក លើអតីតនាយករដ្ឋមន្ត្រីរូបនេះ៖ តុលាការកំពូលរបស់ប្រទេសអ៊ីតាលី នៅថ្ងៃទី៣០ខែ​កក្កដាខាងមុខ នឹងត្រូវសម្រេចតម្កល់ជាបានការ ឬមិនបានការ នូវសាលក្រមដែលបានដាក់ទោសលើលោក ប៊ែរលូស្កូនី ទាក់ទងនឹងសំនុំរឿងបន្លំការបង់ពន្ធ។ ប្រសិនបើតុលាការសម្រេចតម្កល់សាលក្រមនេះទុកជាបានការ ជីវិតនយោបាយ​របស់លោក ស៊ីវិយ៉ូ ប៊ែរលូស្កូនី នឹងត្រូវបានបញ្ចប់ជាស្ថាពរ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...