អេដវ៉ា ស្នូដេន ដក​ពាក្យ​សុំ​ជ្រក​កោន​ចេញ​ពី​រ៉ូស្សី ខណៈ​ប្រទេស​ផ្សេង​បដិសេធ

ភ្នាក់ងារ​អេដវ៉ា ស្នូដេន (Edward Snowden) ដែលធ្លាប់ជាអ្នកជំនាញខាងព័ត៌មានវិទ្យា ធ្វើការឲ្យស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) កំពុងជាប់ខ្លួននៅក្នុងព្រលានយន្ដហោះនៃទីក្រុងម៉ូស្គូ។ ស្នដេន ត្រូវបានស្វែងរកចាប់ខ្លួន ដោយទីក្រុងវ៉ាស៊ីនតោន ហើយបានធ្វើពាក្យសុំជ្រកកោននយោបាយ ទៅប្រទេសចំនួន២១ ក្នុងនោះមានប្រទេសបារាំងផង។ ប៉ុន្តែព័ត៌មានចុងក្រោយ បានឲ្យដឹងថា អ្នកបច្ចេកទេសវ័យក្មេងរូបនេះ បានសម្រេចចិត្តដកពាក្យស្នើសុំចេញពីប្រទេសរ៉ូស្សី ខណៈពេលដែលប្រទេសមួយចំនួនផ្សេង បានផ្ដល់ចម្លើយអវិជ្ជមានរួចហើយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នាក់ងារ​អេដវ៉ា ស្នូដេន (Edward Snowden) ដែលធ្លាប់ជាអ្នកជំនាញខាងព័ត៌មានវិទ្យា ធ្វើការឲ្យស្ថាប័នសន្តិសុខជាតិ​អាមេរិក (NSA) កំពុងជាប់ខ្លួននៅក្នុងព្រលានយន្ដហោះនៃទីក្រុងម៉ូស្គូ។ ស្នដេន ត្រូវបានស្វែងរកចាប់ខ្លួន ដោយទីក្រុង​វ៉ាស៊ីនតោន ហើយបានធ្វើពាក្យសុំជ្រកកោននយោបាយ ទៅប្រទេសចំនួន២១ ក្នុងនោះមានប្រទេសបារាំងផង។ ប៉ុន្តែ​ព័ត៌មានចុងក្រោយ បានឲ្យដឹងថា អ្នកបច្ចេកទេសវ័យក្មេងរូបនេះ បានសម្រេចចិត្តដកពាក្យស្នើសុំចេញពីប្រទេសរ៉ូស្សី ខណៈពេលដែលប្រទេសមួយចំនួនផ្សេង បានផ្ដល់ចម្លើយអវិជ្ជមានរួចហើយ។


ភ្នាក់ងារ​អេដវ៉ា ស្នូដេន អ្នកជំនាញខាងព័ត៌មានវិទ្យា ធ្វើការឲ្យស្ថាប័នសន្តិសុខជាតិ​អាមេរិក។ (រូបថត Reuters)

ប្រទេសចំនួនបីបានផ្ដល់ចម្លើយជា«អវិជ្ជមាន»នោះ គឹប្រទេសប៉ូឡូញ ឥណ្ឌា និងប្រទេសហូឡង់។ ប្រទេសផ្សេងទៀត ដូច​ជាអូទ្រីស ហ្វាំងឡង់ ណ័រវេស អេស្ប៉ាញ និងអ៊ីតាលី បានអះអាងថា បានទទួលពាក្យស្នើសុំជនក្រោននយោបាយ របស់​ភ្នាក់ងាអេដវ៉ា ស្នូដេន ប៉ុន្តែបានបកស្រាយថា ពាក្យសុំទាំងនោះមិនបានបំពេញតាមលក្ខខ័ណ្ឌជាផ្លូវការនោះឡើយ ដែល​មើលទៅទំនងជាអាចត្រូវបានច្រានចោលដូចគ្នា។

ចំណែកប្រទេសអាឡឺម៉ង់ បាននិយាយថា នឹងពិនិត្យពាក្យស្នើសុំរបស់ ស្នូដេន តាមដែលច្បាប់របស់ខ្លួនអនុញ្ញាតឲ្យ។

