បៀលប្រាយ ឡើង​ទៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ ខណៈ​ណាហ្គាខប​ត្រូវ​ចុក​ឈាម

គ្រាប់បាល់ចុងម៉ោងរបស់ខ្សែបម្រើ ចាន់ ឆាយ៉ា បានជួយឲ្យក្រុមបៀលប្រាយ ឡើងទៅកាន់វគ្គខ្វែងពាក់កណ្តាលផ្តាច់​ព្រ័ត្រ នៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ប្រចាំឆ្នាំ២០១៣ ជាបន្តទៀត ខណៈដែលក្រុមណាហ្គាខប ត្រូវធ្លាក់ចេញ​ត្រឹម​វគ្គនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់ចុងម៉ោងរបស់ខ្សែបម្រើ ចាន់ ឆាយ៉ា បានជួយឲ្យក្រុមបៀលប្រាយ ឡើងទៅកាន់វគ្គខ្វែងពាក់កណ្តាលផ្តាច់​ព្រ័ត្រ នៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ប្រចាំឆ្នាំ២០១៣ ជាបន្តទៀត ខណៈដែលក្រុមណាហ្គាខប ត្រូវធ្លាក់ចេញ​ត្រឹម​វគ្គនេះ។


ក្រុមបាល់ទាត់ «បៀលប្រាយ» ជួបជាមួយ«ការពារជាតិ»។ (រូបភាព ហ្វេសប៊ុក)

ក្រុមបៀលប្រាយ ដែលកាលពីដើមរដូវកាលជុំទី១ ស្ថិតនៅក្បែរៗបាតតារាងនោះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អ​នៅពាក់កណ្តាលរដូវកាលចុងក្រោយជុំទី២នេះ ហើយបានដណ្តើមចំណាត់ថ្នាក់លេខ៤ បានសម្រេច បន្ទាប់ពីយកឈ្នះ​ក្រុមក្រសួងការពារជាតិ ២-១ ទាំងត្រដាបត្រដួសកាលពីរសៀលម្សិលមិញ។

ក្នុងការប្រកួតកាលពីថ្ងៃច័ន្ទម្សិលមិញ ក្រុមបៀលប្រាយ និងក្រុមណាហ្គាខប ប្រជែងគ្នាដោយប្រយោល​យកចំណាត់ ថ្នាក់លេខ៤ ដើម្បីអាចឡើងទៅកាន់វគ្គខ្វែងជាបន្ត។ ប៉ុន្តែជាអកុសលណាហ្គាខប ត្រូវប៉ះក្រុមខ្លាំងបឹងកេត (លេខ១) ខណៈដែលបៀលប្រាយ ប៉ះក្រុមស្ថិតនៅក្បែរបាតតារាងការពារជាតិ។

ណាហ្គាខប ដែលបើកការប្រកួតមុនតាំងតែពីរសៀលម៉ោង២នោះ ទទួលបានលទ្ធផលត្រឹមស្មើ ១-១ ប៉ុណ្ណោះ ជាមួយ​នឹង​ក្រុមបឹងកេត។ ខ្សែបម្រើស្នូលដ៏សំខាន់ ទៀប វឌ្ឍនៈ បានទាត់បាល់ហ្រ្វេឃីត បញ្ចូលទីបានយ៉ាងល្អបំផុត នៅនាទីទី៦៣ ហើយបានជួយឲ្យណាហ្គាខបនាំមុខបណ្តោះអាសន្ន ១-០។ ប៉ុន្តែនៅនាទីទី ៧៨ កីឡាករពាក់អាវលេខ ២៧របស់បឹងកេត សុខ ផេង បានរកគ្រាប់បាល់តាមបានស្មើមកវិញ ១-១។

ការបញ្ចប់លទ្ធផលស្មើនេះ មានន័យថាណាហ្គាខបទទួលបាន១ពិន្ទុទៀត ហើយនឹងអាចឡើងទៅកាន់វគ្គខ្វែងជាបន្ត បើសិនជាក្រុមបៀលប្រាយ ប្រកួតស្មើ ឬចាញ់ ក្រុមការពារជាតិ។ ដូច្នេះណាហ្គាខបនៅមានសង្ឃឹមនៅឡើយ ដោយនៅ​ចាំអ៊ុតមើលលទ្ធផលបៀលប្រាយនៅម៉ោងបន្ទាប់។

ណាហ្គាខប សប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលកីឡាករ ឡាំ សុធិន របស់ការពារជាតិទាត់បាល់ទម្លុះ សំណាញ់ទី​ក្រុមបៀលប្រាយបានសម្រេច១គ្រាប់មុន នៅនាទីទី៧។ ប៉ុន្តែនៅនាទីទី១៤ បៀលប្រាយអាចតាមបានស្មើវិញ ១-១ ដោយ​កីឡាករ រ៉ឹង ប៊ុនហៀង។

ទោះបីជាយ៉ាងណា ក្រុមទាំង២ មិនមានក្រុមណាមួយទាត់បញ្ចូលទីគ្នាទៀតនោះទេ សម្រាប់ម៉ោងធម្មតា ៩០នាទី ធ្វើឲ្យ​ណាហ្គាខបមានទំនុកចិត្តយ៉ាងខ្លាំង ថាខ្លួននឹងឡើងទៅកាន់វគ្គជាបន្ត។

ប៉ុន្តែខណៈដែលលោកអាជ្ញាកណ្តាល បន្ថែមម៉ោងមានរបួស ៥នាទីនោះ ពោលគឺនៅនាទីទី៩៣ កីឡាករពាក់អាវលេខ៤៧ របស់បៀលប្រាយ ចាន់ ឆាយ៉ា បានទាត់បាល់បញ្ចូលទី១គ្រាប់ទៀត ជួយឲ្យបៀលប្រាយយកឈ្នះដោយលទ្ធផល ២-១ ហើយក៏ជាគ្រាប់បាល់ធ្វើឲ្យក្រុមណាហ្គាខបស្រក់ទឹកភ្នែកដែរ។

ដូច្នេះសម្រាប់ក្រុមកំពូលទាំង៤ (Top 4) ដែលត្រូវឡើងទៅប្រកួតវគ្គខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តនោះមាន៖ ក្រុម​បឹងកេត, ស្វាយរៀង, ភ្នំពេញក្រោន និងក្រុមបៀលប្រាយ។ បឹងកេត នឹងត្រូវជួបបៀលប្រាយ ខណៈដែលភ្នំពេញក្រោន នឹងត្រូវតតាំងជាមួយស្វាយរៀង៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...