នីកូឡា សារកូស្សី បរាជ័យខាងចរិកឬកពា ច្រើនជាងនយោបាយ

ក្រោយពីទទួលសំលេងឆ្នោតគាំទ្រ នៅក្រោមលោកហ្រ្វង់ស័រ ហូឡង់ François Hollande នៅក្នុងការបោះឆ្នោត កាលពីថ្ងៃ អាទិត្យទី៦​ ខែឧសភានេះ លោកនីកូឡា​ សាកូហ្សី Nicolas Sarkozy ត្រូវបានគេមើលឃើញថា មិនមានភាពជោគជ័យទេ ក្នុងការបញ្ចុះបញ្ចូលអស់ជាច្រើនខែ ប្រជាអ្នកបោះឆ្នោតបារាំង អោយបែរមកបោះឆ្នោតគាំទ្រគាត់វិញនោះ។ បន្ថែមពីលើ ខ្សែរបន្ទាត់នយោបាយរបស់គាត់​ ដែលគេមិនសូវចង់បាន​នោះ ប្រជាអ្នកបោះឆ្នោតបារាំង តាមទំនងមើលទៅ ដូចជាមិនចង់ ឃើញមនុស្សដូចគាត់នៅក្នុង ថានៈជាប្រធានាធិបតីទៀតទេ។​

ក្នុងបណ្ដាប្រធានាធិបតីបារាំងទាំងអស់ លោកនីកូឡា​ សាកូហ្សី មិនគួរមិនត្រូវបានគេគិតថា គាត់មិនបានធ្វើអ្វីទាល់តែសោះ នោះទេ។ តែគេត្រូវគិតទៅលើ បញ្ហាចរិកឬកពារបស់គាត់ និងចំណង់ចំណូលចិត្តរបស់បណ្ដាជនបារាំង ដែលចង់អោយគាត់ ក្លាយជាប្រធានាធិបតី នោះទៅវិញ។ អ្វីៗដែលគាត់បានធ្វើខុសទំលាប់ តាំងពីផ្ដើមដំបូង ពេលចូលមកកាន់អំណាច វាបានធ្វើ អោយរិចរិល ទៅដល់រូបភាពរបស់គាត់ទៅវិញ រហូតមកទល់ពេលចប់អាណត្តិ។

និមិត្តរូបដែលរំខាន

មានរឿងជាច្រើនដែល លោកនីកូឡា​ សាកូហ្សី បានធ្វើ ហើយដែលពលរដ្ឋបារាំងមិនពេញចិត្ត​ ដូចជារាត្រីញ៉ាំបាយល្ងាច នៅភោជនីយដ្ឋាន ដ៏ល្អមួយឈ្មោះ ហ្វូកេ soirée du Fouquet’s, ការចេញដើរកំសាន្ដនៅលើកប៉ាលមហាសេដ្ឋី បូលូរ៉េ  Bolloré, ចេញទៅវិសមកាលនៅសហរដ្ឋអាមេរិច ឬក៏ពាក់វែនតា រ៉ៃបាន នៅលើច្រមុះ និងរឿងអាស្រូវមួយដែលគេ មើលឃើញថា គាត់បានដាក់គ្រួសាររបស់គាត់ អោយខ្ពងខ្ពស់ ជាងអ្វីផ្សេងទៀតទាំងអស់។ គ្រប់រឿងទាំងអស់នេះ ត្រូវបាន គេចិញ្ចឹមចិត្តកត់ត្រាទុក ដូចជាការថ្លែងសុន្ទរកថានៅ ដាកា ការទទួលរាប់រក លោកម៉ូអាម៉ា ហ្គាដាហ្វី Muammar Kadhafi នៅប៉ារីស និងពាក្យមួយឃ្លា ដែលបំភ្លេចមិនបាន មានន័យជាខ្មែរថា «ចេញអោយបាត់ទៅមនុស្សភ្លើ casse-toi pauv’con» នោះជាដើម។ រាល់រឿងទាំងនេះ បានធ្វើអោយគាត់ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ពី៦០%នៅខែកញ្ញាឆ្នាំ២០០៧ មកត្រឹមតែ ៣៥%នៅខែកុម្ភះឆ្នាំ២០០៨ ហើយគ្មានពេលណាមួយ មកទល់នឹងថ្ងៃនេះ ដែលលោកនីកូឡា​ សាកូហ្សី អាចស្ដា ប្រជាប្រិយភាពនេះឡើងវិញបានទេ។

គាត់ជាប់ឈ្មោះថា ជាប្រធានាធិបតីដែលសកម្មរកលេខដាក់គ្មាន «hyper-président» ឬ «omni-président»។ គាត់បាន ចាត់ទុក នាយករដ្ឋមន្ត្រីរបស់គាត់ លោកហ្វ្រង់ស័រ ហ្វីយុង François Fillon ថាជាអ្នកធ្វើការរួមការិយាល័យជាមួយគាត់ ដើម្បីគាត់ងាយស្រួលចុះមកធ្វើផ្ទាល់ក្នុងរាល់កិច្ចការផ្សេងៗ។