ដោយឡែកនៅព្រឹកថ្ងៃទី០២ខែកក្កដា វិមានក្រឹមឡាំងរបស់រ៉ូស្សី បានប្រកាសថា ស្នូដេន បានដកពាក្យស្នើសុំរបស់ខ្លួន ចេញពីប្រទេសរ៉ូស្សី។ ការដកពាក្យនេះ ទំនងមានជាប់ទាក់ទងនឹងការប្រកាសរបស់ប្រធានាធិបតីរ៉ូស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ថា បើស្នូដេនចង់រស់នៅក្នុងប្រទេសរ៉ូស្សី ស្នូដេនត្រូវបញ្ឈប់សកម្មភាពដែលបង្កបញ្ហា ជាមួយ​ប្រជាជាតិអាមេរិក។ អ្នកជំនាញម្នាក់មកពីវិទ្យាស្ថានវាយតម្លៃយុទ្ធសាស្ត្រ បាននិយាយថា ការដកពាក្យចេញរបស់ស្នូដេន ជាសញ្ញាល្អមួយសម្រាប់ប្រទេសរ៉ូស្សី ព្រោះវាគ្មានប្រយោជន៍អ្វី ដែលរ៉ូស្សីត្រូវសន្សំរឿងជាមួយសហរដ្ឋអាមេរិកនោះទេ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសរ៉ូស្សី របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡា ម៉ាដូរ៉ូ (Nicolas Maduro) បានថ្លែងថា ប្រទេសលោកមិនបានទទួលពាក្យស្នើសុំអ្វីឡើយ ពីភ្នាក់ងារវ័យក្មេង​ជនជាតិ​អាមេរិក។ តែលោក ម៉ាដូរ៉ូ បានបញ្ជាក់ថា អេដវ៉ា ស្នូដេន គួរត្រូវបានការពារដោយច្បាប់មនុស្សធម៌អន្តរជាតិ ដោយលោកបានសង្កត់​ធ្ងន់​ថា ស្នូដេន មិនបានសម្លាប់នរណាម្នាក់ ក្រៅតែពីនិយាយ«ការពិត»នោះឡើយ។

នៅក្នុងលិខិតមួយផ្ញើរទៅកាន់ រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ ភ្នាក់ងារ​អេដវ៉ា ស្នូដេន បាននិយាយថា រូបលោកនឹង​អាចរងនូវទារុណកម្មធ្ងន់ធ្ងរ ឬអាចនឹងត្រូវបានសម្លាប់ចោល ប្រសិនបើលោកត្រឡប់ចូលទឹកដីអាមេរិកវិញ។

នៅក្នុងសេចក្ដីថ្លែងការណ៍លើកដំបូងមួយ តាំងពីលោកចាកចេញពីទីក្រុងហុងកុង ក្នុងគេហទំព័រវីគីលីគ្ស៍ (WikiLeaks) អេដវ៉ា ស្នូដេន បានចោទប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ថាបានគៀបសង្កត់មេដឹកនាំ នៃប្រទេស​ដែលលោកបានដាក់ពាក្យស្នើសុំ។ ស្នូដេន បានអះអាងថា លោកអូបាម៉ា បានបញ្ជាទៅអនុប្រធានាធិបតីរបស់លោក គឺ​លោក ចូ បៃដេន ឲ្យធ្វើការគៀបសង្កត់នេះ ទៅលើមេដឹកនាំនៃប្រទេសទាំងនោះ ជាថ្នូរនឹងការចាប់បញ្ជូនខ្លួនលោក ស្នូដេន ទៅសហរដ្ឋអាមេរិក។

ដោយឡែកប្រធានាធិបតីនៃប្រទសអេក្វាទ័រ លោក រ៉ាហ្វាអែល កូរ៉េអា (Rafael Correa) បានថ្លែងថា ការស្នើសុំសិទ្ធិជ្រក​កោននយោបារបស់ អេដវ៉ា ស្នូដេន អាចនឹងដោះស្រាយបញ្ហាបាន ដោយបញ្ជាក់ថា ប្រទេសអេក្វាទ័រ មិនទាន់ដកខ្លួន​ចេញពីចំណាប់អារម្មណ៍ លើសំនុំរឿងនេះនៅឡើយ។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងគីតូ (រដ្ឋធានីរបស់អេក្វាទ័រ) នឹងមិន​អាចឆ្លើយអ្វីបាន ប្រសិនបើអ្នកស្នើសុំមិនស្ថិតក្នុងទឹកដីរបស់អេក្វាទ័រ។ លោកកូរ៉េអា បានបន្ថែមថា ភ្នាក់ងារវ័យក្មេង​ជាប់​ពិរុទ្ធរូបនេះ ត្រូវធ្វើដំណើរដោយខ្លួនឯង ទៅកាន់ស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំនៅទីក្រុងម៉ូស្គូជាមុនសិន៕

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...