បាល់ទាត់អង់គ្លេស៖ ខារ៉ូល យល់​ព្រម​ចុះកិច្ច​សន្យា លេង​ឲ្យ​ក្រុម​វ៊ែសហេម​៦​ឆ្នាំ

ខ្សែប្រយុទ្ធអង់គ្លេស អេនឌី ខារ៉ូល (Andy Carroll) នឹងចាកចេញពីក្រុមហង្សក្រហមលីវើភូល (Liverpool) ទៅកាន់ក្រុមញញួរយក្សវ៉ែសហេម (West Ham) បន្ទាប់ពីមានការព្រមព្រាងគ្នាក្នុងតម្លៃ១៥.៥លានផោន (២៤.២២លានដុល្លា, ១៨.០៦លានអ៊ឺរ៉ូ) និងបានធ្វើតេស្តពិនិត្យសុខភាពបានជោគជ័យ កាលពីល្ងាចថ្ងៃអង្គារ៏។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធអង់គ្លេស អេនឌី ខារ៉ូល (Andy Carroll) នឹងចាកចេញពីក្រុមហង្សក្រហមលីវើភូល (Liverpool) ទៅកាន់ក្រុម​ញញួរយក្សវ៉ែសហេម (West Ham) បន្ទាប់ពីមានការព្រមព្រាងគ្នាក្នុងតម្លៃ១៥.៥លានផោន (២៤.២២លានដុល្លា, ១៨.០៦​លានអ៊ឺរ៉ូ) និងបានធ្វើតេស្តពិនិត្យសុខភាពបានជោគជ័យ កាលពីល្ងាចថ្ងៃអង្គារ៏។


ខ្សែប្រយុទ្ធអង់គ្លេស អេនឌី ខារ៉ូល ទៅចូលជាមួយក្រុមញញួរយក្សវ៉ែសហេម។ (រូបថត Getty Images)

កីឡាករវ័យ ២៤ឆ្នាំ បានយល់ព្រមចុះកិច្ចសន្យារយះពេល ៦ឆ្នាំនៅកីឡាដ្ឋានអ័បតុនផាក (Upton Park) ហើយក្រុម​ដែល​មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏មួយនេះ នឹងឲ្យថ្លៃឈ្នួលគាត់ប្រមាណ ១០ម៉ឹនផោន ក្នុងមួយសប្តាហ៏។

ខារ៉ូល ត្រូវបានក្រុមលីវើភូល ទិញពីក្រុមញូកាស្ស៊ល (Newcastle) ក្នុងតម្លៃ ៣៥លានផោន ដែលជាតម្លៃមួយខ្ពស់ដាច់គេ ក្នុងចំណោមកីឡាករបាល់ទាត់អង់គ្លេស។ លីវើភូល បានយល់ព្រមឲ្យក្រុមវ៊ែសហេម ខ្ចីជើងកាលពីឆ្នាំ២០១២ ហើយគាត់​ទាត់ចូលទីបាន ៧គ្រាប់ ក្នុងការប្រកួត ២៤លើកឲ្យក្រុមវ៊ែសហេម។

ប្រធានក្លឹបវ៊ែសហេម លោកដេវីដ ហ្គូល (David Gold) បានសរសេរបង្ហាញក្នុងគណនេយ្យធ្វីតថឺ (Twitter) របស់លោកថា «យើងកំពុងតែធ្វើការពិនិត្យសុខភាពរបស់ខ្សែប្រយុទ្ធអេនឌី ខារ៉ូល ហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា គាត់ទទួលបាន​ជោគជ័យហើយ។»

គួររំឮកថា ខារ៉ូល ត្រូវបានអតីតគ្រូបង្វឹកលីវើភូល លោកឃេនី ដាងគ្លីស (Kenny Dalglish) ទិញមករួមក្រុម កាលពីខែមករា​ឆ្នាំ២០១១ នៅថ្ងៃបិទទ្វាដោះដូរកីឡាករ បន្ទាប់ពីលីវើភូល លក់ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ទៅកាន់​ក្រុមឆែលស៊ី (Chelsea)។

ខ្សែប្រយុទ្ធមាឌយក្សរូបនេះ អាចរកគ្រាប់បាល់បញ្ចូលទីបាន ៣១គ្រាប់ កាលពីគាត់នៅក្រុមញូកាស្ស៊ល ក្នុងការបង្ហាញខ្លួន ៨១ប្រកួត។ ប៉ុន្តែពេលដែលគាត់មកដល់កីឡាដ្ឋានអេនហ្វៀល ពុំមានភាពលេចធ្លោរណាមួយ គួរឲ្យកត់សម្គាល់នោះទេ។

បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកថ្មី លោកប្រេនដិន រ៉ដចឺ (Brendan Rodgers) និងមានការប្តូរទម្រង់លេងបែបថ្មីនោះ ធ្វើឲ្យខារ៉ូល អាចរកគ្រាប់បាល់បញ្ចូលទីបានត្រឹមតែ ៦គ្រាប់តែប៉ុណ្ណោះ ក្នុងការប្រកួត ៤៤លើក ក្នុងលីកសម្រាប់​ក្រុម​លីវើភូល ដែលជម្រុញឲ្យលីវើភូលសម្រេចចិត្តឲ្យក្រុមវ៊ែសហេម ខ្ចីជើងកាលពីខែសីហា ឆ្នាំ២០១២កន្លងទៅ។

ម្ចាស់ក្លឹបញញួរយក្សវ៊ែសហេម លោកហ្គូល បានបន្ថែមថា «ការចុះកិច្ចសន្យាទិញយកអេនឌី ខារ៉ូល ពិតជាសំខាន់​ខ្លាំង​ណាស់សម្រាប់ពួកយើង ហើយក៏សម្រាប់គាត់ដែរ។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យគាត់មានទម្រង់​លេងដ៏ល្អ​របស់​គាត់មកវិញ ក៏ដូចជាដើម្បីឲ្យក្រុមរបស់យើងជោគជ័យដូចគ្នា៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...