ការបូកសរុបនៅចុងអាណត្តិ ដែលមានទំងន់យ៉ាងធ្ងន់ធ្ងរ

សម័យកាលរបស់លោកនីកូឡា​ សាកូហ្សី  បានប្រឈមមុខយ៉ាងខ្លាំងជាទីបំផុត ទល់ជាមួយនឹងវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលមានទំងន់យ៉ាងធ្ងន់ធ្ងរ តាំងពីខែកញ្ញាឆ្នាំ២០០៨មក។  ប្រទេសបារាំងនៅក្រោមការគ្រប់គ្រងរបស់ លោកនីកូឡា​ សាកូហ្សី មិនបានងាកចេញអោយផុតពី វិបត្តិហិរញ្ញវត្ថុ​នេះ ច្រើនជាងប្រទេសឧស្សាហកម្មផ្សេងៗទៀតក្នុងលោក នោះទេ បើទោះណាជា លោកនីកូឡា​ សាកូហ្សី ខិតខំខ្នះខ្នែង រកវិធីដោះស្រាយយ៉ាងណាក៏ដោយ។

ប្រសិនជាការសន្យារបស់គាត់ កាលពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៧ ដែលនិយាយពីការអោយតំលៃទៅលើ ការចាយវាយ ការទប់ស្កាត់ភាពអត់ការងារធ្វើអោយនៅមិនលើសពី៥% មិនត្រូវបានគោរពទេនោះ លោកនីកូឡា​ សាកូហ្សី បានប្រៀបធៀបការខិតខំរបស់គាត់ ទៅនឹងប្រទេសខ្លះទៀតនៅជិតខាង ដែលមិនបាននៅទ្រាំទ្ររួចដូចបារាំង ខណៈការ ប្រឈមមុខទល់នឹងវិបត្តិនេះ។ គាត់ប្រហែលជាភ្លេចថា ប្រទេសបារាំង ត្រូវបានគេលប់ចេញ ពីប្រទេសដែលមាន កំរិត អាបីដង triple A នៅចុងបញ្ចប់អាណត្តិរបស់គាត់ នោះហើយមើលទៅ។

ពេលចូលមកប្រកួត ក្នុងការបោះឆ្នោតប្រធានាធិបតី នៅអាណត្តិទីពីរនេះ គាត់ធ្លាប់បានតាំងខ្លួនជា បេក្ខជននៃពលរដ្ឋ «candidat du peuple» ដែលការតាំងខ្លួននេះ ត្រូវបានបេក្ខជន មកពីគណបក្សប្រឆាំង រិះគន់ ហើយនិយាយបញ្ច្រាសថា គាត់គឺជា បេក្ខជនរបស់ពួកអ្នកមាន «le président des riches» ទៅវិញទេ។

អវត្តមាននៃការគាំទ្រ

ជារឿងមួយអស្ចារ្យណាស់ ដែលការបំបោសអង្អែលរបស់ លោកនីកូឡា​ សាកូហ្សី ទៅរកបេក្ខជន និងអ្នកបោះឆ្នោតអោយ បេក្ខជន ប្រធានាធិបតីផ្សេងៗ​នៅជុំទីមួយ ហើយគ្មានបេក្ខជនណាម្នាក់ក្នុងចំណោមនោះ ឆ្លើយតបគាំទ្រគាត់មកវិញសូម្បីតែ ម្នាក់ នៅជុំទីពីរនេះ។ ការបញ្ចុះបញ្ចូលនោះ ត្រូវគេមើលឃើញថា​ លោកនីកូឡា​ សាកូហ្សី ងាកចេញខ្លាំងពេកពី គោលជំហរដើមរបស់គាត់ ហើយដែលធ្វើអោយទៅជាមានការភ័យខ្លាចជាទូទៅមួយ ជាពិសេសនៅក្នុងចំណោមអ្នកនិយម កណ្ដាលទៅវិញ។

តាំងពីជំនាន់លោកប្រធានាធិបតី វ៉ាឡេរី ជីស្កា ដេស្តាំង Valéry Giscard d’Estaing​ រហូតមកទល់បច្ចុប្បន្ននេះ លោកនីកូឡា​ សាកូហ្សី ជាប្រធានាធិបតីលើកដំបូងហើយ ដែលមិនសូវទទួលបាន នូវការទុកចិត្តពីសំណាក់ពលរដ្ឋបារាំង។ គឺជាអ្វីដែល គាត់ធ្លាប់ បានគ្រោងនិងនិយាយរួចហើយថា «នឹងបោះបង់កិច្ចការនយោបាយ ប្រសិនជាគាត់ចាញ់ឆ្នោត»​ ខណះដែលគាត់ មានអាយុ ត្រឹមតែ៥៧ឆ្នាំប៉ុណ្ណោះ៕

ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៧ ឧសភា ២០១២
ប្រភពពត៌មាន ៖ rfi.fr
Crédit photo : ump-photos/flickr.com


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments