តូរែស និង​អាល់បា ជួយ​ឲ្យ​អេស្ប៉ាញ ទៅ​ប៉ះ​អ៊ីតាលី នៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ម្ចាស់ជើងឯកពិភពលោកអេស្ប៉ាញ បានក្លាយជាក្រុមលេខ១ ក្នុងពូលប៊ី (B) ហើយនឹងត្រូវឡើងទៅជួបអ៊ីតាលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីឈ្នះក្រុមនីហ្សេរីយ៉ា ដោយលទ្ធផល ៣-០ កាលពីយប់មិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់ជើងឯកពិភពលោកអេស្ប៉ាញ បានក្លាយជាក្រុមលេខ១ ក្នុងពូលប៊ី (B ) ហើយនឹងត្រូវឡើងទៅជួបអ៊ីតាលី នៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីឈ្នះក្រុមនីហ្សេរីយ៉ា ដោយ​លទ្ធផល ៣-០ កាលពីយប់មិញ។


ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស ប្រើក្បាលបញ្ជូនបាល់ ចូលទីរបស់នីហ្សេរីយ៉ា។ (រូបថត lahora.com.ec)

គ្រាប់បាល់ទាត់បញ្ចូលទីដ៏ល្អរបស់កីឡាករជូឌី អាល់បា (Jordi Alba) ដែលជាកីឡាករម្នាក់ ក្នុងចំណោម​កីឡាករ​បាសេឡូណា (Barcelona) ទាំង៨នាក់ជាជម្រើសដំបូងនោះ បានជួយឲ្យអេស្ប៉ាញ ធ្វើការនាំមុខមុនតាំងតែពីនាទីទី៣ មុនពេលដែលខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ប្រើក្បាលតែត បន្ថែម១គ្រាប់ទៀត នៅនាទីទី៦២ ខណៈដែលគាត់ទើបតែដូរជំនួសកីឡាកររ៉ូបឺតូ សូលដាដូ (Roberto Soldado) ទើបតែបាន៣នាទី។

អេស្ប៉ាញ បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមនីហ្សេរីយ៉ា នៅវគ្គទី១ ប៉ុន្តែមិនអាចទាត់បញ្ចូលទីបានច្រើនទេ ខណៈ​ដែលខ្សែប្រយុទ្ធមិនសូវជាបញ្ចេញថ្វីជើង។ កីឡាករខ្សែការពារស្លាបឆ្វេង អាល់បា បានរត់ចេញពីចង្វាក់​ខ្សែការពារ​បានយ៉ាងល្អ ហើយកីឡាករដែលមានល្បឿនលឿនរូបនេះ ក៏បានបណ្តើរបាល់ញ៉ាក់ដាច់អ្នកចាំទី រួចទាត់ចូលទីគ្រាប់​ទី៣បានសម្រេច នៅនាទីទី៨៨។

គោជល់អេស្ប៉ាញ នឹងត្រូវប៉ះអ៊ីតាលីនៅថ្ងៃព្រហស្បត្ត៏ នៅក្នុងកីឡាករដ្ឋានហ្វតាឡេស្សា (Fortaleza)។ ទោះជា​យ៉ាង​ណា អេស្ប៉ាញមានការពេញចិត្ត ដែលត្រូវឡើងទៅជួបអ៊ីតាលីនេះ ព្រោះអេស្ប៉ាញ ធ្លាប់ឈ្នះអ៊ីតាលី ៤-០ រួច​មក​ហើយ ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ូ២០១២ (Euro 2012) វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន។

ចំណែកឯក្រុមនីហ្សេរីយ៉ា បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ មាន៣ពិន្ទុ នឹងត្រូវហាលអាវជាមួយនឹងក្រុមតាហ៊ីទីដែរ បន្ទាប់ពីក្រុមមកពីប្រទេសកោះមួយនេះ ប្រកួត៣ប្រកួតមាន ០ពិន្ទុ។

គ្រូបង្វឹកអេស្ប៉ាញ លោកវីសិនតេ ដេលបូសកេ (Vicente Del Bosque) បាននិយាយថា «វាជាការប្រកួតដ៏លំបាក។ យើងបានជួបគូប្រជែងដ៏ខ្លាំង ប៉ុន្តែយើងព្យាយាមគ្រប់គ្រងបាល់ ទើបអាចបំបែកក្បួនខ្សែការពាររបស់គេបាន។ ការ​ជួបជាមួយអ៊ីតាលី ជាការប្រកួតដ៏សំខាន់សម្រាប់យើង ព្រោះយើងចង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ហើយអ៊ីតាលី គេក៏គិតថាសំខាន់ដូចគ្នាដែរ ម្យ៉ាងទៀត ខ្ញុំគិតថាពួកគេប្រាកដជាចង់សងសឹក។»

ចំណែកឯគ្រូបង្វឹកក្រុមនីហ្សេរីយ៉ាវិញ បាននិយាយថា «យើងបានលេងជាមួយនឹងក្រុមខ្លាំង ហើយក៏ជាក្រុមលេខ១ របស់ពិភពលោកដែរ។ វាជាមេរៀនមួយសម្រាប់ពួកយើង ហើយវាពិតជាល្អ។ យើងនឹងបន្តធ្វើយ៉ាងណា ឲ្យក្រុម​របស់យើងល្អថែមទៀត នៅពេលក្រោយ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...