សុបិន្ដ​របស់​ក្រុម​ស្វាយរៀង ត្រូវ​បាត់បង់ បន្ទាប់​ពី​ចាញ់​ភ្នំពេញ​ក្រោន ៣-១

គោលបំណងរបស់ក្រុមបាល់ទាត់ស្វាយរៀង ដែលចង់ឡើងកាន់ដំណែងលេខ១ លើកំពូលតារាង មិត្តហ្វូនខេមបូឌាលីកនោះ ត្រូវបានរលាយទាំងស្រុង បន្ទាប់ពីក្រុមមួយនេះ ប្រកួតចាញ់ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៣-១ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃសៅរ៏នេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គោលបំណងរបស់ក្រុមបាល់ទាត់ស្វាយរៀង ដែលចង់ឡើងកាន់ដំណែងលេខ១ លើកំពូលតារាង មិត្តហ្វូនខេមបូឌាលីក​នោះ ត្រូវបានរលាយទាំងស្រុង បន្ទាប់ពីក្រុមមួយនេះ ប្រកួតចាញ់ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៣-១ នៅក្នុង​ពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃសៅរ៏នេះ។


ក្រុមបាល់ទាត់ មកពីខេត្តស្វាយរៀង។

កីឡាករសញ្ជាតិហូឡង់ ពាក់អាវលេខ៤៩របស់ភ្នំពេញក្រោន អេលរ៉យ វ៉ាន់ដឺហូហ្ស (Elroy Van Der Hooft) បាន​ញាក់ដាច់ខ្សែការពាររបស់ក្រុមស្វាយរៀងពីរទៅបីនាក់ ហើយក៏ទាត់បាល់បំប៉ោងសំណាញ់ទី ផុតដៃអ្នកចាំទីសំរឹទ្ធ សីហា បានគ្រាប់ទី១ នៅនាទីទី១៥។

នៅនាទីទី២០ កីឡាករអេលរ៉យ ដដែល លោតកាប់ស៊ីស្សូ បានមួយគ្រាប់ទៀត បន្ទាប់ពីទទួលបាល់មកពីមិត្តរួមក្រុម គួច សុកុម្ភះ ហើយជួយឲ្យក្រុមភ្នំពេញក្រោន ធ្វើការនាំមុខ ២-០ បណ្តោះអាសន្ននៅវគ្គទី១។

ចូលដល់ការប្រកួតវគ្គទី២ ក្រុមស្វាយរៀង បានប្តូរកីឡាករមួយចំនួន ហើយប្តូរទម្រង់ផងដែរ។ ស្វាយរៀង ហាក់ដូចជា​មានប្រៀបជាងនៅដើមវគ្គទី២ ដោយបានធ្វើការគ្របដណ្តប់ទៅលើភ្នំពេញក្រោនយ៉ាងខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា មិនមានឱកាសបណ្តើរបាល់ចូលកៀកទីខាងភ្នំពេញក្រោនបាននោះទេ។

ក្រុមម្ចាស់ជើងឯក៤សម័យកាល (ភ្នំពេញក្រោន) នៅតែមិនបោះបង់ឱកាសវាយសម្រុកដដែល បើទោះបីជានាំមុខ ២-០ ហើយក៏ដោយនោះ។ ខណៈដែលស្វាយរៀង បានដាក់សម្ពាធកាន់តែខ្លាំង ភ្នំពេញក្រោន ក៏កាន់តែមានឱកាសល្អៗ​ដូចគ្នា។ ជាក់ស្តែងនៅនាទីទី៧៧ ខ្សែប្រយុទ្ធឆ្នើម ឡេង មករា ដែលពាក់អាវលេខ២៣ បានទាត់ចូលទី១គ្រាប់ទៀត ធ្វើឲ្យភ្នំពេញក្រោនកាន់តែមានភាពកក់ក្តៅ។

ចំណែកឯក្រុមស្វាយរៀង ក៏នៅតែវាយលុកដដែល ដ៏រាបណានាទីនៅតែមិនទាន់ចប់។ ខ្សែប្រយុទ្ធមុតស្រួច ពាក់អាវ​លេខ៩ ផាន់នី អ៊ីរដ្ឋា បានជួយរកគ្រាប់បាល់ឲ្យស្វាយរៀង បាន១គ្រាប់ នៅម៉ោងបន្ថែម ពោលគឺនៅនាទីទី៩៤។

ដូច្នេះ១៦ប្រកួតរបស់ក្រុមស្វាយរៀង ឈ្នះ៩ប្រកួត ស្មើ៣ប្រកួត និងចាញ់៤ប្រកួត មាន៣០ពិន្ទុ នៅក្នុងដៃ ឈរនៅ​ចំណាត់ថ្នាក់លេខ២ដដែល ខណៈដែលភ្នំពេញក្រោនប្រកួតទើបតែបាន១៥ប្រកួត ឈ្នះ៨ប្រកួត ស្មើ៤ប្រកួត និងចាញ់​៣ប្រកួត មាន២៨ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ដដែលដូចគ្នា ប៉ុន្តែកាន់តែមានពិន្ទុ ខិតជិតនឹងក្រុមស្វាយរៀង។ រីឯ​ក្រុមលេខ១ នៅតែចំការកៅស៊ូបឹងកេត មាន៣១ពិន្ទុ ប៉ុន្តែប្រកួតទើបតែបាន ១៤ប្រកួតប៉ុណ្ណោះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...